ភ្នំពេញៈ សេចក្តី​ព្រាង​ច្បាប់​ស្តីពី​វិសោធនកម្ម​ក្រម​ព្រហ្ម​ទណ្ឌ ត្រូវ​បាន​គណៈ​រដ្ឋមន្ត្រី អនុម័ត​រួច​រាល់​កាល​ពី​ថ្ងៃ​សុក្រ ដោយ​រៀប​ចំ​មាត្រា​ថ្មី​មួយ​បន្ថែម​ទៀត គឺ​មាត្រា ៤៣៧​ ស្ទួន ដោយ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី ១ ទៅ ៥​ឆ្នាំ ដល់​បុគ្គល​ណា​ប្រមាថ​ព្រះ​មហាក្សត្រ។

សេចក្តីព្រាង​ច្បាប់​នេះ នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​រដ្ឋសភា ដើម្បី​សុំ​ការ​អនុម័ត​ឆាប់ៗ​នេះ​ផង​ដែរ មុន​នឹង​បញ្ជូន​ដល់​ព្រឹទ្ធសភា និង​ក្រោយ​មក​ នឹង​ត្រូវ​ឡាយ​ព្រហស្ថ​លេខា​ដោយ​ព្រះ​មហាក្សត្រ ដើម្បី​ប្រកាស​ឲ្យ​ប្រើ។

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី ឲ្យ​ដឹង​ថា យោង​តាម​រដ្ឋ​ធម្មនុញ្ញ ប្រទេស​កម្ពុជា ដែល​មាន​ព្រះ​មហាក្សត្រ ជា​ព្រះ​ប្រមុខ​រដ្ឋ​មួយ​ជីវិត ដោយ​ប្រតិបត្តិ​តាម​រដ្ឋ​ធម្មនុញ្ញ និង​តាម​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស។

លោក​បន្ថែម​ថា ច្បាប់​តាម​បណ្តា​ប្រទេស​រាជានិយម​មួយ​ចំនួន «អំពើ​ប៉ះ​ពាល់​ទោះ​បី​តាម​រូប​ភាព​ណា​ក៏​ដោយ ដល់​អង្គ​ព្រះ​មហាក្សត្រ ត្រូវ​បាន​ចាត់​ទុក​ជា​បទ​ឧក្រិដ្ឋ ឬ​មជ្ឈិម ដែល​ត្រូវ​ផ្តន្ទា​ទោស​យ៉ាង​ធ្ងន់ធ្ងរ»។

ហេតុ​នេះ​ហើយ ដើម្បី​ការពារ​និង​លើក​ស្ទួយ​កិត្តិនាម​ព្រះ​មហា​ក្សត្រ ទើប​រដ្ឋាភិបាល រៀប​ចំ​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​វិសោធនកម្ម​ក្រម​ព្រហ្ម​ទណ្ឌ ដោយ​មាន​សំណើ​ពី​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ផងដែរ។

យោង​តាម​ប្រកាស​ព័ត៌មាន​របស់​គណៈ​រដ្ឋ​មន្ត្រី ឲ្យ​ដឹង​ថា ៖ «មាត្រា ៤៣៧ ស្ទួន បញ្ចូល​ទៅ​ក្នុង​ជំពូក​ទី​១ នៃ​មាតិកា​ទី​១ នៃ​គន្ថី​ទី៤ នៃ​ក្រម​ព្រហ្ម​ទណ្ឌ ដែល​មាន​ខ្លឹម​សារ​ជា​រួម​ថា ការ​ប្រមាថ​ចំពោះ​អង្គ​ព្រះ​មហា​ក្សត្រ ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ ពី ១ ឆ្នាំ​ទៅ ៥ ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ពី ២ លាន​រៀល ទៅ ១០ លាន​រៀល»។

«ចំពោះ​នីតិ​បុគ្គល ក៏​អាច​ត្រូវ​បាន​ផ្តន្ទា​ទោស​ពិន័យ​ជា​ប្រាក់​ពី ១០ លាន​រៀល​ទៅ​ ៥០ លាន​រៀល ព្រម​ទាំង​ទោស​បន្ថែម​មួយ ឬ​ច្រើន​ក្នុង​ករណី​ដែល​តុលាការ​រក​ឃើញ​ថា មាន​ពិរុទ្ធភាព​ពាក់​ព័ន្ធ​នឹង​ការ​ប្រមាថ​ចំពោះ​អង្គ​ព្រះ​មហាក្សត្រ»។

ជាមួយគ្នានេះដែរ ក្នុង​កិច្ច​ប្រជុំ​គណៈរដ្ឋ​មន្ត្រី​ដែល​មាន​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ជា​អ្នក​ដឹក​នាំ​កាល​ពី​ថ្ងៃ​សុក្រ ទី ២ ខែ កុម្ភៈ ឆ្នាំ ២០១៨ នេះ ក៏​បាន​សម្រេច​ធ្វើ​ការ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​បី​ផ្សេង​ទៀត​ផង​ដែរ រួម​មាន សេចក្តី​ព្រាង​ច្បាប់​ធម្មនុញ្ញ​ស្តីពី​វិសោធនកម្ម​មាត្រា ៣៤ ថ្មី មាត្រា ៤២ មាត្រា ៤៩ មាត្រា ៥៣ និង​មាត្រា ១១៨ ថ្មី នៃ​រដ្ឋ​ធម្មនុញ្ញ សេចក្តី​ព្រាង​ច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា ២៦ មាត្រា ២៧ ថ្មី មាត្រា ២៨ មាត្រា ៣១ និង​មាត្រា ៣២ នៃ​ច្បាប់​ស្តីពី​ការ​រៀប​ចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ និង​សេចក្តី​ព្រាង​ច្បាប់​ស្តីពី អាជ្ញាប័ណ្ណ បញ្ជា​សម្រាប់​សុខភាព​សាធារណៈ៕