បាត់ដំបង: សមត្ថកិច្ច​ខេត្ត​បាត់ដំបង​បានកំណត់​អត្តសញ្ញាណ​ជនខិលខូច​រួចហើយ​ករណី​លួច​កាប់​រុករាន​ដី​ក្នុង​ដែនជម្រក​សត្វព្រៃ​ «​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​សំឡូត​» នៅ​ភូមិ​អូរតាតឹង ឃុំ​សំឡូត ស្រុក​សំឡូត ខេត្ត​បាត់ដំបង​​បន្ទាប់ពី​សមកិច្ច​បាន​ដក​បំផ្លាញ​ដើម​ទុរេន និង​ដើម​ដូង​សរុប​ប្រមាណ​ ៣០០ ​ដើម​ ដែល​ជន​ឱកាស​​និយម​លួច​ដាំ​នៅ​ទីនោះ​។

លោក កត បូរ៉ាន់ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​បាត់ដំបង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា កម្លាំង​របស់​លោក​បាន​ដក​បំផ្លាញ​ទុរេន ដូង និង​ដំណាំ​ផ្សេង​ទៀត​សរុប​ជាង ៣០០ ​ដើម​ ដែល​បាន​ដាំ​លើ​ផ្ទៃ​ប្រហែល​​ជាង​ ៤ ​ហិកតា​ ក្នុង​តំបន់​ប្រើប្រាស់​​ច្រើន​យ៉ាង​សំឡូត​។ ​លើស​ពី​នេះ​សមត្ថកិច្ច​បាន​បំផ្លាញ​ខ្ទម​មួយ​ និង​ដកហូត​ទុយោ​ទឹក​សម្រាប់​ស្រោចស្រព និង​ម៉ាស៊ីន​បូមទឹក​ ១ ​គ្រឿង​ យក​មក​រក្សាទុក​ផងដែរ​។

លោក​បន្តថា ពេល​នេះ​សមត្ថកិច្ច​បាន​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ​បាន​ហើយ​ដែល​ជា​អ្នក​នៅ​ខេត្ត​បាត់ដំបង ប៉ុន្ដែ​លោក​មិន​ទាន់​អាច​បង្ហាញ​មុខ​នៅពេល​នេះ​ទេ​ដោយ​រង់ចាំ​ប្រមូល​ភ័ស្តុតាង​បន្ថែមទៀត ដើម្បី​រៀបចំ​បណ្ដឹង​ប្ដឹង​ទៅ​តុលាការ​។

លោក បូរ៉ាន់ បញ្ជាក់​ថា​៖ «​យើង​នឹង​មិន​លើកលែង​ឲ្យ​ជនណា​ម្នាក់​ដែល​រំលោភ​យក​ដីព្រៃ​រដ្ឋ​ និង​ដី​ដែនជម្រក​សត្វព្រៃ​អភិរក្ស​ទេ ព្រោះ​អាជ្ញាធរ​បាន​ផ្សព្វផ្សាយ​ជាច្រើន​លើក​មកហើយ ដោយ​មិន​អនុញ្ញាត​ឲ្យ​មានការ​រំលោភបំពាន​លើ​ដី​អភិរក្ស​ ឬ​កន្លែង​ហាមឃាត់​ទេ​...»​។

លោក សើ សាម៉េត អភិបាលស្រុក​សំឡូត​បាន​ថ្លែង​ពី​ម្សិលមិញ​ថា លោក​បាន​ទទួល​ដំណឹង​ពី​ការបង្ក្រាប​នេះ ដោយ​លោក​ថា​​ដំណាំ​ទាំង​នេះ​ទើប​ដាំ​ប្រហែល​ជិត​ ២ ​សប្ដាហ៍​ប៉ុណ្ណោះ ដោយ​រាយ​ទុយោ​ទឹក តែ​មិនទាន់​រួចរាល់​ក៏ត្រូវ​សមត្ថកិច្ច​ប្រមូល​យក​មក​រក្សាទុក​នៅ​ស្នាក់ការ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្រុក​សំឡូត​។

លោក​ថា​៖ «​អាជ្ញាធរ​យើង​បាន​ប្រាប់ និង​ផ្សព្វផ្សាយ​ច្រើន​ហើយ​ថា​កុំ​ឲ្យ​ទៅ​ប៉ះពាល់​ដី​នៅ​តំបន់​ហ្នឹង ប៉ុន្ដែ​យើង​កំពុង​គិត​បង្កើត​គណៈកម្មការ​មួយ​ចុះទៅ​​ពិនិត្យ​តំបន់​ហ្នឹង​ឡើងវិញ​ថា តើ​នៅ​មាន​សល់​ដី​ទំនេរៗ​ដែល​​អាច​កាត់​ឆ្វៀល​ចែក​ឲ្យ​ពលរដ្ឋ​ក្រីក្រ​បានដែរ​ឬ​អត់​? ​បើ​អាច​នោះ​យើង​នឹង​កាត់​ជូន​ពួកគាត់​»​។

លោក ប៊ូ ស៊ីណា ប្រធាន​ផ្នែក​ប្រតិបត្តិ​ច្បាប់​នៃ​អង្គការ​មូលនិធិ ម៉ាដក្ស ជោលី ភីត (Maddox Jolie Pitt Fundation) ​បាន​ថ្លែងថា តំបន់​នេះ​គឺជា​ការគ្រប់គ្រង និង​អភិរក្ស​រួមគ្នា​​ដោយ​តារា​ហូលីវូដ អ្នកស្រី អេនជេលីណា ជោលី និង​មន្ទីរ​បរិស្ថាន​ខេត្តបាត់ដំបង​។

លោក​បន្តថា បច្ចុប្បន្ន​តំបន់​នោះ​បាន​ប្រែក្លាយ​ឈ្មោះ​ទៅ​​ជា​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​សំឡូត ហើយ​នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ក៏​មាន​ជន​ឱកាសនិយម​បាន​លួច​ចូល​ទៅ​ទន្ទ្រាន​យក​ដី​ ១ ​កន្លែង ដើម្បី​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ថែម​ទាំង​បាន​ដាក់​ដាំ​ដើម​ទុរេន​រាប់រយ​ដើម​ទៀតផង​។

លោក ស៊ីណា បាន​បញ្ជាក់​ថា​៖ «​នៅពេល​ទៅ​ដល់​គឺ​ខ្ញុំ​សង្កេត​ឃើញ​ថា ជនខិលខូច​បាន​ទន្ទ្រាន​យក​ដី​ប្រមាណ​ជា​ ៤ ​ហិកតា ដោយ​គេ​បាន​កាប់បំផ្លាញ​ដើមឈើ​ធំៗ​អស់​ជាច្រើន​ដូចជា ដើម​ត្រសេក គឺ​គេ​អារ​ជា​កង់ៗ គរ​ជា​គំនរ​ត្រៀម​បម្រុង​ដុត​បំផ្លាញចោល និង​ដើម​ស្ពង់ ដែល​មាន​មុខកាត់​រហូត​ដល់​ជិត ​១ ​ម៉ែត្រ​ ក៏​ត្រូវ​បាន​គេ​កាត់​ផ្តួល​ចោល​ដែរ ដើម្បី​យក​ដី​ដាំ​ដំណាំ ហើយ​ដី​ដែល​គេ​កាប់​ហ្នឹង​គឺ​គេ​បាន​ដាំ​ដើម​ទុរេន និង​ដូង ប៉ុន្ដែ​ពេល​ពួកខ្ញុំ​ទៅ​ដល់ អ្នក​ដាំ​ដំណាំ​ហ្នឹង​រត់គេច​ខ្លួន​បាត់អស់​ហើយ ​តែ​យ៉ាងណា អាជ្ញាធរ​បាន​រកឃើញ​អត្តសញ្ញាណ​ហើយ​ដោយ​កំពុង​រៀបចំ​សំណុំ​រឿង​ប្ដឹង​ទៅ​តុលាការ​»៕