ភ្នំពេញៈ លទ្ធ​ផល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ ​(បាក់ឌុប)​ នៅឆ្នាំ​នេះ ​បាន​បង្ហាញ​ថា អ្នក​ជាប់​មាន​ ៦៦,២១ ​ភាគ​រយ ​​ស្មើ​នឹង ​៧៥ ​០៥៩ ​នាក់​ ចាប់​ពី​និទ្ទេស ​A ​ដល់ ​E ជា​ចំនួន​ដែល​កើន​ឡើង​ជា​ង​ឆ្នាំ​មុន​ ចំនួន ២,៣៧ ភាគរយ ដែល​មាន​អ្នក​ជាប់​តែ​ ៦៣,៨៤​ ភាគ​រយ​ ប៉ុន្តែ​និទ្ទេស​ A,​ B និង C ធ្លាក់ចុះ​។​ នេះ​បើ​តាម​​សេច​ក្ដី​ប្រកាស​របស់​ក្រសួង​អប់រំ​ យុវ​ជន​ និង​កីឡា​នៅ​ថ្ងៃ​នេះ​។​

បើ​តាម​សេចក្ដីប្រកាស​​ អ្នក​ជាប់​និទ្ទេស ​A ​មាន​ ២៩០ ​នាក់​, និទ្ទេស​ B ​មាន​ ១ ៥៣២​, និទ្ទេស​ C​ មាន​ ៤ ៦៣១​ នាក់​, និទ្ទេស ​D​ មាន ​១៣​ ៩៩៩​ នាក់​ និង​និទ្ទេស ​E​ មាន​ ៥៤ ​៦០៧​ នាក់​។

យ៉ាង​ណា​ក្ដី សម្រាប់​អ្នក​ជាប់​និទ្ទេស ​A ​មាន​ត្រឹម ​២៩០​ នាក់​ប៉ុណ្ណោះនៅ​ក្នុង​ឆ្នាំ​នេះ​ គឺ​បាន​ធ្លាក់​ចុះ​ជាង​ឆ្នាំ​មុន​ដែល​មាន​រហូត​ដល់​ ៤២៤ ​នាក់​នៅ​ទូទាំង​ប្រ​ទេស​ ខណៈ​និទ្ទេស​ B​ និង ​C​ ក៏​ធ្លាក់​ចុះ​ដូច​គ្នា។

បើ​តាម​សេចក្ដី​ប្រ​កាស​ព័ត៌​មាន​ដដែល​ ការ​ធ្លាក់​ចុះនិ​ទ្ទេស ​A , B និង ​C នេះ​គឺ​​ដោយ​សារ​ក្រសួង​អប់រំបាន​បង្កើន​ស្ដង់​ដា​រប្រធាន​វិញ្ញា​សា​ប្រឡង​ឲ្យ​ខ្លាំង​​​ជាង​មុន​ក្នុង​គោល​ដៅ​ពង្រឹង​គុណ​ភាព​អប់​រំនិង​ជំរុញ​​បេក្ខ​ជន​ឲ្យ​ខិត​ខំរៀន​សូត្រ​។

សូម​បញ្ជាក់​ថា​បេក្ខ​ជន​ចូល​រួម​ប្រឡង​យក​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​នៅ​ឆ្នាំ ​២០១៨​ នេះ​មាន​សរុប ១១៥​ ២៦៨​ នាក់​ក្នុង​នោះ​មាន​ស្រី​ ៥៨ ១៥៨​ នាក់​។ ប៉ុន្តែ​ការ​ប្រ​កាស​លទ្ធ​ផល​ផ្លូវ​ការ​ទើប​តែ​ធ្វើ​នៅ​រាជ​ធានី​ភ្នំ​ពេញ​ និង​ ខេត្ត​កណ្ដាល​ប៉ុណ្ណោះ​នៅ​ថ្ងៃ​​ទី ​៩ ​កញ្ញា​នេះ​ ខណៈ​ខេត្ត​ផ្សេង​ទៀត​ត្រូវ​ប្រ​កាស​នៅ​ថ្ងៃ​ស្អែក​៕