
ទិដ្ឋភាពតំបន់ប្រាសាទអង្គរវត្ត ដែលព័ទ្ធទៅដោយទឹកនិងដើមឈើគួរឲ្យចង់គយគន់។ អាជ្ញាធរអប្សរា
សៀមរាបៈ អ្នកជំនាញប្រវត្ដិសាស្រ្ដមានការព្រួយបារម្ភ ចំពោះបញ្ហាទឹកនៅកសិណតំបន់ប្រាសាទអង្គរវត្ដមានការរីងហួតខ្លាំង រហូតដល់ ១ ម៉ឺនម៉ែត្រគុបក្នុង ១ ថ្ងៃ ប៉ុន្ដែអាជ្ញាធរជាតិអប្សរា ថា បានត្រៀមលក្ខណៈ និងរកដំណោះស្រាយរួចរាល់អស់ហើយ មិនមានបញ្ហាប្រឈមទេ។
ទាក់ទងនឹងការរីងហួតទឹកជាគំហុកនៅតំបន់ប្រាសាទអង្គរវត្ដនេះ លោក ដៀប សុផល សាស្រ្ដាចារ្យប្រវត្ដិសាស្រ្ដនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានសម្ដែងការព្រួយបាម្ភ ចំពោះការប៉ះពាល់ដល់សោភណភាពប្រាសាទអង្គរ បើសិនជាទឹកនៅតែបន្ដរីងហួតខ្លាំងថែមទៀត ព្រោះទឹកនៅកសិណក្នុងតំបន់អង្គរ គឺជាគ្រឹះរបស់ប្រាសាទ។
លោកបានថ្លែងថា ភាពអស្ចារ្យនៃប្រាសាទអង្គរវត្ដដែលមានទម្ងន់រាប់លានតោន ប៉ុន្ដែអាចឈរនៅបានយ៉ាងរឹងមាំល្អ ដែលពីសម័យអង្គរមិនមានបច្ចេកវិទ្យានោះទេ។
លោកបន្ដថា៖ «អ្វីដែលអ្នកវិទ្យាសាស្រ្ដបានរកឃើញ ដែលនាំឲ្យប្រាសាទអង្គរវត្ដយើងឈររឹងមាំល្អនេះ មាន ២ គឺដីខ្សាច់ជាគ្រឹះ និងទឹកព័ទ្ធជុំវិញ ដែលធ្វើឲ្យដីខ្សាច់នៃគ្រឹះប្រាសាទអង្គរវត្តនោះកាន់តែរឹងមាំ ដើម្បីទ្រប្រាសាទអង្គរវត្ដយើងនេះ»។
លោក សុផល បញ្ជាក់ថា៖ «បើតាមអ្នកវិទ្យាសាស្រ្ដបកស្រាយ បើសិនជាទឹកនៅកសិណប្រាសាទនេះស្ងួតប្រាកដជាមានបញ្ហាមិនខាន»។
លោកលើកឡើងថា ប្រាសាទអង្គរវត្ដបានសាងសង់ឡើងមិនមែនដូចសំណង់នាពេលបច្ចុប្បន្នទេ ដូច្នេះបើសិនជាមានការ ស្រុតបន្តិចបន្តួចនោះនឹងមានបញ្ហាធំកើតឡើងមិនខាន។
លោករំពឹងថា អាជ្ញាធរជាតិអប្សរា នឹងដោះស្រាយបញ្ហានេះ ឲ្យបានល្អ ព្រោះប្រទេស កម្ពុជា មិនមែនជាប្រទេសដែលស្ថិតក្នុងសម័យកាលដុនដាបទៀតនោះទេ។ ដូច្នេះត្រូវមានវិធីណាមួយដើម្បីថែរក្សាទឹកដែលនៅព័ទ្ធជុំវិញតំបន់ប្រាសាទអង្គរវត្ដនោះ។
ប៉ុន្តែលោក ភឿន សុឃីម អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា កាលពីថ្ងៃសុក្រសប្ដាហ៍មុន បានបង្ហាញតាមរយៈគេហទំព័រហ្វេសប៊ុកផ្លូវការរបស់អាជ្ញាធរជាតិអប្សរាថា ក្នុង ១ ថ្ងៃៗទឹកក្នុងកសិណអង្គរវត្តបាត់បង់អស់ប្រហែលជាង ១ ម៉ឺនម៉ែត្រគុប (ស្រកប្រហែល ១ហ៊ុន/២ ហ៊ុន) ព្រោះរំហួតទៅបរិយាកាស និងការជ្រាបទឹកទៅក្នុងដី។ លោកថា ស្ថានភាពទឹកក្រោមដី និងលើដីសុទ្ធតែមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ ពិសេសប្រាសាទអង្គរវត្ត។
ដូច្នេះ ការរក្សាទឹកឱ្យមានតុល្យភាពទាំងរដូវប្រាំង និងរដូវវស្សាក្នុងកសិណ គឺចាំបាច់បំផុតទាមទារឱ្យការគ្រប់គ្រងទឹកបានត្រឹមត្រូវ ដើម្បីទ្រទ្រង់ប្រាសាទ និងរក្សាសោភណភាពសម្រាប់រមណីយដ្ឋានទាំងមូល។
លោក សុឃីម បន្តថា៖ «រដូវប្រាំងឆ្នាំនេះ ប្រទេសកម្ពុជានឹងទទួលរងនូវឥទ្ធិពល El Nino ធ្វើឱ្យអាកាសធាតុក្តៅហួតហែងខ្លាំង ធ្វើឱ្យមានការបាត់បង់ទឹកយ៉ាងច្រើនដោយបញ្ហារំហួតទឹកទៅបរិយាកាស ដែលបញ្ហានេះ បានជះឥទ្ធិពលខ្លាំងដល់ការគ្រប់គ្រងទឹកក្នុងតំបន់រមណីយដ្ឋានអង្គរ»។
លោកបញ្ជាក់ថា៖ «ទោះបីការរំហួតទឹកមានកម្រិតធំ តែមិនធ្វើឱ្យប៉ះពាល់បរិមាណទឹកក្នុងកសិណប្រាសាទអង្គរវត្តនោះឡើយ ព្រោះកសិណអាចផ្ទុកទឹកបានសរុបជាង១លានម៉ែត្រគុប ព្រមទាំងមានការបញ្ចូលទឹកជាប្រចាំផងដែរ»។
លោកបានឲ្យដឹងថា អាជ្ញាធរជាតិអប្សរាបានស្តារឡើងវិញនូវប្រព័ន្ធផ្លូវទឹកបុរាណ ដើម្បីបង្ហូរទឹកពីកសិណទីក្រុងអង្គរធំទៅកសិណប្រាសាទអង្គរវត្តត្រង់ចំណុចទន្លេអុំខាងកើតតាមច្រកសំពៅលូន។
លោកបន្ថែមថា៖ «ដូច្នេះហើយទើបធ្វើឱ្យទឹកក្នុងកសិណប្រាសាទអង្គរវត្តធានាបានតុល្យភាព មិនរីងស្ងួត និងរក្សាបាននូវភាពស្រស់ស្អាតក្នុងកសិណជានិច្ច»។
លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា ពីម្សិលមិញ អះអាងស្រដៀងគ្នាដែរថា ទោះបីការរំហួតទឹកមានកម្រិតខ្លាំងប៉ុន្តែមិនធ្វើឱ្យមានបញ្ហាដល់កសិណប្រាសាទអង្គរវត្តនោះឡើយ ព្រោះកសិណអាចផ្ទុកទឹកបានសរុបរាប់សិបលានម៉ែត្រគុប។
លោកបន្ដថា៖ «អាជ្ញាធរជាតិអប្សរា ក៏បានសហការជាមួយរដ្ឋាករទឹកស្វយ័តសៀមរាបជាប្រចាំក្នុងការគ្រប់គ្រងទឹកក្រោមដី ធ្វើយ៉ាងណាកុំឱ្យការបូមទឹកក្រោមដីយកមកប្រើប្រាស់ ប៉ះពាល់ទៅដល់ស្រទាប់ទឹកក្រោមដី ដែលអាចនឹងមានហានិភ័យដល់ការអភិរក្សប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ»។
លោកបានបន្ថែមថា៖ «យើងមិនមានការព្រួយបារម្ភទៅលើរឿងនេះទេ ពីព្រោះយើងបានរកដំណោះស្រាយ ដើម្បីដោះស្រាយបញ្ហាប្រឈមរឿងនេះសព្វគ្រប់អស់ហើយ។ យើងមិនបានតោះតើយទេ យើងយកចិត្ដទុកដាក់ខ្លាំងណាស់ចំពោះបញ្ហានេះ»។
បើតាមលោក កុសល ទឹកនៅតំបន់បារាយណ៍ខាងលិច បើទឹកស្ថិតនៅក្នុងបរិមាណខ្ពស់បំផុតអាចផ្ទុកទឹកបាន ប្រមាណ ៥៦ លានម៉ែត្រគុប នៅបារាយណ៍ខាងជើងផ្ទុកទឹកបានប្រមាណ ៥ លានម៉ែត្រគុប។ ដោយឡែកនៅកសិណអង្គរធំ និងកសិណប្រាសាទអង្គរវត្ដមានចំនួនច្រើនលានម៉ែត្រគុបថែមទៀត។
លោកបញ្ជាក់ថា៖ «បើសរុបទៅទឹកនៅតំបន់អង្គរយើងនេះទាំងអស់មានប្រមាណជាង ៧០ លានម៉ែត្រគុបនេះស្ថិតក្នុងកម្រិតបរិមាណច្រើនបំផុត ប៉ុន្ដែក្នុងពេលនេះ យើងមិនមានទឹកក្នុងកម្រិតច្រើនបំផុតដូចដែលបាននិយាយនេះទេ។ គ្រាន់តែថា ទឹករបស់យើងនៅតែរក្សាបាននៅក្នុងតំបន់រមណីយដ្ឋានអង្គរនេះ»៕