The Phnom Penh Post Search

Search form

អ្នក​មាន​ជម្លោះ​ដី​ជាមួយ​វៀតណាម​ ​ចោទ​អាជ្ញាធរ​ថា​គំរាម​សម្លាប់

Content image - Phnom Penh Post
ពលរដ្ឋ​ដែល​តវ៉ា​រឿង​ដី​នៅ​ស្រុក​ស្នួល​ពេល​ជួប​សមត្ថកិច្ច​ថ្មីៗ​នេះ​។ រូបថត ហ្វេសប៊ុក

អ្នក​មាន​ជម្លោះ​ដី​ជាមួយ​វៀតណាម​ ​ចោទ​អាជ្ញាធរ​ថា​គំរាម​សម្លាប់

ក្រចេះ: ពលរដ្ឋ​ជាង​​ ៣០០ ​នាក់​រស់នៅ​ឃុំ​ ២ ​ធ្នូ និង​ឃុំ​ឃ្សឹម ស្រុក​ស្នួល ខេត្ត​ក្រចេះ​កាលពី​ម្សិលមិញ​បាន​បន្ត​តវ៉ា​នៅ​សាលាឃុំ​ ២ ​ធ្នូ ប្រឆាំង​ក្រុមហ៊ុន​វៀតណាម​ឈ្មោះ​ចម្ការ​កៅស៊ូ​មេមត់​ដែល​បាន​ឈូសឆាយ​កំណត់​ព្រំដី ប៉ះពាល់​ផលដំណាំ និង​ដីធ្លី​ពួកគាត់​ច្រើន​ហិកតា​ដោយ​ចោទ​អាជ្ញាធរ​ថា គំរាម​​សម្លាប់ និង​ចាប់​ដាក់គុក ប៉ុន្ដែ​អាជ្ញាធរ និង​តំណាង​ក្រុមហ៊ុន​អះអាង​ថា ក្រុមពលរដ្ឋ​ខិលខូច​ដើរ​ទន្ទ្រាន​ដី​រដ្ឋ និង​មាន​អ្នក​នៅ​ពី​ក្រោយខ្នង​។

ការតវ៉ា​ ៣ ​ថ្ងៃ​ជាប់ៗ​គ្នា​នេះ ក្រុម​ពលរដ្ឋ​បាន​ចោទ​អាជ្ញាធរ​ថា មិន​បាន​ស្វែងរក​ដំណោះស្រាយ​ដីធ្លី​ជូន​ពួកគេ​ទេ តែ​បែរ​ជា​ប្រើ​កម្លាំង​គំរាម​សម្លាប់​ និង​ចាប់​ខ្លួន​អ្នក​តវ៉ា​ ២ ​នាក់ ហើយ​គំរាម​ចាប់​អ្នក​ផ្សេង​ដាក់គុក បើ​នៅ​រឹងទទឹង​តវ៉ា​ទៀត​។

ពលរដ្ឋ​ម្នាក់​រស់នៅ​ឃុំ​ ២ ​ធ្នូ លោក ម៉េត ធី អាយុ​ ៥០ ​ឆ្នាំ​បាន​ប្រាប់​ពី​ម្សិលមិញ​ថា ពលរដ្ឋ​ជាង​ ៤០០ ​គ្រួសារ​បាន​​មក​រស់នៅ​តំបន់​នោះ​តាំងពី​ដើម​ឆ្នាំ​ ២០១៥ ដោយសារ​ពួកគាត់​ក្រីក្រ គ្មាន​ដី​ធ្វើ​លំនៅឋាន និង​ធ្វើស្រែ​ចម្ការ​ចិញ្ចឹមជីវិត ទើប​នាំ​គ្នា​រាន​ដី​ធ្វើ​លំនៅឋាន​។

លោក​រំឭក​ថា កាលពី​ថ្ងៃ​ទី​ ១០ កុម្ភៈ ពលរដ្ឋ​ជាង​ ៣០០ ​នាក់​បាន​តវ៉ា​មិន​ឲ្យ​​គ្រឿងចក្រ​ក្រុមហ៊ុន​ឈូសឆាយ​កំណត់​ព្រំដី ព្រោះ​ប៉ះពាល់​ដីចម្ការ ផលដំណាំ និង​លំនៅឋាន​ពួកគាត់​ច្រើន​គ្រួសារ​។ លោក​ថា គ្រា​ដែល​អ្នកភូមិ​កំពុង​តវ៉ា​សមត្ថកិច្ច​ស្រុក​ស្នួល​បាន​ចាប់​ខ្លួន​ពលរដ្ឋ​ ២ ​នាក់ និង​ដោះលែង​នៅ​ល្ងាច​ថ្ងៃ​ដដែល​ក្រោយ​ពលរដ្ឋ​ព្រមាន​ធ្វើ​បាតុកម្ម​នៅ​មុខ​សាលាស្រុក​។

លោក​បន្ត​ថា ពួកលោក​មក​កាន់​កាប់​ដី​តំបន់​នេះ​ជិត​ ១០ ឆ្នាំ​ហើយ និង​ស្នើ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ពន្លឿន​ការ​ឆ្វៀល​ដី​ពី​ក្រុមហ៊ុន ដើម្បី​បំប្លែង​ជា​ដីសម្បទាន​សង្គមកិច្ច​ជូន​ពលរដ្ឋ​ក្រីក្រ​។

លោក ម៉េង ធី បញ្ជាក់​ថា​៖ «​ពួក​ខ្ញុំ​អស់​សង្ឃឹម​លើ​អាជ្ញាធរ​ទៀត​ហើយ ពួក​ខ្ញុំ​មាន​ទុក្ខ​រត់​មក​រក​អាជ្ញាធរ​ជួយ តែ​បែរ​ជា​មិន​ជួយ​ថែម​ទាំង​គំរាម​សម្លាប់ ចាប់​ដាក់គុក​ទៀត​។ លើស​ពី​នេះ​គេ​ថា បើ​ហ៊ាន​តវ៉ា​ទៀត​នឹង​បាញ់​សម្លាប់​ចោល​ដូច​ខ្មោច​ឆ្កែ​ហើយ ខ្ញុំ​អត់​ដឹង​និយាយ​អង្វរ​អាជ្ញាធរ​យ៉ាង​ណា បើ​អាជ្ញាធរ​និយាយ​បែប​នេះ​មក​កាន់​ពលរដ្ឋ​ខ្លួនឯង​នោះ​»​។

ពលរដ្ឋ​ម្នាក់​ទៀត​រស់នៅ​ឃុំ​ ២ ​ធ្នូ ​អ្នកស្រី ម៉េត សារ៉េត បាន​ថ្លែង​ដែរ​ថា សមត្ថកិច្ច​បាន​គំរាម​ពួកគាត់​មិន​ឲ្យ​តវ៉ា​បណ្ដាល​ឲ្យ​អ្នក​ភូមិ​ខ្លះ​ខ្លាចរអា ព្រោះ​ខ្លាច​អាជ្ញាធរ​ចោទ​ថា ជា​ក្រុម​បដិវត្តន៍​ពណ៌​។ ​អ្នកស្រី​ថា នៅ​គ្រា​ដែល​ពលរដ្ឋ​តវ៉ា​នោះ អភិបាលស្រុក​ស្នួល លោក គង់ គឹមនី បាន​មក​សម្រប​សម្រួល និង​សន្យា​ស្វែងរក​ដំណោះស្រាយ ប៉ុន្ដែ​គ្រាន់​តែ​ហាម​មិន​ឲ្យ​​ពលរដ្ឋ​ទៅ​រំលោភ​យក​ដី​ក្រុមហ៊ុន​។

អ្នកស្រី​បញ្ជាក់​ថា​៖ «​ខ្ញុំ និង​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​វៀតណាម​នេះ​សុំ​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខេត្ត​​ក្រចេះ​អន្តរាគមន៍​ទៅ​ក្រុមហ៊ុន​ឲ្យ​បញ្ឈប់​ការ​ឈូសឆាយ​កំណត់​ព្រំ​ប្រទល់​ប៉ះពាល់​ផលដំណាំ និង​ដីធ្លី​ពួក​ខ្ញុំ​»​។

លោក​ ប៉ឹង វិន មេឃុំ ២ ធ្នូ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា​៖ «​ពលរដ្ឋ​ដែល​រស់ក្នុង​បរិវេណ​ដី​ក្រុមហ៊ុន​នោះ​មាន​ ៤១៨ គ្រួសារ​ក្នុង​នោះ​អ្នក​ចំណាកស្រុក​មាន​ប្រហែល​ ៧០ ភាគរយ​។ បើ​យើង​វាយតម្លៃ​តាម​ច្បាប់​ពួកគាត់​មាន​កំហុស​ដែល​បាន​មក​រស់នៅ​លើ​ដី​ក្រុមហ៊ុន ប៉ុន្ដែ​អាជ្ញាធរ​ស្រុក​ ឬ​ខេត្ត​ថា​នឹង​ជួយ​ដោះស្រាយ​...​ខាង​ខ្ញុំ​អាជ្ញាធរ​ឃុំ​មិន​មាន​អ្វី​អារកាត់​ទេ​»​។

អភិបាលស្រុក​ស្នួល លោក គង់ គឹមនី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា អាជ្ញាធរ​ខេត្ត​បាន​បង្កើត​គណៈកម្មការ​រួច​​ហើយ​ដើម្បី​ចុះ​សិក្សា និង​វាយតម្លៃ​ក្នុង​ការ​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​នោះ​។ លោក​ថា​អាជ្ញាធរ​ស្រុក​ក៏​ធ្លាប់​បាន​ជូន​ដំណឹង​ទៅ​ពលរដ្ឋ​ដែរ​ទាក់ទិន​ដំណើរការ​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​របស់​អាជ្ញាធរ​។ លោក​ជំរុញ​ឲ្យ​ពលរដ្ឋ​ខ្វះខាត​ដី​អាស្រ័យ​ផល​ពិតប្រាកដ​អាច​ដាក់​ពាក្យ​ស្នើសុំ​ដី​សម្បទាន​សង្គមកិច្ច​មក​អាជ្ញាធរ​ ចៀសវាង​កាប់​រាន​ព្រៃ​ខុស​ច្បាប់​។

លោក​បញ្ជាក់​ថា​៖ «​យើង​មិន​ចង់​ឲ្យ​ពលរដ្ឋ​ក្លាយ​ជា​ឧបករណ៍​របស់​ជនខិលខូច​ទេ ព្រោះ​តាម​ខ្ញុំ​សិក្សា​កន្លង​មក​នេះ ខ្ញុំ​បាន​ពិនិត្យ​ឃើញ​ថា មាន​ពលរដ្ឋ​ក្រីក្រ​គ្មាន​ដីធ្លី​ពិតប្រាកដ​ប្រមាណ​ជាង​ ១០០ ​នាក់​ទេ ហើយ​ពួកគាត់​ក៏​បាន​ដាក់​ឯកសារ​ដែល​ទាក់ទង​ផ្សេងៗ​មក​រដ្ឋបាល​ស្រុក​ដែរ ប៉ុន្ដែ​មាន​មួយ​ចំនួន​ធំ​មិន​ព្រម​ដាក់​ឯកសារ​មក​ទេ ដើរ​ញុះញង់​ពលរដ្ឋ​ផ្សេងៗ​ទៀត​ឲ្យ​ដើរ​តវ៉ា​កន្លែង​នេះ កន្លែង​នោះ​។

បើ​ចង់​បាន​ដី​ដាក់​ឯកសារ​មក គេ​កាត់​ឲ្យ​ហើយ​»​។

លោក ថៃ ធឿន ជំនួយការ​រដ្ឋបាល​ក្រុមហ៊ុន​មេមត់ (Memot Rubber Plantation Co,. Ltd) ​បាន​លើក​ឡើង​ថា ក្រុមហ៊ុន​លោក​មិន​ដែល​រំលោភ​យក​ដី​ ឬ​មាន​ជម្លោះ​ជាមួយ​ពលរដ្ឋ​នោះ​ទេ​។ លោក​ថា ករណី​ទំនាស់​ដីធ្លី​នៅ​ស្រុក​ស្នួល​នេះ វា​មាន​រយៈពេល​ជាច្រើន​ឆ្នាំ​ដែរ​ហើយ ដោយសារ​ក្រុម​ពលរដ្ឋ​ដើរ​ទន្ទ្រាន​ព្រៃ​របស់​រដ្ឋ និង​ក្រុមហ៊ុន​លក់​ទៅ​ឲ្យ​ឈ្មួញ​ផ្សេង​មួយ​ទៀត​។

លោក​បន្ត​ថា​តាម​ជាក់ស្ដែង​ពលរដ្ឋ​ដែល​គ្មាន​ដីធ្លី​ពិតប្រាកដ​ប្រហែល​ជាង​ ១០០ ​នាក់​ទេ ប៉ុន្ដែ​ពលរដ្ឋ​ដែល​​មាន​ឈ្មួញ​នៅ​ពី​ក្រោយ​មាន​ច្រើន​។

លោក​បញ្ជាក់​ថា​៖ «​អាជ្ញាធរ​គេ​បាន​បង្កើត​គណៈកម្មការ​ត្រួតពិនិត្យ​បញ្ហា​វិវាទ​នេះ ដោយ​តម្រូវ​ឲ្យ​ពួកគាត់​ដាក់​ឯកសារ​ស្នើសុំ​ដី​សម្បទាន​សេដ្ឋកិច្ច អាជ្ញាធរ​គេ​កំពុង​រង់ចាំ​មើល ប៉ុន្ដែ​មិន​ឃើញ​ពួកគាត់​ដាក់​ឯកសារ​ទេ ហើយ​គិត​តែ​នាំ​គ្នា​តវ៉ា​...»​។

មន្ត្រី​ស៊ើបអង្កេត​សមាគម​អាដហុក ខេត្ត​ក្រចេះ លោក ប៊ី វ៉ាន់នី យល់​ថា ពលរដ្ឋ​មាន​សិទ្ធិ​តវ៉ា​រក​ដំណោះស្រាយ​នានា ខណៈ​រដ្ឋាភិបាល​មាន​កាតព្វកិច្ច​ដោះស្រាយ​ការ​លំបាក​របស់​ពលរដ្ឋ​ដោយ​យុត្តិធម៌ មិន​ត្រូវ​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​ចាប់​ខ្លួន និង​គំរាម​កំហែង​នោះ​ទេ​។

លោក​បាន​បន្ត​ថា ការ​ពន្លឿន​ផ្ដល់​​ដី​សម្បទាន​សង្គមកិច្ច ក៏​ជា​យន្តការ​ប្រសើរ​ក្នុង​ការ​បញ្ចប់​ជម្លោះ​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​អនុវត្ត​គោលនយោបាយ​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​រដ្ឋាភិបាល​។

លោក​បាន​បញ្ជាក់​ថា​៖ «​ការ​ចូល​មក​​តាំង​លំនៅ​លើដី​សម្បទាន​សេដ្ឋកិច្ច​គឺជា​ករណី​ខុស​ច្បាប់ ប៉ុន្តែ​ខ្ញុំ​លើក​ទឹកចិត្ត​ឲ្យ​ពលរដ្ឋ​ត្រូវ​ដាក់​ពាក្យ​ស្នើសុំ​ដី​សម្បទាន​សង្គមកិច្ច​...​ដើម្បី​អាជ្ញាធរ​ពិនិត្យ​សម្រេច​។ តែ​យ៉ាង​ណា​ខ្ញុំ​អង្កេត​ឃើញ​ថា ក្នុង​ចំណោម​នោះ​ក៏​មាន​ពលរដ្ឋ​ខិលខូច​ដែរ ប៉ុន្ដែ​អាជ្ញាធរ​ត្រូវ​សិក្សា​លម្អិត​កុំ​ឲ្យ​ប៉ះពាល់​ដល់​ពលរដ្ឋ​គ្មាន​ដីធ្លី​ពិតប្រាកដ​។ ភាគី​ទាំង​ ២ ​គួរ​សហការ​គ្នា​ដោះស្រាយ​ឲ្យ​បាន​ឆាប់​ចៀសវាង​អូសបន្លាយ​ពេល​ទៀត​»​។

អ្នកភូមិ​អះអាង​ថា ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​មេមត់ គឺជា​កម្មសិទ្ធិ​របស់​អ្នកស្រី ហ៊ុន ម៉ាណា កូនស្រី​បង្កើត​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន វិនិយោគ​ដំណាំ​ឧស្សាហកម្ម​កៅស៊ូ​លើ​ផ្ទៃដី​ជិត​ ១ ​ម៉ឺន​ហិកតា​ (៩ ៨៥០ ​ហិកតា​) ​រយៈពេល​ ៥០ ​ឆ្នាំ​។ ក៏​ប៉ុន្តែ​ក្រុមហ៊ុន​នេះ​បាន​វិនិយោគ​បន្ត​ឲ្យ​ក្រុមហ៊ុន​វៀតណាម​កាលពី​ឆ្នាំ​ ២០១៦៕

អត្ថបទគួរចាប់អារម្មណ៍