កំពង់ឆ្នាំងៈ យ៉ាងហោច​ណាស់​មាន​អ្នក​ភូមិ​​ចំនួន​ ៦ ​នាក់​​ក្នុង​ចំណោម​អ្នកភូមិ​រហូត​ដល់​ជាង​ ១០០ ​នាក់​បាន​ស្លាប់​ដែល​​អាជ្ញាធរ​សង្ស័យ​​ថា ​បណ្តាល​មកពី​ពុល​ទឹក​ និង​ពុល​ស្រាស​ក្នុង​រយៈពេល​ ២ ​ថ្ងៃ​កន្លង​មក​​​នៅ​ក្នុង​ភូមិ​ជីប្រ៉ង ឃុំជៀប ស្រុក​ទឹកផុស​។

លោក ប្រាក់ វ៉ុន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ឆ្នាំង បាន​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ករណី​ពុល​ស្រាស​នេះ​កើត​មានឡើង​នៅ​វេលា​ម៉ោង​ប្រមាណ​ជា ៤ រសៀល​ថ្ងៃ​ទី ២៨ ខែ​វិច្ឆិកា បន្ទាប់ពី​មាន​ពលរដ្ឋ​ម្នាក់​មាន​អាការ​មិន​ស្រួល​ខ្លួន​ដូចជា ឈឺក្បាល​ វិលមុខ​ តឹង​ទ្រូង ថប់ដង្ហើម​ និង​ក្អួត​ចង្អោរ បន្ទាប់មក​មាន​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់​មាន​អាការ​ដូចគ្នា​នេះ​កើតឡើង។

លោក​​ថ្លែង​ថា៖ «រហូត​មក​ដល់​ថ្ងៃនេះ (​ ២៩ ​​​វិច្ឆិកា) ប្រជាពលរដ្ឋ​ដែល​ពុល​ស្រាស​ក្នុង​ពិធីបុណ្យ​សព​ដែល​​មាន​ពលរដ្ឋ​ចំនួន ​២ នាក់​បាន​ស្លាប់​​ដោយសារ​ពុល​ទឹក​ មាន​រហូត​ទៅ​ដល់ ១០១ នាក់​ដែល​ក្នុង​នោះ​បាន​ស្លាប់​ចំនួន​ ៤ នាក់​នៅ​មន្ទីរពេទ្យ​ខេត្ត និង​មន្ទីរពេទ្យ​នៅ​រាជធានី​ភ្នំពេញ​​ដោយសារ​ពួកគេ​មាន​អាការ​ធ្ងន់ធ្ងរ​ជាង​គេ»។

អ្នក​ដែល​ពុល​ស្រាស​នេះ​មាន​អាយុ​ចន្លោះពី​ជាង​ ២០ ​ឆ្នាំទៅ​ដល់​ ៦០ ​ឆ្នាំ ហើយ​អ្នក​ពុល​ខ្លះ​មាន​អាការធូរស្រាល​នឹង​អាច​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​។ លោក​មាន​ប្រសាសន៍​ថា អាជ្ញាធរ​បាន​ប្រមូល​នូវ​សំណាក​ដែល​មាន​ស្រាស​ និង​ស្រាថ្នាំ​ដែល​ប្រជាពលរដ្ឋ​បាន​ពិសា​ក្នុង​ពិធី​បុណ្យ​ផ្ញើ​មក​មន្ទីរពិសោធន៍​នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ពិនិត្យ​មើល​ឱ្យ​​បាន​ច្បាស់​ថា តើ​មូលហេតុ​នៃ​ការពុល​ស្រាស​នេះ​បណ្តាល​មកពី​អ្វី​ពិតប្រាកដ។

លោក​​បាន​បន្ត​ថា​៖ «​មក​ដល់​ពេល​នេះ យើង​មិន​ទាន់​ទទួល​បាន​លទ្ធផល​ជា​ផ្លូវការ​យ៉ាងណា​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​បាន​ធ្វើការ​សន្និដ្ឋាន​ជា​បឋម​ថា ករណី​ពុល​នេះ​គឺ​បណ្តាល​មកពី​ស្រាស​ដែល​មាន​សារជាតិ​មេតាណុល​ច្រើន​ហួស​កម្រិត​»។ លោក​​បន្ថែម​​ថា មន្ទីរ​សុខាភិបាល​ខេត្ត​តែងតែ​ធ្វើការ​ផ្សព្វផ្សាយ និង​អំពាវនាវ​ទៅដល់​ប្រជាពលរដ្ឋ​កុំ​ឱ្យ​ពិសាស្រាស​ណា​ដែល​មាន​ការផលិត​មិន​ត្រឹមត្រូវ​តាម​ស្តង់​ដា​បច្ចេកទេស​។

អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល លោកស្រី ឱ វណ្ណឌីន បាន​ប្រាប់​ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី ២៨ ខែ​វិច្ឆិកា​ថា ករណី​សង្ស័យ​ពុល​ស្រាស​នេះ​បាន​កើតឡើង​ក្នុង​ចំណោម​អ្នក​ដែល​បាន​ធូរ​ស្រាល​ពី​ពុល​ទឹក​ដោយសារ​ថ្នាំបាញ់​នៅ​ចម្ការ​ឪឡឹក​នៅក្នុង​ទីតាំង​ជាមួយ​គ្នា​ដែល​អ្នក​ទាំង​នេះ​បាន​ទៅ​ចូលរួម​ពិធីបុណ្យ​សព​អ្នក​ភូមិ​ដែល​បាន​ស្លាប់​ពី​ការពុល​ទឹក។

លោក​ស្រី​ថ្លែងថា បន្ទាប់ពី​មាន​ហេតុ​ការណ៍​ភ្លាម​ៗ​នោះ​ដែរ រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង​ បាន​ចាត់​ក្រុម​ការងារ​ចុះ​ទៅ​ពិនិត្យ​ និង​អន្តរាគមន៍​ជួយ​ជាបន្ទាន់ និង​បាន​ពិភាក្សា​ជាមួយ​អភិបាល​ខេត្ត​កំពង់ឆ្នាំង ដើម្បី​បញ្ឈប់​ការលក់​ និង​ចែកចាយ​ស្រាស​នោះ​ជា​បន្ទាន់​ផង​ដែរ​។

លោកស្រី​ថា៖ «សូម​បងប្អូន​កុំ​ពិសាស្រាស​ដែល​រៀបចំ​គ្មាន​បច្ចេកទេស​ត្រឹមត្រូវ ដើម្បី​ចៀស​ផុត​ពី​ការពុលដែល​ធ្វើឲ្យ​បាត់បង់​ជីវិត​»។

ករណី​ពុល​ស្រាស និង​ស្រា​ថ្នាំនេះ​គឺ​កើត​មាន​ក្នុង​ពិធី​បុណ្យសព​ដែល​​អ្នក​ស្លាប់​នោះ​គឺ​ស្លាប់​ដោយសារ​ពុលទឹក​ដែល​ពួក​គាត់​ហូប​នោះ​មាន​សារធាតុ​គីមី​ពុល ដែល​​ធ្វើឱ្យ​មាន​ជនរងគ្រោះ​សរុប​ពី​ការពុល​ទឹក​នេះ​រហូត​ដល់​ចំនួន​ ១៣ ​នាក់ (ស្រី​ ៨ ​នាក់​ និង​ប្រុស​ ៥ ​នាក់) មាន​អាយុ​ពី​ ៤ ​ឆ្នាំ ដល់​ ៥៣ ​ឆ្នាំ។

បើ​តាម​លោកស្រី ឱ វណ្ណឌីន ករណី​ពុល​ទឹក​នេះ​បណ្តាល​ឱ្យ​ស្រ្តី​ចំនួន​ ២ ​នាក់​ស្លាប់ និង​ ១១ ​នាក់​ទៀត​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ខេត្ត​កំពង់ឆ្នាំង។

បើ​តាម​របាយការណ៍​ពី​មន្ទីរសុខាភិបាល​ខេត្ត​កំពង់ឆ្នាំង​នៅ​ថ្ងៃទី​ ២៤ ខែវិច្ឆិកា ប្រហែល​ម៉ោង​ ១១ ​ថ្ងៃ​ត្រង់ ជនរងគ្រោះ​ទាំងនេះ​បាន​អស់​ទឹក​សម្រាប់​បរិភោគ ហើយ​ក៏​បាន​ទៅ​ដងទឹក​អណ្តូង​ដែល​គេ​ជីក​នៅ​តាម​វាលស្រែ​យក​ទឹក​សម្រាប់​ប្រើប្រាស់ និង​យក​មក​ចែក​គ្នា​បរិភោគ​ពេល​បាយ​ថ្ងៃ​ត្រង់ ខណៈ​ដែល​នៅ​ព្រឹក​នោះ​គេ​ឃើញ​កសិករ​ដាំ​ឪឡឹក​ក្បែរ​នោះ បាន​យក​ធុង​ថ្នាំ​បាញ់​ឪឡឹក​ទៅ​លាង​នៅ​ទីនោះ​។

របាយការណ៍​បន្ត​ទៀត​ថា ក្រោយពី​ពិសាទឹក​នោះ​បន្តិច​មក​មាន​ស្ត្រីម្នាក់​ចេញ​សញ្ញា​ក្អួតចង្អោរ តែ​មិន​មាន​អ្នក​ណា​ចាប់​អារម្មណ៍​ថា ពុល​ថ្នាំ​ទេ ដោយ​ស្មាន​ថា ខ្យល់​ចាប់ និង​ជា​បន្តបន្ទាប់​មាន​អ្នក​អស់​កម្លាំង​ឈឺក្បាល ទន់ដៃជើង ពិបាក​ដកដង្ហើម​រហូត​ដល់​​ទៅ​ ១១ ​នាក់​ និង​បាន​ស្លាប់​​ ២ ​នាក់​​ក្នុង​ថ្ងៃ​ដដែល​នោះ​។

បច្ចុប្បន្ន​ស្ថានភាព​អ្នក​ពុលស្រា​ និង​ពុល​ទឹក​​ទាំងនោះ​មាន​សភាព​ធូរស្រាល និង​បាន​វិលត្រឡប់​ទៅផ្ទះ​សំបែង​រៀង​ៗ​​ខ្លួន​វិញ​ហើយ នៅ​សល់​តែ​ស្ត្រី​អាយុ​ ៥៣ ​ឆ្នាំម្នាក់​ប៉ុណ្ណោះ​ត្រូវ​នៅ​បន្ត​ព្យាបាល​ដោយសារ​តែ​គាត់​មាន​ជំងឺ​សួត​៕

វីដេអូ៖