
អ្នកចូលរួមបោះឆ្នោត នៅវិទ្យាល័យប៊ុន រ៉ានី ហ៊ុន សែន វត្តភ្នំ រាជធានីភ្នំពេញ កាលពីព្រឹកមិញ។ ស្រេង ម៉េងស្រ៊ុន
ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានសរុបព្រឹត្តិការណ៍ទូទៅនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈនេះ ដោយបង្ហាញថា អ្នកបោះឆ្នោត ២៥ នាក់ បានអវត្តមានដោយសារមានជំងឺ និងអវត្តមានគ្មានមូលហេតុ។
មានន័យថា អ្នកបោះឆ្នោត និងអង្គបោះឆ្នោត ចំនួន ១១ ៦៧០នាក់ ក្នុងចំណោមអ្នកបោះឆ្នោតសរុប ១១ ៦៩៥ បានចេញទៅបោះឆ្នោត នៅគ្រប់ការិយាល័យចំនួន ៣៣ នៃមណ្ឌលបោះឆ្នោតទាំង ៨ ភូមិភាគនៅទូទាំងប្រទេស។
ចំនួន នៃអ្នកមកបោះឆ្នោត មានជាង ៩៩ ភាគរយ។
គ.ជ.ប វាយតម្លៃថា ការបោះឆ្នោតនេះ បានប្រព្រឹត្តទៅដោយ «មានរបៀបរៀបរយ និងសណ្តាប់ធ្នាប់ល្អ» ក្រោមការសង្កេតពីភ្នាក់ងារគណបក្សនយោបាយចំនួន ៧៥ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិប្រមាណ ៣០០ នាក់ និងអ្នកសារព័ត៌មានប្រមាណ ៣០០ នាក់ផងដែរ។
គួរបញ្ជាក់ថា ការបោះឆ្នោតនៅថ្ងៃនេះ មានគណបក្សនយោបាយចំនួន ៤ ចូលរួម ក្នុងនោះមានគណបក្សប្រជាជនកម្ពុជា គណបក្សយុវជនកម្ពុជា គណបក្សខ្មែររួបរួមជាតិ និងគណបក្សហ្វ៊ុនស៊ិនប៉ិច។
ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា មានអង្គបោះឆ្នោតតែតំណាងរាស្ត្រក្នុងតំណែង ១២៣រូប និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងតំណែង ១១ ៥៧២ គឺការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាមិនមានការចូលរួមពីប្រជាពលរដ្ឋទូទៅនោះឡើយ។
អាសនៈ ព្រឹទ្ធសភាទាំងអស់សម្រាប់អាណត្តិថ្មីនេះ មានចំនួន ៦២ អាសនៈ ដែល ២ អាសនៈ ត្រូវជ្រើសតាំងដោយព្រះមហាក្សត្រ និង ២ អាសនៈទៀត ត្រូវបោះឆ្នោតជ្រើសរើសដោយរដ្ឋសភា៕