ភ្នំពេញៈ ពល​រដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជាង ២០០ នាក់ នៅ​ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​ បាន​ឡើង​មក​ប្រ​មូល​ផ្តុំគ្នា​ដាក់​ញត្តិ​នៅមុខ​ខុទ្ទ​កាល័យ​លោក​នាយ​ក​​​​​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​ក្រសួង ​២ ទៀត ដើម្បី​សុំ​អន្តរាគម​ន៍ ឲ្យ​ជួយ​ដោះស្រាយ​​រឿង​វិវាទ​ដីធ្លី​របស់​ពួកគេ​ជាមួយ​ក្រុម​ហ៊ុន មេត្រីភាពនិង​ទាម​ទារ​ឲ្យ​​ដោះ​​លែង​ពួកគេ​​ចំនួន​​ ១៣ នាក់​វិញ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់​​ចាប់​តាំង​​ពី​ថ្ងៃ​ទី ១៩​ ខែ​មករា​​ឆ្នាំ​ ២០១៩ ​មក។

លោក ឡយ លី​ហ៊ួ​រ តំណាង​ពល​រដ្ឋ​ម្នាក់ ក្នុងចំណោម​ជាង ២០០ នាក់​ បាន​ប្រាប់​ភ្នំ​ពេញប៉ុស្តិ៍​កាលពី​​ព្រឹក​ម្សិល​មិញ​នៅ​​មុខ​វត្ត​បទុម​ក្បែរភូមិគ្រឹះ​​លោក​នា​យ​ក​រដ្ឋមន្ត្រី​ថា ពួកលោក​​ទាំងអស់គ្នា បាន​ឡើង​មកសុំ​អន្តរាគម​ន៍​នេះព្រោះ​បារម្ភ​ពី​ការចាប់ខ្លួន​​បន្ថែម​ទៀត បន្ទាប់​ពី​មាន​ការ​ចាប់ខ្លួន​ពលរ​ដ្ឋ​ចំនួន​ ១៣ នាក់ ជា​បន្ត​បន្ទាប់។ លោក​​អះ​អាង​ថា ​ពួក​លោក​ជា​ប្រជាពល​រដ្ឋ​បាន​រ​ស់នៅ​លើ​ដី​​ជម្លោះ​​នេះ​តាំង​ពី​ឆ្នាំ ២០១៣ មក ហើយ​ជម្លោះ​ដីធ្លី​​នេះ​មិន​ទាន់​បាន​ដោះ​ស្រាយ​តាម​ការ​ស​ន្យា​​​របស់​អាជ្ញា​ផង ដោយ​ទើប​តែ​បាន​វាស់វែងនិង​ស្រង់​ស្ថិតិ​បា​ន​ជិត ១០០ គ្រួសារពី​អាជ្ញា​ធរ​ស្រុកបែ​រជា​មាន​ការ​ចាប់​ខ្លួននិ​ង​​មាន​ដីកាកោះ​ហៅ​​ពី​តុលា​ការ​​ជា​ហូរ​ហែ។

លោក​បញ្ជាក់​ថា៖ « (អាជ្ញាធរ​ស្រុក​ជាំ​ក្សាន្ត) បង្កើត​គណៈ​កម្មការ​​​ដើម្បី​ចុះ​ទៅ​វាស់​វែង​ជូន​ពួក​ខ្ញុំបាន​ចំនួន ៧៧ គ្រួសារ ដល់​ភ្លៀង​ខ្លាំង​ពេក ក៏​ផ្អាក​សិន​រង់ចាំ​ការ​ដោះស្រាយ​​នៅពេល​ច្រូតកាត់​រួច។ ក្រោយមកស្រាប់​តែ​ឃើញ​​មា​ន​​ដីកា​​ពី​ខាង​ព្រះរា​ជ​អាជ្ញា​កោះ​​ហៅ​ខ្ញុំ​ពីបទ​កាប់​ទន្ទ្រាន និង​រារាំង​គ្រឿងចក្រ។ ពួក​ខ្ញុំ​ ក៏បាន​រក​មេធាវី និង​ចូល​បំភ្លឺ តែ​ពេល​ចូល​បំភ្លឺ​ហើយ ក៏​ចេញ​ដីកា​បន្ថែ​ម​ឡើងដល់ ២៥ នាក់។ ក្រោយ​មក ចាប់​ផ្តើម​មាន​ការចាប់​ខ្លួន​តែម្តង»។

ពល​រដ្ឋ​ម្នាក់​ទៀត អ្នកស្រី សារឿន សុខ​ខឿន បាន​​និយា​យ​​ទាំង​ទឹកភ្នែក​ថា អាជ្ញាធរ​ បាន​ចាប់ខ្លួន​សមាជិក​គ្រួសារ​របស់​​អ្នក​ស្រី​ចំនួន​ ៣ នាក់ គឺ​មាន​ប្តី​ឈ្មោះ ផាន អុន អាយុ ៤៣ ឆ្នាំ និង​កូន​ ២ នាក់ ឈ្មោះ អុន សាមុត​អាយុ​ជាង ១៧ ឆ្នាំ និង​ឈ្មោះ​អុន សា​មាន អាយុ ១៥ ឆ្នាំ ដោយ​គ្មាន​មូល​ហេតុ ខណៈ​ពួក​គេ​កំពុង​ធ្វើ​ដំណើរ​ទៅ​ចម្ការ។

អ្នកស្រី សុខ​ខឿន បាន​លើក​ដៃ​សំពះ និង​ស្រែក​សុំ​លោក​នាយ​ក​រដ្ឋមន្ត្រី និង​លោក​ស្រី ប៊ុនរ៉ានី ឲ្យ​ជួយ​អន្តរាគម​ន៍​ក្នុង​រឿងនេះដើម្បី​ដោះ​លែង​សមាជិ​​ក​​​​គ្រួសារ​របស់​ខ្លួន​វិញ។ «ពេល​ចាប់​ទៅ ខ្ញុំ​សុំ​ទៅ​ជួប​កូន ជួប​ប្តី​របស់​ខ្ញុំ គេ​មិន​ឲ្យ​ជួប​​ទេ សូម្បី​សម្ភារក្នុង​ខ្លួន​ពួក​គាត់ គេ​ដក ហូត​អស់​ហើយ គេ​ចាប់​ដូច​ប្លន់​អ៊ឹ​ចឹ​ង គេ​ធ្វើ​បាប​​កូន​ខ្ញុំ។ កូន​ខ្ញុំ​មិន​ទាន់​គ្រប់​អាយុ​ផងសូម​ជួ​យ​​​ដល់​កូន និង​ប្តី​ខ្ញុំ​ផង»។

មន្ត្រី​ខុទ្ទកា​ល័យ​នាយក​រដ្ឋ​មន្ត្រី លោក គង់ ចំរើន ដែល​បាន​​ចេញ​មក​ទទួល​យក​ញត្តិ​ពលរដ្ឋ​ទាំង​នោះ ​ថ្លែង​​យ៉ាង​ខ្លី​ថា លោក​នឹង​បញ្ជូន​ញត្តិ​នេះ ទៅ​ថ្នាក់​លើ​ដើម្បី​​ពិនិត្យ​លើ​សំណុំ​រឿង​នេះ។

លោក​បញ្ជាក់​ថា៖ «ទទួល​ពាក្យ​ហើយ សូម​សំណូម​ពរ​ឲ្យ​​​ពួក​គាត់​​​ត្រឡប់​ទៅវិញ ហើយ​ពាក្យ​នេះ នឹង​ចាត់​ចែង​ទៅតាម​នីតិ​វិធី នៅ​ពេល​មាន​ព័ត៌មាន​អី​ទៀតគឺ​ជូ​ន​ដំ​ណឹង​ប្រាប់​គាត់។ តែ​បើ​គាត់​ត្រឡប់​ទៅវិញ គាត់​ធ្វើ​ខុស​អី​ទៀត ត្រូវតែ​ចាប់ (ខ្លួន)»។

ក្រៅ​ពី​ដាក់​ញត្តិ​នៅ​ខុទ្ទ​កាល័​យ​​​នាយក​រដ្ឋមន្ត្រី ​ពលរដ្ឋ​ទាំងនោះ ក៏បាន​ទៅ​​ដាក់​ញត្តិ​នៅ​ក្រសួង​រៀបចំ​ដែន​ដី និង​ក្រសួង​យុត្តិធ​ម៌​ផង​ដែរ​។ ចំណែក​មន្ត្រីក្រសួង​ទាំង​ ២ ដែល​បាន​មក​ទទួល​យក​ញត្តិ បាន​បដិ​សេធ ផ្តល់​បទ​សម្ភាសដល់​​អ្នក​កាសែត ដោយ​គ្រាន់​តែ​​ថ្លែង​ប្រាប់​​ពលរ​ដ្ឋ​​​ថា នឹង​បញ្ជូន​ញត្តិ​នេះ ទៅ​តាម​នីតិវិធីតែ​មិន​បាន​បញ្ជាក់​ថា នឹងត្រូវ​ដោះ​ស្រាយ​បែប​ណា​នោះ​ទេ។

បន្ទាប់​ពី​ទទួល​ញត្តិ​​​អាជ្ញាធរ​បាន​​សំណូមពរឲ្យ​ពល​រដ្ឋ​ទាំង​នោះ​វិលត្រឡប់ទៅផ្ទះ​របស់​ពួកគេ​វិញ តែប្រជា​ពលរដ្ឋ​​មាន​ជម្លោះ​ដីធ្លី​​ទាំង​នោះ និយាយ​ថា ​ពួក​គេ​នឹង​ត្រឡប់​ទៅវិញ ប្រសិន​ជា​គ្មាន​ការ​ចាប់​ខ្លួន​ពួកគេ​បន្តទៀត និង​បាន​​ថ្លែង​ថា ​នឹង​ឡើង​មក​ធ្វើការ​តវ៉ា​ទៀត​ បើ​មិន​មាន​ដំណោះ​ស្រាយ។

លោក វណ្ណ សុផាត មន្ត្រី​សម្រប​សម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស​របស់​មជ្ឈ​មណ្ឌ​ល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) ​ថ្លែង​ពី​ម្សិល​មិញ​ថា ពល​រដ្ឋ​ទាំង​នេះ កំពុង​តែ​​បារម្ភ​ពី​ការ​ចា​ប់​ខ្លួន​ពួក​គេ​បន្ថែម​ទៀត ខណៈ​បញ្ហា​ដី​ធ្លី របស់​ពួក​គេ​មិន​​ទាន់​ត្រូវ​បាន​ដោះ​ស្រាយ។

លោក​បន្ត​ថា ភាគី​ពាក់​ព័ន្ធ គួរតែយក ​ចិត្ត​ទុក​ដាក់ និង​ចូល​រួម​ដោះស្រាយ​បញ្ហា​ដី​ធ្លី​នេះ​ឲ្យ​បាន​ឆា​ប់​ព្រោះ​វាអាច​នឹង​ក្លាយ​ជា​រឿង​រសើប ខណៈ​ជម្លោះ​ដី​ធ្លី កំពុង​មាន​ការ​កក្រើក​ឡើង​វិញ​ទូ​ទាំង​ប្រ​ទេស។

លោក​បញ្ជាក់​ថា៖ «គួរ​តែ​ពិនិត្យ​ឲ្យ​បាន​ច្បាស់​លា​ស់​ក្នុង​ករណី​ទាំង​អស់​ហ្នឹង គួរតែ​ដោះ​ស្រាយ​​ឲ្យ​ពួក​គាត់​តាម​យន្ត​ការ​នីតិវិធី​ដោយ​មិន​មាន​ការ​ចាប់​ខ្លួន។ ការ​​ប្រើ​ប្រព័ន្ធ​តុលា​ការ​ទៅ​ចាប់​ខ្លួន គឺ​ជា​ការ​គំរាម​កំ​ហែង​ពួក​​គាត់»។

ព្រះរាជអាជ្ញា​ សាលាដំបូង​ខេត្តព្រះវិហារ លោក ទី សុវិន​ថាល់ បាន​ថ្លែង​ពី​ម្សិល​មិញ​ថា លោក​ចង់​ឲ្យមាន​ការ​ចុះមក​ពិនិត្យ​​មើល​ករណី​នេះ ទាំងអស់​គ្នា ព្រោះ​ក្រុម​អ្នក​ភូមិ​ទាំង​នេះ​ បាន​កាប់​បំផ្លាញ​ធន​ធាន​ធម្មជាតិ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​គូលែន​​ព្រហ្ម​ទេព មាន​ទំហំ​ធំ​ធេងដែល​ត្រូវ​តែ​មាន​វិធានការ។

លោក​​ថា​៖ «ពាក់​ព័ន្ធ​នឹង​បទ​ល្មើល​ដែន​ជម្រក​សត្វ​ព្រៃ​គូលែន​ព្រហ្ម​ទេព សូម​ចុះ​មក​មើល​ខ្លួន​ឯងបាន​ដឹង កុំសូវ​​ស្តាប់​អ្នក​ដទៃ កុំ​ជឿអ្នក​ដទៃ​អត់​កើត​ទេ។ មក​ពិនិត្យ​មើល​ទាំង​អស់​គ្នាបាន​ដឹង​ថា ​ទំហំ​នៃ​ការ​បំភ្លិច​បំផ្លាញ​ធន​ធាន​ធម្ម​ជា​តិ ប៉ុនណា?​»។

លោក​បន្ត​ថា សំណុំ​រឿង​ពលរដ្ឋ​ទាំង​អស់ ១៣ នាក់ ដែល​បាន​ឃាត់​ខ្លួន​នេះ គឺ​កំពុង​ស្ថិត​ក្នុង​ដំណើរ​ការ​របស់​តុលា​ការ​​ដោយ​មិន​អាច​ដោះលែង​បាន​ទេ។

បើ​តាម​ពល​រដ្ឋ អង្គការ​សង្គ​ម​​ស៊ី​វិល និង​អាជ្ញា​ធរ ជម្លោះ​ដីធ្លី​ជា​មួយ​ក្រុមហ៊ុន​មេត្រីភាព​ និង​ពលរដ្ឋ​ជាង ៣០០​ គ្រួសារ ស្ថិត​ក្នុង​ឃុំ​យាង ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះ​វិហារ ជាប់​ព្រំប្រទល់​ខេត្ត​ឧ​ត្ត​រ​មាន​ជ័យ​នេះបាន​កើ​ត​​​ឡើង​ជាច្រើនឆ្នាំមកហើយ ប៉ុន្តែ​ជម្លោះ​នេះ​​​ បាន​កក្រើក​ឡើង​ ជា​ថ្មី​កាល​ពី​អំឡុងឆ្នាំ ២០១៨ បន្ទាប់ពី​មាន​ទាហាន​​ម្នាក់ ឈ្មោះ រី​ម ខេន ហៅ លុយ សម្បត្តិ បាន​ចូល​មក​ការ​ពារ​ដី​ក្រុម​ហ៊ុន ក៏​ធ្វើ​ឲ្យ​មានការ​តវ៉ា​ពី​ប្រជាពលរដ្ឋ​រហូត​ដល់​មាន​ការ​ចាប់​ឃា​ត់​ខ្លួន​ប្រជា​ពល​រដ្ឋ​ជា​បន្ត​បន្ទាប់​​ចំនួន ១៣ នាក់ ចាប់​តាំង​ពី​ថ្ងៃ​ទី ១៩ ខែ​មករា​ មក។ ព្រះ​រាជ​អាជ្ញា​សាលា​ដំបូង​ខេត្ត​ព្រះ​វិហារ បាន​ចោទ​ប្រកាន់​ពួក​គេ​ទាំង​នោះពី​បទ​ទន្ទ្រាន​ដី​ព្រៃដែល​ជា​ដី​អភិរក្ស​របស់​រដ្ឋ៕