ភ្នំពេញៈ ស្របពេល​រដូវប្រាំង​ឆ្នាំនេះ​ក្ដៅ​ហួតហែង​ខ្លាំង ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​ក្នុង​តំបន់​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ​មាន​ភាពរអាក់រអួល ដោយ​ពេល​ខ្លះ​គ្មាន​លំហូរ​ទឹក​សូម្បី​ ១ ​តំណក់​​ នៅពេល​ព្រឹក និង​ពេលខ្លះទៀត​នៅ​​ពេល​ល្ងាច បង្កឲ្យ​មាន​ការរអ៊ូរទាំ​ពី​អ្នកប្រើប្រាស់ ខណៈ​មន្ត្រី​អះអាង​​ថា ការផលិត​ទឹក​មាន​ការខ្វះខាត​ប្រមាណ​ ១០ ​ម៉ឺន​ម៉ែត្រគុប​ក្នុង​ ១ ​ថ្ងៃ​។

កញ្ញា​ តាន់ រតនៈ អាយុ​ ២២ ​ឆ្នាំ​មាន​លំនៅ​ក្នុងភូមិ​ស្ពាន​ខ្ពស់ សង្កាត់​គីឡូម៉ែត្រ​លេខ​ ៦ ខណ្ឌ​ឫស្សីកែវ​បាន​ថ្លែងថា​កាលពី​ ១ ​សប្ដាហ៍​មុន ប្រព័ន្ធ​ខ្សែបណ្ដាញ​ផ្គត់ផ្គង់​ទឹកស្អាត​នៅក្នុង​ភូមិ​របស់​នាង​មាន​ភាពរអាក់រអួល​ដែល​ពេលខ្លះ​គ្មាន​ទឹក​ចេញ​ទេ​។

កញ្ញា បាន​ថ្លែងថា​៖ «​កាល​ ១ ​សប្ដាហ៍​​មុន នៅ​ចន្លោះ​ម៉ោង​ ៧ ​ព្រឹក​ដល់​ម៉ោង​ ៨ និង​ ៣០ ​នាទី​ព្រឹក​ ពេល​បើក​ក្បាលរ៉ូប៊ីណេ​គ្មាន​លំហូរ​ទឹកស្អាត​សូម្បី​តែ​ ១ ​តំណក់​។ ​ករណី​នេះ​មិនមែន​កើត​មាន​តែ​នៅផ្ទះ​របស់ខ្ញុំ​ទេ ផ្ទះ​អ្នកជិតខាង​ខ្ញុំ​ក៏​ដូច្នោះ​ដែរ​។ នៅ​ល្ងាច​ថ្ងៃ​ខ្លះទៀត គឺ​គ្មាន​ទឹក​ចេញ​ទេ​រហូតដល់​ម៉ោង​ ១០ ​យប់ ទើប​មាន​ទឹកស្អាត​ប្រើប្រាស់​»​។

កញ្ញា រតនៈ បាន​បន្តថា​បញ្ហា​នេះ​ទំនង​ជា​បណ្ដាលមកពី​ការជួសជុល​បណ្ដាញ​លូ​រំដោះ​ទឹកជំនន់ និង​ការជួសជុល​ផ្លូវ​ ១ ​ចំនួន​នៅក្នុង​រាជធានី-ភ្នំពេញ​ដែល​អាច​ប៉ះពាល់​លើ​បណ្ដាញ​ទុយោ​មេ​ផ្គត់ផ្គង់​ទឹកស្អាត​ទើប​បាន​ជា​ការផ្គត់ផ្គង់​ទឹក​របស់​រដ្ឋាករទឹក​ស្វយ័ត​រាជធានី​ភ្នំពេញ រអាក់រអួល​។

ជុំវិញ​ករណីនេះ​លោក ស៊ឹម ស៊ីថា អគ្គនាយក​រដ្ឋាករទឹក​ស្វយ័ត​រាជធានី-ភ្នំពេញ​បាន​ថ្លែង​កាលពី​ថ្ងៃទី​ ១៣ ខែ​មីនា​ថា ភាពរអាក់រអួល​នៃ​ការផ្គត់ផ្គង់​ទឹកស្អាត​នេះ​មិនមែន​មកពី​ខូច​ ឬ​បែកធ្លាយ​ខ្សែបណ្ដាញ​ទុយោ​មេ​នោះ​ទេ​។ ប៉ុន្តែ​គឺ​មកពី​ការប្រើប្រាស់​ទឹកស្អាត​កើនឡើង​ខ្ពស់ជាង​ការរំពឹងទុក​។

លោក ស៊ីថា បាន​ថ្លែងថា​៖ «​តាម​សមត្ថភាព​ផលិត​ជាក់ស្ដែង​ដែល​យើងខ្ញុំ​មាន​ប្រមាណ​ជាង​ ៦០ ​ម៉ឺន​ម៉ែត្រគុប​ក្នុង​ ១ ​ថ្ងៃ ហើយ​សេចក្ដី​ត្រូវការ​ទឹកស្អាត​ប្រើប្រាស់​មាន​រហូត​ទៅដល់​ជាង​ ៧០ ​ម៉ឺន​ម៉ែត្រគុប​ ក្នុង​ ១ ​ថ្ងៃ​ បាន​សេចក្ដី​ថា​យើង​ខ្វះ​ទឹក​សម្រាប់​ផ្គត់ផ្គង់​ប្រមាណ​ជាង​ ១០ ​ម៉ឺន​ម៉ែត្រគុប​ ក្នុង​ ១ ​ថ្ងៃ​»​។

លោក​បាន​ថ្លែងថា ទោះ​យ៉ាងណា​ការផលិត​ទឹក​របស់​រដ្ឋាករទឹក​ស្វយ័ត​រាជធានី​ភ្នំពេញ​មិនបាន​ថយចុះ​នោះទេ ពោល​គឺ​សមត្ថភាព​នៃ​ការផលិត​ទឹកស្អាត​នេះ​មាន​ការកើនឡើង​ជា​រៀងរាល់​ឆ្នាំ តែ​នេះ​ដោយសារ​តម្រូវ​ការប្រើប្រាស់​មាន​ការកើនឡើង​ខ្ពស់​លើស​ការរំពឹងទុក​។ ក្នុង​ឆ្នាំ​ ២០១៦ រដ្ឋាករ​ទឹក​ស្វយ័ត​រាជធានី​ភ្នំពេញ ផលិត​ទឹកស្អាត​បាន​ត្រឹម​ជាង​ ៤០ ​ម៉ឺន​ម៉ែត្រគុប​ប៉ុណ្ណោះ​ ខណៈ​បច្ចុប្បន្ន​ផលិត​ទឹកស្អាត​បាន​ជាង​ ៦០ ​ម៉ឺន​ម៉ែត្រគុប​ ក្នុង​ ១ ​ថ្ងៃ​។

លោក​ ស៊ីថា បាន​បន្តថា ឆ្លើយតប​នឹង​តម្រូវការ​ប្រើប្រាស់​ទឹកស្អាត​របស់​ពលរដ្ឋ​កាន់តែ​ច្រើនឡើង​ពី​ ១ ​ឆ្នាំ​ទៅ​ ១ ​ឆ្នាំ រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ដើមឆ្នាំ​ ២០២០ ​នេះ​បាន​សាងសង់​រោងចក្រ​ផលិត​ទឹកស្អាត​ថ្មី​ ១ ​កន្លែង​ទៀត​នៅ​សង្កាត់​បាក់ខែង ខណ្ឌ​ជ្រោយចង្វារ​រាជធានី​ភ្នំពេញ​ដោយ​ប្រើប្រាស់​ថវិកា​ជាង​ ៣០០ ​លាន​ដុល្លារ​អាមេរិក​ ដែល​មាន​សមត្ថភាព​អាច​ផ្គត់ផ្គង់​ទឹកបាន​ជិត​ ៤០ ​ម៉ឺន​ម៉ែត្រគុប​ក្នុង​ ១ ​ថ្ងៃ​។

លោក​បាន​អះអាង​ថា តាម​គម្រោង​​រោងចក្រ​ផលិត​ទឹកស្អាត​ថ្មី​នេះ​នឹងត្រូវ​​សាងសង់​រួចរាល់​ជា​ស្ថាពរ​នៅក្នុង​ឆ្នាំ​ ២០២៣ ហើយ​វា​នឹង​ជួយ​បង្កើន​សមត្ថភាព​ផលិត​ទឹកស្អាត​កើនឡើង​បន្ថែមទៀត​ដែល​រំពឹងថា ការផ្គត់ផ្គង់​ទឹកស្អាត​ជូន​ពលរដ្ឋ​នៅ​ទូទាំង​រាជធានី​ភ្នំពេញ ហើយ​នឹង​គ្មាន​ការខ្វះខាត​ទឹកស្អាត​ទៀតឡើយ​។

ជុំវិញ​ការខ្វះ​ទឹកស្អាត​សម្រាប់​ផ្គត់ផ្គង់​ជូន​ពលរដ្ឋ​នេះដែរ​លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ជំរុញ​ឲ្យ​រដ្ឋបាល​ខណ្ឌ​ទាំង​ ១៤ ក្នុង​រាជធានី​ភ្នំពេញ​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការចូលរួម​ដោះស្រាយ និង​ត្រូវមាន​រថយន្ត​ដឹក​ទឹក​ជូន​បងប្អូន​ពលរដ្ឋ​ក្នុង​មូលដ្ឋាន ជាពិសេស​នៅ​តំបន់​ជាយក្រុង​។

ការជំរុញ​របស់​លោក ឃួង ស្រេង លើ​បញ្ហា​នេះ​បាន​ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃទី​ ១៣ ខែមីនា ឆ្នាំ​ ២០២០ ជាមួយ​មន្ដ្រី​ជំនាញ​ពាក់ព័ន្ធ​ស្ដីពី​បញ្ហា​កង្វះ​ទឹក​ប្រើប្រាស់​ប្រចាំថ្ងៃ​ក្នុង​រាជធានី​ភ្នំពេញ​។

លោក​បាន​បញ្ជាក់ថា​៖ «​រាជធានី-ភ្នំពេញ​សព្វថ្ងៃ​មិន​ត្រឹមតែ​រីក​ទំហំ​ផ្ទៃដី​ប៉ុណ្ណោះ​ទេ​គឺ​លូត​កម្ពស់​ថែមទៀត​ដោយ​លំនៅឋាន​សង់​ខ្ពស់ៗ​ជាច្រើន​ដូចនេះ​តម្រូវការ​ទឹក​ក៏មាន​ការ​កើនឡើង​ច្រើន​ផងដែរ​»៕