ភ្នំពេញ៖ បុរស​​ជាម្ចាស់​រថយន្ត​ហាយឡេនឌ័រ និង​អ្នក​បើកបរ​​ម្នាក់​ដែល​បើក​រថយន្ត​​​បុក​ក្មេង​ស្រី​ជា​សិស្ស​សាលា ​២ នាក់​ស្លាប់​ ហើយ​បើក​រថយន្ត​រត់​គេច​កាល​ពី​យប់​ថ្ងៃ​ទី ​១១​​ ខែ​ធ្នូ​ ត្រូវ​​បាន​បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានី​​ភ្នំពេញ​ កាល​ពី​ម្សិលមិញ​បន្ទាប់​ពី​សមត្ថកិច្ច​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃទី ​៣១ ​​ខែ​ធ្នូ ​នៅ​ម្តុំ​រង្វង់​មូល​ចោមចៅ។​

លោក ​ប៊ុន​ សត្យា​ នាយ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​​នៃ​ស្នងការដ្ឋាន​នគរបាល​​រាជធានី​ភ្នំពេញ​​ឲ្យ​ដឹង​ថា​ ​ជន​សង្ស័យ ​២ នាក់​នោះ​មាន​ឈ្មោះ​​ ​ឌុល​ សារិទ្ធ​ ហៅ ​សូត​ ភេទ​ប្រុស​ អាយុ ​៣៧ ​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​យោធា​កងពល​តូច​លេខ ​៧០​ មាន​លំនៅ​តាម​​ផ្លូវ​វេងស្រេង​ ភូមិ​ព្រៃ​ជីសាក់​ សង្កាត់​ចោមចៅ ​៣​ ខណ្ឌ​ពោធិ៍សែនជ័យ​ ជា​អ្នក​បើកបរ​រថយន្ត​ និង​​ឈ្មោះ​ ហេង​ សុខនូវ​ ភេទ​ប្រុស​ អាយុ ​៥៧ ​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​លំនៅ​​ក្នុង​​បុរី​ពិភព​ថ្មី​ សង្កាត់​គោក​រកា​ ខណ្ឌ​ព្រែក​ព្នៅ​ គឺ​ជា​ម្ចាស់​រថយន្ត​។​

លោក​​ឲ្យ​ដឹង​​ថា​ ជន​សង្ស័យ​ទាំង ​២ នាក់​​​ ត្រូវ​សមត្ថកិច្ច​ជំនាញ​​​ស្ទាក់​ចាប់​បាន ​ខណៈ​ពេល​ពួក​គេ​កំពុង​បើកបរ​រថយន្ត​បង្ក​ នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ ​៣ ​ម្តុំ​រង្វង់​មូលចោម​ចៅ​ ស្ថិត​​ក្នុង​សង្កាត់​ចោមចៅ ​៣ ក្នុង​ខណ្ឌ ​ពោធិ៍សែនជ័យ​។ ចំណែក​​អ្នក​បើកបរ​​រថយន្ត​ AUDI​ ដែល​សមត្ថកិច្ច​ឃាត់​ខ្លួន​បណ្តោះ​អាសន្ន​ដោយ​ច្រឡំ​នោះ ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​គាត់​ត្រឡប់​ទៅ​​ផ្ទះ​វិញ​ហើយ​​។ លោក​ថ្លែង​ថា​៖ ​​«ពួក​គាត់​ត្រូវ​បាន​សមត្ថកិច្ច​របស់​ខ្ញុំ​កសាង​សំណុំ​រឿង​បញ្ជូន​ ទៅ​តុលាការ​ហើយ​ នៅ​ថ្ងៃ​នេះ ​(ថ្ងៃទី ​១​ មករា)​»។

បើ​តាម​មន្រ្តី​នគរបាល​ខណ្ឌ​​ជ្រោយ​ចង្វារ​មួយ​រូប​ ស្នើ​សុំ​មិន​បញ្ចេញ​​ឈ្មោះ​ប្រាប់​ថា​ កាល​ពី​យប់​ថ្ងៃទី​ ១១​ ខែ​ធ្នូ ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ ​គឺ​​រថយន្ត​ ​១ ​គ្រឿង​ បាន​បើក​បុក​យុវតី​ជា​សិស្ស​​សាលា​ឈ្មោះ ​ភ័ណ្ឌ ​ភីរ៉ាដា ​អាយុ ​១២ ​ឆ្នាំ ​រៀន​ថ្នាក់​ទី ​៧​ និង​ម្នាក់​ទៀត​ឈ្មោះ ​ខេន​ កូវ៉ា​ អាយុ​ ១៣ ​ឆ្នាំ ​រៀន​ថ្នាក់​ទី ​៨​ ​នៅ​​​សង្កាត់​កោះដាច់ ​ខណ្ឌ​​ជ្រោយចង្វារ​ ហើយ​បាន​បើក​រថយន្ត​រត់​គេច​ឡើង​សាឡាង​ឆ្លង​មក​រាជធានី​ភ្នំពេញ។

ក្រោយ​កើត​ហេតុ​សមត្ថកិច្ច​បាន​ស្រាវជ្រាវ​​តាម​កាមេរ៉ា​សុវត្ថិភាព​បាន​ឃើញ​​រថយន្ត ​AUDI ពណ៌​ស​ ១ ​គ្រឿង ​ជាមួយ​នោះ​សាក្សី​នៅ​កន្លែង​កើត​ហេតុ ​ក៏​បាន​បញ្ជាក់​ដែរ​ថា​ ពេល​កើត​ហេតុ​នោះ​ គេ​បាន​ឃើញ​រថយន្ត​​​ហាយ​ឡេនឌ័រ ​១ ​គ្រឿង​ដែរ ​បាន​បើកបរ​ឆ្លង​សាឡាង​បន្ទាប់​ពី​កើត​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​​បុក​ក្មេង​ស្លាប់​នោះ​​​។

បន្ទាប់​មក​នៅ​រសៀល​ថ្ងៃ​ទី​ ២៧ ខែ​​ ​ធ្នូ ឆ្នាំ ២០១៩ ​សមត្ថកិច្ច​​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​បើក​ការ​ស្រាវជ្រាវ ​ហើយ​ក៏​ស្ទាក់​ចាប់​បាន​បុរស​ម្នាក់​ជា​អ្នក​បើក​បររថយន្ត​ AUDI​ ពណ៌​ស ​១ ​គ្រឿង ​ស្ថិត​នៅ​ក្បែរ​ស្ពាន​លី​យ៉ុងផាត់ ​ក្នុង​ខណ្ឌ​ជ្រោយចង្វារ​។​ ប៉ុន្តែ​នៅ​​ថ្ងៃ​ទី ៣១​ ខែ​ធ្នូ​ សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ឈាន​ទៅ​ចាប់​អ្នក​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ពិត​ប្រាកដ​​បាន ​២ នាក់​ ជាមួយ​រថយន្ត​ហាយឡេនឌ័រ ​១ ​គ្រឿង​ ដែល​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍​នោះ​​។

តាម​គេហទំព័រ​របស់​អគ្គ​ស្នងការ​នគរបាលជាតិ​​បាន​ចុះ​ផ្សាយ​កាល​ពី​ម្សិលមិញ​​ថា​ កាល​ពី​ថ្ងៃទី ​៣១ ​ធ្នូ​ កន្លង​មក ​លោក​ នេត​ សាវឿន ​អគ្គ​ស្នងការ​នគរបាល​ជាតិ ​​បាន​ផ្តល់​ថវិកា​ចំនួន ​១០ ​លាន​រៀល ​ដល់​​លោក​​អនុសេនីយ៍​ឯក ​ព្រេម ​សោភណ្ឌ​ ជា​មន្ដ្រី​នៅ​ការិយាល័យ​​នគរបាល​​ចរាចរណ៍​រាជធានី​ភ្នំពេញ​ដែល​​ជា​ឪពុក​របស់​ក្មេង​ស្រី​រងគ្រោះ​ឈ្មោះ ​ភណ្ឌ ​ភីរ៉ាដា៕