សៀមរាប៖ អ្នកភូមិរាប់រយនាក់ដែលនៅតំបន់ប្រវត្តិសាស្រ្តភ្នំគូលែន ក្នុងខេត្តសៀមរាបមានការភ្ញាក់ផ្អើល បន្ទាប់ពីរដ្ឋាភិបាលប្រកាសថា នឹងផ្លាស់ប្តូរពួកគេទៅនៅកន្លែងផ្សេងជាផ្នែកនៃគម្រោងមួយដើម្បីទទួលបានការចុះបញ្ជីបេតិកភ័ណ្ឌពិភពលោករបស់អង្គការយូណេស្កូសម្រាប់កន្លែងនេះ។
លោក ភួង លីណា ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប កាលពីម្សិលមិញបានបញ្ជាក់ចំពោះព័ត៌មានដែលអ្នកភូមិបានទទួលកាលពីចុងសប្តាហ៍។
លោក លីណា ថ្លែងថា៖ «គ្រួសារប្រហែល ៣០០ គ្រួសារ ដែលភាគច្រើនបំផុតជាទាហាននិងគ្រួសារអ្នកចំណូលថ្មីដែលរស់នៅជិតតំបន់ព្រះអង្គធំនៅលើភ្នំគូលែននឹងត្រូវផ្លាស់ប្តូរ ឲ្យទៅនៅកន្លែងថ្មីនាពេលខាងមុខឆាប់ៗនេះ ដោយសារការរស់នៅរបស់ពួកគេកំពុងប៉ះពាល់បរិស្ថានឧទ្យានជាតិ»។
ទោះយ៉ាងណាក្តី លោកបន្ថែមថា អ្នកដែលបានរស់នៅទីនោះអស់រយៈពេលយូរ រហូតដល់ ២០ ឆ្នាំ នឹងមិនត្រូវបានផ្លាស់ប្តូរទេ។
ប៉ុន្តែមិនទាន់មានភាពច្បាស់លាស់អំពីផែនការរបស់ក្រសួងនៅឡើយទេ ខណៈលោក លីណា ទទួលស្គាល់ថា លោកមិនដឹងថា នៅពេលណាអ្នកភូមិនឹងត្រូវផ្លាស់ប្តូរ ឬ ទៅកន្លែងណានោះទេ ប៉ុន្តែលោកបានអះអាងថា នឹងទៅអតីតផ្ទះរបស់ពួកគេនៅជិតៗនោះ។ លោកមិនបានលើកឡើងអំពីសំណងជាប្រាក់ទេ។
លោកថ្លែងថា៖ «ពួកគេប្រហែលជានឹងត្រូវឲ្យទៅនៅជើងភ្នំ ហើយយើងប្រហែលជាឲ្យពួកគេនៅដីមួយដុំធំជាងកន្លែងបច្ចុប្បន្ន»។
លោក លីណា បានបន្ថែមថា៖ «យើងនឹងរើផ្ទរបស់ពួកគេ ប៉ុន្តែយើងនឹងរក្សាអាជីវកម្មរបស់ពួកគេនៅលើភ្នំពេញ ដោយមិនប៉ះពាល់»។
គម្រោងនេះគឺធ្វើឡើងបន្ទាប់ពីមានសំណើពីក្រសួងបរិស្ថានទៅគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការការពារនិងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្រ្តអង្គរ (ICC-Angkor) ដើម្បីអភិវឌ្ឍនផែនការមេសម្រាប់ការគ្រប់គ្រងតំបន់ឧទ្យានជាតិនៅក្នុងកិច្ចខិតខំប្រឹងប្រែងដាក់តំបន់នេះទៅក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោក ដែលនេះជាការងារមួយដែលតម្រូវឲ្យមានការកំណត់ចំនួនប្រជាជន។
លោក ឈិន វន្នី អាយុ ៤៣ ឆ្នាំជាប្រជាពលរដ្ឋម្នាក់ដែលនៅក្នុងតំបន់នេះតាំងពីឆ្នាំ ២០០០ បានថ្លែងថា ចម្ងាយពីផ្ទះបច្ចុប្បន្នរបស់លោកទៅជើងភ្នំគឺមានចម្ងាយរហូតដល់ ២០ គីឡូ។
លោក វន្នី បានថ្លែងថា៖ «ខ្ញុំនឹងមិនទៅណាទេ។ ខ្ញុំគ្រាន់តែចង់រស់នៅទីនេះ។» «យើងពិបាកចិត្តណាស់ព្រោះយើងមិនបានកាប់ឈើទេ យើងមិនបានធ្វើឲ្យមានបញ្ហាណាមួយដល់ឧទ្យានទេ យើងគ្រាន់តែរស់នៅទីនោះជាមួយធម្មជាតិដើម្បីលក់វត្ថុអនុស្សាវរីយ៍ទៅភ្ញៀវទេសចរ»។
មន្រ្តីអាជ្ញាធរអប្សរា ឈាន រដ្ឋា បានថ្លែងថា អាជ្ញាធរបានគ្រប់គ្រងឧទ្យាននេះចាប់តាំងពីមានព្រះរាជក្រឹត្យឆ្នាំ ១៩៩៦ ហើយលោកបានសង្កត់ធ្ងន់ថា៖ «ការងាររបស់យើងគឺផ្តោតទៅលើការអភិរក្សនិងធ្វើការស្រាវជ្រាវបុរាណវិទ្យានៅឧទ្យាន»៕PS