The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អ្នកពាក់ព័ន្ធ​ថ្នាំញៀន ជាង ៧ ពាន់​នាក់​ ​ត្រូវ​បាន​ឃាត់​ខ្លួន

អ្នកពាក់ព័ន្ធ​ថ្នាំញៀន ជាង ៧ ពាន់​នាក់​ ​ត្រូវ​បាន​ឃាត់​ខ្លួន

Content image - Phnom Penh Post
គ្រឿងញៀន និងជនសង្ស័យដែលសមត្ថកិច្ចចាប់បានកន្លងមក។ សហការី

អ្នកពាក់ព័ន្ធ​ថ្នាំញៀន ជាង ៧ ពាន់​នាក់​ ​ត្រូវ​បាន​ឃាត់​ខ្លួន

ភ្នំពេញៈ អ្នកជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន ៧ ២៩៤ នាក់ ក្នុង​នោះ​មាន​ស្រី ៥៦២ នាក់ ​និង​ជន​បរទេស​ចំនួន ១៦៧ នាក់ ត្រូវបាន​អាជ្ញាធរ​ឃាត់ខ្លួន​ក្នុងការ​បង្ក្រាប​គ្រឿង​ញៀន​ទូទាំង​ប្រទេស​ចំនួន ២ ៤២៥ ករណី ក្នុង​រយៈពេល ៥ ខែ ៤ ថ្ងៃ​នៅ​ឆ្នាំ​នេះ គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី ១ ខែ ​មករា​ ដល់​ថ្ងៃទី ៤ ខែ ​មិថុនា។ នេះ​បើតាម​ការ​បញ្ជាក់​របស់​មន្ត្រី​បង្ក្រាប​គ្រឿងញៀន។

លោក​ មាស វី​រិ​ទ្ធ អគ្គលេខាធិ​ការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​នៃ​ក្រសួង​មហាផ្ទៃ​បាន​ប្រាប់​ភ្នំពេញប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា ក្នុងការ​បង្ក្រាប​គ្រឿង​ញៀន​ជាង ២ ពាន់​ករណី​នេះ​គឺមាន​ការ​ជួញដូរ​ចំនួន ២ ១០០ ករណី ឃាត់​ខ្លួន​មនុស្ស​បាន​ចំនួន ៣ ៩៧៣ នាក់ រួមទាំង​ការ​ដាំដុះ កែច្នៃ ១៥ ករណី និង​ឃាត់ខ្លួន​បាន ៤ នាក់ ហើយ​ត្រូវបាន​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី។ រីឯ​ការ​ប្រើប្រាស់​គឺមាន​ចំនួន ១ ៣១០ ករណី ឬ​ស្មើនឹង ៣ ៣២១ នាក់ ដែលជា​ជន​រង​គ្រោះ​ដោយសារ​គ្រឿង​ញៀន​ហើយ​ត្រូវបាន​ផ្ដល់​ឱកាស​ឱ្យ​ទៅ​ទទួល​សេវា​បន្សាប។

លោក​បាន​ថ្លែងថា៖ «ប៉ុន្តែ​បើ​គាត់​មាន​ប្រវត្តិ​ប្រើប្រាស់​គ្រឿង​ញៀន​ម្ដង​ហើយម្ដង​ទៀត​ ហើយ​ត្រូវ​បាន​ព្រះ​រាជ​អាជ្ញា​បង្ខំ​ឱ្យទៅ​ទទួល​សេវា​ព្យា​បាល​ហើយ​ ប៉ុន្តែ​បើចេញ​មក​វិញ​ នៅ​តែ​ប្រព្រឹត្ត​ការ​ប្រើ​ប្រាស់​ទៀត​ អា​ហ្នឹង​ត្រូវ​ផ្ដន្ទា​ទោស​ពី​ ៦ ​ខែ​ទៅ ​១​ ឆ្នាំ ​ប៉ុន្តែ​អ្នក​ដែល​ប្រើប្រាស់​នេះ មិន​ធ្លាប់​ត្រូវ​បាន​បង្ក្រាប​ដោយ​សមត្ថកិច្ច​កន្លង​មក​ទេ»។

បើ​តាម​លោក​ មាស ​វី​រិ​ទ្ធ​ តួលេខ​នៃ​ការ​បង្ក្រាប​គ្រឿងញៀន​​រយៈ​ពេល​ ៥​ ខែ​ ៤​ ថ្ងៃ​មក​នេះ​គឺមាន​ចំនួន​ថយ​ចុះ​តិច​តួច​ បើ​ប្រៀបធៀប​ជា​មួយ​រយៈ​ពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​ ២០១៨​។ លោក​បន្តថា ​អាជ្ញា​ធរ​នឹង​ខិតខំ​ស្រាវ​ជ្រាវ​រក​បទ​ល្មើស​ពាក់​ព័ន្ធ​នឹង​គ្រឿង​ញៀន​បន្ថែម​ទៀត ខណៈបច្ចុ​ប្បន្ន ពល​រដ្ឋ​កាន់​តែ​ក្លា​ហាន​ ដោយ​ចូល​រួម​សហការ​ផ្ដល់​ដំណឹង​អំពី​បទ​ល្មើស​គ្រឿង​ញៀន​មក​អាជ្ញា​ធរ​កាន់​តែ​ច្បាស់​ជាង​មុន។

លោក​ មាស​ វី​រិ​ទ្ធ​ បញ្ជាក់​ទៀត​ថា​ នៅ​ថ្ងៃទី​ ១៣​ ខែ ​មិថុនា​ ខាង​មុខ​នេះ​ នៅ​ក្រសួង​មហា​ផ្ទៃ​នឹង​បើក​កិច្ច​ប្រជុំ​មួយ​ស្ដីពី​ការ​ដាក់​ចេញ​វិធាន​ការ​បន្ថែម​ដើម្បី​ចុះ​បង្ក្រាប​លុប​បំបាត់​គ្រឿងញៀន​នៅ​តាម​ក្លិប​កម្សាន្ត​បន្ទាប់​ពី​មាន​ការ​ជំរុញ​ពី​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​ ស​ ខេង​ រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​កាលពី​ថ្ងៃទី​ ១៩​ ខែ ​មីនា ​កន្លង​ទៅ។​

លោក ​ស ខេង ធ្លាប់​បាន​ចេញ​បញ្ជា​ឱ្យ​សមត្ថ​កិច្ច​ត្រូវ​ដាក់​ចេញ​វិធាន​ការ​ម៉ឺង​ម៉ាត់​ ចំពោះ​ម្ចាស់​ទីតាំង​កម្សាន្ត ​សណ្ឋា​គារ ផ្ទះ​សំ​ណាក់ ដើម្បី​ទប់​ស្កាត់​ការ​ប្រើប្រា​ស់ ជួញ​ដូរ និង​ចែក​ចាយ​គ្រឿង​ញៀន ស្រប​ពេល​លោក​​ថា ​គ្រឿង​ញៀន​គឺជា​បញ្ហា​ដ៏​ក្ដៅ​គគុក​មួយ ដោយ​សារ​វា​បាន​រាល​ដាល​ពី​ភ្នំពេញ​ទៅ​ដល់​តាម​បណ្ដា​ខេត្ត។

លោក​ ស​ ខេង​ សង្ឃឹម​ថា ក្នុង​ឆ្នាំ ២០១៩-២០២០ ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ គឺជា​ភារកិច្ច​យុទ្ធ​សាស្ដ្រ​របស់​សមត្ថ​កិច្ច​ដើម្បី​កាត់​បន្ថយ​ឱ្យ បាន​​ជា​អតិ​បរមា​និង​ដើម្បី​ឈាន​ទៅ​លុប​បំបាត់​ការ​ប្រើ​ប្រាស់​និង​ចែក ចាយ​គ្រឿង​ញៀន​ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​ខាងមុខ។

លោក​ ស៊ឹង ​សែន​ករុ​ណា មន្ត្រី​នាំ​ពាក្យ​សមា​គម​អាដ​ហុក ​(Adhoc) បាន​លើក​ឡើង​ថា ការប្រជុំ​រៀបចំ​ផែន​ការ​លុប​បំបាត់​គ្រឿង​ញៀន​តាម​ទីតាំង​កម្សាន្ត​នេះ ​ដោយ​សារ​ការ​បង្ក្រាប​ក​ន្ល​ង​មកគឺ​ពុំទាន់​បាន​ធ្វើ​ឡើង​ចំ​គោល​ដៅ​នៅ​ឡើយ ​​ពិសេស​អ្នក​មាន​ឥទ្ធិ​ពល​ដែល​ជា​មេ​ខ្លោង​នាំ​ចូល​និង​លក់​ចែកចាយ​គ្រឿង​ញៀន​នៅ​កម្ពុជា។

លោក​ថា៖​ «ប៉ុន្តែ​យើង​សង្ឃឹម​ថា ករ​ចាត់វិ​ធា​ន​ការ ​ការរក​យុទ្ធ​សាស្ដ្រ​បង្ក្រាប​ថ្មីៗ​ទៀត ​អាច​ធ្វើការ​បាន​ល្អ​ប្រសើ​រ​ជាង​មុន​ហើយ​​អាចចំ​គោលដៅ​ពិសេស​មេខ្លោង​ធំៗ​ហ្នឹង»។

លោក​ ស៊ឹង ​សែន​ករុណា បន្ថែម​ថា​លោក​ពិបាក​ជឿ​ជាក់​ចំពោះ​ការ​ប្ដេជ្ញា​របស់​រដ្ឋាភិ​បាល​ដើម្បី​ឈាន​ទៅ​លុបបំបាត់​ការ​ចែក​​ចាយ​និង​ប្រើ​ប្រាស់​គ្រឿង​ញៀន​នាពេល​ខាង​មុខ ដោយ​លោក​អះ​អាង​ថា កន្លង​មក ​មាន​ការ​ប្ដេជ្ញា​ចិត្ត​ដើម្បី​លុប​បំបាត់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ​ប៉ុន្តែ​ព្រៃ​ឈើ​នៅ​រង​ ការ​ហិន​ហោច​ជា​ដដែល។

លោក​ថា៖ «​បើ​យើង​និយាយ​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​រដ្ឋាភិ​បាល​មិន​មែន​តែ​រឿង​គ្រឿង​ញៀន​ទេ​ដូច​ខ្ញុំ​លើក​ឡើង​ពី​ខាង​ដើម​​អ៊ីចឹង បើទោះបី​ជា​ព្រៃ​ឈើ​មានការ​ប្ដេជ្ញា​ចិត្ត​បង្ក្រាប​ដ៏​មុត​មាំ ហើយ​ព្រៃឈើ​ងាយ​មើល​ណាស់គឺ​កាប់​ឈើ​មិនអាច​យក​មក (លាក់បាំង) ដាក់​ហោ​ប៉ៅ​បានទេ​ប៉ុន្តែ​ព្រៃ​​ឈើ​នៅតែ​ហិនហោច​អស់ ចុះ​ទម្រាំ​គ្រឿង​ញៀន​ដែល​គេ​លាក់​បាំង​ដោយ​យុទ្ធ​វិធី​ផ្សេងៗ តើ​សមត្ថ​កិច្ច​អាច​បង្ក្រាប​អស់​របៀប​ម៉េច?​ គួរ​តែ​មាន​បច្ចេកទេស​លើស​ពី​ហ្នឹង​ទៀត»៕

អត្ថបទគួរចាប់អារម្មណ៍