ភ្នំពេញ: អ្នកយកព័ត៌មានឲ្យទូរទស្សន៍អនឡាញ ធី អិន អឹម (TNM TV Online) ម្នាក់ បានសុំពន្យារពេលចូលឆ្លើយបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ ដោយលើកហេតុផលថាកំពុងរកមេធាវីឲ្យជួយការពារក្ដីក្នុងបទចោទ «ហិង្សាដោយចេតនា» ក្រោយពីមនុស្ស ៦ នាក់ ព្រួតគ្នាប្រើហិង្សាលើគាត់ ប៉ុន្ដែបែរជាប្ដឹងជនរងគ្រោះទៅតុលាការទៅវិញ។
លោក សែម ប៊ុណ្ណា អ្នកយកព័ត៌មានឲ្យទូរទស្សន៍អនឡាញមួយនេះបានថ្លែងនៅថ្ងៃទី ៩ កក្កដា នេះថា លោកបានដាក់ពាក្យសុំពន្យារពេលចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញដោយសារកំពុងរកមេធាវីជួយការពារក្ដី។ ប៉ុន្ដែលោកមិនទាន់ដឹងតុលាការកោះហៅជាថ្មីពេលណាទៀតទេ។ លោកថា តុលាការបានកោះហៅលោកឲ្យចូលបំភ្លឺនៅថ្ងៃទី ៧ ខែកក្កដា តាមបណ្ដឹងរបស់ជនដៃដល់ចំនួន ៦ នាក់។
លោកបន្តថា ការជាប់បណ្ដឹងនេះដោយសារកាលពីខែវិច្ឆិកា ឆ្នាំ ២០១៩ មានជនដៃ ៦ នាក់បងប្អូនបានព្រួតគ្នាប្រើហិង្សាលើរូបលោករហូតរងរបួសធ្ងន់បាក់ថ្គាមម្ខាងបាក់ធ្មេញមុខ ១ វៀចក ដោយទាត់ធាក់រហូតដួសសន្លប់ទៅលើដីនៅភូមិ ១៧ សង្កាត់ បឹងសាឡាង ខណ្ឌ ទួលគោក។ ភ្លាមៗនោះ សមត្ថកិច្ចខណ្ឌទួលគោកបានឃាត់ខ្លួនជនដៃដល់ ២ នាក់ ឈ្មោះ អុល សំអាត និងឈ្មោះ អុល ភារម្យ បញ្ជូនទៅតុលាការ។
លោកបញ្ជាក់ថា៖ «ពេលបញ្ជូនដល់តុលាការក្រុងភ្នំពេញហើយបែរជាតុលាការមិនសម្រេចឃុំខ្លួនហើយដោះលែងជនដៃដល់ទាំង ២ នាក់ហ្នឹង ក្រោយពីចេញពីតុលាការ ក្រុមបងប្អូនគាត់ទាំង ៦ នាក់ហ្នឹង បានប្ដឹងបកមកខ្ញុំវិញ ដោយចោទប្រកាន់ខ្ញុំជាជនដៃដល់និងចោទខ្ញុំថាប្រើហិង្សាទៅលើពួកគាត់វិញ។ ក្រោយមកតុលាការបានកោះហៅខ្ញុំឲ្យចូលបំភ្លឺនៅថ្ងៃទី ៧ ខែកក្កដា»។
លោក ប៊ុណ្ណា បញ្ជាក់បន្ថែមថា៖ «មុនពេលជនទាំង ៦ នាក់ ប្រើហិង្សាមកលើខ្ញុំ គឺគ្រួសារខ្ញុំ និងគ្រួសារភាគីម្ខាងទៀតធ្លាប់ទាស់ពាក្យសម្ដីគ្នាដោយសារកូនតូចៗលេងជាមួយគ្នាហើយឈ្លោះប្រកែកគ្នាទើបឮដល់ចាស់ៗទាំង ២ ភាគីក៏កើតទំនាស់ពាក្យសម្ដីគ្នា ប៉ុន្ដែមិនមានហិង្សាអ្វីទេ។ រហូតដល់ ៣ ឬ ៤ ខែក្រោយមក ពោលគឺនៅថ្ងៃហេតុខាងលើជនដៃដល់ម្នាក់ឈ្មោះ អុល សំអាត បានជិះម៉ូតូលឿន (លក្ខណៈឌឺដង) មកក្បែរខ្ញុំ ហើយខ្ញុំក៏ស្រែកថា «ចង់បុកខ្ញុំឲ្យស្លាប់មែន?» ក្រោយមកគេហៅបងប្អូនគេ ៦ នាក់ មានប្រុសមានស្រីមកព្រួតគ្នាវ៉ៃខ្ញុំរហូតរបួសធ្ងន់»។
តាមដីកាកោះរបស់លោក សេង គឹមឡាក់ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចុះថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០២០ ដែលភ្នំពេញប៉ុស្ដិ៍ទទួលបាននៅថ្ងៃទី ៩ កក្កដា នេះ បានបង្គាប់ឲ្យឈ្មោះ សែម ប៊ុណ្ណា អាយុ ៣៤ ឆ្នាំ មានលំនៅភូមិ ១៧ សង្កាត់ បឹងសាឡាង ខណ្ឌ ទួលគោក ចូលទៅសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី ៧ ខែ កក្កដា ឆ្នាំ ២០២០ វេលាម៉ោង ៨:៣០ នាទីព្រឹកជាកំហិត ដើម្បីឆ្លើយដោះសាពីការចោទប្រកាន់មកលើខ្លួន។
លោក អុល សំអាត និងលោក អុល ភារម្យ និងមនុស្ស ៤ នាក់ផ្សេងទៀត ដែលរងការចោទប្រកាន់ថាបានព្រួតគ្នាវ៉ៃទៅលើលោក សែម ប៊ុណ្ណា មិនអាចស្វែងរកប្រភពទាក់ទងសុំការបញ្ជាក់ពីករណីនេះបានទេ នៅថ្ងៃទី ៩ កក្កដានេះ។
លោក សែម បូរ៉ា អគ្គនាយកទូរទស្សន៍អនឡាញខាងលើបានថ្លែងនៅថ្ងៃទី៩កក្កដានេះថាលោកជំរុញឲ្យតុលាការពិចារណាកាត់ក្ដីតាមស្ថានភាពជាក់ស្ដែងនិងអង្គហេតុដោយផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ។ លោកថា ការសម្រេចក្ដីរបស់តុលាការកន្លងមកនេះ ពិតជាអយុត្តិធម៌ដែលបានដោះលែងជនសង្ស័យ ដែលនាំឲ្យដៃដល់ងាកមកប្ដឹងជនរងគ្រោះវិញ។
លោកបញ្ជាក់ថា៖ «រឿងអយុត្តិធម៌ណាស់ ជនដៃដល់មិនព្រមផ្ដល់សំណងជូនជនរងគ្រោះទេ ប៉ុន្ដែបែរជាមកប្ដឹងជនរងគ្រោះវិញ។ យើងមានភ័ស្ដុតាងនិងវីដេអូសកម្មភាពប្រើហិង្សាមកលើជនរងគ្រោះ គឺមានអ្នកកាន់ដំបង ដេញតាមវ៉ៃ តាមទាត់ធាក់មកលើជនរងគ្រោះយ៉ាងសាហាវធ្វើឲ្យជនរងគ្រោះរបួសធ្ងន់និងដួលសន្លប់នៅលើដី អ៊ីចឹងទេតុលាការត្រូវតែរកយុត្តិធម៌ឲ្យជនរងគ្រោះ»៕