The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - អ្នក​មាន​វិវាទ​ដីធ្លី​គ្រោង​ធ្វើការ​តវ៉ា​ពេញ​មួយ​ខែ​ នៅ​ទីលាន​ប្រជាធិបតេយ្យ




អ្នក​មាន​វិវាទ​ដីធ្លី​គ្រោង​ធ្វើការ​តវ៉ា​ពេញ​មួយ​ខែ​ នៅ​ទីលាន​ប្រជាធិបតេយ្យ

Content image - Phnom Penh Post

អ្នក​មាន​វិវាទ​ដីធ្លី​គ្រោង​ធ្វើការ​តវ៉ា​ពេញ​មួយ​ខែ​ នៅ​ទីលាន​ប្រជាធិបតេយ្យ

ភ្នំពេញៈ ប្រជា​សហគមន៍​ដែល​មាន​ទំនាស់​ដីធ្លី​នៅ​រាជធានី​ភ្នំពេញ​បាន​ប្រកាស​ធ្វើ​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ​រយៈពេល​ពេញ​មួយ​ខែ​គិត​ចាប់ពី​ថ្ងៃ​ទី ២៣ ខែ​តុលា ​សប្តាហ៍​នេះ​តទៅ ​ដើម្បី​ស្នើសុំ​ឲ្យ​សាលា​រាជធានី​ពន្លឿន​​ការ​ដោះស្រាយ​នូវ​បញ្ហា​វិវាទ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​របស់​ពួកគេ។

ក្រុម​សហគម៍​អតីត​អ្នក​បឹងកក់​សហគមន៍​ ៣​ មករា​ បុរី​កីឡា សហគមន៍​ព្រលាន​យន្តហោះ SOS (ថ្មគោល) និង​សហគមន៍​បឹងកក់​ដែល​មាន​ពលរដ្ឋ​សរុប​ជិត​ ២០០ គ្រួសារ​បាន​យក​សេចក្តី​ជូន​ដំណឹង​មួយ​ច្បាប់​ទៅ​ប្រគល់​ជូន​សាលា​រាជធានី​កាលពី​ព្រឹក​ម្សិលមិញ​ជូន​ដំណឹង​ថា​ពួកគេ​នឹង​ធ្វើ​បាតុកម្ម​ទាមទារ​រក​ដំណោះស្រាយ​ដីធ្លី​ និង​ផ្ទះសម្បែង​ជូន​ពួកគាត់ និង​នាំ​គ្នា​ដង្ហែ​ញត្តិ​ទៅ​រដ្ឋសភា និង​តាម​ស្ថានទូត​នានា​ផង​ដែរ ដែល​ចាប់​ផ្តើម​នៅ​ថ្ងៃ​សុក្រ​រហូត​ដល់​ថ្ងៃ​ទី​ ២៣ វិច្ឆិកា។ នេះ​បើ​តាម​អ្នកស្រី ស៊ា ណារ៉េត ជា​អតីត​អ្នក​រស់នៅ​ក្នុង​តំបន់​បឹងកក់។

អ្នកស្រី​ឲ្យ​ដឹង​ថា​ក្រុម​អតីត​អ្នកភូមិ​បឹងកក់​បាន​ចងក្រង​បណ្តាញ​សហគមន៍​បាន​ជាង​ ១៦០ ​គ្រួសារ​ដែល​មិន​ពេញ​ចិត្ត​នឹង​សំណង​ដោយ​បង្ខំ​ដែល​សាលា​រាជធានី​បាន​ផ្តល់​ឲ្យ​ពួកគេ​សម្រាប់​ការ​យក​តំបន់​បឹងកក់​មក​ធ្វើការ​អភិវឌ្ឍ​នៅពេល​​មាន​ការ​អភិវឌ្ឍ​បូម​ខ្សាច់​កប់​​ពន្លិច​ផ្ទះ​សម្បែង​របស់​ពួកគេ​ចាប់​តាំងពី​ឆ្នាំ​ ២០០៨ មក។

អ្នកស្រី​បញ្ជាក់​ថា​ អ្នកភូមិ​មួយ​ចំនួន​បាន​បង្ខំ​ចិត្ត​​ទទួល​យក​សំណង​ជា​ផ្ទះ​នៅ​ជាយ​ក្រុង និង​មួយ​ចំនួន​បាន​យក​ថវិកា​ ៨ ៥០០ ​ដុល្លារ​ជា​ថ្នូរ​នឹង​ការ​ចាកចេញ​ពី​តំបន់​បឹងកក់​។

អ្នកស្រី​ ណារ៉េត ថ្លែង​ថា៖ «សម្រាប់​បឹងកក់​យើង​តវ៉ា​សុំ​ឲ្យ​សាលា​រាជធានី​ដោះស្រាយ​ជា​ដី​នៅ​តំបន់​បឹងកក់​វិញ​ទំហំ​ ៤ គុណ​ ១៨ ម៉ែត្រ​ពីព្រោះ​កន្លង​មក​យើង​បាន​ចាកចេញ​ទទួល​យក​សំណង​​ដោយ​បង្ខំ​ចិត្ត​ទេ​ព្រោះ​ផ្ទះ​យើង​ត្រូវ​បាន​គេ​ចាក់​ដី​ពន្លិច»។

អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​លោក ឡុង ឌីម៉ង់ បាន​ថ្លែង​ថា​សាលា​រាជធានី​បាន​ទទួល​លិខិត​របស់​ក្រុម​ប្រជាពលរដ្ឋ​ទាំង​នេះ​ហើយ​កាលពី​ព្រឹក​ម្សិលមិញ។

លោក​បន្ត​ថា៖ «យើង​បាន​ទទួល​ហើយ​យើង​នឹង​បញ្ជូន​ទៅ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ដើម្បី​សម្រេច​ថា​​អនុញ្ញាត​ឲ្យ​ធ្វើ​ឬ​យ៉ាង​ណា​»​។

ប៉ុន្តែ​ក្រុម​ប្រជាពលរដ្ឋ​បាន​អះអាង​ថា ​ទោះ​មិន​មាន​ការ​អនុញ្ញាត​ក៏​ពួកគាត់​នឹង​នៅ​តែ​ធ្វើការ​តវ៉ា​ទៅ​តាម​ការ​គ្រោង​ទុក​ដែរ និង​ស្នើ​ឲ្យ​សាលា​រាជធានី​ជួយ​ការពារ​សុវត្ថិភាព​ជូន​ពួកគាត់​៕

អត្ថបទគួរចាប់អារម្មណ៍