ភ្នំពេញៈ ចៅក្រម​សាលាដំបូង​ខេត្ត​ព្រះសីហនុ​កាលពី​ម្សិលមិញ​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំ​ខ្លួន​អ្នក​បើកបរ​រថយន្តឈ្នួល​ដែល​បង្ក​ឲ្យ​សម្ដេច​ក្រុមព្រះ​របួស​ធ្ងន់ និង​អ្នកម្នាង​ អ៊ុក ផល្លា ទទួល​មរណភាព ខណៈ​ដែល​គណបក្ស​ហ៊្វុនស៊ិនប៉ិច​បាន​ស្នើ​រាជរដ្ឋាភិបាល​ពិសេស​ក្រសួង​មហាផ្ទៃ​ឲ្យ​ស៊ើបអង្កេត​ករណី​រក​ការពិត​ពី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​។

ដីកា​ដែល​ចេញ​ដោយ​ចៅក្រម​ស៊ើបសួរ​លោក ប្លុង វិសាល កាលពី​ម្សិលមិញ​បាន​បង្គាប់​ឲ្យ​ដាក់​ឈ្មោះ ម៉ិល សារ៉េត អាយុ​ ៣៤ ​ឆ្នាំ​រស់នៅ​ភូមិ​ ១ សង្កាត់​លេខ​ ១ ក្រុង-ខេត្ត​ព្រះសីហនុ ស្ថិត​ក្រោម​ការត្រួតពិនិត្យ​ពី​បទ «​បើកបរ​បណ្តាល​ឲ្យ​របួស និង​ស្លាប់​អ្នកដទៃ​» ​និង​បង្គាប់​ឲ្យ​សមត្ថកិច្ច​ឃុំ​ខ្លួន​បុរស​រូប​នេះ​នៅ​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ​តាម​នីតិវិធី​ច្បាប់​។

ទាក់ទង​នឹង​ករណី​នេះ​ដែរ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ក៏​បាន​ស្នើ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ឲ្យ​បាន​ច្បាស់​ផង​ដែរ​ ខណៈ​សម្ដេច​ក្រុមព្រះ​ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ​។

លោក យូ ហុកគ្រី អនុប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​បាន​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​វត្ត​បទុមវតី​ទី​ដែល​តម្កល់​​សព​អ្នកម្នាង អ៊ុក ផល្លា កាលពី​ម្សិលមិញ​ថា គណបក្ស​ហ៊្វុនស៊ិនប៉ិច​ស្នើ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ឲ្យ​ឃើញ​ស​ខ្មៅ ពីព្រោះ​វា​បាន​កើតឡើង​ផ្ទួន​គ្នា​លើ​គ្រួសារ​របស់​សម្ដេច​ក្រុមព្រះ​។

លោក​ថា​៖ «​យើង​គ្រាន់តែ​ឆ្ងល់​ថា​ហេតុអ្វី​បាន​ជា​រថយន្ត​ខ្សែ​ដែល​មាន​រថយន្ត​ស៊ីរ៉ែន​ពី​មុខ​ហើយ​នៅ​តែ​មាន​គ្រោះថ្នាក់​ទៀត​? ​ហើយ​គ្រោះថ្នាក់​នេះ​​មិនមែន​ជា​លើក​ទី​ ១ ​ទេ​...​យើង​ចេះ​តែ​ឆ្ងល់​ថា​ហេតុអ្វី​បាន​ជា​ឧបទ្ទវហេតុ​កើតឡើង​ផ្ទួន​ដូច្នេះ​? ហើយ​យើង​សង្ឃឹម​លើ​រាជរដ្ឋាភិបាល ពិសេស​ក្រសួង​មហាផ្ទៃ​បើក​ការស៊ើបអង្កេត​ឲ្យ​ឃើញ​ស​ខ្មៅ​»​។

សូម​បញ្ជាក់​ថា​កាល​ថ្ងៃទី​ ២៥ ខែ​មេសា ឆ្នាំ​ ២០១៥ សម្ដេច​ក្រុមព្រះ​នរោត្តម រណឫទ្ធិ និង​អ្នកម្នាង អ៊ុក ​ផល្លា ​ក៏​ធ្លាប់​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ផង​ដែរ នៅ​ភូមិ​អម្ពិល​ធំ ឃុំ​ខ្វិតធំ ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម ដែល​កាល​នោះ​បាន​បណ្ដាល​ឲ្យ​អ្នកម្នាង អ៊ុក ផល្លា របួស​ភ្នែក​ធ្ងន់​ និង​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​ក្រៅ​ប្រទេស​។

លោក យឹម សាវី អគ្គលេខាធិការ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​បាន​ថ្លែង​ដែរ​ថា សម្តេច​ក្រុមព្រះ​ត្រូវ​បញ្ជូន​ទៅ​ថៃ​ បន្ទាប់ពី​បាន​ទទួល​ការ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រ៉ូយ៉ាល់​ភ្នំពេញ​ក្រោយ​ពី​ដឹក​តាម​ឧទ្ធម្ភាគចក្រ​មកពី​មន្ទីរពេទ្យ​ខេត្ត​ព្រះសីហនុ​។

លោក​ថា​៖ «​ព្រះអង្គ​មិន​អី​ទេ គឺ​បាន​ប្រសើរ​ហើយ​។ លោក​ត្រូវ​បាន​ចាកចេញ​ទៅ​ប្រទេស​ថៃ​កាលពី​យប់មិញ​។ លោក​កំពុង​សម្រាក​ព្យាបាល​នៅ​ប្រទេស​ថៃ​»​។

ដោយឡែក​ចំពោះ​សព​អ្នកម្នាង អ៊ុកផល្លា នឹង​ត្រូវ​ធ្វើ​ពិធី​បូជា​នៅ​ថ្ងៃទី​ ២០ ​មិថុនា​នៅ​វត្ត​បទុមវតី​ដោយ​មាន​ការឯកភាព​គ្នា​ជាមួយ​គ្រួសារ​សព និង​ខាង​គណៈកម្មធិការ​។ នេះ​បើ​តាម​លោក យឹម សាវី​។

លោក​បាន​ថ្លែង​ថា​៖ «​យើង​បាន​ឯកភាព​គ្នា​ថា​បូជា​នៅ​ថ្ងៃ​ ២០ ...​ការស្លាប់​​នេះ​គឺជា​ការខាតបង់​ដ៏ធំ​សម្រាប់​ពលរដ្ឋ​ដោយសារ​ពួកគេ​គោរព​ស្រឡាញ់​​គាត់ ហើយ​សមាជិក​គណបក្ស​គោរព​ស្រឡាញ់​គាត់​ដោយសារ​គាត់​បម្រើ​ប្រទេស​ជាតិ​»​។

លោកយាយ​ ហ៊ី ហុង អាយុ​​ ៧១ ​ឆ្នាំ​ដែល​បាន​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព​អ្នកម្នាង​បាន​ថ្លែង​ទាំង​ទឹកភ្នែក​​ថា​៖ «​ខ្ញុំ​មាន​ការ​អាណិតអាសូរ​អ្នកម្នាង​ពន់ពេក​ណាស់ ពីព្រោះ​គាត់​នៅ​ក្មេង​នៅ​ឡើយ​...​។ ខ្ញុំ​មិន​ធ្លាប់​គាល់​គាត់​ទេ តែ​ដោយសារ​មាន​ចិត្ត​ និង​ក្តី​​អាណិត​គាត់ ខ្ញុំ​ស្រក់​ទឹកភ្នែក​អាណិត​​គាត់​។​...​វា​ជា​ការ​ខាតបង់​ធនធាន​សម្រាប់​ជាតិ​ដោយសារ​គាត់​គឺជា​គ្រូ​​បង្ហាត់​របាំ​ដ៏ល្អ​»​។

លោក​ ទិត្យ សាវ៉ាត អាយុ​ ៦៦ ​ឆ្នាំ​ដែល​ជា​សមាជិក​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ជាច្រើន​ឆ្នាំ​បាន​ថ្លែង​ក្នុង​ពេល​ចូលរួម​ពិធី​បុណ្យសព​អ្នកម្នាង អ៊ុក ផល្លា ដែរ​ថា គ្រោះថ្នាក់​នេះ​គឺ​ស្មាន​មិន​ដល់​សោះ​ថា​កើតឡើង​ចំពោះ​អ្នកម្នាង​។

លោក​ថា​៖ «​យើង​មាន​ការ​សោកស្តាយ​ណាស់​នៅពេល​ដែល​បាន​បាត់បង់​អ្នកម្នាង​..​។ ​គាត់​គឺជា​បុគ្គល​ដ៏ឆ្នើម​មួយ​នៅក្នុង​បក្ស​ដោយ​គាត់​តែង​ជំរុញ​សម្តេច​ក្រុមព្រះ​ឲ្យ​ខិតខំ​ធ្វើ​សកម្មភាព​ និង​ចុះ​ជួយ​ប្រជាជន​»​។

មរណភាព​អ្នកម្នាង អ៊ុក ផល្លា ដែល​មាន​វ័យ​ទើប​តែ​ ៣៩ ​ឆ្នាំ​បាន​បន្សល់​ទុក​រាជបុត្រា​ ២ ​អង្គ ខណៈ​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ជា​ព្រះស្វាមី​ស្ថិត​ក្នុង​ស្ថានភាព​របួស​ធ្ងន់​មិន​បាន​នៅ​ចូលរួម​ក្នុង​ពិធីបុណ្យ​៕