ព្រះសីហនុៈ យ៉ាង​ហោចណាស់​មាន​រថយន្ត​ ៤ ​គ្រឿង ម៉ូតូ​ ៣ ​គ្រឿង និង​ផ្ទះ​ ២ ​ខ្នង ​បាន​រង​ការខូចខាត​ដោយ​អគ្គិភ័យ​ឆាបឆេះ​កាលពី​វេលា​ម៉ោង​ជាង​ ១០ ព្រឹក​ម្សិលមិញ​នៅ​ចំណុច​ក្រុម​ ១ ភូមិ​ ១ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ​ដែល​តាម​ការសន្និដ្ឋាន ដំបូង​បណ្តាល​មកពី​អ្នកបើកបរ​រថយន្ត​ដឹក​សាំង​ជក់បារី​។

លោក​ បួរ សុទ្ធី ស្នងការរង​ខេត្ត​ព្រះសីហនុ​ទទួល​បន្ទុក​ផ្នែក​បង្ការ​ និង​ពន្លត់​អគ្គិភ័យ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា មូលហេតុ​នាំឲ្យ​មាន​គ្រោះ​អគ្គិភ័យ​នេះ​កើតឡើង​គឺ​បណ្ដាលមកពី​អ្នកបើកបរ​រថយន្ត​ដឹក​ប្រេង​ និង​ម្ចាស់​ដេប៉ូ​នោះ​ខ្វះ​ការប្រុងប្រយ័ត្ន នៅពេល​ធ្វើការ​បូម​ប្រេង​ពី​រថយន្ត​ដឹក​ប្រេង​ដែល​មាន​ចំណុះ ៨ ០០០ ​លីត្រ​ចូល​ទៅក្នុង​ស៊ីទែន​ស្តុក​ប្រេង​ក្នុង​ដេប៉ូ​។ «​តាម​ការបំភ្លឺ​របស់​ម្ចាស់​ដេប៉ូ​លក់​ប្រេងឥន្ធនៈ​ឈ្មោះ​ លឹម សេងលី អាយុ ២៧ ឆ្នាំ​បាន​ឲ្យ​ដឹងថា នៅពេល​កំពុង​បូម​ប្រេង​ផ្ទេរ​ចេញ​ពី​រថយន្ត​ចូល​ទៅក្នុង​ស៊ីទែន​ស្តុក​សាំង​របស់​ដេប៉ូ​គាត់​នោះ អ្នកបើកបរ​រថយន្ត​ដឹក​ប្រេង​នៃ​ក្រុមហ៊ុន LHR បាន​ជក់បារី​»​។

លោក​បន្តថា​៖ «​ទោះ​យ៉ាងណា​ក៏ដោយ សមត្ថកិច្ច​យើង​នៅ​មិនទាន់​ទទួលបាន​ការបំភ្លឺ​ពី​អ្នកបើកបរ​រថយន្ត​នោះ​នៅឡើយ​ទេ​ជុំវិញ​ករណី​នេះ ព្រោះ​ក្រោយ​កើតហេតុ ផ្ទុះ​ឆេះ​រថយន្ត​ដឹក​ប្រេង​នោះ​អ្នកបើកបរ​រថយន្ត​បាន​រត់គេចខ្លួន​»​។

បើតាម​លោក​ សុទ្ធី នៅក្នុង​ប្រតិបត្តិការ​ពន្លត់​អគ្គិភ័យ​នោះ សមត្ថកិច្ច​បាន​ប្រើ​រថយន្ត​ពន្លត់​អគ្គិភ័យ​ ៤ ​គ្រឿង​ និង​ទឹក​អស់​ ៤០ ម៉ែត្រគុប​។ លោក​ថា ក្នុងករណី​គ្រោះ​អគ្គិភ័យ​នេះ​ពុំ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ពលរដ្ឋ​ណា​ម្នាក់​ឡើយ​។ នៅពេល​នេះ​សមត្ថកិច្ច​ជំនាញ​កំពុង​បន្ត​ស្រាវជ្រាវ​លើ​ករណីនេះ​បន្ថែម​ទៀត​៕