The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អ្នក​បុរី​កីឡា​​ ២០ ​គ្រួសារ​ ត្រៀម​ប្រឆាំង​ការឈូស​កម្ទេច​អគារ

អ្នក​បុរី​កីឡា​​ ២០ ​គ្រួសារ​ ត្រៀម​ប្រឆាំង​ការឈូស​កម្ទេច​អគារ

Content image - Phnom Penh Post
ពលរដ្ឋ​នៅ​បុរី​កីឡា​ដែល​អះអាង​ថា​មិនទាន់​បាន​សំណង​កាលពី​ម្សិលមិញ​។ ហុង មិនា

អ្នក​បុរី​កីឡា​​ ២០ ​គ្រួសារ​ ត្រៀម​ប្រឆាំង​ការឈូស​កម្ទេច​អគារ

ភ្នំពេញ: ពលរដ្ឋ​សហគមន៍​​បុរីកីឡា​ជិត​ ២០ ​គ្រួសារ​ ដែល​អះអាង​ថា មិនទាន់​ទទួល​បាន​សំណង​បាននាំគ្នា​មក​ស្នាក់នៅ​ទីតាំង​អគារ​មួយ​កាលពី​ម្សិលមិញ ដើម្បី​ត្រៀមចាំ​តវ៉ា​បន្ទាប់ពី​ពួកគាត់​បានឃើញ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ត្រៀម​គ្រឿងចក្រ​ចំនួន​ ២ ​គ្រឿង​ ដើម្បី​ឈូស​កម្ទេច​អគារ​ដែល​នៅ​​មាន​វិវាទ​នេះ​ចោល ប៉ុន្តែ​ពួកគេ​ចង់​ឲ្យ​អាជ្ញាធរ​ផ្ដល់​សំណង​ដើម្បី​បញ្ចប់រឿង ខណៈ​សង្គម​ស៊ីវិល​បាន​ជំរុញ​ឲ្យ​ដោះស្រាយ​បញ្ហា​នេះ​ដោយ​អហិង្សា​។

អ្នកស្រី តាំង គីមស្រូយ តំណាង​ពលរដ្ឋ​ទាំង​នោះបាន​ថ្លែង​ថា អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ត្រៀម​គ្រឿងចក្រ​ចំនួន​ ២ ​គ្រឿង​ ដោយ​មាន​សមត្ថកិច្ច​ចម្រុះ​ប្រមាណ​ជា​ ៣០ ​នាក់​ នៅ​យាម​ប្រចាំការ​ក្នុង​បុរី​កីឡា​រយៈពេល​ ៣ ​ថ្ងៃ​មកហើយ ដើម្បី​ត្រៀម​ទទួល​បញ្ជា​វាយកម្ទេច​អគារ​ដែល​កំពុង​មានទំនាស់​ជាមួយ​ពលរដ្ឋ​ចំនួន​ ១៤ ​គ្រួសារ​ ដែល​នៅ​មិនទាន់​ទទួល​បាន​សំណង​។

បន្ថែម​ពីនេះ​មាន​អ្នក​ធ្លាប់​ទទួល​​បាន​សំណង​ប្រមាណ​ ៥ ​គ្រួសារ​ ក៏បាន​មក​ចាំ​រារាំង​គ្រឿងចក្រ​នេះ​​ដែរ ដោយសារ​តែ​ពួកគាត់​បាន​សំណង​តិចតួច​ពេក​។

អ្នកស្រី​បន្ត​ថា​សំណង​ដែល​ក្រុម​អ្នកស្រី​ស្នើសុំ​គឺ​មាន​ចំនួន​​ផ្សេងៗ​គ្នា​ក្នុង​ចន្លោះ​ពី​ ៣ ​ម៉ឺន​ទៅ​ ៤០ ​ម៉ឺន​ដុល្លារ ដោយសារ​ក្រុមហ៊ុន​ធ្វើទុក្ខ​បុកម្នេញ​ឲ្យ​ពួកគាត់​រងគ្រោះ​រយៈពេល​ជិត​ ១០ ​ឆ្នាំ​ ធ្វើឲ្យ​ជីវភាព​គ្រួសារ​មាន​ការធ្លាក់ចុះ​យ៉ាង​ខ្លាំង រហូត​ដល់​​មាន​អ្នកខ្លះ​ដើរ​សុំទាន ដេក​តាម​ចិញ្ចើមផ្លូវ និង​អ្នក​ខ្លះទៀត​ក្លាយជា​ស្ដ្រី​រកស៊ី​ផ្លូវភេទ​។

អ្នកស្រី​បាន​បញ្ជាក់ថា​៖ «​ក្នុង​ដំណាក់កាល​នេះ ប្រសិន​បើ​ក្រុមហ៊ុន ឬ​រដ្ឋាភិបាល​មិន​ព្រម​ផ្ដល់​សំណង​សមរម្យ​ទេ​​ពួកខ្ញុំ​នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​​ការ​ឈូសឆាយ​អគារ​ដែល​ពួកខ្ញុំ​កំពុង​រស់នៅ​ទេ​។ ​ពួក​ខ្ញុំ​សុខចិត្ត​ស្លាប់​នៅ​លើ​អគារ​នេះ​ព្រោះ​ពួក​ខ្ញុំ​មិន​មាន​ទីកន្លែង​ស្នាក់នៅ​ក្រៅពី​កន្លែង​អគារ​នេះ​ទេ​»​។

អ្នកស្រី គីម ស្រូយ បន្ថែម​ថា​កន្លងមក​អាជ្ញាធរ​ក្រុងភ្នំពេញ​បាន​កោះហៅ​អ្នក​នៅ​សេសសល់​ទៅ​ពិភាក្សា ប៉ុន្ដែ​ពេល​ដែល​ពលរដ្ឋ​រៀបរាប់​ពី​ការចង់​បាន បែរជា​អាជ្ញាធរ​មិន​ឆ្លើយតប​ ឬ​តថ្លៃ​អ្វី​ទេ គ្រាន់តែ​ឲ្យ​វិល​មក​ផ្ទះ​វិញ​ និង​ឲ្យ​រង់ចាំ​កោះហៅ​ពេល​ក្រោយ​ទៀត​ប៉ុណ្ណោះ​។

អ្នកស្រី ទឹម សាក់មន្នី ដែល​ថា​ជា​អ្នករងគ្រោះ​បាត់​ដីធ្លី និង​គ្មាន​ផ្ទះ​បាន​ថ្លែងថា ពួកគាត់​មិនមែន​ប្រកែក​មិន​ទទួល​យក​សំណង​ទេ ប៉ុន្ដែ​អាជ្ញាធរ​ផ្ដល់​ត្រឹមតែ​ ៣ ​ឬ​ ៤ ​ពាន់​ដុល្លារ​ដែល​ធ្វើឲ្យ​មាន​ការបដិសេធ ព្រោះ​មិន​អាច​យក​ទៅ​ទិញ​ផ្ទះ​ ឬ​ទិញ​ដី​រស់នៅ​បាន​។

អ្នកស្រី​បញ្ជាក់ថា​៖ «​ពួក​ខ្ញុំ​នឹង​មិន​ចុះ​ចេញ​ពី​ផ្ទះ​នេះ​ទេ ខ្ញុំ​សុខចិត្ត​ដេក​ននៀល​នៅ​ទី​នេះ បើ​មាន​កម្លាំង​សមត្ថកិច្ច​មក ក៏​មក​ទៅ ហើយ​សម្លាប់​ពួកខ្ញុំ​ឲ្យ​អស់​ទៅ បើ​ចង់​បាន​អគារ​នេះ​។ បើ​ចង់​បាន​អគារ​នេះ ម្ដេច​មិន​ទិញ​តាម​តម្លៃ​ទីផ្សារ ហេតុអ្វី​បាន​ជា​ដេញ​ពួក​ខ្ញុំ​ទាំង​បង្ខំ​បែបនេះ​?

បើ​ក្រុមហ៊ុន​ឈូសឆាយ​មែន​ពួក​ខ្ញុំ​ក៏​ចង់​បង្ហាញ​ទង្វើ​អាក្រក់​របស់​ក្រុមហ៊ុន និង​អាជ្ញាធរ​ប្រាប់​ពិភពលោក​ដែរ​»​។

អ្នកស្រី​បន្ថែម​ថា​ទីតាំង​បុរីកីឡា​នេះ​ត្រូវ​បាន​ក្រុមហ៊ុន​ផាន អ៊ីម៉ិច លក់​បន្ត​ទៅ​ឲ្យ​ក្រុមហ៊ុន​ក្នុង​ស្រុក​ជា​បន្តបន្ទាប់ ប៉ុន្ដែ​ពេល​នេះ​ដី​បុរី​កីឡា​ត្រូវ​បាន​លក់​ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន និង​ក្រុមហ៊ុន​តៃវ៉ាន់​មួយ​ឈ្មោះ​ CO ហើយ ខណៈ​នេះ​ក្រុមហ៊ុន​ទាំង​ ២ ​នេះ​បាន និង​កំពុង​កាយ​ដី និង​បុកគ្រឹះ​សាងសង់​អគារ​នៅ​ខាងក្រោយ​អគារ​បុរីកីឡា​ចាស់​។

លោក មាន ចាន់យ៉ាដា អភិបាលរង​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​បាន​បដិសេធ​ការធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ករណី​នេះ​ដោយ​លោក​បាន​បង្វែរ​សំណួរ​ទៅ​លោក ម៉េត មាសភក្ដី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​វិញ​ដោយ​អះអាង​ថា លោក​មិនមែន​ជា​អ្នក​នាំពាក្យ​ទេ​។

លោក ម៉េត មាសភក្ដី មិនអាច​ទាក់ទង​សុំ​ការបញ្ជាក់​ជុំវិញ​ការដាក់​ត្រៀម​គ្រឿងចក្រ​ដើម្បី​ឈូសឆាយ​អគារ​បុរី​កីឡា​នោះ​បាន​ទេ​កាលពី​ម្សិលមិញ​។ រីឯ​លោក លឹម សុភា អភិបាលខណ្ឌ​ ៧ ​មករា​ក៏​មិនអាច​ទាក់ទង​បាន​ដូចគ្នា ដោយសារ​ទូរស័ព្ទ​លោក​ទាំង​ ២ មិនមាន​អ្នកទទួល​។

ប៉ុន្ដែ​មន្ត្រីនគរបាល​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដែល​បាន​ប្រចាំការ​នៅ​ទីតាំង​នោះ​បាន​ថ្លែងថា គ្រឿងចក្រ​ទាំង​ ២ ​គ្រឿង​នេះ​ បាន​ត្រៀម​ទទួល​បញ្ជា​ពី​ថ្នាក់លើ​ដើម្បី​ឈូសឆាយ​អគារ ប៉ុន្ដែ​ដោយ​ស្ថានភាព​តានតឹង​ទើប​បញ្ឈរ​ចោល​សិន​។

លោក​ថា​៖ «​ខ្ញុំ​អត់​ដឹងថា ត្រូវ​ធ្វើការ​នៅពេល​ណា​ទេ ចាំ​បញ្ជា​ពី​ថ្នាក់លើ បើ​ថ្នាក់លើ​បញ្ជា​មក​​គឺ​យើង​ចាប់ផ្ដើម​ធ្វើការ​តែម្ដង​។ ឥឡូវ ខ្ញុំ​អត់​ដឹង​ទេ​»​។

លោក អំ សំអាត ប្រធាន​គ្រប់គ្រង​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ បាន​ថ្លែង​ថា​ទំនាស់​ដីធ្លី​នៅ​បុរី​កីឡា​នេះ​ជា​បញ្ហា​រ៉ាំរ៉ៃ​ដោយ​អាជ្ញាធរ​ក៏​ខំ​ដោះស្រាយ​ដែរ ប៉ុន្តែ​ក្នុង​នាម​សង្គម​ស៊ីវិល​លោក​ក៏​មិន​ចង់​ឃើញ​​ការប្រើ​ហិង្សា​ដូច​រូបភាព​កាលពី​​ឆ្នាំ​ ២០១២ ​នោះ​ទេ ។ បើ​ដោះស្រាយ​តាម​ហិង្សា វា​នឹង​ធ្វើ​ឲ្យ​អាម៉ាស់​មុខមាត់​អាជ្ញាធរ និង​រដ្ឋាភិបាល ប៉ុន្ដែ​លោក​ចង់ឃើញ​ការដោះស្រាយ​ដោយ​យុត្តិធម៌ សមធម៌ និង​ត្រឹមត្រូវ​ដែល​គ្រប់ភាគី​អាច​ទទួល​យក​បាន​។

លោក​ថា​៖ «​ខ្ញុំ​យល់​ថា​ការដោះស្រាយ​ដោយ​បង្ខំ​វា​មិនល្អ​ទេ​។ ​អ៊ីចឹង​ទោះ​យ៉ាងណា​យើង​ក៏​នៅ​តែ​លើក​ទឹកចិត្ត​ឲ្យ​គ្រប់​ភាគី​ដោះស្រាយ​បញ្ចប់ ហើយ​ទទួល​យក​លទ្ធផល​ទាំងអស់​គ្នា ហើយ​យើង​ក៏​មិន​លើក​ទឹកចិត្ត​ដែរ ចំពោះ​ការដោះស្រាយ​ជាមួយ​នឹង​អំពើ​ហិង្សា​ទៅលើ​ភាគី​ម្ខាង​ណា​ដែរ​»​។

គួររំឭក​ថា​កាលពី​ឆ្នាំ​ ២០១២ ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​​ប្រើ​គ្រឿងចក្រ​ឈូស​កម្ទេច​ផ្ទះ​​សំបែង និង​ទ្រព្យសម្បត្តិ​របស់​ពលរដ្ឋ​សរុប​ចំនួន ៣៨០ គ្រួសារ ​នៃ​សហគមន៍​បុរី​កីឡា ខណៈ​ដែល​ពួកគាត់​មិន​ព្រម​ចាកចេញ​៕

អត្ថបទគួរចាប់អារម្មណ៍