
ស្លាកស្នាមអណ្ដើកដែលកាយរកឃើញ។ រូបថត អាជ្ញាធរអប្សរា
សៀមរាបៈ អ្នកបុរាណវិទ្យាកម្ពុជាកំពុងស្វែងរកអ្នកជំនាញអន្តរជាតិឲ្យជួយកំណត់អត្តសញ្ញាណវត្ថុបុរាណដែលរកឃើញនៅខាងក្នុងស្នូកអណ្តើកទាំង ២ ក្បាល បន្ទាប់ពីបានរកឃើញក្នុងការដ្ឋានកំណាយប្រាសាទកណ្តាលស្រះស្រង់ ខណៈអណ្តើក ១ ក្បាលត្រូវបានបើកពិនិត្យមើលស្នូកខាងក្នុង និង ១ ទៀតបន្តរក្សាទុកឲ្យនៅដដែល ដើម្បីរង់ចាំការពិសោធបន្ត។
ចាប់តាំងពីថ្ងៃទី ២៧ ខែមីនាមក ក្រុមការងារបានបើកមាត់រណ្ដៅធ្វើកំណាយទំហំ ១១ ម៉ែត្រគុណ ១៤ ម៉ែត្រ ដើម្បីឈានទៅដល់គម្រោងជួសជុលប្រាសាទកណ្តាលស្រះស្រង់ដែលស្ថិតក្នុងតំបន់អង្គរក្នុងខេត្តសៀមរាប។ ក្នុងអំឡុងធ្វើកំណាយនោះនៅថ្ងៃទី ៦ ខែឧសភា ក្រុមការងារ បានប្រទះឃើញចម្លាក់អណ្តើក ១ ក្បាល និងវត្ថុបុរាណចំនួន ៣ ប្រភេទគឺចម្លាក់នាគ ខ្វាតពណ៌ស (គ្រីស្តាល់?) និងត្រីសូល៍។ ក្នុងនោះដែរក្រុមការងារក៏បានរកឃើញរចនាសម្ព័ន្ធសំណង់ឈើនៅលើខឿនប្រាសាទផងដែរ។
បន្ថែមពីការធ្វើកំណាយនេះ អាជ្ញាធរជាតិអប្សរាបានឲ្យដឹងទៀតថា នៅថ្ងៃទី ៨ ឧសភា ក្រុមការងារកំណាយក៏បានប្រទះឃើញចម្លាក់អណ្តើកចំនួន ១ ក្បាលបន្ថែមទៀតដែលមានទំហំតូចជាងមុនបន្តិច រួមនឹងត្រីសូល៍ដែលមានរូបពេញលេញ និង ១ ទៀតមានត្រឹម ១ បំណែក។
លោក ជា សុជាតិ អ្នកបុរាណវិទ្យាដែលជាប្រធានគម្រោង និងជាអ្នកដឹកនាំកិច្ចការស្រាវជ្រាវបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃអាទិត្យថា វត្ថុបុរាណមួយចំនួនដែលបានរកឃើញក្នុងការដ្ឋានកំណាយនេះត្រូវបានយកទៅរក្សាទុកនៅសារមន្ទីរព្រះសីហនុអង្គរក្នុងខេត្តសៀមរាប។ ចំណែកសត្វអណ្តើកទាំង ២ ក្បាលគឺត្រូវបានរក្សាទុកនៅកន្លែងកំណាយដដែល ដើម្បីបន្តកិច្ចការស្រាវជ្រាវ និងចៀសវាងធ្វើឲ្យខូចខាតទ្រង់ទ្រាយដើម។
លោកបន្ថែមថា៖ «យើងបានបើកស្នូកអណ្តើកហ្នឹងហើយបានឃើញមានទឹកនៅក្នុងហ្នឹង និងក្ដាំងភក់ៗនៅក្នុងហ្នឹងដល់ពេលយើងយកស្អីៗក្នុងហ្នឹងចេញទៅ ឃើញមានភក់ និងដី។ អត់ហ៊ានឆ្កឹះចេញទៀតទេ ខ្លាចខូចទ្រង់ទ្រាយដើម ប្រហោងក្នុងអណ្តើកហ្នឹងមានទំហំ ១ តឹកអី ហើយជម្រៅវា ១ តឹកកន្លះអី គឺធំដែរ»។
ដោយសារតែអំឡុងពេលធ្វើកំណាយ ក្រុមការងារ បានបើកគម្របស្នូកអណ្តើក ១ ក្បាលដែលបានរកឃើញមុន ហើយអណ្តើក ១ ទៀតបន្តទុកឲ្យនៅដដែល។ ដោយក្នុងនោះលោក ជា សុជាតិ បានបញ្ជាក់ថា ក្នុងអណ្តើកនេះគឺមានកម្អែលខ្លះៗលាយឡំជាមួយទឹក ដែលក្រុមជំនាញបានដាក់ការសង្ស័យថា អាចជាគ្រាប់ធញ្ញជាតិ ឬជាអ្វីមួយបានរលាយ ហើយជាប់ជាក្តាំងបែបនេះដែលទាមទារឲ្យមានការធ្វើពិសោធបន្តទៀត។
លោកបានឲ្យដឹងថា៖ «យើងត្រូវការអ្នកស្រាវជ្រាវដែលចេះផ្នែកពិសោធនេះ ឲ្យមកពិនិត្យមើល ឬក៏យើងកំពុងតែទំនាក់ទំនងទៅគឺមានតែក្រៅប្រទេសទេ ព្រោះយើងអត់ទាន់ដឹងច្បាស់កំពុងតែសាកសួរ។ កំពុងទាក់ទងខាងអូស្ត្រាលីដែរ ប៉ុន្តែមិនទាន់មានអ្នកនៅស្រុកខ្មែរទេ ព្រោះដោយសារកូវីដ ដែលយើងអាចនឹងយកផ្នែកខ្លះនៅក្នុងនោះបញ្ជូនទៅក្រៅ ដើម្បីពិសោធដែរ មើលទៅបើមានគ្រាប់ធញ្ញជាតិ ឬលម្អអ្វី យើងពិសោធទៅនឹងដឹង»។
លោក ជា សុជាតិ មិនបានបញ្ជាក់ឲ្យបានលម្អិតចំពោះកំណាយដែលបានរកឃើញនោះទេ ព្រោះតែការធ្វើកំណាយកំពុងបន្ត។
លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃចន្ទថា ការរកឃើញបន្ថែមនេះគឺភ័ស្តុតាងប្រវត្តិសាស្ត្ររបស់កម្ពុជា នេះគឺជាការងារដែលអាជ្ញាធរអប្សរា តែងតែធ្វើជាប្រចាំថ្ងៃដើម្បីជាមូលដ្ឋានក្នុងការជួសជុលប្រាសាទនានាដែលបានខូចខាត។ លោកបន្តថា ចំពោះលទ្ធផលនៃការធ្វើកំណាយក៏មិនអាចបញ្ជាក់បានភ្លាមៗនោះដែរ ដោយត្រូវរង់ចាំឲ្យក្រុមអ្នកបុរាណវិទ្យាធ្វើការសិក្សាស្រាវជ្រាវបន្ថែមក្នុងអំឡុងពេលមួយដែលសមស្រប។
លោកបញ្ជាក់ថា៖ «នេះជាកិច្ចការងារមួយដែលអាជ្ញាធរជាតិអប្សរាតែងតែធ្វើ ហើយការដែលយើងប្រទះឃើញនូវវត្ថុបុរាណនេះ គឺយើងមានការសប្បាយរីករាយដែលអាចនឹងស្វែងយល់កាន់តែច្បាស់អំពីប្រវត្តិអំពីគោលបំណង និងអំពីការរៀបចំនៃប្រាសាទកណ្តាលនៃស្រះស្រង់យើងនេះ។ នេះជាចំណុចសំខាន់ណាស់ ព្រោះរបកគំហើញទាំងអស់នោះគឺជាទិន្នន័យជាលក្ខណៈបុរាណវិទ្យាផង ក៏ជាទិន្នន័យបែបវិទ្យាសាស្ត្រផងដែលអាចឲ្យយើងបានស្វែងយល់បន្ថែមទៀត»។
លោក ជា សុជាតិ បានឲ្យដឹងថា ក្រុមការងារបច្ចេកទេសនឹងសាងសង់ដំបូលធំមួយ គ្របជុំវិញបរិវេណ ដើម្បីការពារការដ្ឋានកំណាយពីការលិចទឹក៕