ភ្នំពេញៈ អតីត​អ្នក​ជំនាញ​ព្រំដែន​កម្ពុជា​លោក ស៊ាន ប៉េងសែ ដែល​ជា​អ្នក​រិះគន់​ឥតសំចៃ​មក​លើ​រដ្ឋាភិបាល​ជុំវិញ​បញ្ហា​ព្រំដែន និង​ជា​អតីត​មន្ត្រី​ជាន់ខ្ពស់​ក្នុង​របប​លោក​សេនាប្រមុខ លន់ នល់ នា​ទសវត្សរ៍​ទី​ ៧០ បាន​ទទួល​មរណភាព​នៅ​វេលា​ម៉ោង​ ៤ ​ទៀបភ្លឺ ថ្ងៃ​អង្គារ​ក្នុង​ទីក្រុង​ប៉ារីស ទី​ដែល​លោក​បាន​រស់នៅ​ដោយ​និរទេស​ចាប់​តាំងពី​ការ​ដួលរលំ​នៃ​របប​សាធារណរដ្ឋ​ខ្មែរ​ដែល​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក​មក​។

លោក​ ប៉េងសែ បាន​ទទួល​មរណភាព​ក្នុង​ជន្មាយុ ៨២ ឆ្នាំ​ដោយ​រោគាពាធ​នៅ​មន្ទីរពេទ្យ (Centre Hospitalier d''Orgemont, 77100 Meaux, France) បន្ទាប់ពី​លោក​បាន​រស់នៅ​ដោយ​និរទេស​ខ្លួន​តាំងពី​ឆ្នាំ​ ១៩៧៤ ​មក​។ លោក ប៉េងសែ កើត​នៅ​ថ្ងៃ​ទី​ ១ ខែ​មករា ឆ្នាំ​ ១៩៣៦ នៅ​ក្នុង​ឃុំ​ស្ពឺ ស្រុក​ចំការលើ ខេត្ត​កំពង់ចាម​។

លោក​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​អ្នកស្រី វណ្ណ ដារ៉េត ដែល​ត្រូវ​ជា​ក្មួយ​បង្កើត​របស់​ព្រឹទ្ធាចារ្យ​ស្ថាបត្យករ​ខ្មែរ​ដ៏ល្បីល្បាញ វណ្ណ មូលីវណ្ណ នៅ​ខែ​មករា ឆ្នាំ​ ១៩៦៦ ដោយ​មាន​កូន​ចំនួន​ ៤ ​នាក់​ ប្រុស​ ៣ នាក់​។ លោក​មាន​ឪពុក​ឈ្មោះ ស៊ាន ប៊ុនសេង និង​ម្តាយ​ឈ្មោះ ហេង យូឡាយ​។

តាម​ការ​បញ្ជាក់​របស់​លោក ឌី ការ៉េត អតីត​អ្នក​កាសែត​ជើងចាស់ និង​ជា​មិត្តភក្តិ​ជិតស្និទ្ធ​ដែល​បាន​សរសេរ​ប្រវត្តិ​របស់​លោក ប៉េងសែ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ទីក្រុង​ប៉ារីស​កាលពី​ម្សិលមិញ​ថា​លោក ប៉េងសែ បាន​សិក្សា​នៅ​វិទ្យាល័យ​ព្រះសីហនុ​ក្នុង​ខេត្ត​កំពង់ចាម និង​បន្ត​ទៅ​វិទ្យាល័យ​ស៊ីសុវត្ថិ​ក្នុង​ទីក្រុង​ភ្នំពេញ​។ ចន្លោះ​ពី​ឆ្នាំ ១៩៥៩ ដល់​ឆ្នាំ​ ១៩៦០ លោក​បាន​អាហារូបករណ៍​ទៅ​រៀន​នៅ​ប្រទេស​បារាំង​នៅ​សាលា​ជាន់​ខ្ពស់​បារាំង សិក្សា​អំពី​រ៉ែ និង​បាន​ទទួល​សញ្ញាបត្រ​ជា​វិស្វករ​។

លោក​បាន​ត្រឡប់​មក​កម្ពុជា​ក្រោយពី​បញ្ចប់​ការ​សិក្សា​ និង​ធ្វើ​ជា​នាយក​មន្ទីរ​រ៉ែ នៃ​ក្រសួង​ឧស្សាហកម្ម ចន្លោះ​ពី​ឆ្នាំ​ ១៩៦៧ ដល់​ ១៩៧០​។

នៅ​ថ្ងៃ​ទី​ ១១ ខែ​មេសា​ឆ្នាំ​ ១៨៧០ ​លោក​ត្រូវ​បាន​តែងតាំង​ជា​អគ្គស្នងការ​ទទួល​បន្ទុក​ថាមពល រ៉ែ និង​សមុទ្រ​។ នៅ​ខែ​ឧសភា​ឆ្នាំ​ ១៩៧៣ ​របប​សាធារណរដ្ឋ​ខ្មែរ​បាន​តែងតាំង​លោក​ជា​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​សិប្បកម្ម​។ នៅ​ខែ​ឧសភា ១៩៧៤ លោក​ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​គណៈប្រតិភូ​កម្ពុជា​ដើម្បី​ចូលរួម​ការ​ចរចា​អំពី​បញ្ហា​ព្រំដែន​ជាមួយ​វៀតណាម ខាង​ត្បូង​នៅ​ទីក្រុង​ប៉ារីស​។

លោក ឌី ការ៉េត បញ្ជាក់​ថា​ពេល​នោះ​ហើយ​ដែល​លោក​ ស៊ាន ប៉េងសែ ត្រូវ​ជាប់​គាំង​នៅ​ប្រទេស​បារាំង ខណៈ​កងទ័ព​ខ្មែរក្រហម​បាន​ផ្តួល​រំលំ​របប​សាធារណរដ្ឋ​ខ្មែរ និង​ចូល​កាន់កាប់​ទីក្រុង​ភ្នំពេញ​នៅ​ឆ្នាំ​ ១៩៧៥​។ លោក​ ប៉េងសែ បាន​ទទួល​សញ្ជាតិ​បារាំង​នៅ​ឆ្នាំ ១៩៧៩​។

លោក​បាន​បង្កើត​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​​ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉ារីស​នា​ឆ្នាំ​ ១៩៩៩ ដែល​មាន​លោក​ជា​ប្រធាន​រហូត​មក​ដល់​សព្វថ្ងៃ និង​បាន​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​ ២០០០ ដើម្បី​ជួប​ជាមួយ​ព្រះមហាក្សត្រ​ នរោត្តម សីហនុ ដើម្បី​ស្នើ​ឲ្យ​ព្រះអង្គ អន្តរាគមន៍​លុប​ចោល​សន្ធិសញ្ញា​ឆ្នាំ​ ១៩៨២ និង ១៩៨៥ ដែល​ចុះ​ហត្ថលេខា​ដោយ​រដ្ឋាភិបាល​ខ្មែរ​សម័យ​នោះ​ដែល​លោក​ចាត់ទុក​ថា «​បាន​ធ្វើឲ្យ​បាត់បង់​ទឹកដី សមុទ្រ កោះត្រល់ និង​កោះ​ក្រចក​សេះ​ទៅ​ប្រទេស​វៀតណាម ខណៈ​ដែល​ពេល​នោះ​ប្រទេស​កម្ពុជា​គ្រប់គ្រង​ដោយ​កងទ័ព​វៀតណាម​»​។

លោក​ ឌី ការ៉េត ថ្លែង​ថា​៖ «​គាត់​គឺជា​បុគ្គល​ស្លូតបូត​ល្អ ត្រឹមត្រូវ ចិត្តត្រង់ និង​មាន​ចិត្ត​សប្បុរស ជាមួយ​មិត្តភក្ដិ​ណាស់ អត់​ចេះ​ភូត ឬ​និយាយ​បំផ្លើស​។ គាត់​ជា​មនុស្ស​មាន​សីលធម៌​ខ្ពស់​...​ប៉ុន្តែ​រឿង​មួយ​ទៀត​នៅ​ពេល​ចាប់ផ្តើម​និយាយ​គ្នា គាត់​អត់​និយាយ​រឿង​អី​ក្រៅ​ពី​រឿង​បូរណភាព​ទឹកដី រឿង​ព្រំដែន និង​រឿង​គាត់​មួម៉ៅ ក្ដៅក្រហាយ នឹង​សន្ធិសញ្ញា ដែល​យួន​ស៊ីញ៉េ​ជាមួយ​លោក​ ហ៊ុន សែន អំពី​រឿង​ទឹកដី រឿង​ព្រំដែន​។ គាត់​ខឹង​ណាស់ គាត់​មួម៉ៅ​ណាស់​។ គាត់​បាន​ផ្តាំ​ហើយ​ផ្តាំ​ទៀត ឲ្យ​លុប​ចោល​សន្ធិសញ្ញា​ឆ្នាំ​ ១៩៨២ រឿង​សមុទ្រ និង ១៩៨៥ រឿង​ព្រំដែន​ដីគោក​»​។

លោក​បញ្ជាក់​ថា​លោក​ ប៉េងសែ ចាត់ទុក​សន្ធិសញ្ញា​ទាំង​នេះ​រួម​ទាំង​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ ២០០៥ ថា​ «​ខុស​ច្បាប់​» ​និង​ «​បំពាន​លើ​ច្បាប់​អន្តរជាតិ​»​។

ទោះ​ជា​យ៉ាង​ណា​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​បាន​ច្រានចោល​ការ​លើក​ឡើង​ទាំង​នេះ​ហើយ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ធ្លាប់​ធ្វើការ​បំភ្លឺ​ជាច្រើន​ម៉ោង នៅ​ក្នុង​រដ្ឋសភា​កាលពី​ឆ្នាំ​ ២០១២ ជុំវិញ​បញ្ហា​ព្រំដែន​នេះ​។

លោក​ ប៉េងសែ ក៏​ធ្លាប់​ត្រូវ​បាន​តុលាការ​កម្ពុជា​ធ្វើការ​ចោទប្រកាន់​ដោយ​កំបាំង​មុខ​ជុំវិញ​បណ្ដឹង​បរិហារកេរ្តិ៍​ដែល​ប្ដឹង​ដោយ​លោក ហ៊ុន សែន ផង​ដែរ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត ឌឹ ខេមបូឌាដេលី​កាលពី​ឆ្នាំ​ ២០០៥​។

លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​ថ្លែង​ថា​លោក​សូម​ចូលរួម​មរណទុក្ខ​ជូន​ចំពោះ​ក្រុម​គ្រួសារ​នៃ​សព​លោក ប៉េងសែ​។

ប៉ុន្តែ​លោក​ថា​លោក ប៉េងសែ បាន​ធ្វើការ​អះអាង​ផ្ទុយ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​។

លោក​ថ្លែង​ថា​៖ «​យើង​មាន​ការ​សោកស្ដាយ​ដែរ​កន្លែង​ខ្លះ ក៏​ឃើញ​ការ​បញ្ចេញ​មតិយោបល់​ផ្អែក​លើ​ការ​យល់​ឃើញ​របស់​គាត់​ផ្អែក​លើ​និន្នាការ​នយោបាយ ដូច្នេះ​វា​ជា​បញ្ហា​ផ្ទុយ​គ្នា​ខ្លះ ឬ​ខ្វែង​គំនិត​គ្នា​ជាមួយ​នឹង​រាជរដ្ឋាភិបាល​បច្ចុប្បន្ន​។ យើង​ខ្វែង​គំនិត​គ្នា​ដោយសារ​គាត់​មាន​និន្នាការ​ខាង​សេរី​និយម គាត់​ចោទ​គណបក្ស​ប្រជាជន​ថា កុម្មុយនីស្ត និង​ចោទ​ផ្ទុយ​អំពី​បញ្ហា​ជាក់ស្ដែង​ដែល​រាជរដ្ឋាភិបាល​គណបក្ស​ប្រជាជន​តែងតែ​គិតគូរ​ការពារ​បូរណភាព​ទឹកដី យើង​បោះ​បង្គោល​ព្រំដែន​ផ្អែក​លើ​គោលការណ៍​ច្បាប់ គោលការណ៍​ដែល​ឯកសារ​បន្សល់​ទុក​ដោយ​អាណានិគម​បារាំង​។ យើង​មិន​បាន​ធ្វើ​ផែនទី​ដោយ​ខ្លួនឯង​ឯណា យើង​យក​ផែនទី​ដែល​បន្សល់​ទុក​ដោយ​អាណានិគម​និយម​បារាំង​»​។

លោក​បន្ថែម​ថា​៖ «​គាត់​ក៏​ប្រើ​ផែនទី​បារាំង​ដែរ មូលហេតុ​អី​បាន​ជា​គាត់​វាយតម្លៃ​ថា​រាជរដ្ឋាភិបាល​ធ្វើ​ឲ្យ​បាត់បង់​ទឹកដី​រាប់​ម៉ឺន​គីឡូ​។ បោះ​បង្គោល​ព្រំដែន​គោក​រវាង​វៀតណាម ក៏​ប៉ុន្តែ​គាត់​ថា​បាត់បង់​ដែនសមុទ្រ​ដល់​ទៅ ៤ ម៉ឺន​គីឡូ​ម៉ែត្រការ៉េ អាហ្នឹង​ជា​ការ​មិន​ត្រឹមត្រូវ​ហើយ​ពី​ព្រោះ​ព្រំដែន​ទឹក​យើង​​មិន​ទាន់​បាន​កំណត់​នៅ​ឡើយ​ទេ​មិន​ទាន់​មាន​ការ​ឯកភាព​កំណត់​ថា​ត្រង់​ចំណុច​ណា​ជា​ចំណុច​ណា​ទេ​»​។ លោក​បញ្ជាក់​ថា​៖ «​ដោយសារ​សន្ធិសញ្ញា​ហ្នឹង​ហើយ​ដែល​យើង​ការពារ​បាន​ទឹកដី​ថា​កោះ​ពូលូវ៉ៃ​ជា​របស់​ខ្មែរ​ដែល​វៀតណាម​ក៏​ទទួល​ស្គាល់​បច្ចុប្បន្ន​នេះ​វា​គ្មាន​បញ្ហា​អី​ទេ​។ កាល​ជំនាន់​ លន់ នល់ កោះ​ពូលូវ៉ៃ មិនមែន​ជា​របស់​ខ្មែរ​ឯណា​គឺ​វៀតណាម​ខាង​ត្បូង​កាន់កាប់​។ អត់​មាន​ប៉ះពាល់​កោះ​ត្រល់​ទេ ព្រោះ​កោះត្រល់​បាន​បាត់​អធិបតេយ្យ​របស់​កូសាំងស៊ីន​តាំងពី​ឆ្នាំ ១៩៣៩ ហើយ​បែរ​ជា​មក​បន្ទោស​រាជរដ្ឋាភិបាល​ក្រោយ​ឆ្នាំ​ ១៩៩៣ ម៉េច​កើត​! ...»​។

ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា និង​សមាគម​ពុទ្ធសាសនិកជន​ខ្មែរ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ន័រវេស​ដែល​មាន​លោក​ ម៉ែន ណាត ជា​ប្រធាន​បាន​ចេញ​លិខិត​រំលែក​ទុក្ខ​មួយ​កាលពី​ថ្ងៃ​ម្សិលមិញ​ដោយ​ចាត់​ទុក​មរណភាព​របស់​លោក ប៉េងសែ ថា​ជា​ «​ការ​បាត់បង់​អ្នក​ជំនាញ​ការ​គូស​ផែនទី​ខ្មែរ​»​។

លិខិត​រំលែក​ទុក្ខ​មាន​ខ្លឹមសារ​ថា​៖ «​មរណភាព​របស់​លោក ស៊ាន ប៉េងសែ គឺជា​ការ​បាត់បង់​អ្នក​ជំនាញ​​ការ​គូស​ផែនទី​ខ្មែរ និង ជា​ធនធាន​មនុស្ស​របស់​ពលរដ្ឋ​ខ្មែរ​ដ៏ល្អ​ម្នាក់​ដែល​បាន​ចំណាយ​ពេល​ស្ទើរ​តែ​ពាក់​កណ្តាល​ជីវិត ដើម្បី​បុព្វហេតុ​ការពារ​បូរណភាព​ទឹកដី​ខ្មែរ និង​ការ​ផ្តួចផ្តើម​គំនិត​តវ៉ា​រឿង​ប្រជុំ​កោះត្រល់​ពី​ប្រទេស​វៀតណាម​នៅ​លើ​មូលដ្ឋាន​ច្បាប់​ជាតិ-អន្តរជាតិ ដែល​ពាក់ព័ន្ធ​កិច្ចការ​របស់​កម្ពុជា បើ​ទោះបី​ជា​របប​ដឹកនាំ​របស់​លោក ហ៊ុន សែន មិន​ខ្វល់ខ្វាយ​អំពី​ការ​បាត់បង់​ទឹកដី​ និង​ប្រជុំ​កោះត្រល់​ទៅ​ប្រទេស​ជិត​ខាង​ក្តី​»​។

លោក​ រ៉ុង ឈុន អតីត​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត និង​បច្ចុប្បន្ន​ជា​សមាជិក​ម្នាក់​នៃ​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​បាន​ចាត់​ទុក​មរណភាព​លោក​ ប៉េងសែ ថា​ជា​ការ​បាត់ ទ្រព្យសម្បត្តិ​ដ៏មាន​សារៈសំខាន់​មួយ​របស់​ប្រទេស​ជាតិ​។ «​គាត់​បាន​លះបង់​ច្រើន​តាំង​ពី​សម័យ​សង្គមរាស្ត្រនិយម​មក គាត់​បាន​ធ្វើ​ការងារ​យ៉ាង​ច្រើន​អំពី​បញ្ហា​ព្រំដែន​គោក​ក៏​ដូចជា​ព្រំដែន​សមុទ្រ​»​។ លោក​ថ្លែង​ថា​លោក ប៉េងសែ ធ្លាប់​បាន​ជជែក​ពិភាក្សា​ជាមួយ​សម្ដេច​​នរោត្តម សីហនុ នាទី​ក្រុង​ប៉េកាំង​ស្ដី​អំពី​បញ្ហា​ព្រំដែន​កម្ពុជា​។ ​«​ឲ្យ​តែ​គាត់​មាន​ការ​លើក​ឡើង​និយាយ​ពី​ព្រំដែន​ឃើញ​ថា​រដ្ឋាភិបាល​មិន​សប្បាយ​ចិត្ត​នៅ​រាល់​ការ​លើក​ឡើង​របស់​គាត់​។ គេ​បដិសេធ និង​ប្រតិកម្ម​ខ្លាំងៗ​ត្រឡប់​ទៅ​គាត់​វិញ​...​។ រាល់​មតិ​ដែល​លើក​ឡើង​ត្រូវ​យក​មក​គិត​ពិចារណា​មិន​ត្រូវ​ចាត់​ទុក​ដូចជា​បន្លា​នៅ​ក្នុង​កែវភ្នែក​ទេ ពីព្រោះ​ដើម្បី​ជាតិ​រស់ មិនមែន​ដើម្បី​បុគ្គល​ ឬ​នរណា​ម្នាក់​ទេ​»​។

លោក​ ឡុង បុត្តា ​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ថ្លែង​ថា​ការ​ស្លាប់​របស់​លោក ប៉េងសែ គឺ​ស្មើ​នឹង​ការ​បាត់បង់​សាក្សី​រស់​ដ៏សំខាន់​ដែល​បាន​រួម​ចំណែក​ក្នុង​កិច្ចការ​ព្រំដែន​របស់​កម្ពុជា​។ លោក​បាន​ថ្លែង​ថា​៖ «​គាត់​ជា​អ្នក​ដែល​ស្គាល់​រឿង​បញ្ហា​ព្រំដែន​ច្បាស់លាស់ គាត់​បាន​ធ្វើ​កិច្ចការ​ជាច្រើន​លើ​វិស័យ​ឧស្សាហកម្ម រ៉ែ និង​កិច្ចការ​ព្រំដែន​...»​។

តាម​ការ​គ្រោង​ទុក​សព​លោក ស៊ាន ប៉េងសែ នឹង​ត្រូវ​បូជា​នៅ​ថ្ងៃ​ទី​ ២៩ ខែ​មករា និង​ធ្វើ​ពិធីបុណ្យ ៧ ថ្ងៃ​នៅ​ថ្ងៃ​ទី​ ៣ ខែ​កុម្ភៈ ឆ្នាំ​ ២០១៨ នៅ​វត្ត​ពោធិវង្ស នា​ក្រុង​ សង់ សួរម៉ាន ប្រទេស​បារាំង​៕