ភ្នំពេញ:​ អ្នក​បើកបរ​ត្រីចក្រ​យានយន្ត ​និង​ទោចក្រ​យានយន្ត​រ៉ឺម៉ក​សណ្តោង​ចំនួន​ ៦៣១ ​នាក់ ​បាន​សម្រុក​ទៅ​ចូលរួម​វគ្គ​បណ្តុះ​ណ្តាល​ចរាចរណ៍​ផ្លូវ​គោក​ដោយ​ឥត​គិត​ថ្លៃ ​ដើម្បី​ត្រៀម​ប្រឡង​យក​ប័ណ្ណ​បើកបរ ​បន្ទាប់​ពី​​សាលា​ក្រុង​​បាន​ប្រកាស​បើក​វគ្គ​បណ្ដុះបណ្ដាល​នេះ​កាល​ពី​សប្ដាហ៍​មុន។​ ​យោង​តាម​​គេហទំព័រ​ហ្វេសប៊ុក​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ​ការ​ចូល​នៃ​អ្នក​បើកបរ​ទាំង​នោះ​បាន​ចាប់ផ្ដើម​តាំង​ពី​ចេញ​សេចក្ដី​ប្រកាស​នៅ​ថ្ងៃ​ទី ១ ​រហូត​ដល់​​ថ្ងៃ​ទី ៩ ​មីនា​។​

សាលា​រាជធានី​បន្ត​ថា​ វគ្គ​បណ្តុះបណ្តាល​ច្បាប់​ចរាចរណ៍ផ្លូវ​គោក​នេះ ​នឹង​ប្រព្រឹត្ត​ទៅ​រៀងរាល់​ថ្ងៃ​សៅរ៍​ រយៈពេល​ ២ ខែ​ ចាប់​ពី​​ថ្ងៃ​ទី ​២ ​ខែ ​មីនា​ ដល់​ថ្ងៃ​ទី ៤​ ខែ ​ឧសភា​ ឆ្នាំ ​២០១៩​ ចំនួន ​២ ​ទីតាំង​ដូច​ជា នៅ​អង្គភាព​ផ្តល់​ប័ណ្ណ​បើកបរ​នៃ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​ផ្លូវ​លេខ ​៥៩៨ ​សង្កាត់​ច្រាំង​ចំរេះ​ទី២ ​ខណ្ឌ​ឫស្សីកែវ​ និង​នៅ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ ​នៅ​ផ្លូវ​ជាតិ​លេខ ​៦​ សង្កាត់​ព្រែក​លៀប​ ខណ្ឌ​ជ្រោយចង្វារ​។​

លោក​ សាំ​ ពិសិដ្ឋ​ ប្រធាន​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​ កាល​ពី​ម្សិលមិញ​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បញ្ជាក់​ជុំ​វិញ​ករណី​នេះ​បាន​ទេ​។​

ខណៈ​លោក​ ម៉េត មាសភក្ដី ​អ្នក​នាំពាក្យ​សាលា​ក្រុង​ភ្នំពេញ ​ក៏​មិន​អាច​ទាក់ទង​បាន​ដែរ​កាល​ពី​ម្សិលមិញ​។​

លោក ​កែវ​ ណារិន​ អ្នក​បើកបរ​រ៉ឺម៉ក​កង់​បី​ (កង់​បី​ឥណ្ឌា) ​អាយុ ​៣៦ ​ឆ្នាំ ​មក​ពី​ខេត្ត​ស្វាយរៀង​បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា លោក​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​នេះ​ទេ​។​

លោក​បន្ត​ថា៖ ​«​សព្វ​ថ្ងៃ​នេះ​ ខ្ញុំ​អត់​ទាន់​មាន​ប័ណ្ណ​បើកបរ​ ឬ​ពាក់មី​ទេ​ ព្រោះ​ខ្ញុំ​អត់​ទាន់​មាន​លុយ​ទៅ​ធ្វើ ​ហើយ​បើ​អាជ្ញាធរ​គេ​ប្រកាស​ឲ្យ​ទៅ​ធ្វើ ​និង​រៀន​បើកបរ​អត់​គិត​ប្រាក់​ ខ្ញុំ​គិត​ថា វា​ជា​ឱកាស​ល្អ​ហើយ។​ ខ្ញុំ​គិត​ថា​ បើ​យើង​មាន​ឯកសារ​ត្រឹមត្រូវ​តាម​ច្បាប់​ ហើយ​ពេល​ប៉ូលិស​សួរ​រក​ យើង​ក៏​មាន​ឯក​សារ​បញ្ជាក់​ច្បាស់លាស់​ ​យើង​មិន​បាច់បង់​ប្រាក់​ពិន័យ​អ្វី​ទេ​»​។​

លោក ​ខៀវ​ ឡុង​ អ្នក​បើកបរ​រ៉ឺម៉ក​កង់​បី ​អាយុ ៤១ ​ឆ្នាំ​ មក​ពី​ខេត្ត​កណ្ដាល​ដែល​គ្រោង​នឹង​ទៅ​ចូលរួម​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​នេះ​ បាន​ថ្លែង​ថា៖ ​«​កាល​ពី​មុន​ ខ្ញុំ​ចង់​ទៅ​ធ្វើ​ប័ណ្ណ​បើកបរ​ដែរ​ ប៉ុន្ដែ​អត់​ទាន់​មាន​លុយ​ អ៊ីចឹង​ចាំ​រក​លុយ​បាន​ចាំ​ទៅ​ធ្វើ តែ​ឥឡូវ​​គេ​ឲ្យ​ទៅ​ធ្វើ​អត់​អស់​លុយ​អ៊ីចឹង​ ខ្ញុំ​នឹង​ទៅ​ធ្វើ​ដែរ​ ព្រោះ​បើ​យើង​បាន​ប័ណ្ណ​បើកបរ​ហ្នឹង​ទៅ វា​មិន​សូវ​ភ័យ​ពេល​ឃើញ​ប៉ូលិស។​ សព្វ​ថ្ងៃ​នេះ​ ពេល​ឃើញ​ប៉ូលិស​ម្ដងៗ​ភ័យ​ដែរ​ ព្រោះ​យើង​អត់​មាន​ប័ណ្ណ​បើកបរ​ហ្នឹង​ អ៊ីចឹង​ខ្លាច​តែ​ប៉ូលិស​ចាប់​»​។​

លោក​ស្រី​ លឹម​ សុខ​ជា ​ទីប្រឹក្សា​ជាន់​ខ្ពស់​អង្គការ​សម្ព័ន្ធ​ដើម្បី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​បាន​បង្ហាញ​នូវ​ការ​​គាំទ្រ​ចំពោះ​ចំណាត់​ការ​នេះ។​

លោក​ស្រី​បញ្ជាក់​ថា៖ ​«​​ខ្ញុំ​បារម្ភ​ថា ពួក​គាត់​អត់​នាំ​គ្នា​មក​រៀន​ ហើយ​អាជ្ញាធរ​ក៏​ត្រូវ​មាន​វិធាន​ការ​ជំរុញ​ឲ្យ​ពួក​គាត់​ទៅ​រៀន។​ ម្យ៉ាង​ទៀត​ បើ​ចំនួន​អ្នក​ចូលរួម​ជា​មួយ​យើង​មាន​ចំនួន​តិច​ គឺ​យើង​នៅ​មាន​បញ្ហា​ប្រឈម​ ប៉ុន្ដែ​បើ​ពួក​គាត់​មក​រៀន​ច្រើន​ គឺ​យើង​អាច​ចាត់​ទុក​ថា​ ជោគជ័យ​​ពាក់​កណ្ដាល​ហើយ ដូច្នេះ យើង​ធ្វើ​យ៉ាង​ណា ឬ​លើក​ទឹកចិត្ត​យ៉ាង​ណា ​ត្រូវ​ជំរុញ​ឲ្យ​ពួក​គាត់​មក​រៀន»​។​

សាលា​រាជធានី​ភ្នំពេញ​បាន​អះអាង​ថា​កន្លង​មក​នេះ​បងប្អូន​ប្រកប​អាជីវកម្ម​ ដឹក​ជញ្ជូន​អ្នក​ដំណើរ​ភាគ​ច្រើន​បាន​បើកបរ​យានយន្ត​លើ​ដង​ផ្លូវ​ដោយ​ពុំ​មាន​ប័ណ្ណ​បើកបរ​យានយន្ត​​​ត្រឹមត្រូវ។​ ​ដើម្បី​ចូលរួម​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ធានា​បាន​នូវ​សុវត្ថិភាព​ដល់​អ្នក​ដំណើរ ​រដ្ឋបាល​រាជធានី​ភ្នំពេញ ​បាន​ចាត់​ឲ្យ​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​រាជធានី​​ភ្នំពេញ​​រៀបចំ​បើក​វគ្គ​បណ្ដុះបណ្ដាល​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ដោយ​ឥត​គិត​ថ្លៃ​ជា​រៀងរាល់​ថ្ងៃ​សៅរ៍​ មាន​រយៈពេល ​២ ​ខែ​ គិត​ចាប់​ពី​ថ្ងៃ​សៅរ៍​ ទី ២ ​ខែ ​មីនា ​ដល់​ថ្ងៃ​ទី​៤ ​ខែ​ឧសភា ឆ្នាំ ​២០១៩ ​ស្ថិត​នៅ​អង្គភាព​ផ្ដល់​ប័ណ្ណ​បើកបរ​យានយន្ត​។ ក្រោយ​ពី​បញ្ចប់​វគ្គ​បណ្ដុះបណ្ដាល​រួច​បងប្អូន​អាច​ដាក់​ពាក្យ​ប្រឡង​​ដើម្បី​ទទួល​បាន​ប័ណ្ណ​​បើកបរ​យានយន្ត​ប្រភេទ ​«ក»​៕