រតនគិរី: អ្នកយក​ព័ត៌មាន​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​ ៣ ប្រចាំ​ខេត្ត​រតនគិរី​ម្នាក់​បាន​ស្នើសុំ​ពន្យារ​ចូលខ្លួន​បំភ្លឺ​នៅ​តុលាការ បន្ទាប់ពី​ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​លោក​ រ៉ា បូរ៉ាន់ឌី បានចេញ​ដីកាកោះ​ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ចន្ទ​នេះ​ពាក់ព័ន្ធ​នឹង​បទញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ប៉ុន្តែ​ត្រូវ​បាន​សាមីខ្លួន​បដិសេធ​​ និង​កំពុង​រក​មេធាវី​សិក្សា​ឲ្យ​ច្បាស់​។

តាម​ដីកាកោះ​របស់​លោក រ៉ា បូរ៉ាន់ឌី ​ចុះ​ថ្ងៃទី​ ៣ ខែ​មិថុនា ដែល​ភ្នំពេញ​ប៉ុស្ដិ៍​ទទួល​បាន​ពី​សប្ដាហ៍​មុន បាន​អញ្ជើញ​ឈ្មោះ ផល ដាំ ភេទ​ប្រុស អាយុ​ ៥២ ​ឆ្នាំ ជនជាតិ​ខ្មែរ​ជា​ជនសង្ស័យ​ឲ្យ​ចូលមក​អយ្យការ​អម​សាលាដំបូង​ខេត្តរតនគិរី​ (​បន្ទប់​អក្សរ​ខ​) ​នៅ​ថ្ងៃទី​ ១៥ ខែ​ មិថុនា ឆ្នាំ​ ២០២០ វេលា​ម៉ោង​ ៩ ​ព្រឹក ដើម្បី​ចូល​មក​បំភ្លឺ​ពី​ដំណើរ​រឿង​បណ្ដឹង​របស់​ឈ្មោះ ពុធ ដានី ភេទ​ប្រុស ប្ដឹង​ពី​បទ​ «​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​»​។

ដីកា​បន្តថា សាមីខ្លួន​ត្រូវ​អញ្ជើញ​មក​តាម​ដីកាកោះ​នេះ​ឲ្យ​បាន​ទាន់ពេល​តាម​​កាលបរិច្ឆេទ​ដូច​បាន​កំណត់​ខាងលើ​ព្រមទាំង​យកមក​នូវ​ឯកសារ​ផ្សេងៗ​ពាក់ព័ន្ធ​មក​ជាមួយ​ផង ប្រសិន​បើ​មាន​។

លោក ផល ដាំ អ្នកយក​ព័ត៌មាន​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​ ៣ ប្រចាំខេត្ត​រតនគិរី​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ចុង​សប្ដាហ៍​មុន​ថា លោក​សោកស្ដាយ​នៅពេល​ដឹងថា លោក ពុធ ដានី បាន​ប្ដឹង​លោក​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ខណៈ​លោក​មិន​បាន​ប្រព្រឹត្ត​ដូច​ការចោទ​ផង​នោះ​។

លោក​បន្តថា លោក​បាន​មិនទាន់​បាន​ដឹង​ច្បាស់​ពី​ដើមហេតុ​នៃ​ចោទប្រកាន់​នេះ​ទេ ដោយ​គ្រាន់តែ​នៅ​ចាំ​ថា កន្លងមក​លោក​បាន​ផ្សព្វផ្សាយ​ពី​ករណី​រំលោភ​ដីធ្លី​នៅ​ទីតាំង​គម្រោង​ព្រលាន​យន្តហោះ​ខេត្តរតនគិរី​ដោយ​លោក​បាន​សម្ភាស​ជាមួយ​ពលរដ្ឋ​ដែល​និយាយ​រិះគន់​អាជ្ញាធរ​រឿង​មិន​ព្រម​ដោះស្រាយ​ទំនាស់​ដីធ្លី​ជូន​ពលរដ្ឋ និង​បណ្ដោយ​ឲ្យ​មាន​ការរំលោភ​យក​ដី​ព្រលាន​យន្តហោះ​ថែមទៀត​។

លោក ផល ដាំ បញ្ជាក់ថា​៖ «​ខ្ញុំ​មិនដែល​ស្គាល់​ឈ្មោះ ពុធ ដានី ទេ កន្លងមក ប៉ុន្ដែ​ខ្ញុំ​ទើប​ស្រាវជ្រាវ​ដឹងថា ពុធ ដានី ជា​អភិបាលរងក្រុង​បានលុង​។ ​ឥឡូវនេះ​ខ្ញុំ​កំពុង​រៀបចំ​ឯកសារ​ពាក់ព័ន្ធ​នានា​ជុំវិញ​សំណុំ​រឿងនេះ ហើយ​ក៏​កំពុង​ស្រាវជ្រាវ​ស្វែងយល់​ពី​សាច់រឿង និង​ដើមហេតុ​ឲ្យ​បាន​ច្បាស់លាស់​ដែរ​។ ​លើសពី​នេះ​ខ្ញុំ​ក៏​កំពុង​ស្វែងរក​មេធាវី​ដើម្បី​ជួយ​ក្នុង​រឿងក្ដី​នេះ ព្រោះ​ខ្ញុំ​មិនទាន់​យល់​នូវ​អ្វី​ដែល​ជា​ការចោទប្រកាន់​មកលើ​រូបខ្ញុំ​នេះ​ទេ​»​។

កាលពី​ម្សិលមិញ​លោក ផល ដាំ បាន​បញ្ជាក់​បន្ថែមថា ករណី​នេះ​លោក​បាន​ដាក់​ពាក្យសុំ​ពន្យារពេល​ចូលខ្លួន​រួចហើយ​កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន ដើម្បី​សិក្សា​ពី​ការចោទប្រកាន់​នេះ ដោយសារ​លោក​ទើបនឹង​ដឹង​តាមរយៈ​ដីកា​នេះ ខណៈ​មិន​បាន​បញ្ជាក់​ពី​ទីតាំង និង​ពេលវេលា​ច្បាស់លាស់​។

លោក​ ពុធ ដានី អភិបាលរងក្រុង​បានលុង និង​ជាដើម​បណ្ដឹង​មិន​អាច​ទាក់ទង​សុំ​ការបញ្ជាក់​ជុំវិញ​ការប្ដឹង​លោក ផល ដាំ អ្នក​យកព័ត៌មាន​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​ ៣ ប្រចាំ​ខេត្ត​រតនគិរី​បាន​ទេ ដោយ​ទូរស័ព្ទ​លោក​គ្មាន​អ្នកទទួល​។

លោក​ កុល ផាន់ណា ​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តរតនគិរី​បាន​ថ្លែង​កាលពី​សប្ដាហ៍​មុន​ថា លោក​បាន​ទទួល​ព័ត៌មាន​នេះ តែ​លោក​មិន​ទាន់​បានដឹង​ពី​មូលហេតុ​នៃ​ការប្ដឹង​គ្នា​ទេ​។ លោក​បាន​ជំរុញ​ឲ្យ​ភាគី​ទាំង​ ២ ​ដោះស្រាយ​គ្នា​ក្រៅ​ប្រព័ន្ធ​តុលាការ ចៀសវាង​ចំណាយ​នៅ​តុលាការ​។

លោក ផាន់ណា បញ្ជាក់ថា​៖ «​ការពិត​ខ្ញុំ​មិន​យល់ថា ការកោះហៅ​នេះ​គឺជា​ការគំរាមកំហែង ឬ​ប៉ះពាល់​សិទ្ធិសេរីភាព​សារព័ត៌មាន​ទេ ព្រោះ​បុគ្គល​ម្នាក់ៗ​គេ​មាន​កិត្តិយស កេរ្ដិ៍ឈ្មោះ​របស់​គេ អ៊ីចឹង​បើ​បងប្អូន​អ្នកកាសែត​យើង​ផ្សព្វផ្សាយ​មាន​វិជ្ជាជីវៈ និង​ក្រមសីលធម៌​អ៊ីចឹង​ខ្ញុំ​មិន​ជឿថា​គេ​ប្ដឹង​យើង​ទេ ហើយ​បើ​យើង​មាន​ភ័ស្តុតាង​គ្រប់គ្រាន់​យើង​ក៏​មិន​ភិតភ័យ​អ្វី​ដែរ​..​។

លោក ណុប វី នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​ (CAMBO-JA) ​បាន​ថ្លែងថា ការប្ដឹង​អ្នកសារព័ត៌មាន​នេះ​គឺជា​ការរំលោភ​លើ​សិទ្ធិសេរីភាព ព្រោះ​អ្នក​សារព័ត៌មាន​ជា​អ្នកសរសេរ​ព័ត៌មាន​ ឬ​ផ្សព្វផ្សាយ​ព័ត៌មាន​។ តាមច្បាប់​ស្ដីពី​របប​សារព័ត៌មាន ប្រសិន​អ្នកសារព័ត៌មាន​សរសេរ​ ឬ​ផ្សព្វផ្សាយ​បញ្ហា​អ្វីមួយ​មិនទាន់​ច្បាស់លាស់ អ្នកពាក់ព័ន្ធ​ទាំងនោះ គួរតែ​បំភ្លឺ​ ឬ​សរសេរ​លិខិត​មក​អង្គភាព​ព័ត៌មាន​នោះ​ឲ្យ​បំភ្លឺ​ឡើងវិញ​។

លោក​ថា​៖ «​ករណីនេះ​ជាការ​រំលោភ​លើ​សិទ្ធិសេរីភាព​របស់​អ្នកសារព័ត៌មាន បើ​ពាក់ព័ន្ធ​ការសរសេរ​ព័ត៌មាន យើង​ត្រូវតែ​យក​ច្បាប់​ព័ត៌មាន​មក​ដោះស្រាយ​មិនមែន​ដោះស្រាយ​តាម​ប្រព័ន្ធតុលាការ​ទេ​។ ​បើ​អ្នកសារព័ត៌មាន​សរសេរ​អ្វី​បន្ដិច​គេ​ប្ដឹងៗ​​អ៊ីចឹង គ្មាន​អ្នកសារព័ត៌មាន​ណា​ហ៊ាន​សរសេរ​អត្ថបទ​ពី​ភាព​អសកម្ម​របស់​​មន្ត្រី​ទេ ហើយ​មន្ត្រី​ខិលខូច​កាន់តែ​​សប្បាយ​ចិត្ត​នឹង​ប្រព្រឹត្ត​អំពើ​ពុករលួយ​ថែម​ទៀតផង​»៕