សៀមរាប: អតីត​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ស្រុក​ជីក្រែង​ខេត្ត​សៀមរាប លោក បាន សម្ភីរ ត្រូវ​បាន​សាលា​ឧទ្ធរណ៍​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើង​វិញ​កាល​ពី​យប់​ថ្ងៃ ២២ មីនា បន្ទាប់​ពី​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​ខេត្ត​គ្រប់​ចំនួន ប៉ុន្ដែ​ក្រុម​គ្រួសារ និង​មេធាវី​នៅ​តែ​ថា ជា​រឿង​អយុត្តិធម៌។

លោក បាន សម្ភីរ វ័យ ៧០ ឆ្នាំ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃទី ២០ ខែ​ ឧសភា ឆ្នាំ​មុន​ពាក់ព័ន្ធ​នឹង​ការ​ប្រមាថ​ព្រះមហា​ក្សត្រ។

កាលពី​ថ្ងៃទី ៤ ខែ តុលា ឆ្នាំ ២០១៨ សាលាដំបូង​ខេត្ត​សៀមរាប​បាន​ផ្ដន្ទាទោស​លោក​ឲ្យ​ជាប់​ពន្ធនាគារ ១ ឆ្នាំ ប៉ុន្តែ​ឲ្យ​អនុវត្ត​ទោស ១០ ខែ រីឯ​ទោស​សល់​ត្រូវ​ព្យួរ​ពាក់ព័ន្ធ​សំណុំ​រឿង​បង្ហោះ​សារ​បន្ដ​ពី​អ្នក​ដទៃ​ប្រមាថ​ព្រះ​មហា​ក្សត្រ​ខ្មែរ ប្រព្រឹត្ត​នៅ​ភូមិ​ពន្លឺ​ព្រះ​ផុស ឃុំ​កំពង់ក្ដី ស្រុក​ជីក្រែង​កាល​ពី​ថ្ងៃ ១៣ ខែ​ឧសភា ឆ្នាំ ២០១៨។

អ្នកស្រី អាំង វង​ភ័ក្ត្រ ត្រូវជា​កូនបង្កើត​លោក បាន សម្ភីរ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ កាល​ពី​ម្សិលមិញ​ថា ឪពុក​អ្នក​ស្រី​បាន​ទទួល​ទោស​គ្រប់​ចំនួន ១០ ខែ ទៅ​តាម​សាល​ដីកា​របស់​តុលាការ​រួច​ហើយ ដោយ​ត្រូវបាន​សាលា​ឧទ្ធរណ៍​បាន​សម្រេច​ដោះលែង​វិញ​កាល​ពី​ម៉ោង ៧ យប់​ថ្ងៃទី ២២ ខែ​មីនា ឆ្នាំនេះ។

អ្នកស្រី​បន្តថា​អ្នកស្រី​សប្បាយចិត្ត​ខ្លាំងណាស់​ដែល​ឪពុក​ត្រូវបាន​ដោះលែង ព្រោះ​ស្ថាន​ទម្ងន់​ទោស​ហាក់​មិន​សូវ​ធ្ងន់​ដូច​ការ​ចោទ ដោយសារ​អ្នក​ចែក​រំលែក (Share) ប្រមាណ​ជាង ៤០០ នាក់​ផ្សេង​ទៀត​មិន​ជាប់​ទោស ប៉ុន្ដែ​សម្រាប់​រូប​គាត់​ម្នាក់​បែរ​ជា​មាន​ទោស​ដល់ ១ ឆ្នាំ។

អ្នកស្រី​បញ្ជាក់ថា៖ «ខ្ញុំ​មានការ​សោកស្ដាយ​ខ្លាំង​ដែរ ពេល​គេ​ចាប់​ខ្លូន​ឪពុក​ខ្ញុំ​ហ្នឹង ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​ណា​ទេ តែ​ដូចជា​អយុត្តិធម៌​ចំពោះ​គាត់ ព្រោះ​យើង​ឃើញ​អ្វី​ប្លែក​អ៊ីចឹង​យើង Share គ្រប់ៗ​គ្នា​ទៅ អត់​ដែល​ឃើញ​មាន​បញ្ហា​អី្វ​ទេ ប៉ុន្ដែ​ដល់​ពេល​ឪពុក​ខ្ញុំ Share ទៅ​គេ​ថា ខុស​ច្បាប់​អី​ណា​ណោះ ខ្ញុំ​អត់​ដឹង​ច្បាស់​ដែរ។ រឿង​ដែល​គាត់​ចង់​ចូល​ធ្វើ​នយោបាយ​វិញ​នោះ ខ្ញុំ​អត់​ដឹង​ទេ ទាល់​តែ​សួរ​គាត់​ផ្ទាល់»។

លោក សំ ទិ​ត្យ​សីហា មេធាវី​ការពារ​ក្ដី​លោក បាន សម្ភីរ បាន​ថ្លែងថា លោក បាន សម្ភីរ បាន​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​គ្រប់​ចំនួន ក្រោយ​ពី​តុលាការ​បាន​សម្រេច​ដាក់​ទោស​គាត់ ១២ ខែ ប៉ុន្ដែ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ ១០ ខែ ហើយ​សល់ ២ ខែ​ទុក​ព្យួរ​ទោស។ ក្នុង​នោះ​តុលាការ​ក៏​មិនបាន​បង្គាប់​ឲ្យ​បង់​ប្រាក់​ពិន័យ​ចូល​រដ្ឋ​ដែរ។

លោក​ថា៖ «ខ្ញុំ​យល់ថា ការដាក់ទោស​គាត់​នេះ ហាក់ដូចជា​ធ្ងន់ធ្ងរ​ពេក ព្រោះ​តាម​ស្ថាន​ទម្ងន់​ទោស​មិន​មាន​ឥទ្ធិពល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សង្គម​ឬ​ធ្វើ​ចលាចល​ក្នុង​សង្គម​អ្វី និង​ខូច​សណ្ដាប់​ធ្នាប់​សាធារណៈ​ទេ។ ទោស​នេះ​គឺ​គ្រាន់​តែ​ហៅ​មក​អប់រំ ណែនាំ​ឬ​ធ្វើ​កិច្ចសន្យា​ទៅ​បាន​ហើយ»។

លោក រៀម ច័ន្ទ​ម្នី ព្រះរាជអាជ្ញា​រង​នៃ​សាលាដំបូង​ខេត្តសៀមរាប បាន​ថ្លែង​ថា សាលា​ឧទ្ធរណ៍​បាន​ដោះ​លែង​គាត់​ហើយ គឺ​គាត់​បាន​អនុវត្ត​ទោស​គ្រប់​ចំនួន ប៉ុន្ដែ​ព្យួរ ២ ខែ​ទៀត «គេ​កាត់​ទោស​គាត់​រួច​ហើយ ហើយគាត់​មិន​សុខចិត្ត គាត់​ប្ដឹងទៅ​ឧទ្ធរណ៍ ហើយ​ឧទ្ធរណ៍​គេ​ដាក់​ទោស​គាត់​តាម​ផ្លូវ​ច្បាប់​ទៅ​ហើយ​ឥឡូវ​នេះ គេ​ដោះ​លែង​គាត់​វិញ​អ៊ីចឹង​ទៅ»។

គួររំឭកថា មូលហេតុ​ដែលនាំឱ្យមាន​ការផ្តន្ទាទោស​នេះ​ដោយសារ​កាល​ពី​ថ្ងៃ​ទី ១៣ ខែ​ឧសភា ឆ្នាំ​មុន នគរបាល​ខេត្ត​សៀមរាប​បាន​រក​ឃើញ​ហ្វេសប៊ុក​ឈ្មោះ Ban Samphy បាន​បង្ហោះ​សារ​បង្ហាញ​ពី​អត្ថន័យ​ប្រមាថ​ដល់​អង្គ​ព្រះមហា​ក្សត្រ ព្រះបាទ សម្ដេចព្រះ​បរមនាថ នរោត្តម សីហមុនី។

តាម​ចម្លើយ​នៅ​ដំណាក់កាល​នគរបាល​យុត្តិធម៌ លោក បាន សម្ភីរ បាន​ថ្លែងថា ការ​ដែល​លោក​ចែក​ចាយ​បន្ត​ខ្លឹមសារ​ក្នុង​ហ្វេសប៊ុក​នេះ​មក​ពី​មិន​ពេញចិត្ត​អង្គ​ព្រះមហា​ក្សត្រ​ហើយ​ពេល​ឃើញ​ការ​បង្ហោះ​ក្នុង​គណនី​ឈ្មោះ (Khmer Thatcher) គាត់​ក៏បាន​ចូល Share បន្ត​តែ​ម្ដង​ទៅ៕