
អ្នកបើកបររថយន្តឈ្នួល ស្នើសុំឱ្យអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ កុំធ្វើការផាកពិន័យលើរថយន្តរបស់ពួកគេនៅថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០២១។ រូបថត យូសុះអាប់ឌុល រ៉ាស់ហ៊ីម
ភ្នំពេញៈ អ្នកបើកបររថយន្តឈ្នួល ចំនួន ៤២ នាក់ នៅថ្ងៃទី ២៦ ខែឧសភា បាននាំគ្នាទៅស្នើសុំអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ សូមឱ្យផ្តល់រថយន្តដល់ពួកគាត់វិញ ដោយសូមកុំធ្វើការផាកពិន័យចំនួន ២ លានរៀល បន្ទាប់ពីពួកគេ បានបញ្ចប់ការធ្វើចត្តាឡីស័ក្តិ ១៤ ថ្ងៃ។
អ្នកបើកបររថយន្តឈ្នួលតួរីសទាំង ៤២ នាក់នេះ ត្រូវបានអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចាប់ឃាត់រថយន្តរបស់ពួកគេ កាលពីថ្ងៃទី ៨ ខែឧសភា ដោយលើកឡើងថា ពួកគេ បម្រុងដឹកកម្មករ-កម្មការិនី និងអ្នកធ្វើដំណើរ ចេញពីតំបន់ក្រហម និងតម្រូវឱ្យពួកគេធ្វើចត្តាឡីសក្តី ១៤ ថ្ងៃ នៅក្នុងសាលារៀនមួយ នៅសង្កាត់គោកកញ្ជាន់ ខណ្ឌពោធិ៍សែនជ័យ។
លោក ស៊ឹម ឌួង អ្នកបើកបរថយន្តឈ្នួល មកពីខេត្តព្រៃវែងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៦ ខែឧសភាថា ពួកលោកបានធ្វើសំណាក មិនមានវីរុសកូវីដ ១៩ និងបានធ្វើចត្តាឡីស័កលើសពី ១៤ ថ្ងៃ (១៩ ថ្ងៃ) ដែលបានកំណត់។
ប៉ុន្តែ ឥឡូវនេះ ពួកលោកត្រូវបានអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ឱ្យបង់ពិន័យជាទឹកប្រាក់ ២ លានរៀលក្នុងម្នាក់ៗ ទើបឱ្យយករថយន្តចេញវិញ។
លោកបន្តថា ទាំងរូបលោកក៏ដូចជាអ្នកផ្សេងទៀត ពុំមានលទ្ធភាពបង់លុយរហូត ដល់ ២ លានរៀល ទៅឱ្យអាជ្ញាធរនោះទេ ពីព្រោះមួយរយៈមកនេះ មិនបានរកស៊ីអ្វីឡើយ ដោយសារជាប់ធ្វើចត្តាឡីស័ក។
ទោះជាយ៉ាងណាលោក ស៊ឹម ឌួង បញ្ជាក់ថា លោកនិងអ្នកផ្សេងទៀត មិនបានបំពានបម្រាមរបស់អាជ្ញាធរក្នុងតំបន់ក្រហមនោះទេ គ្រាន់តែបើកបរឆ្លងកាត់តាមផ្លូវធំប៉ុណ្ណោះ។
ប៉ុន្តែ អាជ្ញាធរបានឃាត់រថយន្តរបស់លោក និងអ្នកធ្វើដំណើរផ្សេងទៀត ឱ្យទៅធ្វើចត្តាឡីស័ក ទាំងលោក និងអ្នកផ្សេងទៀត ក៏ធ្វើទៅតាមអ្វីដែលអាជ្ញាធរបានប្រាប់ និងគោរពទៅតាមវិធានការរបស់រដ្ឋាភិបាល មិនជំទាស់នោះទេ។
លោក ស៊ឹម ឌួង ថ្លែងថា៖ «ពួកខ្ញុំគេឱ្យធ្វើសំណាក ពួកខ្ញុំធ្វើធ្វើចត្តាឡីស័ក ១៤ ថ្ងៃ ពួកខ្ញុំនៅធ្វើ ប៉ុន្តែដល់ពេលដែលខ្ញុំចេញ គេមិនឱ្យខ្ញុំចេញ គេតម្រូវឱ្យពួកខ្ញុំជាតៃកុងឡានហ្នឹង ត្រូវបង់លុយ ២ លានរៀល ទើបឱ្យយករថយន្តចេញ»។
លោក ស៊ឹម ឌួង បានស្នើឱ្យរាជរដ្ឋាភិបាល និងមន្ត្រីពាក់ព័ន្ធ យោគយល់នូវអ្វីដែលអ្នកបើកបរបានបើករថយន្តឆ្លងកាត់តំបន់បម្រាម របស់អាជ្ញាធររាជធានីភ្នំពេញ និងសូមទទួលស្គាល់កំហុស ព្រោះពួកលោកមិនមានលុយបង់នោះទេ។
ទោះជាយ៉ាងណា លោក សៀង ហាក់ អ្នកបើកបររថយន្តឈ្នួលម្នាក់ទៀត មកពីខេត្តត្បូងឃ្មុំបានឱ្យដឹងថា លោកសម្រេចចិត្តបង់លុយទៅតាមអ្វីដែលអាជ្ញាធរតម្រូវឱ្យបង់នោះ ពីព្រោះលោក មិនអាចនៅរង់ចាំតវ៉ាយូរទៀតបានទេ ដោយសារតែលោក មានជំងឺទឹកនោមផ្អែមប្រចាំកាយ។
លោក បញ្ជាក់ថា ការបង់លុយនេះ គឺលោកឱ្យកូនរបស់លោកខ្ចីប្រាក់គេ យកមកបង់ ព្រោះក្នុងរយៈពេលនៃការផ្ទុះឡើងនូវជំងឺកូវីដ ១៩ ហើយលោកជាប់ធ្វើចត្តាឡីស័ក ១៤ ថ្ងៃមកនេះ គ្រួសារលោក មិនបានរកចំណូលអ្វីបាននោះទេ។
លោក សៀង ហាក់ បន្តថា ក្រៅពីរូបលោកក៏មានអ្នកបើកបរប្រមាណ ៣ នាក់ផ្សេងទៀត ក៏សម្រេចចិត្តបង់លុយដើម្បីបានចេញដែរ។
លោក បញ្ជាក់ទៀតថា លោក មិនមានកំហុសក្នុងការបើករថយន្តចូលតំបន់ក្រហមនោះទេ ហើយលោកក៏មានការខ្លាចឆ្លងនូវជំងឺកូវីដ ១៩ នេះដែរ ប៉ុន្តែអាជ្ញាធរ បានឃាត់រូបលោក និងរថយន្ត រួមជាមួយនឹងភ្ញៀវ ៣ នាក់ ឱ្យធ្វើចត្តាឡីស័ក និងផាកពិន័យដល់លោក។
លោក សៀក ហាក់ថា៖ «ខ្ញុំសុខចិត្តបង់លុយហើយ ព្រោះខ្ញុំអត់ស្រួលក្នុងខ្លួន ខ្ញុំកើតជំងឺទឹកនោមផ្អែម មិនអាចនៅតវ៉ាដូចគេទេ ដើម្បីប្រញាប់ទៅផ្ទះដើម្បីមើលជំងឺ»។
បើតាមលោក សៀង ហាក់ ទាំងអ្នកបើកបរថយន្ត ព្រូឡាន និងអ្នកធ្វើដំណើរ មានចំនួន ជាង ១០០ នាក់ ដែលត្រូវបានអាជ្ញាធរចាប់ឃាត់តម្រូវឱ្យធ្វើចត្តាឡីស័ក ហើយពួកគេមិនមានអ្នកណាម្នាក់ឆ្លងជំងឺកូវីដ ១៩ នោះទេ។
លោក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ឱ្យដឹងថា អាជ្ញាធរខណ្ឌបានអនុញ្ញាតឱ្យអ្នកបើកបររថយន្តទាំងនោះចេញ បន្ទាប់ពីបញ្ចប់ការធ្វើចត្តាឡីស័ក ប៉ុន្តែតម្រូវឱ្យពួកគេត្រូវបង់ប្រាក់ក្នុងរថន្តមួយគ្រឿង ២ លានរៀល និងបើមានម៉ូតូ តម្រូវឱ្យបង់ ១ លានរៀល នៅច្រកចេញចូលតែមួយតាមផ្លូវច្បាប់។
លោក ម៉ន វុធី បញ្ជាក់ថា ចំពោះពួកគាត់តវ៉ា មិនព្រមបង់លុយជារឿងរបស់ពួកគាត់ ប៉ុន្តែបើតាមច្បាប់ត្រូវបញ្ជូនពួកគាត់ទៅតុលាការ ព្រោះពួកគាត់បើកបរក្នុងតំបន់ក្រហម។
លោក ម៉ន វុធី ថ្លែងថា៖ «អ្នកល្មើសចូលតំបន់ក្រហម គឺត្រូវបញ្ជូនទៅតុលាការ ប៉ុន្តែនេះ លោកអភិបាលរាជធានី សុំយោគយល់ឱ្យគាត់បង់លុយបានហើយ ឱ្យចេញទៅ»៕
វីដេអូ៖