ព្រះសីហនុៈ អ្នក​ភូមិ​​ចំនួន ១០ ​នាក់​ត្រូវ​បាន​ក្រុម​មន្ត្រី​ឧទ្យា​ន​ជាតិ​ព្រះសីហ​នុ​រាម ចុះ​ធ្វើការ​ហាម​ឃាត់ និង​​អប់​រំណែ​នាំ​​ឲ្យរុះរើ​តង់​របស់​ពួក​គេ​ចេញ​ពី​ក្នុង​តំបន់​ព្រៃ​អភិរក្សខណៈ​ពួក​គេ​​បាន​​លួច​ឆ្មក់​ចូល​ទៅបោះ​តង់​ ដើម្បី​តាំង​ទីលំនៅ​ និង​កាប់​ទន្ទ្រាន​យក​ដីព្រៃ​របស់​រដ្ឋ​ធ្វើជា​កម្មសិទិ្ធ​​​ដោយ​​ខុស​ច្បាប់។

លោក មុត សុធារិទ្ធ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះ​សីហនុ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ កាល​ពី​​ថ្ងៃព្រហស្បតិ៍​ថា កាល​ពីថ្ងៃពុធ​ ក្រុម​មន្ត្រី​ឧទ្យា​នុរក្ស​ នៃ​ឧទ្យាន​ជាតិ​ព្រះ​សីហនុ​រាមបាន​ចុះ​ល្បា​​ត​ព្រៃ ហើយ​បាន​ប្រទះ​ឃើញ​​ក្រុមអ្នក​ភូមិ​ ១០ ​នាក់ កំពុង​នាំគ្នា​បោះ​តង់​ដោយ​ខុសច្បាប់ នៅ​ចំណុច​ទួល​តាប៊ិន ដែល​ជាតំបន់​ហាម​ឃាត់។

លោក​ សុធារិទ្ធ​ បន្តថា ក្រោ​យ​ពីឃើញ​សកម្ម​ភាព​បោះ​តង់​មិន​ប្រក្រតី​របស់​អ្នក​ភូមិ​ទាំងនោះ ក្រុម​មន្ត្រី​ឧទ្យានុរក្ស បាន​នាំ​​គ្នា​​ចូលទៅ​សាក​សួរ ហើយ​ដឹង​ថា​ ពួកអ្នកភូមិ​ទាំង​នោះ​ គឺជាអ្នករស់​នៅ​ភូមិ​ស្មាច់​ដែង ឃុំរាម ស្រុក​ព្រៃនប់ ហើយពួកគាត់​ បាន​ចូល​ទៅបោះ​តង់​ក្នុង​តំបន់​ព្រៃហាមឃាត់​ខាង​លើ​នេះ ចំនួន​ ២ ថ្ងៃ​មក​ហើយ ​ក្នុង​គោល​បំណង​ចង់​កាប់​រានដី​ព្រៃ​ក្នុង​តំបន់​នោះ ដើម្បី​ធ្វើ​ចម្ការ​។ បន្ទាប់​ពី​បានស្ដាប់​ការបក​ស្រា​យ​របស់​អ្នក​ភូមិ​ទាំង​នោះ​រួច ក្រុម​មន្ត្រី​ឧទ្យា​នុរក្ស ក៏បាន​ធ្វើ​ការ​ហាមឃាត់ និង​ពន្យល់​ណែនាំ​ដល់​ពួកគាត់​ ឲ្យ​បញ្ឈប់​​នូវ​រាល់​​សកម្មភាពល្មើស​ច្បាប់​ទាំង​នេះ និង​បាន​បង្គាប់​ឲ្យពួក​គាត់​រុះរើ​តង់​ចាក​ចេញ​ពី​តំបន់​ហាម​ឃាត់​នោះ​ជា​បន្ទាន់​​។

លោក ​បញ្ជាក់​ថា៖ «ក្រុម​មន្ត្រី​ឧទ្យានុរក្ស​យើង​មិន​បាន​ឃាត់​ខ្លួន​ក្រុម​អ្នក​ភូមិ​ទាំង​នោះ​ទេ ដោយ​​សារ​ពួក​គាត់​ទើបតែ​ចូល​ទៅ​​កាន់​តំបន់​នោះ ហើយ​ជាពិ​សេស ពួក​គាត់​បាន​ស្ដាប់​និង​អនុវត្ត​តាម​ការ​ពន្យល់​ណែនាំ​របស់​យើង ដោយ​បាន​នាំគ្នា​រុះរើ​តង់របស់​ពួកគាត់​​ចេញពីក្នុង​តំបន់​នោះ និង​បាន​ធ្វើ​កិច្ច​សន្យា​ថា ពួកគាត់​នឹង​មិន​ត្រឡប់​​ចូលមករុ​ករាន​ដីព្រៃក្នុង​តំបន់​នេះជា​ថ្មីម្ដង​ទៀត​ឡើយ»។

លោក​ ហេង ស៊ីថា គឺជា​អ្នក​ភូមិ​ម្នាក់ ​ក្នុង​ចំណោម​អ្នក​ភូមិ​ ១០​ នាក់​ ដែល​បាន​លួច​ចូល​ទៅ​បោះ​តង់​ក្នុង​តំបន់​ហាម​ឃាត់​​ខាង​លើ​នោះ ​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ កាល​ពីម្សិល​មិញ​ថាពួក​លោក​​ពិត​ជាមាន​បំណ​ង​​ចូលទៅ​កាប់​ឆ្ការព្រៃ​ក្នុង​តំបន់​ខាង​លើនោះ ដើម្បី​ធ្វើ​ចម្ការ​ប្រាកដ​មែន ព្រោះ​ដីក្នុង​តំបន់​នោះមាន​ជីជាតិ​ល្អ សម្រាប់​ដំណាំហូប​ផ្លែ ដូច​ជា​ ចេក ដូង ស្វាយ ជាដើម។

លោកថ្លែង​ថា កាល​ពី​ថ្ងៃ​អាទិត្យ ពួកលោក​​​បា​ន​ចូល​ទៅ​ក្នុង​តំបន់​នោះ​ ហើ​យ​​ឃើញ​មាន​ដំណាំ​មួយ​ចំនួន ​ដែលទើប​ត្រូវ​បាន​គេដាំ​ក្នុង​ពេល​ថ្មីៗនេះ ប៉ុន្តែ​ពុំឃើញ​មាន​មនុស្ស​នៅ​ទីនោះ​ទេ។ លុះ​ដល់​ថ្ងៃ​ចន្ទ ពួក​លោក​​បាន​នាំគ្នាទៅ​បោះ​តង់​នៅ​ទី​នោះ ដើម្បី​កាប់​រាន​ដីព្រៃ ធ្វើ​ចម្ការ​ ប៉ុន្តែ​ត្រូវ​បាន​ក្រុម​មន្ត្រី​បរិស្ថាន​ចុះល្បាត​ប្រទះ​ឃើញ ហើយ​បាន​ហាម​ឃាត់។

លោក​ ស៊ីថា ​បញ្ជាក់​ថា​៖ «ពួក​យើង​ទទួល​ស្គាល់​ថា យើង​ពិត​ជាខុស​មែន ​ព្រោះ​តែ​ពួក​យើង​ទទួល​ស្គាល់​កំហុស​​ខ្លួន​ឯង​នេះ​ហើយ ទើប​នាំគ្នា​រុះរើ​​តង់​ចេញ​ពីតំបន់​នោះដោ​យ​មិន​មាន​ការប្រកែក​តវ៉ាអ្វី​ទាំង​អស់​គឺពួក​យើង​គោរព​ និង​អនុ​វត្ត តាម​ការ​ណែនាំ​ពី​មន្ត្រី​ជំនាញ»។

បើតាម លោក នេត្រ ភក្ត្រា រដ្ឋលេខា​ធិការ​ និង​ជា​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​ ការ​រុករាន​ទន្ទ្រាន​កាន់​កាប់​ដីព្រៃ​របស់​រដ្ឋ​ដោយ​​ខុស​ច្បាប់​របស់​​​ប្រជា​ពលរដ្ឋ​ខ្លះ ត្រូវ​បាន​ធ្វើ​ឡើង​ ក្រោម​ការ​បំផុស​បំផុល​ពីក្រុម​ឈ្មួញ​រក​ស៊ីជួញ​ដូរ​ដីធ្លី ​ហើយ ល្បិច​កល​​ក្នុង​ការ​បំផ្លាញ​ធន​ធាន​​ធម្ម​ជាតិ ដើម្បី​ទន្ទ្រាន​យក​ដីមក​កាន់កាប់ជា​កម្ម​សិទ្ធិ​ឯក​​​ជ​ន​ខុសច្បា​ប់​ខ្លះ ត្រូវ​បាន​គេធ្វើ​ឡើង​មាន​​ច្រើន​រូបភាព ដូចជា​ការ​បោះ​បង្គោល​ព្រំដី ការ​កាប់​ត្រាយ​ព្រៃ​តូចៗ​​ឱ្យងាប់ រួច​ដុត​សម្អាត​ សម្រាប់​ដាំដំណាំ​តាម​រដូវកាល​ដូចជាពោត ដំឡូ​​ង សណ្តែក និង​ដំណាំ​បន្លែរួម​ផ្សំ​។ ​«ការ​យក​ពលរដ្ឋ​មក​ធ្វើ​ជាលេ​ស​ ដើម្បី​ទន្ទ្រាន​កាន់​កាប់​ដីរដ្ឋ គឺ​ជារឿង​ខុស​ច្បាប់​ និង​មិនត្រូវ​បាន​អត់​ឱន​ឲ្យ​ឡើយ»៕