កំពង់ឆ្នាំងៈ ប្រជាពលរដ្ឋ​ ១៧០ ​គ្រួសារ​ នៅ​ឃុំ​ស្វាយរំពារ​បាន​នាំគ្នា​ផ្ដិតមេដៃ​ធ្វើ​ញត្តិ​ដាក់​ស្នើ​ទៅ​អភិបាល​ខេត្ត​កំពង់ឆ្នាំង​សុំ​ជួយ​អន្តរាគមន៍​ករណី​កងរាជអាវុធហត្ថ​ចាប់​ឃាត់ខ្លួន​ពលរដ្ឋ ៥ ​នាក់ និង​ត្រាក់ទ័រ ៥ ​គ្រឿង ហើយ​កាលពី​ថ្ងៃទី​ ៣០ ខែមីនា តុលាការ​បាន​ឃុំខ្លួន​ដោយ​ចោទ​ពីបទ​ «​ឈូសឆាយ​ទន្ទ្រាន​យក​ដីព្រៃ​លិច​ទឹក​របស់​​រដ្ឋ​ដោយ​ខុសច្បាប់​»​។ ប៉ុន្តែ​ពលរដ្ឋ​ និង​អាជ្ញាធរ​ដែនដី និយាយ​ថា​ដី​ដែល​ឈូសឆាយ​នោះ​គឺជា​ដី​ដែល​ពលរដ្ឋ​ធ្វើស្រែ​ប្រាំង ១០-២០ ​ឆ្នាំ​មកហើយ​មិនមែន​ជា​ដីព្រៃ​របស់​រដ្ឋ​នោះទេ​។

លោក ស៊ុត សើញ តំណាង​ពលរដ្ឋ ៧០ ​គ្រួសារ ​ក្នុង​ភូមិ​តាឡាត់ ឃុំ​ស្វាយរំពារ ស្រុក​កំពង់លែង​ថ្លែង​ពីថ្ងៃ​ពុធ​ថា ចំណាត់ការ​របស់​អាវុធហត្ថ​ខេត្ត​កំពង់ឆ្នាំង​កាលពី​ថ្ងៃទី​ ២៦ ខែមីនា ឆ្នាំ​ ២០២០ បាន​បង្ក​ឲ្យ​ប៉ះពាល់​ផលប្រយោជន៍​របស់​ប្រជាកសិករ​នៅ​ភូមិ​តាឡាត់ និង​ភូមិ​ល្វា​យ៉ាង​ធ្ងន់ធ្ងរ​ដោយ​បាន​បង្ក្រាប​ចាប់​ពលរដ្ឋ​ ៥​ នាក់ និង​រឹបអូស​ត្រាក់ទ័រ​ចំនួន​ ៥ ​គ្រឿង ​យក​ទៅ​ដាក់​ពន្ធនាគារ​ទាំង​អយុត្តិធម៌​ខណៈ​ពួកគេ​ត្រូវបាន​ជួល​ឲ្យ​មក​ភ្ជួរ​រាស់​ពង្រាប​ដីស្រែ ដើម្បី​ត្រៀម​បង្កបង្កើនផល​នា​ដើមរដូវវស្សា​ខាងមុខ​។ «​កម្លាំង​អាវុធហត្ថ​ខេត្ត​មិនបាន​ស្រាវជ្រាវ​ពី​ប្រវត្តិ​ដី​ឲ្យ​បាន​ច្បាស់លាស់​ទេ បែរជា​ចុះបង្ក្រាប​ចាប់​កម្មករ​ស៊ីឈ្នួល​បើក​ត្រាក់ទ័រ ៥ ​នាក់​ដែល​អ្នកភូមិ​យើង​បាន​ជួល​ឲ្យ​មក​ភ្ជួរ​ពង្រាបដី​ស្រែប្រាំង​នៅ​ចំណុច​អង្គំ​ស្ថិត​ក្នុង​ភូមិ​តាឡាត់​យក​ទៅ​ដាក់​គុក​ដោយ​ចោទ​ពីបទ​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ​ដោយ​ខុសច្បាប់ ហើយ​រឹបអូស​យក​ទាំង​ត្រាក់ទ័រ​ ៥ ​គ្រឿង​ទៀត​»​។

បើតាម​លោក​ សើញ ​បាតុភាព​នេះ​ធ្វើ​ឲ្យ​អ្នកភូមិ​នៅ​ទូទាំង​ឃុំ​ស្វាយរំពារ ខាតបង់​ផលប្រយោជន៍​ដូច្នេះ​ទើប​ពួកលោក​បាន​នាំគ្នា​ធ្វើ​ញត្តិ​តវ៉ា​ដោយមាន​ស្នាម​មេដៃ​អ្នកភូមិ​ ១៧០ ​នាក់​ដើម្បី​ដាក់​ស្នើ​ទៅ​អភិបាលខេត្ត​កំពង់ឆ្នាំង​ជួយ​អន្តរាគមន៍​ដោះលែង​អ្នកបើកបរ​ត្រាក់ទ័រ ៥ ​នាក់ និង​ត្រាក់ទ័រ​ ៥ ​គ្រឿង និង​ដោះស្រាយ​បញ្ហា​ដីស្រែប្រាំង​។ «​នៅ​ថ្ងៃ​សុក្រ​ ឬ​យ៉ាងយូរ​នៅ​ថ្ងៃ​ចន្ទ​សប្ដាហ៍​ក្រោយ​ពួកយើង​នឹង​នាំគ្នា​ទៅ​ប្រមូលផ្ដុំ​ដាក់​ញត្តិ​តវ៉ា​នេះ​នៅ​មុខ​សាលាខេត្ត​កំពង់ឆ្នាំង​»​។

ជាមួយ​គ្នា​នេះ​លោក​ នឹន ង៉ុន តំណាង​ប្រជាកសិករ ១០០ ​គ្រួសារ​ ដែល​មាន​ទីលំនៅ​ក្នុងភូមិ​ល្វា​ដែល​កសិករ​ទាំងនោះ​ភាគច្រើន​មាន​ដីស្រែប្រាំង​នៅក្នុង​ចំណុច​តំបន់​អង្គំ​, ស្ទឹង​ត្រកួន​, និង​តំបន់​ស្រែឈូក​បាន​ថ្លែង​បន្ទរ​ថា​៖ «​វា​ពិតជា​អយុត្តិធម៌​ខ្លាំងណាស់​សម្រាប់​ពួកយើង​ជា​ប្រជាកសិករ​នៅ​ទូទាំង​ឃុំ​ស្វាយ​រំពារ​នេះ​»​។ អ្នកភូមិ​របស់លោក​បាន​នាំគ្នា​បង្កបង្កើនផល​តាំងពី​ឆ្នាំ ១៩៨៩ ​មក​ដោយ​អ្នកភូមិ​ខ្លះ​បាន​ដាំ​ឈូក ខ្លះ​ដាំពោត ល្ង និង​ខ្លះទៀត​ធ្វើ​ស្រូវប្រាំង​។

ក្នុង​រយៈពេល​ជាង​ ២០ ​ឆ្នាំ​កន្លងមកនេះ ការបង្កបង្កើនផល​របស់​អ្នកភូមិ​មិនសូវ​បាន​ទទួល​ផល​នោះ​ទេ ដោយ​ខ្វះ​ប្រព័ន្ធ​ស្រោចស្រព ប៉ុន្តែ​កាលពី​ដើម​ឆ្នាំ​ ២០១៩ ​រដ្ឋាភិបាល​បាន​ជីក​ប្រឡាយ​ ១ ​ខ្សែ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​កង្វះ​ទឹក​ស្រោចស្រព​នេះ​។ «​ប្រឡាយទឹក​ ១ ​ខ្សែ​នេះ​បាន​ជួយ​ឲ្យ​ពួកយើង​បង្កបង្កើនផល​ទទួល​បាន​ទិន្នផល​ខ្ពស់ ព្រោះ​វា​បាន​ផ្គត់ផ្គង់​ទឹក​គ្រប់គ្រាន់ សម្រាប់​ស្រោចស្រព​។ ប៉ុន្តែ​នៅពេល​ពួកយើង​ចាប់ផ្ដើម​ភ្ជួរ​ពង្រាប​ដីស្រែ ដើម្បី​ត្រៀម​ដាំដុះ​ដំណាំ​សម្រាប់​ដើម​រដូវវស្សា​ខាងមុខ​នេះ​បែរ​ជា​កងរាជអាវុធហត្ថ​ចុះចាប់ និង​ចោទ​ពួកយើង​ថា បាន​ឈូសឆាយ​ទន្ទ្រាន​យក​ដី​លិច​ទឹក​របស់​រដ្ឋ​ទៅវិញ​។ ការចោទប្រកាន់​នេះ​គឺ​វា​ធ្ងន់ធ្ងរ​ខ្លាំងណាស់ ព្រោះ​វា​ធ្វើឲ្យ​ពួកយើង​ប្រឈម​នឹង​ការបាត់បង់​ដីស្រែ​កសិកម្ម​សម្រាប់​បង្កបង្កើនផល​ចិញ្ចឹមជីវិត​»​។

លោក​ ឌី អឿន មេឃុំ​ស្វាយ​រំពារ​ថ្លែង​ពីថ្ងៃ​ពុធ​ថា ដីស្រែ​ទាំងអស់​នៅ​ចំណុច​ខាងលើនេះ​ជា​ដីស្រែ​របស់​ប្រជាពលរដ្ឋ​ដែល​ពួកគាត់​ធ្លាប់​អាស្រ័យផល និង​កាន់កាប់​ជាង​ ១០ ​ទៅ​ ២០ ​ឆ្នាំ​មកហើយ មិនមែន​ពួកគាត់​ទៅ​រុករាន​យក​ដីព្រៃ​លិច​ទឹក​របស់​រដ្ឋ​ថ្មីៗ​នោះ​ឡើយ​។ ម្យ៉ាង​ដីស្រែ​ទាំងអស់​នេះ​ពួកគាត់​ទើបតែ​ច្រូត​រួច​ជាង​ ១០ ​ថ្ងៃ​ប៉ុណ្ណោះ​។ «​នៅពេល​នេះ​ខ្ញុំ​បានទទួល​ស្នាម​មេដៃ និង​សំណើ​របស់​អ្នកភូមិ​ទាំងនោះ​ហើយ និង​កំពុង​រៀបចំ​សំណុំ​ឯកសារ​បញ្ជូន​បន្តទៅ​អភិបាលស្រុក ដើម្បី​ជួយ​អន្តរាគមន៍​បញ្ជូន​ពាក្យស្នើសុំ​នេះ​ទៅដល់​ឯកឧត្តម​អភិបាលខេត្ត​ជួយ​អន្តរាគមន៍​ដោះលែង​ពលរដ្ឋ​ទាំង ៥ ​នាក់​រួមទាំង​គ្រឿងចក្រ​ ៥ ​គ្រឿង​មកវិញ​ផងដែរ​»​។

លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពង់ឆ្នាំង មិនអាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​ជុំវិញ​ករណីនេះ​បានទេ​កាលពី​ម្សិលមិញ ប៉ុន្តែ​កាលពី​ព្រឹក​ថ្ងៃទី​ ៣១ ​ខែ​មីនា​លោក​បាន​ប្រាប់​បណ្ដាញ​សារព័ត៌មាន​ហ្វ្រេសញូវ​ថា ការចាប់​មនុស្ស​ ៥ ​នាក់​នេះ កម្លាំង​អាវុធហត្ថ​ខេត្ត​ធ្វើ​ឡើង​ដោយ​មិនបាន​សហការ​ជាមួយ​មន្ត្រី​ជំនាញ​របស់លោក​ឡើយ​។

ប៉ុន្តែ​លោក ហង្ស សុជាតិ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ឆ្នាំង​កាលពី​ថ្ងៃ​ពុធ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការឃាត់​គ្រឿងចក្រ និង​មនុស្ស​ទាំង​ ៥ ​នាក់​នេះ​គឺ​ធ្វើ​ឡើង​ដោយ​បាន​សុំ​គោលការណ៍​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​ដោយសារ​ប្រជាពលរដ្ឋ​ទាំងនោះ​បាន​ទៅ​ឈូសឆាយ​ដីព្រៃ​លិច​ទឹក​របស់​រដ្ឋ​។

លោក​បញ្ជាក់ថា​៖ «​ជនសង្ស័យ​ទាំង​ ៥ ​នាក់​នោះ​គឺ​យើង​បង្ក្រាប​ចាប់​ក្នុងពេល​កំពុង​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង​គឺ​ឈូសឆាយ​ដីព្រៃ​ក្នុង​តំបន់​ ៣ ដែល​រដ្ឋ​បាន​ហាមឃាត់​មិនមែន​ជា​ដីស្រែប្រាំង​អី​នោះទេ​ហើយ​ការចាប់​ឃាត់ខ្លួន​នេះ​គឺធ្វើឡើង​ដោយមាន​កិច្ចសហការ​ផ្លូវច្បាប់​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ផងដែរ​មិនមែន​ធ្វើ​ដោយ​ចិត្ត​ឯង​នោះទេ​»៕