ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​ឲ្យ​ដឹង​នៅក្នុង​អំឡុង​កិច្ចប្រជុំ​មួយ​ជាមួយ​និយោជក​នៃ​ក្រុមហ៊ុន​រថយន្ត​ដឹកទំនិញ​ធ្ងន់ៗ និង​ដឹក​អ្នកដំណើរ​ថា អ្នក​បើក​រថយន្ត​ដឹកទំនិញ​ធ្ងន់ៗ​ត្រូវ​បាន​រកឃើញ​មាន​ប្រើ​គ្រឿងញៀន​កើនឡើង ៥០ ​ភាគរយ​ក្នុង​រយៈពេល ៦ ខែ​ឆ្នាំ​ ២០១៨ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​ ២០១៧​។

លោក ហ៊ឹម យ៉ាន អនុប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​ជួបប្រជុំ​ជាមួយ​តំណាង​ក្រុមហ៊ុន​រថយន្ត​ដឹក​ទំនិញ និង​ដឹក​អ្នកដំណើរ​កាលពី​ថ្ងៃ​ទី​ ២១ ខែ​សីហា​នៅ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ថា​៖ «​យើង​បាន​ពិនិត្យ​អ្នក​បើកបរ​រថយន្ត និង​ជំនួយការ អ្នក​បើក​រថយន្ត​ជិត ៧០០ នាក់ អ្នក​បើក​រថយន្ត​ ៩៤ ​នាក់​មាន​ប្រើប្រាស់​គ្រឿងញៀន​គឺ​ ១៤ ភាគរយ ហើយ​ពួកគេ​បើក​រថយន្ត​ដឹកទំនិញ​ធ្ងន់ៗ​»​។

លោក យ៉ាន បាន​ថ្លែង​ថា​ក្នុង​ឆ្នាំ ២០១៨ នេះ​មាន​អ្នក​ប្រើប្រាស់​គ្រឿងញៀន​កើនឡើង​ ៥០ ​ភាគរយ​បើ​ធៀប​ទៅ​នឹង​ឆ្នាំ​ ២០១៧​។

លោក​បន្ត​ថា​៖ «​ខ្ញុំ​មិន​ចាំ​ថា តើ​មាន​អ្នកបើក​រថយន្ត និង​ជំនួយការ​អ្នកបើក​រថយន្ត​សរុប​ចំនួន​ប៉ុន្មាន​ទេ ប៉ុន្តែ​ការ​ប្រៀបធៀប ៦ ខែ​ក្នុង​ឆ្នាំ​ ២០១៧ មាន​ជំនួយការ​អ្នក​បើកបរ​រថយន្ត​ប្រមាណ​ ៤៧ ​នាក់​បាន​ប្រើប្រាស់​គ្រឿងញៀន​»​។

លោក​បន្ត​ថា​៖ «​យើង​បាន​សូម​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​ពិនិត្យ​អ្នក​បើកបរ​រថយន្ត​របស់​ពួកគេ និង​តាមដាន​ការបើកបរ​ប្រចាំ​ថ្ងៃ​របស់​ពួកគេ​។ ពួកគេ​ត្រូវ​ផ្តល់​ប្រវត្តិរូប​របស់​អ្នកបើកបរ​ទៅ​នគរបាលជាតិ​»​។

លោក យ៉ាន បាន​លើក​ឡើង​ថា ការពិនិត្យ​រក​ជាតិ​គ្រឿងញៀន​ទៅ​លើ​អ្នកបើក​រថយន្ត និង​ការអំពាវនាវ​ឲ្យ​និយោជក​របស់​អ្នកបើក​រថយន្ត​ដឹកទំនិញ​គឺជា​ផ្នែក​នៃ​ការបង្ការ​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​អ្នកបើក​រថយន្ត​ដែល​រកឃើញ​ថា ប្រើប្រាស់​គ្រឿងញៀន និង​មាន​សារជាតិ​គ្រឿងញៀន​ត្រូវ​បាន​ចាប់ខ្លួន និង​ចោទ​ប្រកាន់​ទៅ​តាម​ច្បាប់​។

លោក​បាន​ថ្លែង​បន្ត​ថា​៖ «​វា​គ្រាន់តែ​ជា​ការ​បង្ការ​របស់​យើង​។ ការបើកបរ​ហួស​ល្បឿន​នៅ​តែ​ជា​បុព្វហេតុ​ចម្បង​ដែល​ធ្វើឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍ ៣៦ ភាគរយ និង​ហេតុផល​មួយ​ទៀត​គឺ​ការបើក​វ៉ា និង​ការបើកបរ​ស្រវឹង​តែ ៦ ​ភាគរយ​»​។

លោក​បាន​បញ្ជាក់​ថា​៖ «​យើង​សូម​ឲ្យ​ក្រុមហ៊ុន និង​អ្នកដំណើរ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​។ នៅពេល​ពួកគេ​ជ្រើសរើស​អ្នក​បើកបរ​រថយន្ត​ត្រូវ​ពិនិត្យ​រក​សារជាតិ​គ្រឿងញៀន និង​ប្រវត្តិ​ណា​មួយ និង​ការបើកបរ​ប្រចាំ​ថ្ងៃ​របស់​អ្នក​បើកបរ​ទាំង​នោះ​»​។

លោក អៀរ ចរិយា នាយក​ស្ថាបនិក​នៃ​វិទ្យាស្ថាន​ដើម្បី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​ថ្លែង​ថា វា​ជា​ហានិភ័យ​ដែល​ធ្វើឲ្យ​មាន​ទាំង​គ្រោះថ្នាក់​ចរាចរណ៍ និង​ទាំង​បញ្ហា​សុខភាព​របស់​អ្នក​បើកបរ​។

លោក​បាន​បន្ថែម​ថា​៖ «​ដោយសារ​ពួកគេ​មិន​អាច​គ្រប់គ្រង​ការបើកបរ​របស់​ពួកគេ​បាន ពួកគេ​ក្លាហាន​ពេក និង​អ្នក​ដែល​កំពុង​ទទួលទាន​ស្រា​»​។

លោក​បាន​ថ្លែង​ថា​៖ «​ខ្ញុំ​បាន​ឃើញ​អាជ្ញាធរ​ជួប​និយោជក ពួកគេ​គួរ​ធ្វើ​វា​ជា​ទៀងទាត់ និង​បង្កើន​ការពិនិត្យ​ទៅ​លើ​ផ្លូវជាតិ​សំខាន់ៗ​។ អ្នកបើកបរ​ដឹង​អំពី​គ្រោះថ្នាក់ ប៉ុន្តែ​ពួកគេ​នៅ​តែ​បំពាន ដោយសារ​ការអនុវត្ត​ច្បាប់​មិន​រឹងមាំ​»​។

លោក តាន់ គីមហួត ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​នៅ​ក្រុមហ៊ុន​ដឹកជញ្ជូន​សូរិយា​ភ្នំពេញ​ដែល​មាន​អ្នកបើក​រថយន្ត និង​ជំនួយការ​អ្នក​បើករថយន្ត​ប្រមាណ ១០០ នាក់​បាន​ថ្លែង​ថា ក្រុមហ៊ុន​របស់​លោក​ពី​មុន​ជ្រើសរើស​បុគ្គលិក​គឺ​តម្រូវ​ឲ្យ​ធ្វើ​តេស្ត​រក​សារជាតិ​គ្រឿងញៀន​ជា​មុន​។

លោក​បាន​បន្ត​ថា​៖ «​យើង​ពិនិត្យ​ទឹកនោម​ពួកគេ ដើម្បី​ស្វែងរក​សារជាតិ​គ្រឿងញៀន ប្រសិន​បើ​យើង​រកឃើញ យើង​មិន​ជួល​ពួកគេ​ធ្វើការ​ទេ ហើយ​សូម្បីតែ​បន្ទាប់ពី​បាន​ជួល​ពួកគេ​ធ្វើការ​ហើយ​ក៏ដោយ យើង​នៅ​តែ​ធ្វើ​តេស្ត​រក​សារជាតិ​គ្រឿងញៀន​រៀងរាល់​ ៣ ​ខែ និង​រៀងរាល់​ ៦ ​ខែ​ដោយសារ​យើង​ពិត​ជា​បារម្ភ​អំពី​សុវត្តិភាព​អតិថិជន​របស់​យើង​»៕ PS