សៀមរាបៈ គិត​ត្រឹម​ថ្ងៃ​ម្សិលមិញ​ក្រសួង​សុខាភិបាល​បាន​រកឃើញ​មនុស្ស​ចំនួន​ ៩០ ​នាក់ ​ដែល​ប៉ះពាល់​ផ្ទាល់​ និង​ប្រយោល​ជាមួយ​បុរស​ជនជាតិ​ហុងគ្រី​ម្នាក់​ដែល​មាន​ផ្ទុក​ជំងឺ​កូវីដ​ ១៩ និង​បាន​តម្រូវ​ឱ្យ​ធ្វើ​ចត្តាឡីស័ក​នៅតាម​ផ្ទះ និង​មន្ទីរពេទ្យ និង​ខ្លះទៀត​ត្រូវ​បាន​យក​សំណាក​ទៅធ្វើ​តេស្ដ​ជា​បន្តបន្ទាប់ ខណៈ​ក្រសួង​កំពុង​ស្វែងរក​អ្នក​ប៉ះពាល់​បន្ថែមទៀត​។

ក្នុង​ចំណោម​ទាំង​ ៩០ ​នាក់​នោះ ម្នាក់​ជា​ប្រពន្ធ​រស់នៅ​ក្នុង​ផ្ទះ​ជាមួយ​អ្នកជំងឺ នៅ​ក្រុង​សៀមរាប និង​ម្នាក់ទៀត​ជា​អ្នករត់​កង់បី​ធ្លាប់​បាន​ដឹក​អ្នកជំងឺ​ទៅ​ទិញ​​ផ្ទាំងគំនូរ​ត្រូវបាន​នាំមក​ធ្វើ​ចត្តាឡីស័ក​នៅ​មន្ទីរពេទ្យ​ខេត្ត​សៀមរាប បន្ទាប់ពី​លទ្ធផល​ធ្វើតេស្ដ​លើក​ដំបូង​របស់​អ្នក​ទាំង​ ២ ​អវិជ្ជមាន​។

មនុស្ស​ ៣ ​នាក់​ទៀត​ជា​ប្រពន្ធ​ និង​កូន​របស់​បុរស​អ្នករត់​កង់បី​ត្រូវឱ្យ​ធ្វើ​ចត្តាឡីស័ក​នៅក្នុង​ផ្ទះ ហើយ​ម្នាក់​ទៀត​ គឺជា​អ្នករត់​តាក់ស៊ី​ធ្លាប់​បាន​ដឹក​អ្នកជំងឺ​ពី​ភ្នំពេញ​មក​ខេត្ត​សៀមរាប​បាន​រង់ចាំ​លទ្ធផល​ធ្វើតេស្ដ​នៅ​ថ្ងៃទី​ ២៧ កញ្ញា និង​តម្រូវ​ឱ្យ​ធ្វើ​ចត្តាឡីស័ក​នៅផ្ទះ​ខណៈ​អ្នក​នៅ​សល់​ ៨៤ ​នាក់​ទៀត​ ដែល​ធ្វើដំណើរ​តាម​យន្តហោះ​ជាមួយ​ជនជាតិ​ហុងគ្រី​នេះ​ កំពុង​ត្រូវបាន​មន្ត្រី​សុខាភិបាល​ទាក់ទង​មក​ធ្វើតេស្ដ​លើក​ទី​ ២ ​ជា​បន្តបន្ទាប់​។

សេចក្ដី​ជូន​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​កាលពី​ថ្ងៃ​ម្សិលមិញ​បញ្ជាក់ថា ក្រៅពី​នេះ​គ្រឹះស្ថាន​អង្គរ ក្រុង​សៀមរាប​ដែល​អ្នកជំងឺ​បាន​ធ្វើ​ដំណើរ​ទៅ​ទិញ​ផ្ទាំងគំនូរ​ត្រូវ​បាន​ដាក់ឱ្យ​ស្ថិតក្រោម​ការតាមដាន​ពី​មន្ត្រី​សុខាភិបាល ដោយសារ​អ្នកជំងឺ​បាន​ទៅ​ទីនោះ​ក្នុង​រយៈពេល​ខ្លី​ដោយបាន​ពាក់​ម៉ាស់ និង​មិនបាន​ប៉ះពាល់​ជាមួយ​មនុស្ស​ច្រើន​នោះទេ​។

បុរស​ជនជាតិ​ហុងគ្រី​អាយុ​ ៧០ ​ឆ្នាំ​ មាន​អាសយដ្ឋាន​ស្នាក់នៅ​ភូមិ​គ្រួស សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​ត្រូវ​បាន​ធ្វើតេស្ដ​វិជ្ជមាន​កូវីដ​១៩​កាលពី​ថ្ងៃទី​ ២៦ ​កញ្ញា​ ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​រាជធានី​ភ្នំពេញ ក្រោយពី​បុរស​រូបនេះ​ត្រូវធ្វើ​តេស្ដ​លើក​ទី​ ២ ​នៅ​មន្ទីរពិសោធន៍​នៅ​សៀមរាប ហើយ​ត្រូវបាន​គេ​សង្ស័យថា ឆ្លង​ជំងឺ​នេះ​បន្ទាប់ពី​បានធ្វើ​ចត្តាឡីស័ក​ ១៣ ​ថ្ងៃ​នៅផ្ទះ​។ គាត់​បាន​ធ្វើ​ដំណើរ​ចេញពី​ប្រទេស​បារាំង និង​បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង មក​ដល់​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃទី​ ១៣ ​កញ្ញា ហើយ​នៅ​ថ្ងៃទី​ ១៦ ​កញ្ញា គាត់​បាន​ចាកចេញ​ពី​ភ្នំពេញ​ដោយ​ជួល​តាក់ស៊ី​ជិះ​តែ​ម្នាក់ឯង​ទៅកាន់​ទីក្រុង​សៀមរាប​។

កាលពី​ព្រឹក​ថ្ងៃទី ២៦ ​កញ្ញា ​ក្រសួង​សុខាភិបាល​បាន​រាយការណ៍​ថា បុរស​រូបនេះ​រត់គេច​ចេញពី​កន្លែង​ធ្វើ​ចត្តាឡីស័ក​នៅផ្ទះ ស្រប​ពេល​កំពុង​រង់ចាំ​លទ្ធផល​ធ្វើ​តេស្ដ​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​នៅ​ភ្នំពេញ ប៉ុន្តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​គឺ​នៅពេល​រសៀល ក្រសួង​បាន​រាយការណ៍​ជាថ្មី​ថា បុរស​នេះ​គឺ​បាន​សម្ងំ​នៅក្នុង​ផ្ទះ និង​បាន​ចេញ​ក្រៅ​ផ្ទះ​តែម្ដង​គត់​ដើម្បី​ទៅ​ទិញ​ផ្ទាំងគំនូរ​នៅ​ថ្ងៃទី​ ១៧ ​កញ្ញា​។

លោក ក្រុស សារ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​សៀមរាប​បាន​បដិសេធ​បញ្ជាក់​ការរាយការណ៍​ដោយ​ក្រសួង​ថា អ្នកជំងឺ​ធ្លាប់​រត់គេច​ចេញ​ពី​ផ្ទះ និង​បាន​ជំរុញ​ឱ្យ​ទៅ​សួរ​លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​វិញ​។ ប៉ុន្តែ​លោកស្រី វណ្ណឌីន មិនអាច​ទាក់ទង​សុំ​ការបញ្ជាក់​បានឡើយ​។

កម្ពុជា​បាន​រាយការណ៍​ឆ្លង​ជំងឺ​កូវីដ ​១៩​ ទាំងអស់​ចំនួន​ ២៧៦ ​នាក់​ក្នុង​នោះ​ជាសះស្បើយ​ចំនួន​ ២៧៤ ​នាក់ និង​នៅសល់​ ២ ​នាក់​ គឺ​ម្នាក់​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត និង​ម្នាក់ទៀត​នៅ​មន្ទីរពេទ្យ​សៀមរាប​៕

វីដេអូ៖