ភ្នំពេញៈ ​មាន​មនុស្ស​ ២៦ ​នាក់​បាន​ស្លាប់ និង​រងរបួស​ដោយសារ​គ្រាប់មីន​ និង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ក្នុង​រយៈពេល​ជាង​ ៤ ​ខែ​ដើម​ឆ្នាំនេះ ជា​តួលេខ​មួយ​ដែល​មាន​ការថយចុះ​ប្រមាណ​ ៤៨ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំមុន ដែល​មាន​អ្នកស្លាប់ និង​របួស​រហូតដល់​ ៥០ ​នាក់​។ នេះ​បើតាម​របាយការណ៍​របស់​អាជ្ញាធរ​មីន​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​កាលពី​ថ្ងៃ​ចន្ទ​។

របាយការណ៍​បាន​បញ្ជាក់ថា​៖ «​ក្នុងចំណោម​ជនរងគ្រោះ​ទាំង​ ២៦ ​នាក់​នោះ មាន​ ៥ ​នាក់​បាន​ស្លាប់ និង​ ២១ ​នាក់​ទៀត​បាន​រងរបួស​ធ្ងន់ និង​ស្រាល ក្នុងនោះ​មាន​ ៧ ​នាក់​ បាន​ដាច់​អវយវៈ​ដែល​នឹង​ក្លាយជា​ជនពិការ​អស់​ ១ ​ជីវិត និង​កំពុង​ស្ថិតក្រោម​ការជួយ​សង្គ្រោះ​ព្យាបាល​ពី​ក្រុមគ្រូពេទ្យ​ជំនាញ​នៅឡើយ​»​។

បើ​តាម​របាយការណ៍​នេះ​ក្នុង​រយៈពេល​ជាង​ ៤ ​ខែ​ដើមឆ្នាំ​ ២០២០ ​នេះ​ប្រតិបត្តិករ​ចំនួន​ ៧ ​រួមមាន កងយោធពល​ខេមរភូមិន្ទ មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា​ (CMAC),​អង្គការ​ដោះមីន​កម្ពុជា​ (CSHD), អង្គការ Hallo Trust, អង្គការ MAC, អង្គការ NPA និង​អង្គការ​ APOPO បាន​បោសសម្អាត​មីន​លើ​ផ្ទៃដី ៣៦ ១៨០ ៧០៤ ​ម៉ែត្រក្រឡា​ ដោយ​រកឃើញ​មីន​ប្រឆាំង​មនុស្ស​ចំនួន ៤ ៨៩៣ ​គ្រាប់ មីន​ប្រឆាំង​រថក្រោះ ១២០ ​គ្រាប់ និង​សំណល់​​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ ១៤ ១៩៥ ​គ្រាប់​។

ជាមួយ​គ្នា​នេះ​លោក​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​ ១ ​នៃ​អាជ្ញាធរ​មីន បាន​បញ្ជាក់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​នៅតែ​បន្ត​ផលប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​កម្ពុជា​ទាំង​អ្នក​រស់នៅ​ជនបទ​ដាច់ស្រយាល និង​​ក្នុង​ទីប្រជុំជន​មួយ​ចំនួន​ផងដែរ​។ ដូច្នេះ​​គ្រប់​គ្នា​ត្រូវ​ប្រុងប្រយ័ត្ន​ពេល​ដែល​ប្រទះ​ឃើញ​វា​ចូរ​កុំ​ព្យាយាម​ប៉ះពាល់​ ឬ​កាន់​លេង​ ឬ​រើស​វា​យក​ទៅ​កែច្នៃ​ធ្វើ​អ្វី​ផ្សេងទៀត​ឲ្យ​សោះ ព្រោះ​វា​ងាយ​នឹង​ផ្ទុះ​​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​។

លោក​បាន​បញ្ជាក់ថា​៖ «​គ្រាប់មីន គ្រាប់បែក​ចង្កោម និង​សំណល់​ជាតិ​ផ្ទុះ​សល់​ពី​សង្គ្រាម​នៅតែ​ជា​ហានិភ័យ​​សម្រាប់​យើង​គ្រប់គ្នា ព្រោះ​វា​មិន​ត្រឹមតែ​បង្ក​ឲ្យ​ពលរដ្ឋ​យើង​ស្លាប់ និង​ធ្លាក់ខ្លួន​ពិការ​ប៉ុណ្ណោះ​ទេ ថែមទាំង​ជា​ឧបសគ្គ​សម្រាប់​ការស្ដារ និង​អភិវឌ្ឍ​ជីវភាព​គ្រួសារ សេដ្ឋកិច្ចជាតិ​ទៀតផង​»​។

បើ​តាម​លោក ធុជ គ្រាប់មីន និង​សំណល់​ជាតិ​ផ្ទុះ​សល់​ពី​សង្គ្រាម​រាប់លាន​គ្រាប់​ត្រូវ​បាន​គេ​រាយការណ៍​ថា​មាន​បង្កប់​នៅក្នុង​ដី​ស្ទើរ​គ្រប់​ទីកន្លែង​នៅ​កម្ពុជា​ពិសេស​នៅ​តំបន់​លេណដ្ឋាន​កងទ័ព និង​តាម​តំបន់​ជួរ​ព្រំដែន​។

កាលពី​ថ្ងៃអាទិត្យ​មាន​គ្រាប់កាំភ្លើង​ធំ​ចំនួន​ ១៦ ​គ្រាប់​ត្រូវ​បាន​ពលរដ្ឋ​ប្រទះ​ឃើញ​នៅក្នុង​ស្រុក​រវៀង និង​ស្រុក​​គូលែន ខេត្តព្រះវិហារ ហើយ​ត្រូវបាន​​មន្ត្រី​ជំនាញ​ផ្នែក​កម្ចាត់មីន​នៃ​អង្គការ CSHD ជួយ​អន្តរាគមន៍​បោសសម្អាត​ និង​កម្ទេចចោល​នៅ​នឹង​កន្លែង​។

លោក​ ឈួន បូរ៉ា មន្ត្រី​បច្ចេកទេសផ្នែក​បោសសម្អាត​មីន​នៃ​អង្គការ​ CSHD ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា​៖ «​គ្រាប់​មិនទាន់​ផ្ទុះ ដែល​ត្រូវបាន​រំដោះ​ចេញ​ពី​ដីស្រែ​របស់​ប្រជាកសិករ និង​ដុត​កម្ទេចចោល​នៅនឹង​កន្លែង​នេះ​ជា​ប្រភេទ​គ្រាប់ផ្លោង​ចាប់ពី​កម្រិត​ ៦០ ​ម.ម ដល់ ៨៥ ​ម.ម ដែល​ជា​ផលិតផល​​នៃ​ប្រទេស​អាមេរិក ចិន រុស្ស៊ី និង​វៀតណាម​»​។

ទន្ទឹម​នឹងនេះ​គ្រាប់បែក​ទម្លាក់​ពី​លើ​យន្តហោះ​ប្រភេទ​ MK82 ​ចំនួន​ ១ ​គ្រាប់​ត្រូវបាន​ក្រុម​អង្គការ​ NPA ​ជីកកាយ​ចេញពី​ក្នុង​ដីព្រៃ​សហគមន៍​ភូមិ​​ផាក់ណាម ឃុំ​កោះពាក់ ស្រុក​វើនសៃ​ខេត្ត​រតនគិរី​កាលពី​ថ្ងៃ​សៅរ៍ បន្ទាប់ពី​អ្នកភូមិ​បាន​ប្រទះឃើញ និង​រាយការណ៍​ប្រាប់​ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ប្រាប់​ទៅ​មន្ត្រី​ជំនាញ​ឲ្យ​ជួយ​ដល់​ពួកគេ​។ ​បច្ចុប្បន្ន​គ្រាប់បែក​ដ៏ធំ​នោះ​ត្រូវ​បាន​ក្រុមមន្ត្រី​ជំនាញ​អង្គការ​ NPA ​នាំយក​ទៅ​រក្សាទុក​បណ្ដោះអាសន្ន​នៅ​ទីតាំង​មាន​សុវត្ថិភាព​នៃ​អង្គការ​នេះ​។

គួរបញ្ជាក់​ផងដែរ​ថា ដើម្បី​បង្កើន​កិច្ចប្រតិបត្តិការ​បោសសម្អាត​មីន​ឲ្យ​សម្រេចបាន​តាម​ផែនការ​យុទ្ធសាស្ត្រ​ «​កម្ពុជា​គ្មាន​មីន​ឆ្នាំ​ ២០២៥» រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ចូលរួម​ជា​ថវិកាបដិភាគ​ ១០ ​ភាគរយ​ ទៅគ្រប់​គម្រោង​ថ្មីៗ​សម្រាប់​ការបោសសម្អាត​មីន​ដើម្បី​មនុស្សធម៌​ជា​លក្ខណៈ​ទ្វេភាគី​ ឬ​ពហុភាគី និង​បាន​ដាក់ចេញ​ផែនការ​ជាក់លាក់​ក្នុង​ការបញ្ចប់​ការស្រាវជ្រាវ​ទិន្នន័យ​ជា​មូលដ្ឋាន​ចំនួន​ ៧៣ ​ស្រុក​ក្នុង​ខេត្ត​មួយចំនួន​នៅ​ភាគ​ខាងកើត​ប្រទេស​ក្នុង​ឆ្នាំ​ ២០២០ នេះ​។

ចាប់ពី​ឆ្នាំ​ ២០២០ ដល់​ឆ្នាំ​ ២០២៥ កម្ពុជា​នៅ​ត្រូវការ​ថវិកា​ប្រមាណ​ ៣៧៧ ​លាន​ដុល្លារ​បន្ថែមទៀត ដើម្បី​រំដោះ​ផ្ទៃដី​ដែលមាន​មីន គ្រាប់បែក​ចង្កោម និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ប្រមាណ ៨០៦ ​គីឡូម៉ែត្រ​ក្រឡា​៕