ភ្នំពេញៈ ​អ្នកបើកបរ​រ៉ឺម៉ក​កង់​៣​ចំនួន​ ៥ ​ពាន់​នាក់​ ដែល​បាន​ភ្ជាប់​កម្មវិធី​ហៅ​យានជំនិះ​ ឬ​ហៅថា​ (ride-hailing apps) ​បានទទួល​កញ្ចប់​អំណោយ​សម្ភារ​សម្រាប់​បង្ការ​ជំងឺ​កូវីដ​ ១៩​ ពី​ក្រុមហ៊ុន​ Grab ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា​ (​កូកាកូឡា​) និង​ក្រុម​អ្នក​អភិរក្ស​ព្រៃឈើ​បៃតង វ៉រៀរស៍​ (Baitong Warriors) ​កាលពី​ចុង​សប្ដាហ៍​មុន​។

ការផ្ដល់​កញ្ចប់​សម្ភារ​ថែរក្សា​អនាម័យ​ដល់​អ្នកបើកបរ​រ៉ឺម៉ក​កង់​ ៣​ នេះ​ គឺ​ធ្វើ​ឡើង​ក្រោម​ទស្សនទាន​ «​ប្រទេស​តែ​ ១ សហគមន៍​តែ​ ១» ​ដើម្បី​ជួយ​ឲ្យ​ពួកគាត់​អាច​ចូលរួម​បាន​កាន់តែ​ប្រសើរ​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​ ១៩​។

នេះ​បើតាម​ការចេញផ្សាយ​ព័ត៌មាន​មួយ​ដែល​ភ្នំពេញ​ប៉ុស្ដិ៍​ទទួលបាន​កាលពី​ថ្ងៃ​អាទិត្យ​។

សេចក្ដី​ប្រកាស​ព័ត៌មាន​បន្តថា កញ្ចប់​អំណោយ​ទាំងនោះ​មានដូចជា ម៉ាស់​ការពារ ទឹក​អនាម័យ​លាងដៃ ភេសជ្ជៈ Coca-Cola Energy ខិត្តប័ណ្ណ​អប់រំ​ស្តីពី​កូវីដ​ ១៩ និង​ស្ទិកឃើរ​ជាច្រើន​សម្រាប់​បិទ​លើ​កង់​ ៣ ដែល​ពិធី​ផ្ដល់ជូន​នេះ​បានធ្វើ​ឡើង​នៅ​កោះពេជ្រ និង​នៅមុខ​ការិយាល័យ​ក្រុមហ៊ុន​ Grab​។

លោក Hashim Alkaff នាយកក្រុមហ៊ុន Grab នៅ​កម្ពុជា​បាន​ថ្លែងថា អំណោយ​ទាំងនេះ ​គឺជា​ការបង្ហាញ​ពី​ការទទួល​ស្គាល់​របស់​ក្រុមហ៊ុន Grab ចំពោះ​តួនាទី​ដ៏សំខាន់​របស់​អ្នកបើកបរ​ដែល​ភ្ជាប់​កម្មវិធី​ហៅ​យានជំនិះ​ផ្សេងៗ​គ្នា​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​កូវីដ​ ១៩​។

លោក​ថា​៖ «​ដើម្បី​ថែរក្សា​សុខភាព​របស់​ពួកគាត់​ផ្ទាល់ និង​សុខភាព​អ្នកដំណើរ​របស់​ពួកគាត់ វា​ពិតជា​សំខាន់​ណាស់​ដែល​អ្នកបើកបរ​ត្រូវ​ធ្វើតាម​សេចក្តី​ណែនាំ​ចុងក្រោយ​ស្ដីអំពី​ការការពារ​សុខភាព និង​សុវត្ថិភាព​តាមរយៈ​ការប្រើប្រាស់​ម៉ាស់​ការពារ និង​ទឹក​អនាម័យ​លាងដៃ ដើម្បី​ជួយ​ឲ្យ​ពួកគាត់​រក្សា​បាន​នូវ​អនាម័យ​ជានិច្ច​ក្នុង​​ការកាត់បន្ថយ​ការឆ្លង​របស់​ជំងឺ​នេះ​»​។

លោក​ រស់ សោភា នាយក​ផ្នែកច្បាប់ និង​កិច្ចការ​សាធារណៈ​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា​ (​កូកាកូឡា​) ​បាន​ថ្លែង​ដែរ​ថា ក្រុមហ៊ុន​លោក​បាន​ក្លាយជា​ផ្នែក​មួយ​នៃ​សង្គម​កម្ពុជា​ជិត​ ៣០ ​ឆ្នាំ​មកហើយ ដែល​​ឥរិយាបថ​មូលដ្ឋាន​របស់​ក្រុមហ៊ុន​គឺ​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​សហគមន៍​ទូទៅ ក្នុង​ដំណាក់កាល​ដ៏ចាំបាច់​តាមរយៈ​ការផ្តល់​អំណោយ​បែបនេះ​។

លោក​ថា​៖ «​ការផ្ដល់​លទ្ធភាព​ឲ្យ​អ្នកបើកបរ​ទាំងអស់​អាច​បន្ដ​ប្រកប​អាជីវកម្ម​បាន​ប្រកប​ដោយ​សុវត្ថិភាព​តាមរយៈ​ការប្រើប្រាស់​ម៉ាស់​ការពារ និង​ទឹក​អនាម័យ​លាងដៃ​មាន​ន័យថា ពួកគាត់​អាច​បន្ត​ការរក​ប្រាក់ ដើម្បី​ផ្គត់ផ្គង់​ដល់​ក្រុមគ្រួសារ និង​សហគមន៍​របស់​ពួកគាត់​។ ​យើង​ក៏​ចូលរួម​ប្តេជ្ញា​អនុវត្ត​តាម​យុទ្ធនាការ​ «​ពិភពលោក​មួយ​ដែល​គ្មាន​សំរាម​» ​តាមរយៈ​ការលើក​ទឹកចិត្ត​អ្នកបើកបរ​ទាំងនោះ​ឲ្យ​យក​ដប​ដែល​អាច​ប្រើប្រាស់​វិញ​បាន​ដើម្បី​ច្រក​ទឹក​អនាម័យ លាងដៃ​»​។

កាលពី​ថ្មីៗ​នេះ​ក្រុមហ៊ុន​ (​កូកាកូឡា​) ​បាន​ប្រកាស​បង្វែរ​ថវិកា​ ២០ ​ម៉ឺន​ដុល្លារ​ ពី​កញ្ចប់​ថវិកា​ផ្សាយ​ពាណិជ្ជកម្ម​របស់ខ្លួន​សម្រាប់​ចូលរួម​ជួយ​ដល់​កម្ពុជា​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​ ១៩​ នាពេល​បច្ចុប្បន្ន​។

ដោយឡែក​លោក តាន់ គឹមសួគ៌ តំណាង​ឲ្យ​ក្រុម​អ្នក​អភិរក្ស​ព្រៃឈើ​​បៃតង​វ៉ររៀរស៍​ដែល​ចូលរួម​ផ្តល់​ទឹកអនាម័យ​លាងដៃ​ ៤២០ ​លីត្រ ​ក្នុង​កម្មវិធី​នេះដែរ​នោះ​បាន​ថ្លែងថា ក្រុម​លោក​យកចិត្ត​ទុកដាក់​រៀបចំ​ទឹក​អនាម័យ​លាងដៃ​បែប​សាមញ្ញ ប៉ុន្តែ​មាន​ប្រសិទ្ធភាព​សម្រាប់​ចែកជូន​ពលរដ្ឋ​ទូទៅ​ដើម្បី​ឱ្យ​មាន​លទ្ធភាព​រក្សា​សុវត្ថិភាព និង​សុខភាព​ល្អ​តាមរយៈ​ការរក្សា​ដៃ​របស់​ពួកគាត់​ឲ្យ​មាន​អនាម័យ​ជានិច្ច​។

លោក​ នួន ផារ័ត្ន អភិបាលរង​សាលារាជធានី​ភ្នំពេញ​ថ្លែងថា ការចូលរួម​នេះ​​គឺ​បាន​ផ្តល់​សុវត្ថិភាព និង​សុខុមាលភាព​របស់​អ្នកបើក​រ៉ឺម៉ក​កង់​ ៣ ដែល​កំពុង​ស្ថិត​នៅ​ទីតាំង​ជួរមុខ​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​កូរ៉ូណា​នេះ​។

លោក​ថា​៖ «​ការលើក​ទឹកចិត្ត​ឲ្យ​អ្នកបើកបរ​ទាំងអស់​អនុវត្ត​វិធី​ថែរក្សា​អនាម័យ​ល្អ​នឹង​ផ្តល់​ឲ្យ​អ្នកដំណើរ និង​ក្រុមគ្រួសារ​របស់​ពួកគាត់​ដែល​នៅផ្ទះ​មាន​អារម្មណ៍​ស្ងប់ចិត្ត ដោយសារ​អ្នកបើកបរ​កំពុង​ការពារ​សមាជិកគ្រួសារ និង​សហគមន៍​របស់​ពួកគាត់​»​។

ក្រុមហ៊ុន Grab និង​កូកាកូឡា​បញ្ជាក់ថា ពួកគេ​នឹង​រៀបចំ​ព្រឹត្តិការណ៍​បែបនេះ​បន្ថែមទៀត​នៅក្នុងពេល​ឆាប់ៗ​ខាង​មុខ​នេះ​៕