The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - អ្នក​ព្រះវិហារ​មក​ភ្នំពេញ​ជា​ថ្មី​ ក្រោយ​ដាក់​ញត្តិ​រឿង​វិវាទ​ដី​ គ្មាន​ការឆ្លើយតប

អ្នក​ព្រះវិហារ​មក​ភ្នំពេញ​ជា​ថ្មី​ ក្រោយ​ដាក់​ញត្តិ​រឿង​វិវាទ​ដី​ គ្មាន​ការឆ្លើយតប

Content image - Phnom Penh Post
ពលរដ្ឋ​ខេត្ត​ព្រះវិហារ​ពេល​តវ៉ា​ជាថ្មី​នៅ​មុខ​ក្រសួង​រៀបចំ​ដែនដី​ពី​ម្សិលមិញ​។ ផា លីណា

អ្នក​ព្រះវិហារ​មក​ភ្នំពេញ​ជា​ថ្មី​ ក្រោយ​ដាក់​ញត្តិ​រឿង​វិវាទ​ដី​ គ្មាន​ការឆ្លើយតប

ភ្នំពេញៈ ពលរដ្ឋ​ប្រមាណ​ ១៤៩ ​នាក់​តំណាង​ឱ្យ​ ២៥៣ ​គ្រួសារ​នៅ​ឃុំ​កន្ទួត ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ​បាន​នាំ​គ្នា​មក​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​ដើម្បី​រក​កិច្ច​អន្តរាគមន៍​សាជាថ្មី​ បន្ទាប់ពី​ពួកគាត់​បាន​ដាក់​ញត្តិ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ឱ្យ​ជួយ​ដោះស្រាយ​បញ្ហា​ដីធ្លី​កាលពី​ខែ​មុន តែ​មិន​ឃើញ​ឆ្លើយតប​រឿង​បណ្ដេញ​ពួកគាត់​ចេញ​ពី​ភូមិ​ដោយ​គ្មាន​ដំណោះស្រាយ​។

តាម​ញត្តិ​ពលរដ្ឋ​ដែល​ដាក់​ទៅ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​កាលពី​ថ្ងៃទី​ ៣០ ខែ​មេសា​ឆ្នាំ​នេះ​បាន​ឲ្យ​ដឹង​ថា​កាលពី​ថ្ងៃទី​ ១ ខែ​មករា ឆ្នាំ​ ២០១២ លោក សួស យ៉ារ៉ា តំណាងរាស្ត្រ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក ជុច ភឿន ប្រធាន​អាជ្ញាធរ​ជាតិ​ព្រះវិហារ​បាន​ឃុបឃិត​គ្នា​ជាមួយ​អាជ្ញាធរ​ខេត្ត​នាំ​យក​កម្លាំង​ប្រដាប់​អាវុធ និង​គ្រឿងចក្រ​ទៅ​ឈូសឆាយ​រុះរើ​វាយកម្ទេច​ផ្ទះ​សំបែង សាលារៀន មន្ទីរពេទ្យ វត្តអារាម ហើយ​បង្ខំ​ឱ្យ​ពលរដ្ឋ និង ព្រះសង្ឃ​ចាកចេញ​ពី​ភូមិ​នោះ​។

នៅក្នុង​ញត្តិ្ដ​ដដែល​សរសេរ​ទៀត​ថា​ករណី​វិវាទ​នេះ​ពលរដ្ឋ​បាន​សុំ​ឲ្យ​ជួយ​អន្តរាគមន៍​ពី​ថ្នាក់ដឹកនាំ​កំពូលៗ​ជា​ច្រើន​ដង​មក​ហើយ​ដូចជា​កាលពី​ខែ​មុន​ពលរដ្ឋ​បាន​ដាក់​ញតិ្ត​ទៅ​ក្រសួង​មហាផ្ទៃ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ​នៅ​មិន​ទាន់​ទទួល​បាន​ដំណោះស្រាយ​ទេ​។

លោក ផាន់ ធឿន តំណាង​ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​តំណាង​ទាំង​ ១៤៩ ​នាក់​បាន​ថ្លែង​ថា​ពួកគេ​បាន​ចំណាយពេល​ ៥ ​ឆ្នាំ​មក​ហើយ ដើម្បី​រក​កិច្ចអន្តរាគមន៍​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ពី​ក្រសួង​នានា និង​រដ្ឋសភា​ក្នុង​ការ​ទាមទារ​សិទ្ធិ​រស់នៅ​ស្រប​ច្បាប់​លើ​​ដី​ពួកគាត់​ទំហំ ៣៣៥៣ ហិកតា ប៉ុន្ដែ​នៅ​មិន​ទាន់​ទទួល​បាន​ការយល់ព្រម​ឲ្យ​ត្រឡប់​ទៅ​រស់នៅ​ភូមិ​ចាស់​វិញ​ទេ​។

លោក ធឿន ថ្លែង​ថា​៖ «​សម្តី​របស់​មន្ត្រី​ថ្នាក់លើ​ហាក់​គ្មាន​ប្រសិទ្ធភាព គ្មាន​ន័យ​សម្រាប់​លោក​អភិបាល​ខេត្ត​ព្រះវិហារ និង​មន្ត្រី​ពាក់ព័ន្ធ​ផ្សេង​ទៀត តើ​ឲ្យ​ពួកខ្ញុំ​សង្ឃឹម​លើ​អ្វី​? ​ហើយ​ឥឡូវ​​នេះ ក្រសួង​គេ​ឲ្យ​ទៅ​ខេត្ត​វិញ គេ​ថា​អាជ្ញាធរ​ខេត្ត​ជា​អ្នក​ដោះស្រាយ​វិញ ប៉ុន្ដែ​ពួកខ្ញុំ​មិន​សូវ​សង្ឃឹម​ទេ​»​។

លោក សួស យ៉ារ៉ា តំណាងរាស្ត្រ​ដែល​រង​ការចោទប្រកាន់​បាន​អះអាង​ថា បញ្ហា​នេះ​ជា​ការ​ប្រឌិត​ឡើង​ដោយ​ជន​ខិលខូច​មួយ​ចំនួន​។

លោក​ថា​៖ «​យើង​មាន​សំណង​ផ្ដល់​ឲ្យ​គាត់​រួចរាល់​ហើយ ប៉ុន្ដែ​បញ្ហា​វា​គ្រាន់​​តែ​ការបង្ក​ឡើង​ដោយ​ជនខិលខូច​មួយ​ក្ដាប់​តូច​ប៉ុណ្ណោះ​។ ចំពោះ​ខ្ញុំ​ ខ្ញុំ​មិន​បាន​ពាក់ព័ន្ធ​នឹង​ដី​នៅ​តំបន់​នោះ​ទេ ព្រោះ​ជា​ដី​សាធារណៈ​របស់​រដ្ឋ ហើយ​ពលរដ្ឋ​កម្ពុជា​ទាំងអស់​ក៏​ស្រឡាញ់​ពេញ​ចិត្ត​ប្រាសាទ​ព្រះវិហារ​»​។

អភិបាលខេត្ត​ព្រះវិហារ​លោក អ៊ុន ចាន់ដា កាលពី​ម្សិលមិញ​មិន​អាច​សុំ​ការអត្ថាធិប្បាយ​បាន​ទេ​។

អ្នក​សម្របសម្រួល​សមាគម​អាដហុក​ខេត្ត​ព្រះវិហារ​លោក ឡោ ចាន់ បាន​ថ្លែង​ថា តំបន់​នេះ​ជា​កន្លែង​ទំនាស់​ដីធ្លី​ដ៏រ៉ាំរ៉ៃ ហើយ​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​មាន​ចំណាត់ការ​លើ​បញ្ហា​ដីធ្លី​នេះ​ជូន​ពលរដ្ឋ​ឲ្យ​ឆាប់​។

លោក​ថា​៖ «​អាជ្ញាធរ​ខេត្ត​គួរ​តែ​ហៅ​តំណាង​ពលរដ្ឋ​មក​ជជែក​ដោះស្រាយ​បញ្ចប់ទំនាស់​នេះ ព្រោះ​វា​បាន​អូស​បន្លាយ​ជាច្រើន​ឆ្នាំ​ហើយ​ដោយ​គ្មាន​​ដំណោះស្រាយ ហើយ​សំណង​ដែល​ផ្ដល់​ដល់​ពលរដ្ឋ អាជ្ញាធរ​មិន​បាន​អភិវឌ្ឍ​តាម​ការសន្យា ទើប​ពលរដ្ឋ​មិន​អាច​​រស់​ទទួល​យក​សំណង​នេះ​»៕

អត្ថបទគួរចាប់អារម្មណ៍

  • អាជ្ញាធរ​ហាម​កប់​សព ឬ​ធ្វើ​ម៉ុង​នៅ​តាម​ជើងភ្នំ​ស្វាយ

    បន្ទាយមានជ័យៈ អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​បាន​ចេញ​បម្រាម​មិន​ឲ្យ​មាន​ការ​សាងសង់​ផ្នូរ​កប់​សព ធ្វើ​ចេតិយ​ ឬ​ធ្វើ​ម៉ុង​នៅ​តាម​ជើងភ្នំ​ស្វាយ​ក្នុង​ក្រុង​សិរីសោភ័ណ​ទៀត​ឡើយ ដោយសារ​តែ​វា​ធ្វើឲ្យ​ខូច​ដល់​សោភណភាព​ភ្នំ​ធម្មជាតិ​ដែល​ជា​ទី​ទៅ​កម្សាន្ត​សម្រាប់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​។ ការសម្រេច​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅក្នុង​កិច្ចប្រជុំ​មួយ​នៅ​សាលាខេត្ត​កាលពី​ថ្ងៃទី​ ១៤ ខែ​សីហា​ឆ្នាំ​ ២០១៨​។

  • ចិន​នឹង​បញ្ជូន​ក្រុម​អ្នកចរចា​ទៅ​អាមេរិក

    ក្រុងប៉េកាំងៈ ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ចិន​នឹង​បញ្ជូន​អ្នកចរចា​ជាន់​ខ្ពស់​ទៅ​សហរដ្ឋអាមេរិក​នៅ​ចុង​ខែ​សីហា​នេះ ដើម្បី​បន្ត​ការចរចា​ពាណិជ្ជកម្ម​ឡើង​វិញ ដែល​ជា​កិច្ចប្រជុំ​សាធារណៈ​លើកដំបូង​ក្នុង​រយៈពេល​ជាច្រើន​សប្ដាហ៍​ទាក់ទង​នឹង​ប្រធានបទ​នេះ ខណៈ​ជម្លោះ​ពាណិជ្ជកម្ម​មាន សភាព​កាន់តែ​ខ្លាំង​ឡើង​។

  • បរទេស​ និង​ខ្មែរ​ ៥៣ ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន

    ព្រះសីហនុៈ ជនបរទេស និង​ខ្មែរ​ចំនួន​ ៥៣ ​នាក់​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ម្សិលមិញ​នៅក្នុង​សង្កាត់​លេខ​ ៤ ក្រុង​ព្រះសីហនុ​ពេល​កំពុង​ប្រព្រឹត្ត​បទល្មើស ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​នៅក្នុង​រង្គសាល​ស្កាយឡាញ​ ១ ​កន្លែង​។

  • CPP ការពារ​លទ្ធផល​បោះឆ្នោត ហើយ​ថា​រាល់​ការរិះគន់​គឺជា​ការប្រមាថ​ប្រជាជន​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ

    ភ្នំពេញៈ បន្ទាប់ពី​ទទួល​បាន​ជ័យជម្នះ​ក្ដោប​ក្ដាប់​យក​អាសនៈ​ទាំង​ ១២៥ នៅក្នុង​រដ្ឋសភា មន្ត្រី​ជាន់ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ម្សិលមិញ​បាន​ចេញ​មុខ​នៅ​ចំពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាតិ និង​អន្តរជាតិ​ដើម្បី​ការពារ​ជ័យជម្នះ​ដែល​ទទួល​បាន​ពី​ការបោះឆ្នោត​កាលពី​ថ្ងៃទី​ ២៩ ខែ​កក្កដា​កន្លង​មក​នេះ ហើយ​ក៏​បាន​វាយបក​ធ្ងន់ៗ​ប្រឆាំង​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ​ខ្លះ និង​អតីត​គណបក្ស​ប្រឆាំង​ដែល​រិះគន់​ខ្លួន​ថា​បាន «​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ​» ដល់​ឆន្ទៈ​ប្រជាជន​កម្ពុជា ហើយ «​ឧបាយកល​ដ៏ពិសពុល​» របស់​ពួកគេ​បាន​ទទួល​បរាជ័យ​ជា​អ្វី​ដែល​អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រឆាំង និង​អ្នកវិភាគ​ជំទាស់​។