ភ្នំពេញ៖ ក្រសួង​សុខាភិបាល​បាន​ប្រកាស​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ១១ ខែ មីនា ឆ្នាំ ២០២១ ពី​ករណី​បុរស​ជនជាតិ​ខ្មែរ​អាយុ ៥០ ឆ្នាំ​ម្នាក់ បាន​ទទួល​មរណៈភាព​នៅ​មន្ទីរ​ពេទ្យ​មិត្តភាពខ្មែរ-សូវៀត ពេល​ដែល​គាត់​កំពុង​សម្រាក​ព្យាបាល​ជំងឺ​កូវីដ ១៩។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​បាន​ឱ្យ​ដឹង​ថា បុរស​ជនជាតិ​ខ្មែរ​ម្នាក់​បាន​ស្លាប់​នេះ គឺ​ជា​ករណី​លើក​ទី១​ដោយសារ​ជំងឺ​កូវីដ ១៩ នៅ​ក្នុង​ប្រទេស​កម្ពុជា។

ក្រសួង​បាន​បន្ត​ថា «នា​ថ្ងៃទី ១១ ខែ​មីនា វេលា​ម៉ោង ១០:៤០ នាទី មាន​បុរស​ជនជាតិ​ខ្មែរ​ម្នាក់ អាយុ ៥០ ឆ្នាំ​បាន​ទទួល​មរណភាព​ដោយសារ​ជំងឺ​កូវីដ ១៩ នៅ​មន្ទីរ​មិត្តភាព​ខ្មែរ-សូវៀត ដែល​ជា​ករណី​ស្លាប់​លើក​ដំបូង​នៅ​កម្ពុជា»។

ជន​រងគ្រោះ​រូប​នេះ​មាន​លំនៅ​ក្នុង​សង្កាត់​ចាក់អង្រែ ខណ្ឌ​មានជ័យ រាជធានីភ្នំពេញ ជា​អ្នក​បើកបរ​ឱ្យ​ថៅកែ​ជនជាតិ​ចិន​នៅ​ខេត្ត​ព្រះសីហនុ ដែល​មាន​ផ្ទុក​ជំងឺ​កូវីដ ១៩ ក្នុង​ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ

ក្រសួង​បាន​បញ្ជាក់​ថា សព​បុរស​រូប​នេះ​ត្រូវ​បាន​រក​ឃើញ​មាន​ឆ្លង​វីរុស​កូវីដ ១៩ នៅ​ថ្ងៃទី ២៧ ខែ​កុម្ភៈ ឆ្នាំ ២០២១ ដែល​មាន​លទ្ធផល​បញ្ជាក់​ដោយ​មន្ទីរ​ពិសោធន៍​នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា។

លោកស្រី ឱ វណ្ណឌីន អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​មិន​អាច​ទាក់ទង​ដើម្បី​សុំ​អធិប្បាបាយ​ករណី​ខាង​លើ​នេះ​បាន​ទេ។

គួរ​បញ្ជាក់​ផង​ដែ​ថា លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន កាល​ពី​យប់​ថ្ងៃទី ១០ ខែ​មីនា បាន​ផ្ញើសារ​ជា​សំឡេង​ដោយ​បញ្ជា​ឱ្យ​ថ្នាក់​ដឹកនាំ​នៃ​រាជធានី-ខេត្ត ទាំង​អស់​ត្រូវ​ត្រៀម​រៀបចំ​ជា​មុន​នូវ​ទីកន្លែង​សម្រាប់​បូជា​សព និង​បញ្ចុះ​សព​ទៅ​តាម​ប្រពៃណី​ទំនៀម​ទម្លាប់​របស់​ពលរដ្ឋ​ក្នុង​ប្រទេសកម្ពុជា៕

វីដេអូ៖