ភ្នំពេញៈ គណៈកម្មការ​ជាតិ ត្រួតពិនិត្យ​ការអនុវត្ត​អនុសញ្ញា អន្តរជាតិ​ខាង​ការងារ​កាលពី​ថ្ងៃ​សុក្រ​បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​ការងារ​អំពី​ការអនុវត្ត សេរីភាព វិជ្ជាជីវៈ​ការងារ​នៅ​កម្ពុជា និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ដែល​កិច្ចប្រជុំ​នេះ​ធ្វើ​ឡើង​ដើម្បី​ត្រៀម​រៀបចំ​ពិធី​អបអរសាទរ​ខួប ១០០ ​ឆ្នាំ​នៃ​ការបង្កើត​អង្គការ​ពលកម្ម​អន្តរជាតិ ILO និង​ខួប ៥០ ​ឆ្នាំ​នៃ​ការចូល​ជា​សមាជិក អង្គការ ILO របស់​កម្ពុជា​។

យោង​តាម​ការផ្សព្វផ្សាយ​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កិច្ចប្រជុំ​នេះ​មាន​ការចូលរួម​ដោយ​សមាគម​និយោជក តំណាង​សហជីព តំណាង​ក្រសួង​មហាផ្ទៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី ក្រសួង​យុត្តិធម៌ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។

លោក​ ហេង សួរ អ្នក​នាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​សរសេរ​នៅក្នុង​សារ Whatsapp ថា​កិច្ចប្រជុំ​នេះ​បាន​ធ្វើ​ឡើង ដើម្បី​ពិនិត្យ​ទៅ​លើ​សេរីភាព​ក្នុង​ការបញ្ចេញមតិ​នៅក្នុង​វិស័យ​ការងារ​នៅ​កម្ពុជា​។

លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា បាន​ឲ្យ​ដឹង​ថា​កិច្ចប្រជុំ​នេះ​មាន​ការលើក​យក​បញ្ហា​ដែល​បាន​ប្តឹង​ទៅ ILO ដើម្បី​យក​មក​ពិភាក្សា​ដូចជា ករណី​បាតុកម្ម​នៅ​ផ្លូវ​វេងស្រេង​ដែល​បាន​បញ្ចប់​ទៅ​ដោយ​ហិង្សា​ករណី​សម្លាប់​មេដឹកនាំ​សហជីព​លោក ជា វិជ្ជា កាលពី​អំឡុង​ឆ្នាំ​ ២០០៤ ជាដើម​។

លោក​បញ្ជាក់​ថា​៖ «​នៅក្នុង​ប្រជុំ​ហ្នឹង​គណៈកម្មការ​ដែល​ចេញ​អនុក្រឹត្យ​ដោយ​រដ្ឋាភិបាល ដើម្បី​ឆ្លើយតប​ទៅ​តាម ILO ហើយ​នៅក្នុង​អនុក្រឹត្យ​ហ្នឹង​គេ​ឲ្យ​រដ្ឋាភិបាល​បង្កើត​គណៈកម្មការ​ត្រីភាគី​ដើម្បី​អនុវត្ត​នូវ​អនុសញ្ញា​ដែល​កម្ពុជា​បាន​ឲ្យ​សច្ចាប័ន​»​។

លោក​ អាត់ ធន់ បញ្ជាក់​ថា​៖ «​សម្រាប់​កិច្ចប្រជុំ​ហ្នឹង គេ​ចង់​ដឹង គេ​អនុវត្ត​យ៉ាង​ម៉េច​ហើយ ហើយ​ដល់​ណា​ហើយ ពិសេស​ករណី​ដែល​បាន​ប្តឹង​ទៅ​អង្គការ ILO, ការសម្លាប់ លោក ជា វិជ្ជា ករណី​នៅ​ផ្លូវ​វេងស្រេង​ហ្នឹង​គឺ​យ៉ាង​ម៉េច​ហើយ ហើយ​គេ​យក​មក​ពិភាក្សា​ដោះស្រាយ​»​។

វិស័យ​ការងារ​នៅ​កម្ពុជា​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លង​មក​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មាន​ការ​កែលម្អ​ឲ្យ​មាន​ភាពប្រសើរ​ឡើង​ជា​លំដាប់ សូម្បី​តែ​ប្រាក់​ឈ្នួល​របស់​កម្មករ​ក៏​ត្រូវ​បាន​ដំឡើង​ជា​រៀងរាល់​ឆ្នាំ​យ៉ាង​ទៀងទាត់​ផង​ដែរ ដោយ​មាន​ការចូលរួម​ពិភាក្សា​ពី​មជ្ឈដ្ឋាន​ពាក់ព័ន្ធ​ក្រោម​ការដឹកនាំ​ដោយ​ក្រសួង​ការងារ​៕