ព្រះ​វិហារៈ ពលរដ្ឋ ៣ នាក់​ដែលមាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ឯកជន​មួយ​នៅ​ខេត្តព្រះវិហារ​ត្រូវ​បាន​ទាហាន ការពារ​ក្រុមហ៊ុន​នេះ​ចាប់​ខ្លួន​កាល​ពី​ចុង​សប្តាហ៍​មុន ប៉ុន្តែ​ក្រោយមក​ក្រុម​គ្រួសារ​និង​ពលរដ្ឋ​ជា​ច្រើន​នាក់​បាន​ផ្តុំគ្នា​តវ៉ា​និង​បាន​ចាប់​ខ្លួន​ទាហាន ២ នាក់​វិញ​ជាថ្នូរ​នឹង​ការ​ផ្ដល់​ដំណឹង​ពី​ទីកន្លែង​ឃុំ​ខ្លួន​ពលរដ្ឋ ៣ នាក់​នោះ។

តំណាង​ពលរដ្ឋ លោក ឡាយ លី​ហ៊ួ​រ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ម្សិលមិញ​ថា ពលរដ្ឋ ៣ នាក់​នោះ​រួម​មាន លោក សុំ ម៉ឺន អាយុ ៥៤ ឆ្នាំ លោក ម៉ឺន មៀន អាយុ ២៦ ឆ្នាំ​និង​លោក ឈិន រ៉ន ត្រូវ​បាន​ទាហាន​កង​ពល​តូច​វារៈ ២៦១ ការពារ​ដី​ក្រុមហ៊ុន​មេត្រី​ភាព​ចាប់​ខ្លួន​ក្នុង​ពេលវេលា​និង​ទីកន្លែង​ខុសគ្នា ខណៈ​ពួកគេ​កំពុង​ដឹក​អីវ៉ាន់ និង​ចិញ្ច្រាំ​ដំឡូង​កាល​ពីថ្ងៃ​ទី ១៩ និង២០ ខែ​មករា ចុង​សប្តាហ៍​មុន។

លោក លី​ហ៊ួ​រ បន្តថា ក្រោយ​ការចាប់ខ្លួន​ពួកគេ​ទាំង ៣ នាក់​នោះ​ពុំមាន​ដំណឹង​ថា ត្រូវ​បាន​បញ្ជូន​ទៅ​ទីណា​ឲ្យ​ប្រាកដ​ទេ ធ្វើ​ឲ្យ​ក្រុម​គ្រួសារ និង​ពលរដ្ឋ​បារម្ភ​និង​បាន​ស្វែងរក​នៅ​ស្នងការ​ដ្ឋាន​ទាំង​ខេត្ត​ព្រះវិហារ និង

ខេត្ត​ឧត្តរមានជ័យ តែ​ពុំបាន​ដំណឹង​ទេ​ដោយសារ​មាន​ការ​រុញ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក។

លោក​បន្ថែមថា បន្ទាប់ពី​ដំណឹ​ង​បែបនេះ សាច់ញាតិ និង​ពលរដ្ឋ​ក៏បាន​ប្រមូល​ផ្តុំ​គ្នា​តវ៉ា ហើយ​ក៏​ឈាន​ដល់​ចាប់​ខ្លួន​ទាហាន​ការពារ​ដី​ក្រុមហ៊ុន​នោះ ២ រូប​វិញ​ជា​ថ្នូរ​នឹង​ការ​ប្រាប់​ដំណឹង​របស់​ពលរដ្ឋ​ទាំង ៣ នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នោះ។

លោក​បញ្ជាក់ថា៖ «គ្នា​គាត់១០នាក់ បាន​ចាប់​ពលរដ្ឋ​ដាក់​ឡាន ដោយ​អត់​មាន​ជូន​ដំណឹង​ថា​យក​ទៅ​ខាង​ណា​ទេ គេ​រុញ​ឲ្យ​ទៅ​សួរ​ខាង​ណេះ​ខាង​ណោះ។ ទាល់​តែ​មាន​ការ​ឆោ​ឡោ​ពី​ពលរដ្ឋ​និង​សាច់​ញាតិ​ទើប​គេ​ឲ្យ​ឃើញ យើង​ចង់​ឲ្យ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​កុំ​ឲ្យ​ចាប់​អត់​ដឹង​រឿង​អី អ៊ឹចឹង​មាន​ខុស​អី​ចាប់​ពី បទ​អី?»។

យ៉ាងណាក្ដីលោក ឡាយ លីហ៊ួរ បាន​បញ្ជាក់ថា រហូត​មក​ទល់​ពេល​នេះ ពលរដ្ឋ​ម្នាក់ ក្នុង​ចំណោម ៣ នាក់​នោះ​កំពុង​បាត់​ខ្លួន ខណៈ ២ នាក់​កំពុង​ស្ថិត​ក្នុង​ពន្ធនាគារ​ខេត្ត​ព្រះវិហារ​ស្រប​ពេល​ក្រុម​គ្រួសារ​ពួកគេ​កំពុង​ស្វែងរក​កិច្ច​អន្តរាគមន៍​ឲ្យ​ដោះ​លែង​ពួកគេ​វិញ។

លោក លី​ហ៊ួ​រ ថា៖ «ឥឡូវ​បងប្អូន​គាត់​បាន​ប្តឹង​វិញ ដោយសារ​ចាប់ខ្លួន​អត់​មាន​មូល​ហេតុ​ដែល​កំពុង​ពិភាក្សា​ជាមួយ​អ្នក​ច្បាប់​ដើម្បី​ឲ្យ​ជួយ។ ចំណែក​អ្នក​បាត់​ខ្លួន​យើង​កំពុង​បារម្ភ ព្រោះ​ប្រពន្ធ​គាត់​កំពុង​បារម្ភ អត់​ឃើញ​មក​វិញ»។

បើតាម​ពលរដ្ឋ ដី​មាន​ជម្លោះ​របស់​ក្រុមហ៊ុន​មេត្រីភាព​ជាមួយ​ពលរដ្ឋ​ជាង ៣០០ គ្រួសារ​នោះ​គឺ​ស្ថិត​ជាប់​ព្រំប្រទល់​ខេត្ត​ឧត្តរ​មានជ័យ និង​ខេត្ត​ព្រះវិហារ ហើយ​ដី​នេះ​ត្រូវ​បាន​ការពារ​ដោយ​ទាហាន​ម្នាក់​ដែល​ពលរដ្ឋ​ថា ឈ្មោះ រីម ខេន ហៅ លុយ សម្បត្តិ។ ជម្លោះ​ដីធ្លី​នេះ ស្ថិត​ក្នុង​នីតិវិធី​តុលាការ​ក្រោយ​ប្តឹង​គ្នា​កាល​ពី​ចុង​ឆ្នាំ​មុន។

ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​ទាក់ទង​លោក រី​ម ខេន ដែល​ពលរដ្ឋ​ចោទថា ជា​អ្នក​ការពារ​ដី​ក្រុមហ៊ុន និង​បាន​ចាប់​ពលរដ្ឋ ៣ នាក់​នោះ​បាន​ទេ ពី​ម្សិលមិញ។

អភិបាលខេត្ត​ព្រះវិហារ លោក អ៊ុន ចាន់​ដា មិនអាច​សុំ​អត្ថាធិប្បាយ​បាន​ទេ​កាល​ពី​ម្សិលមិញ​ដោយ​លោក​មិន​លើក​ទូរស័ព្ទ។ ចំណែក​ស្នងការ​នគរបាល​ខេត្ត​ព្រះវិហារ​លោក យិន ចំណាន បាន​ប្រាប់​ថា លោក​ទទួល​បាន​ព័ត៌មាន​នេះ និង​កំពុង​ឲ្យ​មន្ត្រី​ស្រាវជ្រាវ។

លោក​បញ្ជាក់ថា៖ «មាន​ព័ត៌មាន​អ៊ីចឹង​ដូចដែល​លោកស្រី​បានលើក​ឡើង​មែន ខ្ញុំ​ឲ្យ​នគរបាល​យើង​ស្រាវជ្រាវ​ជាមួយ​ក្រុមហ៊ុន​តាំង​ពី​ម្សិលមិញ ប៉ុន្តែ​ព័ត៌មាន​នេះ ប្រហែល​ជា​មិន ១០០% ទេ​ហើយ​ជា​ព័ត៌មាន​ពលរដ្ឋ​ខេត្ត​ឧត្តរមានជ័យ​គឺ​ស្រុក​ត្រពាំង​ប្រាសាទ»។

ស្នងការ​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ​លោក ម៉ែន លី មិនអាច​ទាក់ទង​បាន​ទេ ដោយ​លោក​ចុច​ទទួល​ហើយ បិទ​វិញ ខណៈ​ស្នងការ​រង​នគរបាល​ខេត្ត​នេះ លោក ស៊ុង ពិសិដ្ឋ អះអាង​ថា លោក​កំពុង​ចុះ​បេសកកម្ម។

មេ​ប៉ុស្តិ៍​ឃុំ​ត្រពាំង​ប្រាសាទ ក្នុងស្រុកត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរ​មានជ័យ លោក សន អធិរ័ត្ន បាន​ប្រាប់​ថា លោក​បាន​ដឹង​រឿង​នេះ​តែ​ពុំ​លម្អិត​ទេ ព្រោះ​មិន​បាន​ចុះ​ដល់​កន្លែង​កើត​ហេតុ។

បើតាម​មេ​ប៉ុស្តិ៍​រូបនេះ ដើមឡើយ​ពលរដ្ឋ​បាន​ទៅ​រុករាន​ដីព្រៃ ក្រោយ​មក​មាន​ទំនាស់​ជាមួយ​ទាហាន​រហូត​ប្តឹង​ផ្ដល់​នៅ​តុលាការ​ខេត្ត​ព្រះវិហារ។

លោក​ថា៖ «ដល់​មានរឿង​ម្សិល​ម្ងៃ ម្សិល​អី​នេះ​ខ្ញុំ​អត់​បាន​ចុះទៅ​ទេ ដោយ​ខាង​លោក​អធិការ និង​មេឃុំ​ចុះ​ផ្ទាល់»។

មេឃុំ​ត្រពាំង​ប្រាសាទ លោក ខាន់ ខេ​ម បាន​បញ្ជាក់ដែរ​ថា ក្រោយ​មាន​ការ​ចាប់​ខ្លួន​ពលរដ្ឋ​ទាំង ៣ នាក់​នោះ ពលរដ្ឋ​ក៏បាន​ចាប់​ទាហាន ២ នាក់​វិញ​ដែរ​កាល​ពី​យប់​ថ្ងៃ​ចន្ទ តែ​បាន​ដោះ​លែង​វិញ​ភ្លាមៗ​ក្រោយ​សម្រប​សម្រួល​ប៉ុន្តែ​លោក​ថា​ពុំ​ដឹង​រឿង​នេះ​លម្អិត​ទេ។

លោក​ថា៖ «រឿង​ចាប់​ពលរដ្ឋ​អី​ពីមុន ខ្ញុំ​មិនដឹង​ច្បាស់​ទេ មិនដឹង​ខាង​ណា​គេ​ចាប់​អី​ទេ។ ប៉ុន្តែ​តាម​របាយ​ការណ៍​លោក​អភិបាល​ស្រុក​បាន​ប្រាប់​ថា គេ​ចាប់​ទាហាន ២ នាក់​ទើប​ខ្ញុំ​អន្តរាគមន៍​ចុះ​ទៅ​មើល​ហ្នឹង ហើយ​ទៅ​មើល​ហ្នឹង​គឺ​ដី​ខាង​ព្រះវិហារ​ទាំង​អស់»។

ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​ព្រះវិហារ លោក ទី សុវិនថាល់ បាន​ថ្លែងថា សំណុំ​រឿង​នេះ​កំពុង​ស្ថិត​ក្នុង​ចំណាត់​ការ​របស់​តុលាការ​ខេត្ត​ព្រះវិហារ​ដែ​ល​កំពុង​ស៊ើប​សួរ​ក្រុម​ជន​សង្ស័យ​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​បរិស្ថាន។

លោក​បញ្ជាក់ថា៖ «យើង​មិន​ចោទ​ប្រកាន់​គាត់​អ្វី​ក្រៅពី​បទល្មើស​បរិស្ថាន​ទេ ព្រោះ​តំបន់​ហ្នឹង​ជា​កន្លែង​អភិរក្ស​សត្វព្រៃ និង​អភិរក្ស​ធនធាន​ធម្មជាតិ។​តែ​បើ​ចង់​ស្នើសុំ​គាត់​ឲ្យ​នៅ​ក្រៅ​ឃុំ​គឺ​ទាល់​តែ​ធ្វើ​ឡើង​តាមរយៈ​មេធាវី មិន​មែន​ស្នើ​តាម​តែ​មាត់​អ៊ីចឹង​ទេ ដូច្នេះ​បើ​គ្មាន​ការ​ស្នើ​សុំ​នៅ​ក្រៅ​ឃុំ​ទេ តុលាការ នឹង​ធ្វើការ​របស់​ខ្លួន​បន្ត​ទៀត»។

លោក ឡោ ច័ន្ទ មន្ត្រី​សម្របសម្រួល​សមាគម​កា​រពារ​សិទ្ធិ​អាដហុក​ប្រចាំ​ខេត្ត​ព្រះវិហារ បាន​ថ្លែង​ថា ការ​ចាប់​ខ្លួន​ពលរដ្ឋ​ដោយ​គ្មាន​ដីកា និង​ធ្វើ​ឡើង​ដោយ​ទាហាន​ដែល​មិន​មែន​ជា​បទ​ល្មើស​ជាក់​ស្តែង ហើយ​ខុស​សមត្ថកិច្ច ដូច្នេះ គឺជា​រឿង​មិន​ត្រឹមត្រូវ​ទេ។

លោក​ថា៖ «ឃើញថា ២ នាក់​ត្រូវបានចូល​ពន្ធនាគារ ចំណែក​ម្នាក់​ទៀត​កំពុង​បាត់​ខ្លួន។ ដូច្នេះ​ការ​ចាប់​ខ្លួន​ហ្នឹង​មាន​ភាព​អាថ៌​កំបាំង​យ៉ាង​ខ្លាំង ហើយ​មិន​មាន​ភាព​ប្រក្រតី​ទៀត...ការ​ចាប់​ខ្លួន​ហ្នឹង​ខុស​នឹង​ផ្លូវ​ច្បាប់។ យើង​ស្នើ​ឲ្យ​ដោះ​លែង​គាត់​ឲ្យ​មាន​សេរីភាព​វិញ»៕

(កែសម្រួល ព្រុំ ភ័ក្ត្រ)