
មនុស្សចោមរោមរថយន្ត ដែលត្រូវគេចោទថា បានបង្កគ្រោះថ្នាក់ចរាចរណ៍លើអ្នកជិះម៉ូតូម្នាក់កាលពីថ្ងៃទី ១១ ខែមីនាកន្លងទៅនេះ។ រូបថត ហ្វ្រេសញូវ
ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញបង្គាប់ឲ្យសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យ ៤ នាក់បន្ថែមទៀតពាក់ព័ន្ធនឹងការប្រើហិង្សាលើសាស្ត្រាចារ្យ ស៊ុយ សារ៉េត ដោយចោទគាត់ថាបានបើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍លើអ្នកជិះម៉ូតូម្នាក់កាលពីថ្ងៃទី ១១ ខែមីនាកន្លងទៅនេះ។
ប៉ុន្មានថ្ងៃក្រោយមានការវាយដំទៅលើលោក ស៊ុយ សារ៉េត មានជនសង្ស័យ ៣ នាក់ត្រូវបានឃាត់ខ្លួន និងបញ្ជូនទៅពន្ធនាគារដោយជាប់ចោទពីបទបង្កហិង្សាដោយមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនា។
យោងតាម «ដីកាបង្គាប់ឲ្យនាំខ្លួន» ចំនួន ៤ សន្លឹកចេញដោយចៅក្រមស៊ើបសួរ លោក ម៉ុង មុនីសោភា នៅថ្ងៃទី ២២ ខែមីនា និងទើបចុះផ្សាយក្នុងគេហទំព័រនគរបាលជាតិនៅថ្ងៃទី ១២ ខែមេសាម្សិលមិញបានបង្គាប់ឲ្យកម្លាំងសមត្ថកិច្ចនាំខ្លួនជនសង្ស័យ ៤ នាក់ទៀតរួមមាន ១- ឈ្មោះ សំ សុធារ៉ា អាយុ ២២ ឆ្នាំ ២- ឈ្មោះ ភាជ គឹមហាក់ អាយុ ២០ ឆ្នាំ ទាំង ២ នាក់ជាប្រជាការពារខណ្ឌដូនពេញ ៣- ឈ្មោះ សេដ្ឋ មេសា អាយុ ២៣ ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុន និង ៤- ឈ្មោះ ស៊ុំ ឆាយា អាយុ ១៨ ឆ្នាំមុខរបរមិនពិតប្រាកដមកកាន់តុលាការរាជធានីភ្នំពេញឲ្យបានមុនថ្ងៃទី ២៤ ខែមេសាខាងមុខនេះដើម្បីចាត់ការតាមច្បាប់។
តាមដីកាបានចោទប្រកាន់អ្នកទាំង ៤ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងបទធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោសតាមមាត្រាទី ២១៨ និង ៤១១ នៃក្រមព្រហ្មទណ្ឌ។
គួរបញ្ជាក់ថាកាលពីរសៀលថ្ងៃទី ១១ ខែមីនា ឆ្នាំនេះក្រុមមហាជនបានតាមដេញវាយលោក ស៊ុយ សារ៉េត ដែលគេដឹងថាជាសាស្ត្រាចារ្យផ្នែកអង់គ្លេសនៃសាកលវិទ្យាល័យកម្ពុជា ហើយបានវាយកម្ទេចរថយន្តរបស់លោកដោយចោទប្រកាន់ថាបានបើកបុករះសម្លាប់មនុស្សតាមផ្លូវក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវរួចបើករត់គេចរហូតដល់ម្តុំពេទ្យលោកសង្ឃក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ប៉ុន្តែនគរបាលបានបដិសេធថាមិនមានមនុស្សស្លាប់នោះឡើយ។
ក្រោយមកជនសង្ស័យ ៣ នាក់ មានឈ្មោះ យាត ទិត្យា អាយុ ២១ ឆ្នាំ ឈ្មោះ អាន វិនទី អាយុ ២១ ឆ្នាំ និងឈ្មោះ អាន ផល្លី អាយុ ៣១ ឆ្នាំត្រូវបានឃាត់ខ្លួនប៉ុន្មានថ្ងៃក្រោយមានការបង្កហិង្សា។
លោក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញឲ្យភ្នំពេញ ប៉ុស្តិ៍ដឹងថាតាមរបាយការណ៍សរុបមានជនសង្ស័យបង្កហិង្សាលើលោក ស៊ុយ សារ៉េត ១០ រូបដែលត្រូវសមត្ថកិច្ចស្រាវជ្រាវ។
លោកថ្លែងថា៖ «៣ នាក់បានចាប់ខ្លួនបញ្ជូនទៅពន្ធនាគាររួចហើយ ចំណែក ៤ នាក់កំពុងស្វែងរកចាប់ខ្លួនព្រោះមានដីកាពីតុលាការ។ អ៊ីចឹងនៅសល់ ៣ នាក់ទៀត តែមានអត្តសញ្ញាណមួយចំនួនប៉ុណ្ណោះ អត់ទាន់មានដីកា»។
លោកបន្តថា៖ «អ្នកដែលមានអត្តសញ្ញាណហ្នឹងកំពុងគេចទៅតាមខេត្តហើយក្នុងប្រទេសហ្នឹង»។
ចំណែកលោក ស៊ុយ សារ៉េត ដែលភ្លាមនោះត្រូវបានក្រុមគ្រួសារនាំយកទៅកាន់ប្រទេសវៀតណាមទទួលការព្យាបាល ពេលនេះកំពុងទទួលការព្យាបាលនៅប្រទេសថៃជាបន្តទៀត។ បើតាមលោក ឈី សម្បតិ្ត មេធាវីរបស់ក្រុមគ្រួសារលោក សារ៉េត ដែលបានដាក់ពាក្យបណ្តឹងទាក់ទិននឹងករណីហិង្សាដោយទារសំណងប្រមាណ ៣០ ម៉ឺនដុល្លារ។
លោកមេធាវី ឈី សម្បត្តិ បានឲ្យដឹងថាស្ថានភាពជំងឺបានធូរបន្តិចហើយ ប៉ុន្តែអាចប្រើពេលវេលាយូរសម្រាប់របួសយ៉ាងធ្ងន់ធ្ងរលើផ្ទៃមុខរបស់លោក សារ៉េត។
លោកបានបន្តថា៖ «របួសខ្លាំងនៅលើផ្ទៃមុខ បាក់ធ្មេញ តែពេលនេះលោកបានដាក់ធ្មេញសិប្បនិម្មិត អ៊ីចឹងអាចពិសាបាន។ ស្ថានភាពរបួសគាត់បានប្រសើរបន្តិច ប៉ុន្តែជំងឺរបស់លោកនៅត្រូវការប្រើពេលវេលាយូរ»៕