ព្រះសីហនុៈ ដោយ​សារ​តែ​ស្ថាន​ភាព​របួស​ធ្ងន់​ធ្ងរ​ពេក អ្នក​ម្នាង អ៊ុក ផល្លា បាន​ទទួល​មរណ​ភាព​​ហើយ​ នៅ​មន្ទីរ​ពេទ្យ​ខេត្ត​ព្រះ​សីហនុ នៅ​វេលា​ម៉ោងជា​ង ១២ ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០១៨ នេះ គឺ​ប្រមាណ​ជា​​ ៣ ម៉ោង​ បន្ទាប់​ពី​​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍ ​ជា​មួយ​ព្រះ​អង្គ​ម្ចាស់​នរោត្តម រណ​ឫទ្ធិ ប្រធាន​គណ​បក្ស​ហ៊្វុនស៊ិន​ប៉ិច នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

លោក កេត សុភ័ក្រ អនុប្រធាន​ការិយា​ល័យ​នគរ​បាល​ ចរាចរណ៍​ខេត្ត​ព្រះ​សីហនុ បាន​ឲ្យ​ដឹង​ថា តាម​ព័ត៌មាន​ដែល​លោក​បាន​ទទួល​​ អ្នក​ម្នាង​ អ៊ុក ផល្លា ​បាន​ទទួលមរណភាព​ហើយ បន្ទាប់​ពី​​ត្រូវ​បាន​ដឹក​តាម​ឧទ្ធម្ភាគចក្រ ជា​មួយ​ព្រះ​អង្គ​ម្ចាស់​នរោត្តម រណ​ឫទ្ធិ ចេញ​ទៅ​ព្យា​បាល​នៅ​មន្ទី​រ​ពេទ្យ។

លោក ជួន ណារិន្ទ ស្នង​ការ​ខេត្ត​ព្រះ​សីហនុ មិន​អាច​ទាក់​ទង​សុំ​អធិប្បាយ​បាន​ទេ ដោយ​ទូរស័ព្ទរបស់​លោក​ពុំ​មាន​អ្នក​ទទួល​។

ប៉ុន្តែ លោក យន់​ មីន អភិបាល​ខេត្ត​ព្រះ​សីហនុ បាន​ថ្លែង​ថា ​អ្នក​ម្នាង​ ផល្លា បាន​ស្លាប់​ហើយ ខណៈ​ដែល​ព្រះ​អង្គ​ម្ចាស់ នរោ​ត្តម រណ​ឫទ្ធិ ត្រូវ​បាន​ដឹក​តាម​ឧទ្ធម្ភាគចក្រ មក​កាន់​រាជ​ធានី​ភ្នំពេញ​ហើយ នៅ​វេលា​ម៉ោង ១ និង​១៥ នាទី។ «សម្តេច​ក្រុម​ព្រះ​ ក៏​ប្រើ​អុកស៊ីសែន​ដែរ…។ បើ​តាម​ក្រុម​ការងារ​ សម្តេច​ក្រុម​ព្រះ​ប្រហែល​ជា​ត្រូវ​បញ្ជូន​ទៅ​ព្យា​បាល ​នៅ​មន្ទីរ​ពេទ្យ ​រ៉ូយាល់ភ្នំពេញ​»។

ជា​មួយ​គ្នា​នេះ លោក​ ផែង វណ្ណៈ មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការ​ពារ​ជាតិ និង​ជា​អ្នក​ល្បី​ឈ្មោះ​ នៅ​តាម​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​បាន​ឲ្យ​ដឹង​ថា អ្នក​ម្នាង​ ផល្លា បាន​ស្លាប់​ហើយ នៅ​វេលា​ម៉ោង ១២ និង​ ២៣ នាទី ថ្ងៃ​ទី ១៧ ខែ​មិថុនា​នេះ នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ព្រះ​សីហនុ។ លោកបញ្ជាក់​ថា​៖«​​លោក ជួន ណា​រិន្ទ បាន​ប្រាប់​ខ្ញុំ​ថា អ្នក​ម្នាង អ៊ុក ផល្លា បាន​ស្លាប់​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ខេត្ត​ព្រះ​សីហនុ ហើយ​សម្តេច​ក្រុម​ព្រះ បាន​រង​របួស​បាក់​ជើង​ខាង​ឆ្វេង មាន​អាការធូរស្រាល​បន្តិច​ហើយ​ និង​បាន​ឡើង​ឧទ្ធម្ភាគចក្រ​ មក​កាន់​មន្ទីរ​​ពេទ្យ​ក្នុង​រាជ​ធានី​ភ្នំពេញ​»។

នៅព្រឹកថ្ងៃ​ទី ១៧ ខែ​មិថុនា​នេះ ព្រះអង្គ​ម្ចាស់ នរោត្តម រណ​ឫទ្ធិ និង​អ្នក​ម្នាង អ៊ុក ផល្លា បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍ នៅ​អំឡុង​ម៉ោង​ជាង ៩ នៅ​ភូមិ​អូរ​តា​សេក ឃុំ​អូរ​ចំណារ ស្រុក​ព្រៃ​នប់ ខេត្ដ​ព្រះ​សីហនុ​ខណៈ​ដែល​ព្រះអង្គ​កំពុង​យាង​ទៅ​ជួប​សំណេះ​សំណា​ល​ជា​មួយ​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ។

ក្រោយ​គ្រោះ​ថ្នាក់​នេះ សម្ដេច​ក្រុម​ព្រះ ​និង​អ្នក​ម្នាង ​រួម​ទាំង​​អ្នកផ្សេ​ង​ទៀត​ ​ត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះ​​នៅ​​មន្ទីរ​ពេទ្យ​បង្អែកខេត្តព្រះសីហនុ (ចម្ការចេក)​។​ នេះ​បើ​យោងតាម​ លោក អ៊ី ​សុខា ​ស្នង​ការ​រង​នគរ​បាល​ខេត្ត​ព្រះ​សី​ហនុ​​។​

​លោក សុខា បាន​ប្រាប់​ថា ​ព្រះ​អង្គ​និង​អ្នក​ម្នាង​របួស​ធ្ងន់​រួម​នឹង​អ្នក​ផ្សេង​ទៀត​ក៏​របួស​ដែរ​ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ពី​មូល​ហេតុ​លម្អិត​ទេ​ខណៈ​កំពុង​រវល់​។

​យ៉ាង​ណាក្ដី អធិ​ការ​រង​ស្រុក​ព្រៃ​នប់​ម្នាក់​ សុំ​មិន​ប​ញ្ចេញ​ឈ្មោះ ​បាន​ឲ្យ​ដឹង​ថា​ គ្រោះថ្នា​ក់​នេះ​បណ្ដាល​មក​ពីរ​ថយ​ន្ត​ High​la​nder ​បើក​បុក​ព្រះ​ទី​នាំង​របស់​ព្រះ​អង្គ ​ក្នុងពេ​ល​លោក​យាង​ទៅ​ជួប​សួរ​សុខ​ទុក្ខ​ប្រជា​ពលរដ្ឋ​នៅ​ខេត្ត​ព្រះ​សី​ហនុ ​នា​វេលា​ម៉ោង​ ៨ ​និង ៥០​ នាទី​ព្រឹក។​

លោក​បាន​បញ្ជាក់​ថា៖«​ឡាន​ Highlander ​ដែល​ធ្វើ​ដំណើរ​ចេញ​មកពី​ខេត្ត​ព្រះ​សីហនុ​ បាន​រ៉េ​ចង្កូត​មក​ឆ្វេង​ហើយ បុក​ឡាន ​របស់​សម្តេច ​ក្រុម​ព្រះ ​BMW​ ហើយ​ឡាន ​Highlander​ បុក​ពេញទំហឹង​ បង្កឲ្យ​​របួស​ចំនួន ​៧​ នាក់​ ​ស្រី ​២ នាក់​។​ សម្តេច​ក្រុមព្រះ ​និង​អ្នក​ម្នា​ង ក៏ត្រូវរបួស​ដែរ​ ហើយ​ត្រូវ​បាន​យក​ទៅ​ពេទ្យ​ខេត្ត​ព្រះសីហនុ​ហើយ…»​។

សូម​បញ្ជាក់​ថា ​នេះ​មិន​មែន​ជា​លើក​ទី​ ១​ ទេ​ ដែល​សម្ដេច​ក្រុម​ព្រះ​ ន​រោត្តម​ រណ​ឫទ្ធិ​ និង​ អ្នក​ម្នាង​ អ៊ុក ​ផល្លា បាន​ជួប​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ ប៉ុន្តែ​កាល​ថ្ងៃ​​ទី​ ២៥ ខែ​មេសា​ឆ្នាំ​ ២០១៥​ ព្រះអង្គ និងអ្នកម្នាង ក៏ធ្លាប់ជួបគ្រោះថ្នាក់​ចរាចរណ៍ដែរ នៅភូ​មិ​អម្ពិល​ធំ ឃុំ​ខ្វិត​ធំ ស្រុក​ព្រៃ​ឈរ​ខេត្ត​កំពង់​ចាម​ ដែល​បណ្ដាល​ឲ្យ​អ្នក​ម្នាង​ អ៊ុក ​ល្លា ​រង​​របួសភ្នែក​​ធ្ងន់​ និង​បាន​បញ្ជូន​ទៅ​ព្យា​បាល​នៅ​ក្រៅ​ប្រ​ទេស​៕