ភ្នំពេញៈ ក្រុមស្រី្តសកម្មជនដីធ្លីតំបន់បឹងកក់ និងបុរីកីឡាប្រមាណជា ៣០ នាក់កាលពីម្សិលមិញបានដាក់ញត្តិសុំកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យដោះលែងអ្នកស្រី ទេព វន្នី និងដោះស្រាយជម្លោះដីធ្លីដល់ប្រជាពលរដ្ឋដែលនៅសេសសល់ ២០ គ្រួសារទៀតខណៈសកម្មជនរបស់ខ្លួនម្នាក់ទៀតលោកយាយ ង៉ែត ឃុន ហៅ ម៉ាំមី ត្រូវបានតុលាការកោះឱ្យចូលបំភ្លឺពាក់ព័ន្ធពីបទគំរាមសម្លាប់កាលពីឆ្នាំ ២០១២។
សកម្មជនដីធ្លីទាំងនេះបានចាប់ផ្តើមចេញដំណើរពីសហគមន៍បឹងកក់ដោយរ៉ឺម៉កកង់បីចំនួន ៧ គ្រឿងនៅវេលាម៉ោង ៨ ព្រឹកដោយពុំមានអាជ្ញាធរហាមឃាត់ឡើយរហូតដល់ខុទ្ទកាល័យនាយករដ្ឋមន្រ្តី។ ក្នុងញត្តិបានស្នើសុំឱ្យលោក ហ៊ុន សែន ជួយអន្តរាគមន៍ទៅអាជ្ញាធររាជធានីឱ្យបញ្ឈប់ប្រើអំពើហិង្សាមកលើពលរដ្ឋ និងបញ្ឈប់ការគុំកួន និងអន្តរាគមន៍ទៅសាលារាជធានីឲ្យដោះស្រាយដីធ្លីប្រជាពលរដ្ឋឲ្យបានចប់សព្វគ្រប់ស្នើឱ្យបញ្ឈប់ប្រើប្រព័ន្ធតុលាការធ្វើទុក្ខបុកម្នេញប្រជាពលរដ្ឋ និងដោះលែងអ្នកស្រី ទេព វន្នី។
តំណាងសហគមន៍បឹងកក់អ្នកស្រី បូវ សោភា ថ្លែងថាប្រសិនបើលោកនាយករដ្ឋមន្ត្រីចង់បានសន្លឹកឆ្នោតគួរដោះស្រាយជូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះ។ អ្នកស្រីថា៖ «សម្តេចគួរគិតថាប្រជាពលរដ្ឋជាអ្នកបោះឆ្នោតឱ្យមិនមែនមន្ត្រីថ្នាក់ក្រោមប៉ុន្មាននាក់នោះបោះឆ្នោតឱ្យទេខ្ញុំជឿជាក់ថាសម្រាប់ឆ្នោត ២០១៧ និង ២០១៨ គាត់គួរគិតសាឡើងវិញ»។
មន្ត្រីខុទ្ទកាល័យនាយករដ្ឋមន្ត្រីលោក គង់ ចំរើន បានចេញមកទទួលញត្តិស្នើឱ្យតំណាងសហគមន៍ធ្វើញត្តិដាច់ដោយឡែកមួយទៀតករណីអន្តរាគមន៍ដោះលែងអ្នកស្រី វន្នី។
ទាក់ទងនឹងករណីនេះអ្នកស្រី បូវ សោភា យល់ឃើញថាជាសញ្ញាវិជ្ជមានសម្រាប់អ្នកស្រី ទេព វន្នី ដែលកំពុងជាប់ឃុំទាំងអយុត្តិធម៌។ អ្នកស្រីបញ្ជាក់ថា៖ «លោក គង់ ចំរើន ចង់ឱ្យយើងដាក់ចំណុចដែលស្នើឱ្យដោះលែង ទេព វន្នី ដាច់ដោយឡែកអ៊ីចឹងខ្ញុំនឹងធ្វើញត្តិថ្មីហើយគាត់ប្រាប់ថាឱ្យយើងទៅដាក់ម្នាក់ឯង ឬពីរនាក់តែបើធ្វើអ៊ីចឹងមានផលប្រយោជន៍ចំពោះ វន្នី ខ្ញុំប្រហែលជាធ្វើតាមគេខ្លះដើម្បីឱ្យមានដំណោះស្រាយ»។ ទោះយ៉ាងនេះក្តីអ្នកស្រីមិនទាន់កំណត់ថ្ងៃដាក់ញត្តិជាថ្មីទេដោយរង់ចាំពិគ្រោះយោបល់សិន។
សកម្មជនដីធ្លីម្នាក់ទៀតដែលឈរស្រែកនៅមុខខុទ្ទកាល័យនាយករដ្ឋមន្ត្រីគឺកញ្ញា សុង ស្រីលាភ ថ្លែងថា៖ «យើងតែងរងគ្រោះដោយការអភិវឌ្ឍជាបន្តបន្ទាប់ចឹងហើយបានជាយើងសុំកិច្ចអន្តរាគមន៍ពីសម្តេចប៉ុន្តែដំណោះស្រាយដីធ្លីអត់មាន មានតែចាប់ឃុំខ្លួនបន្តបន្ទាប់។ អ៊ីចឹងសូមសម្តេចជួយអន្តរាគមន៍ក្នុងការផ្តល់កាមេរ៉ាសុវត្ថិភាពដើម្បីជាសាក្សី និងភ័ស្តុតាងផ្តល់ភាពស្អាតស្អំដល់អ្នកស្រី ទេព វន្នី ជាបន្ទាន់»។
ចំណែកសកម្មជនដីធ្លីដែលមានវ័យចំណាស់ជាងគេគឺលោក យាយ ង៉ែត ឃុន អាយុ ៧៣ ឆ្នាំបានចូលទៅបំភ្លឺនៅតុលាការតាមដីកាកោះហៅពាក់ព័ន្ធហិង្សាកាលពីឆ្នាំ ២០១២។ លោកយាយ ង៉ែត ឃុន ថ្លែងប្រាប់ក្រោយចេញពីតុលាការថាជារឿងអយុត្តិធម៌សម្រាប់អ្នកស្រីដែលជាមនុស្សចាស់ម្នាក់គឺមិនមានសមត្ថភាពទៅប្រើហិង្សាលើអ្នកដទៃនោះទេ។ លោកយាយថា៖ «គេសួរយើងថាបានជេរប្រមាថ ចង់សម្លាប់គេអត់ ខ្ញុំថាខ្ញុំមិនបានជេរ និងមិនបានចង់សម្លាប់គេក៏គ្មានដែរព្រោះពេលនោះខ្ញុំទៅផ្ទះគាត់ (លី មុំអ្នកដាក់ពាក្យប្តឹង) សួរពីរឿងប្លង់។ ក្រោយពីគេសួរ គេថាអត់ឃុំខ្លួនខ្ញុំទេហើយថ្ងៃស្អែក (ថ្ងៃនះ) ឱ្យខ្ញុំមកយកឯកសារបញ្ជាក់ថាខ្ញុំមិនត្រូវបានឃុំខ្លួនតែគេប្រាប់ថាឱ្យយើងគោរពតាមច្បាប់ត្រូវទៅបង្ហាញខ្លួននៅសង្កាត់របស់ខ្លួនជារៀងរាល់ខែ»។
ក្នុងដីកាចុះហត្ថលេខាដោយចៅក្រមស៊ើបសួរសាលាដំបូងរាជធានីលោក អ៊ឹម វណ្ណៈ ចុះថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០១៦ បានបង្គាប់ឲ្យមនុស្ស ៦ នាក់ និងបក្ខពួកផ្សេងទៀតដែលមិនទាន់រាយឈ្មោះឱ្យចូលបំភ្លឺតាមថ្ងៃផ្សេងគ្នាពាក់ព័ន្ធនឹងអំពើហិង្សាមួយកាលពីឆ្នាំ ២០១២។ ក្នុងដីកាបង្គាប់ឱ្យឈ្មោះ ង៉ែត ឃុន ចូលបំភ្លឺនៅថ្ងៃទី ៣ វិច្ឆិកា ពីបទជេរប្រមាថជាសាធារណៈ និងគំរាមសម្លាប់ប្រព្រឹត្តនៅចំណុចផ្ទះលេខ ១៣៤ ផ្លូវលេខ ៨០ ភូមិ ២៤ ក្រុម ៣០៣ សង្កាត់ស្រះចក ខណ្ឌដូនពេញកាលពីថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០១២ បទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ៣០៧ និងមាត្រា ២៣៣ នៃក្រមព្រហ្មទណ្ឌ»។
ក្នុងដីកាបានចោទប្រកាន់លើឈ្មោះ ទេព វន្នី ហេង មុំ ង៉ែត ឃុន ឆេង លាភ គង់ ចាន់ថា តុល ស្រីពៅ និងបក្ខពួកដែលជាសកម្មជនដីធ្លីនៅតំបន់បឹងកក់ពីបទជេរប្រមាថជាសាធារណៈ និងគំរាមសម្លាប់។
សូមរំឭកថាអ្នកស្រី លី មុំ តំណាងឱ្យសហគមន៍បឹងកក់ដែលពេលនោះមាននិន្នាការទៅខាងក្រុមហ៊ុន ឬរដ្ឋាភិបាលបានធ្វើសន្និសីទកាសែតមួយកាលពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០១២ ថាពលរដ្ឋបឹងកក់ចំនួន ៧៩៤ គ្រួសារបានទទួលប័ណ្ណកម្មសិទ្ធិដីធ្លីនៅក្នុងតំបន់នេះដែលការថ្លែងនេះបានធ្វើឲ្យពលរដ្ឋច្រើនភូមិនៅតំបន់បឹងកក់ដែលមិនបានទទួលប័ណ្ណកម្មសិទ្ធិបានតវ៉ាកាលពីរសៀលថ្ងៃទី ២០ មីនា និងបានទៅផ្ទះអ្នកស្រី លី មុំ សួរនាំពីបញ្ហានោះក៏មានការដាក់ពាក្យប្តឹងពីបទប្រើអំពើហិង្សា។ ក៏ប៉ុន្តែគេមិនដឹងថា តើមូលហេតុអ្វីទើបសាលាដំបូងរាជធានីទើបតែកោះហៅសកម្មជនដីធ្លីបឹងកក់ដែលសកម្មក្នុងការតវ៉ាទៅធ្វើការសាកសួរនៅពេលនេះនោះទេ៕