ភ្នំពេញៈ ពល​រដ្ឋ​រស់​នៅ​តំ​បន់​បឹង​កក់​សង្កាត់​ស្រះ​ចក​ ខណ្ឌ​ដូន​ពេញ ​រាជធានី​ភ្នំ​ពេញ ​នៅ​ថ្ងៃទី ​៥ ​ខែមីនា​ នេះ​ បាន​ដាក់​ញត្តិ​ដោយ​មាន​ហត្ថ​លេខី​៨​នាក់​សុំ​កិច្ច​អន្ត​រាគមន៍​ពី​ លោក ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​កម្ពុជា ​ដើម្បី​ស្នើ​ទៅព្រះ​មហាក្សត្រ​ សុំ​ការលើក​លែង​ទោស​ ដល់​អ្នក​ស្រី​ ទេព​ វន្នី​ ប៉ុន្តែ​ត្រូវ​បាន​ច្រាន​ចោល​មិនទទួល​យក​ញត្តិ​ដោយ​ លោក គង់​ ចំ​រើន​ មន្ត្រី​ផ្នែក​ទទួល​ពាក្យ​បណ្ដឹង​នៅ​ខុទ្ទ​កា​ល័យ​នាយក​រដ្ឋ​មន្ត្រី​ ដោយ​អះ​អាង​ថា គ្មាន​ឯក​សារ​គ្រប់​គ្រាន់​ គឺ​ខ្វះ​សាល​ក្រម​ស្ថា​ពរ​ពី​តុលា​ការ។

រហូត​មក​ទល់​ថ្ងៃ​ ៥ មីនា​នេះ​ នៅខ្វះ​តែ​ពីរ​ថ្ងៃ​ទៀតទេ ​គឺ​មួយ​ខែ​ហើយ​ រាប់​ចាប់​ពី​ថ្ងៃ​សវនាការ​ថ្ងៃ​ទី​ ៧ ខែកុម្ភៈ តែ​នៅ​មិន​ទាន់​បាន​សាល​ក្រម​ស្ថា​ពរ​ទៀត។

លោក ចំវើន​ បាន​ថ្លែង​ថា៖«ញត្តិ​របស់​ពួក​គេ​មិន​គ្រប់​គ្រាន់​ទេ​ ខ្ញុំ​បាន​ប្រាប់​ពួក​គេ​ឲ្យ​វិល​ត្រឡប់​មក​វិញ​ម្ដង​ទៀត​ ដោយ​នាំ​មក​នូវ​ឯក​សារ​ឲ្យ​បាន​គ្រប់​គ្រាន់​ ពួក​គេ​ត្រូវ​ភ្ជាប់​មក​នូវ​សាល​ក្រម​ស្ថាពរ​របស់​តុលាការ​ ដូច្នេះ​យើង​អាច​នឹង​ពិនិត្យ​មើល​បាន»។

តុលា​ការ​កំពូល ​នៅ​ព្រឹក​ថ្ងៃ​ទី៧ ខែ​កុម្ភៈ ​ឆ្នាំនេះ បាន​បើក​សវនា​ការ​និង​ប្រកាស​សម្រេច​តម្កល់​សាល​ដីកា​តុលា​ការ​ថ្នាក់​ក្រោម ​ដោយ​ផ្តន្ទា​ទោស​អ្នក​ស្រី ទេព វន្នី តំ​ណាង​សហ​គមន៍​បឹង​កក់ឲ្យជាប់​ពន្ធ​នាគារ ​២ ឆ្នាំ​កន្លះ​ដដែល ទាក់​ទិន​នឹង​ករណី​បង្ក​របួស​ស្នាម​នៅ​ក្បែរ​វិមាន​ឯក​រាជ្យ ជិត​ភូមិ​គ្រឹះ​នាយក​រដ្ឋ​មន្ត្រី កាល​ពី​ខែ​មីនា ឆ្នាំ ២០១៣។

ក្នុង​សវនាការ​ដែល​ដឹក​នាំ​ដោយ​ចៅក្រម​លោក​ ស្រី ​គឹម ​សត្ថាវី ​និង​មាន​មេធាវី​ការពារ​ក្តី​ ​អ្នកស្រី ទេព វន្នី ផង​នោះ បាន​សម្រេច​រក្សា​បទ​ចោទនិង​តម្កល់​សាល​ដីកា​តុលា​ការ​ថ្នាក់​ក្រោម​នៅ​ដដែល។ អ្នក​ស្រី ​ទេព វន្នី ដែល​បាន​ត្រូវ​បាន​នាំ​មក​សវនការ​នៅពេល​នោះ ​បាន​ឆ្លើយ​ប្រាប់​តុលា​ការ​ថា គាត់​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​ទេ។

អ្នកស្រី​ថា៖ «នៅ​ថ្ងៃ​កើត​ហេតុ ខ្ញុំ​អត់​បាន​ប្រព្រឹត្ត​ទេ ព្រោះបាន​ដាក់​ញត្តិ​ទៅ​ក្រសួង ​ពេល​មិន​ទទួល​ក៏​នាំ​គ្នា​ទៅ​ខុទ្ទកាល័យ​នាយក​រដ្ឋ​មន្ត្រី។ ថ្ងៃ​នោះ អត់​មាន​អ្នក​ចេញ​មក​ទទួល​ បើ​ចេញ​មក​ទទួល ក៏​អត់​មាន​បញ្ហា​ដែរ។ ទើប​មួយ​សន្ទុះ ​សមត្ថកិច្ច​រារាំង​និង​មាន​ការ​ប្រទូស​រ៉ាយ​ដាក់​គ្នា»។

ការ​សុំ​ឲ្យ​មាន​ការ​ដោះ​លែង​នេះ​ក៏​ដោយសារ​មូល​ហេតុ​ថា កូនស្រី​អាយុ១៤ឆ្នាំរបស់អ្នកស្រី ទេព វន្នី មាន​បញ្ហា​រលាក​ខួរ​ក្បាល ច្រើន​សន្លប់ ឯ​ម្តាយ​វះ​ភ្នែក​ទាំង​សង​ខាង​ផង​ដែរ។

នៅ​ក្រៅ​តុលា​ការ​កំពូល ក៏​មាន​អ្នក​គាំទ្រ​អ្នក ស្រី វន្នី​ ប្រ​មាណ ២០ នាក់​ផង​ដែរ។

គួរ​បញ្ជាក់​ថា នេះ​ជា​សវនា​ការ​លើ​បណ្តឹង​សារ​ទុក្ខ​ចំពោះ​សំណុំ​រឿង​អ្នក​ស្រី ទេព វន្នី ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ខែ សីហា ឆ្នាំ២០១៦និង​ត្រូវ​បាន​ចោទ​ថាបាន​បង្ក​របួស​ស្នាមទៅ​លើ​សន្តិសុខ​ខណ្ឌ​ដូន​ពេញ​២នាក់។

សំណុំ​រឿង​នេះ​​ត្រូវបាន​តុលាការ​ថ្នាក់​ក្រោម​កាត់​ក្តី​ឲ្យ​ជាប់​ពន្ធ​នាគារ​ចំនួន២ឆ្នាំ កន្លះពាក់​ព័ន្ធ​នឹង«បទ​ប្រើ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស» ៕