ស្ទឹងត្រែងៈ តំណាង​សហគមន៍​ភូមិ​ក្របីជ្រុំ ឃុំ​ក្បាលរមាស ស្រុក​សេសាន ខេត្តស្ទឹងត្រែង​បាន​និយាយ​កាលពី​ថ្ងៃទី​ ២៤ មីនា ថា​ដើម្បី​បង្ការ​ទប់ស្កាត់​ការឆ្លង​រីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ អ្នកភូមិ​បានសម្រេច​ហាមឃាត់​មនុស្ស​ពី​ខាងក្រៅ​សហគមន៍ ចេញ-ចូល​នៅក្នុង​សហគមន៍​របស់​ពួកគេ​ជា​បណ្ដោះអាសន្ន​។

លោក​ ស៊ីឡា ផន អាយុ​ ៦៥ ​ឆ្នាំ​ជា​តំណាង​សហគមន៍​ភូមិ​ក្របីជ្រុំ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា បន្ទាប់ពី​មន្ត្រី​សុខាភិបាល​រួមទាំង​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ផ្សព្វផ្សាយ​អប់រំ​ណែនាំ​អំពី​វិធី​បង្ការ​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូវីដ​ ១៩ អ្នកភូមិ​ក្របីជ្រុំ​បាន​ឯកភាព​គ្នា បិទ​ច្រកចេញ-ចូល​នៅក្នុង​ភូមិ​នេះ​ជា​បណ្ដោះអាសន្ន ដើម្បី​បង្ការ​មនុស្ស​ពី​ខាងក្រៅ​សហគមន៍​ដែល​សង្ស័យ​មាន​ផ្ទុក​ជំងឺ​កូវីដ​នោះ​ចូលមក​បង្ក​ការឆ្លង​រីក​រាលដាល​ដល់​មនុស្ស​នៅក្នុង​សហគមន៍​របស់​ពួកគេ​។

លោក​ផន​អះអាង​ថា​ពលរដ្ឋ​នៅក្នុង​សហគមន៍​ភូមិ​ក្របីជ្រុំ ភាគច្រើន​ជា​ជនជាតិ​ភាគតិច​ឡាវ និង​ព្នង​។

លោក​បាន​និយាយ​ថា​៖ «​តាម​ជំនឿ​ពី​ដូនតា​របស់​ពួកយើង បើ​ក្នុង​ ១ ​ខែ​មាន​អ្នកភូមិ​ចាប់ពី​ ៣ ​នាក់​ឡើង​ទៅ​ស្លាប់​បន្តបន្ទាប់​គ្នា​នោះ អ្នកភូមិ​ទាំងអស់​ត្រូវ​នាំគ្នា​រៀបចំ​ពិធី​បន់ស្រន់​ដល់​ព្រលឹង​ដូនតា​ និង​អារុកអារក្ខ​អ្នកតា​ម្ចាស់​ស្រុក ដើម្បី​សុំ​សេចក្ដីសុខ ហើយ​បើ​មាន​ជំងឺ​រាតត្បាត​គឺ​ត្រូវ​នាំគ្នា​ហាមឃាត់​មនុស្ស​ពី​ក្រៅ​សហគមន៍​ចេញ-ចូល​នៅក្នុង​ភូមិ​»​។

បើតាម​លោក​ ស៊ីឡា ផន នៅក្នុង​ខែមីនា​នេះ​មាន​អ្នកភូមិ​ ៣ ​នាក់​បាន​ឈឺ​ស្លាប់​ដោយ​ជំងឺ​ផ្សេងៗ ប៉ុន្តែ​មិន​ពាក់ព័ន្ធ​ជំងឺ​កូវីដ​ ១៩ ​នោះទេ​។ អ្នកភូមិ​ម្នាក់​បាន​ស្លាប់​កាលពី​ដើម​ខែមីនា​ដោយ​ជំងឺ​គ្រុនពោះវៀន ចំណែក​ម្នាក់ទៀត​បាន​ស្លាប់​កាលពី​ ១ ​សប្តាហ៍​មុន​ដោយសារ​ខ្យល់គរ ឬ​គាំងបេះដូង​។ ចំណែក​អ្នកភូមិ​ម្នាក់​ទៀត​ឈ្មោះ​ ប៉ម អាយុ​ ៥៨ ​ឆ្នាំ​ជា​ជនជាតិព្នង​បាន​ស្លាប់​កាលពី​ថ្ងៃទី​ ២៣ ខែមីនា​នេះ ដោយសារ​ជំងឺ​រលាក​ក្រពះ​។

លោក​បញ្ជាក់ថា​៖ «​មុនដំបូង​អ្នកភូមិ​យើង​ឯកភាព​គ្នា​បិទ​តែ​ក្នុង​រយៈពេល​ ២-៣ ​ថ្ងៃ ឬ​ត្រឹម​ ១ ​សប្ដាហ៍​ប៉ុណ្ណោះ ប៉ុន្តែ​ពេលនេះ​ការបិទ​នោះ​អាច​នឹង​អូសបន្លាយ​រយៈពេល​យូរ ព្រោះ​យើង​បារម្ភ​អ្នក​មកពី​ក្រៅ​សហគមន៍​នាំ​ជំងឺ​កូវីដ​ ១៩ មក​ចម្លង​ដល់​អ្នកភូមិ​របស់​យើង​»​។

យ៉ាងណា​ក៏ដោយ​លោក​ ចាន់ ផល្លី សមាជិក​ក្រុមប្រឹក្សាឃុំ​ក្បាលរមាស និយាយ​ថា​ការប្រតិបត្តិ​តាម​ជំនឿ​តពី​ដូនតា​របស់​អ្នកភូមិ​ក្របីជ្រុំ ដោយ​ធ្វើការ​ហាមឃាត់​មនុស្ស​ពី​ខាងក្រៅ​ចេញចូល​នៅក្នុង​សហគមន៍​របស់​ពួកគេ​នាពេលនេះ​គឺជា​រឿង​ល្អប្រសើរ​បំផុត ខណៈ​ពលរដ្ឋ និង​អាជ្ញាធរ​នៅ​ទូទាំង​ប្រទេស​កំពុង​មមាញឹក​ក្នុង​ការប្រយុទ្ធប្រឆាំង ការឆ្លង​រីករាលដាល​នៃ​ជំងឺ​កូវីដ​១៩​។

លោក​ថ្លែងថា​៖ «​ពេលខ្លះ​ការប្រតិបត្តិ​ត្រណម​តាម​ជំនឿ​ពី​ដូនតា​អាចជួយ​ឲ្យ​យើង​ទាំងអស់​គ្នា​នៅ​សហគមន៍​ ឬ​ក្នុង​ផ្ទៃ​ប្រទេស​ទាំងមូល​អាច​គេច​ផុតពី​ការឆ្លង​ជំងឺ​រាតត្បាត​ផ្សេងៗ​។ ពិសេស​ក្នុងអំឡុង​ពេល​នេះ​មិន​ចំពោះ​តែ​ប្រទេស​កម្ពុជា​យើង​ទេ​ពិភពលោក​ទាំងមូល​កំពុង​ប្រឈម​ចំពោះ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ដែល​កើតចេញ​មុនដំបូង​គេ​ក្នុងប្រទេស​ចិន​»​។

បើតាម​លោក​ ផល្លី ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ជាប់​គ្នា​នេះ អាជ្ញាធរ​មូលដ្ឋាន​បាន​សហការ​ជាមួយ​មន្ត្រី​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ស្ទឹងត្រែង ចុះ​ផ្សព្វផ្សាយ​អំពី​វិធាន​បង្ការ​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូវីដ​ ១៩ ​ដល់​ប្រជាពលរដ្ឋ​នៅក្នុង​សហគមន៍​មូលដ្ឋាន​។ អាជ្ញាធរ​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ អនុវត្ត​វិធាន​អនាម័យ​ស្អាត​ជាប្រចាំ​ដោយ​ត្រូវ​លាង​សម្អាត​ដៃ​នឹង​សាប៊ូ​ ឬ​អាល់កុល មុន​និង​ក្រោយពេល​ប៉ះពាល់​វត្ថុ​អ្វីមួយ​ដែល​មិន​ស្អាត​។

ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព​ពី​មនុស្ស​ដែល​មកពី​ក្រៅ​សហគមន៍​ក្នុង​រយៈ​ចម្ងាយ​យ៉ាងតិច​ ១,៥ ​ម៉ែត្រ​។ ត្រូវ​រាយការណ៍​ជាបន្ទាន់​ដល់​សមត្ថកិច្ច ប្រសិន​បើ​ឃើញ​ញាតិមិត្ត បងប្អូន ដែល​ធ្វើ​ចំណាកស្រុក​ទៅរក​ការងារ​ធ្វើ​នៅ​ប្រទេស​ជិតខាង ឬ​បណ្ដា​ខេត្ត​នានា​ដែល​មាន​ផ្ទុះ​ករណី​ឆ្លង​ជំងឺ​កូវីដ​ ១៩ ហើយ​ពេល​ពួកគេ​ត្រឡប់​មក​ភូមិ​ស្រុក​វិញ​៕