ភ្នំពេញៈ ក្រុម​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ប្រមាណ​ជិត ៤០ នាក់ ដែល​កំពុង​បម្រើ​ការងារ​ក្នុង​អង្គភាព​ផ្សេងៗ​គ្នា​នៅ​កម្ពុជា កាល​ពី​ម្សិលមិញ បាន​ចេញ​លិខិត​ចំហ​មួយ អំពាវនាវ​ឲ្យ​តុលាការ​ទម្លាក់​បទ​ចោទ​ទាំង​ស្រុង​លើ​អតីត​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី (RFA) ២ នាក់ បន្ទាប់​ពី​តុលាការ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​កាល​ពី​ខែ​សីហា ឆ្នាំ ២០១៨ ប៉ុន្ដែ​ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ឃ្លាំ​មើល​របស់​តុលាការ។

លិខិត​ចំហ​របស់​ក្រុម​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ដែល​បាន​ផ្ដិត​ស្នាម​មេដៃ​ចំនួន ៣៧ នាក់ ចុះ​ថ្ងៃទី ១០ មករា បាន​រៀបរាប់​ថា អ្នក​សារ​ព័ត៌មាន​ដែល​បាន​ផ្តិត​ស្នាម​មេដៃ​នៅ​ក្នុង​លិខិត​ចំហ​មួយ​នេះ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ចោទ​ប្រកាន់​ដ៏​ធ្ងន់ធ្ងរ​លើ​លោក អ៊ួន ឈិន និង​លោក យាង សុធារិន ហៅ យាង សុជា​មេត្តា។

លើស​ពី​នេះ ការ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ ធ្វើ​ឲ្យ​ពួកគេ​ទាំង ២ ពិបាក​ក្នុង​ការ​រស់​នៅ និង​មិន​អាច​បំពេញ​ការងារ​ជា​អ្នក​កាសែត​បន្ត​ទៀត​នោះ​ទេ។ ពួកគេ​មិន​អាច​ផ្លាស់ប្តូរ​លំនៅឋាន ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ចៅក្រម​ស៊ើបសួរ មិន​អាច​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស និង​ត្រូវ​បង្ហាញ​ខ្លួន​ជា​រៀង​រាល់​ខែ​នៅ​ប៉ុស្តិ៍ន​គរបាល​ផង​ដែរ។

លិខិត​នេះ​បញ្ជាក់ថា៖ «យើងខ្ញុំ​យល់ថា ការចោទប្រកាន់​ទាក់ទង​នឹង​ការ​ផ្តល់​ព័ត៌មាន​ដែល​នាំ​ឲ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ ជា​ការ​ចោទ​ប្រកាន់​មួយ​ដ៏​ធ្ងន់ធ្ងរ។ ការ​ចោទ​ប្រកាន់​លើ​អតីត​អ្នក​យក​ព័ត៌មាន​ទាំង ២ រូប​នេះ កំពុង​តែ​បង្ក​ភាព​ភ័យ​ខ្លាច​ដល់​អ្នក​សារ​ព័ត៌មាន​ដែល​កំពុង​បំពេញ​វិជ្ជា​ជីវៈ​និង​ធ្វើ​ឲ្យ​សេរីភាព​សារ​ព័ត៌មាន​នៅ​កម្ពុជា​ធ្លាក់​ចុះ​ផង​ដែរ»។

លោក ស៊ុន ណារិន អ្នកយកព័ត៌មាន​ឲ្យ​វិទ្យុ​អន្តរជាតិ​មួយ ដែល​បាន​ផ្តិត​មេដៃ​នៅ​លើ​លិខិត​ចំហ បាន​លើក​ឡើង​ថា ក្នុង​នាម​ជា​អ្នក​សារ​ព័ត៌មាន​ដូចគ្នា​ដែល​ធ្វើការ​នៅ​ស្ថានប័ន​ដែល​ហ៊ាន​និយាយ​ការពិត និង​មាន​វិជ្ជាជីវៈ ដើម្បី​ជា​កញ្ចក់​ឆ្លុះ​ក្នុង​សង្គម​កម្ពុជា ត្រូវ​តែ​ជួយ​គ្នា​ក្នុង​គ្រា​មាន​ការ​លំបាក​បែប​នេះ។

លោក​បន្តថា៖ «ខ្ញុំ​សូម​អំពាវនាវ​ដល់​តុលាការ​គ្រប់លំដាប់​ថ្នាក់ បញ្ចប់​ការ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ​លើ​អតីត​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី (RFA) ទាំង ២ នាក់ ព្រមទាំង​ទម្លាក់​ចោល​ទាំង​ស្រុង​នូវ​ការ​ចោទ​ប្រកាន់​លើ​ពួកគេ»។

លោក​យាង សុជា​មេត្តា អតីត​អ្នកសារព័ត៌មាន​វិទ្យុ​អាស៊ីសេរី ដែល​កំពុង​ត្រូវ​បាន​ឃ្លាំ​មើល​ដោយ​តុលាការ​ថ្លែង​ថា លោក​សប្បាយ​រីករាយ​ដែល​អ្នក​សារ​ព័ត៌មាន​ភាគ​ច្រើន​បាន​យល់​ពី​ទុក្ខ​ធុរៈ ការ​លំបាក និង​ចេះ​ជួយ​គ្នា​ក្នុង​គ្រា​មាន​អាសន្ន ដូចជា​លោក និង​លោក​អ៊ួន ឈិន ដែល​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ ដោយ​មិន​មាន​មូលដ្ឋាន​ច្បាស់​លាស់​នេះ​ជាដើម។

លោក​ថ្លែងថា៖ «ខ្ញុំ​គិតថា ដោយសារតែ​គាត់​ជា​អ្នកសារ​ព័ត៌មាន ហើយ​គាត់​យល់​ពី​ទឹកចិត្ត ទុក្ខ​លំបាក​ដែល​ជា​អ្នក​សារ​ព័ត៌មាន​ដូចគ្នា ទើប​បាន​ជា​ពួកគាត់​ខំ​ខ្នះខ្នែង​ជួយ​អំពាវនាវ ជួយ​ជំរុញ​ឲ្យ​មាន​ដំណោះស្រាយ​សមរម្យ និង​យុត្តិធម៌​សម្រាប់​ពួក​ខ្ញុំ​ទាំង ២ នាក់»។

លោក​ក៏បាន​អំពាវនាវ​ឲ្យ​តុលាការ​ទម្លាក់​បទ​ចោទ​មកលើ​រូបលោក​ទាំង ២ ដើម្បី​ពួក​លោក​មាន​ឱកាស​រក​ការងារ​ធ្វើ ក្នុងការ​រក​លុយ​ផ្គត់ផ្គង់​ចិញ្ចឹម​ជីវិត និង​គ្រួសារ ព្រោះ​ក្នុង​អំឡុង​ពេល​នេះ លោក​មិន​អាច​ចូល​ទៅ​បម្រើ​ការងារ​នៅ​ស្ថានប័ន​ណាមួយ​ទេ ដោយ​សារ​តែ​ការ​ឃ្លាំ​មើល​របស់​តុលាការ។

លោក ផុស សុវណ្ណ អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន ពី​ម្សិលមិញ មិនទាន់​មាន​យោបល់​អ្វី​សម្រាប់​អត្ថាធិប្បាយ​ជុំវិញ​លិខិត​នេះ​ទេ ដោយ​ថា វា​ស្ថិត​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​តុលាការ។

លោក​បញ្ជាក់ថា៖ «ព្រោះ​បានឃើញ​បែបនេះ ប្រហែលជា​ចាំមើល​សមត្ថកិច្ច​ខាង​តុលាការ​ហ្នឹង អាច​ចាត់ការ​តាម​នីតិវិធី​គេ ខ្ញុំ​អត់​ទាន់​ថា​ម៉េច​ទេ ព្រោះ​វា​ជា​ដែន​សមត្ថកិច្ច​គេ អត់​ទាក់ទង​អី​យើង​ទេ ហើយ​ខ្ញុំ​បាន​ផ្ញើ​លិខិត​នេះ​ជូន​ថ្នាក់​ដឹកនាំ​យើង​ដែរ ចាំ​មើល​គាត់​មាន​គំនិត​អ្វី​បន្ថែម​ទៀត»។

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក​ជិន ម៉ា​លីន មិនអាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ ពី​ម្សិលមិញ។ លោក​មឿន ឈាន​ណារិទ្ធិ នាយក​វិទ្យាស្ថាន​កម្ពុជា សម្រាប់​ការ​សិក្សា​សារ​ព័ត៌មាន​គាំទ្រ​ចំពោះ​លិខិត​អំពាវនាវ​នេះ ហើយ​ថា ក្នុង​នាម​លោក​ជា​អ្នក​សារ​ព័ត៌មាន​ក៏បាន​ដឹង​ពី​ការ​លំបាក​របស់​អ្នក​សារ​ព័ត៌មាន​ដែរ។

លោក​ថា ស្ថានភាព​នយោបាយ បាន​ប្រព្រឹត្តទៅ​ល្អប្រសើរ​វិញ​ហើយ ដូច្នេះ​សង្ឃឹម​ថា សិទ្ធិ​សេរីភាព​ក្នុង​ការ​ទទួល​ព័ត៌មាន​នឹង​ដំណើរការ​យ៉ាង​រលូន​ឡើង​វិញ ព្រោះ​កន្លង​មក​នេះ មាន​ភាព​តាន​តឹង​ផ្នែក​នយោបាយ ដែល​វា​ជា​ហានិភ័យ​សម្រាប់​អ្នក​សារ​ព័ត៌មាន​មួយ​ចំនួន​ដែល​តែង​តែ​រិះគន់​រដ្ឋាភិបាល។

លោក​បញ្ជាក់ថា៖ «លិខិត​មួយ​នេះ គ្រាន់តែ​ជាការ​លើកទឹកចិត្ត​ដល់​អ្នក​ទាំង ២ និង​ជា​ការ​ពញ្ញាក់​អារម្មណ៍​ថ្នាក់​ដឹកនាំ​ប៉ុណ្ណោះ ប៉ុន្ដែ​ការ​សម្រេច​បែប​ណា ស្ថិត​នៅ​លើ​តុលាការ បើ​តុលាការ​សម្រេច​យ៉ាង​ណា គឺ​ត្រូវតែ​អ៊ីចឹង។ យ៉ាង​ណា ខ្ញុំ​ក៏​សុំ​ឲ្យ​តុលាការ​ទម្លាក់​បទ​ចោទ​លើ​ពួកគាត់​ទៅ ព្រោះ​ប៉ះពាល់​ដល់​ជីវភាព​ពួកគាត់​ខ្លាំង​ណាស់»។

លោក​អ៊ួ​ន ឈិន និង​លោក​យាង សុធារិន ត្រូវបាន​ឃាត់ខ្លួន​កាលពី​ថ្ងៃទី ១៤ ខែ​វិច្ឆិកា ឆ្នាំ ២០១៧ ដោយ​តុលាការ​ចោទ​ប្រកាន់​ពី «បទ​ប្រគល់​ឲ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជា​អាទិ៍​ដែល​បង្ក​ឲ្យ​មាន​ការ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ តាម​បញ្ញត្តិ​មាត្រា ៤៤៥ នៃ​ក្រម​ព្រហ្ម​ទណ្ឌ»។

កាលពី​ខែសីហា ឆ្នាំ ២០១៨ អតីត​អ្នកយក​ព័ត៌មាន​អាស៊ីសេរី​ទាំង ២ រូបនេះ ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន ក្រោយ​ជាប់​ពន្ធនាគារ​ជាង ៩ ខែ តែ​ត្រូវ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​តាម​ដាន​របស់​តុលាការ៕