កំពង់ធំ: ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំលោក អ៊ិត សុធា កាលពីម្សិលមិញបានដោះលែងបុរសម្នាក់ពាក់ព័ន្ធករណីសង្ស័យលួចដឹកសត្វព្រៃជាង ២០០ គីឡូ ដោយលោកសំអាងថាបុរសរូបនេះគ្រាន់តែជាជំនួយការអ្នកបើកបរ ប៉ុន្តែពិន័យជាប្រាក់ចំនួន ៣០ លានរៀល ហើយតម្រូវឲ្យក្រុមហ៊ុន និងអ្នកបើកបរចូលខ្លួនមកបង់ប្រាក់ពិន័យបន្ថែមទៀតតាមច្បាប់ស្ដីពីព្រៃឈើ។
ការដោះលែងនេះបន្ទាប់ពីកម្លាំងកងរាជអាវុធហត្ថ និងមន្ត្រីរដ្ឋបាលព្រៃឈើខេត្តកំពង់ធំកាលពីថ្ងៃទី ២២ ខែ កញ្ញា បានឃាត់ខ្លួនបុរសឈ្មោះ ងន វុនរ៉ា អាយុ ២៧ ឆ្នាំ ពាក់ព័ន្ធការដឹកជញ្ជូនសត្វព្រៃមកដល់ចំណុចភូមិស្លាកក្រាញ់ ឃុំសំព្រោជ ស្រុកស្ទោង បម្រុងទៅកាន់រាជធានីភ្នំពេញ។
លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំបានថ្លែងកាលពីម្សិលមិញថា ការដោះលែងនេះដោយសាររកឃើញថា រូបគេជាជំនួយការបើកបរ (ព្រូឡាន) រថយន្តក្រុងក្រុមហ៊ុនបូព៌ាអាស៊ីដឹកអ្នកដំណើរ ប៉ុន្ដែមិនមែនជាអ្នកប្រព្រឹត្តបទល្មើសជាក់ស្ដែងទេ ។
លោកថា៖ «យើងដោះលែងគាត់វិញហើយគឺតម្រូវឲ្យគាត់បង់ពិន័យចំនួន ៣០ លានរៀល ហើយលើសពីនេះ យើងក៏ត្រូវឲ្យម្ចាស់ក្រុមហ៊ុនឡានក្រុងហ្នឹង និងអ្នកបើកបរក៏ត្រូវចូលខ្លួនមកបង់ប្រាក់ពិន័យបន្ថែមទៀតដែរ។ រីឯសត្វព្រៃយើងបានឲ្យមន្ត្រីជំនាញដោះលែងនៅទីកន្លែងមានសុវត្ថិភាពអស់ហើយ»។
លោក អាំ ប៊ុនថា នាយរងខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំបានថ្លែងថា កម្លាំងលោក និងកងរាជអាវុធហត្ថខេត្តកំពង់ធំបានឃាត់រថយន្ដក្រុង ១ ដែលដាក់ឈ្មោះក្រុមហ៊ុនបូព៌ាអាស៊ីពាក់ព័ន្ធការដឹកជញ្ជូនសត្វព្រៃដោយខុសច្បាប់សំដៅទៅកាន់ទីក្រុងភ្នំពេញ ប៉ុន្ដែលោកមិនបានដឹងពីប្រភពសត្វព្រៃទាំងនេះទេ។
លោកបន្តថា ជនសង្ស័យនោះឈ្មោះ ងន វុនរ៉ា អាយុ ២៧ ឆ្នាំ រស់នៅភូមិប្រមោយ ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ជាជំនួយការអ្នកបើកបររថយន្ដក្រុង ១ គ្រឿង ម៉ាក KIA ពណ៌ស្លាទុំលាយស ពាក់ស្លាកលេខភ្នំពេញ 3D-2417 ជារបស់ក្រុមហ៊ុនបូព៌ាអាស៊ីដឹកអ្នកដំណើរ។
លោក ប៊ុនថា បន្ថែមថាវត្ថុតាងដែលចាប់បានមានអណ្តើកសង្កល់ ២៨ ក្បាល ស្មើនឹង ១៧៩ គីឡូក្រាម ពស់ក្រចាន់តាមម ៨២ ក្បាល ស្មើនឹង ៤៥ គីឡូ និងទន្សង ៤ ក្បាល ស្មើនឹង ៨ គីឡូ ។
លោក ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំបានថ្លែងថា កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំបានសហការជាមួយមន្ត្រីមូលដ្ឋានបានឃាត់រថយន្តក្រុងលួចបង្កប់ដឹកសត្វព្រៃនៅចំណុចស្រុកស្ទោង និងបានប្រគល់ជូនទៅមន្ត្រីរដ្ឋបាលព្រៃឈើខេត្តដើម្បីចាត់ការតាមនីតិវិធី។
លោក ប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំបានថ្លែងថា លោកបានទទួលព័ត៌មាននេះ ប៉ុន្ដែមិនទាន់បានលម្អិតនៅឡើយទេ ដោយលោកជាប់មកប្រជុំនៅភ្នំពេញ ។
ក្រុមហ៊ុន បូព៌ាអាស៊ីដឹកអ្នកដំណើរ មិនអាចទាក់ទងសុំការបញ្ជាក់ជុំវិញករណីនេះបានទេដោយទូរស័ព្ទចូល ប៉ុន្ដែត្រូវបានចុចផ្ដាច់ទៅវិញ៕