ភ្នំពេញៈ ក្រុម​អ្នកវិភាគ​លើកឡើង​ស្រដៀង​គ្នា​ថា ឱកាស​ល្អ​សម្រាប់​មេដឹកនាំ​បក្ស​កាន់អំណាច​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន និង​អតីត​មេបក្ស​ប្រឆាំង លោក​ សម រង្ស៊ី ជួប​គ្នា​រក​ដំណោះស្រាយ​នយោបាយ​ដែល​ធ្វើឲ្យ​ប្រជាពលរដ្ឋ​រីករាយ​សាទរ​គឺ​ការ​ជួបគ្នា​រវាង​មេដឹកនាំ​ទាំង​ ២ ដោយ​មាន​ការ​សម្របសម្រួល​ពី​អន្តរជាតិ​នៅ​លើ​ទឹកដី​អាមេរិក ឬ​អឺរ៉ុប​ស្រប​ពេល​ពួកគេ​មាន​វត្តមាន​នៅ​ទីនោះ​អំឡុង​ខែ​នេះ ឬ​ខែ​ក្រោយ​។

អ្នកវិភាគ​នយោបាយ​លោក​ មាស នី ថ្លែង​ពី​ម្សិលមិញ​ថា ទោះបី​ជា​ថ្នាក់ដឹកនាំ​នយោបាយ​នៃ​គណបក្ស​ទាំង​ ២ ​មាន​ជម្លោះ​នឹង​គ្នា​ក្នុង​រឿង​នយោបាយ​ក្តី ក៏ប៉ុន្តែ​តាមរយៈ​មនុស្ស​ទី​​ ៣ ​ថ្នាក់ដឹកនាំ​នៃ​បក្ស​នយោបាយ​ទាំង​ ២ ​ក៏​នៅ​តែ​មាន​មនោសញ្ចេតនា​ចង់​ជួប​គ្នា​រក​ដំណោះស្រាយ​ផង​ដែរ​ហើយ​ តាមរយៈ​មនុស្ស​ទី​ ៣ ថ្នាក់ដឹកនាំ​ទាំង​ ២ ​បក្ស​ក៏​បាន​ប្រាស្រ័យ​ទាក់ទង​គ្នា​រួច​មក​ហើយ​ដែរ​ក្នុង​អំឡុងពេល​មាន​ជម្លោះ​នយោបាយ​កើតឡើង​មក​នេះ ប៉ុន្តែ​ក៏​អាក់ខាន​ទៅវិញ​ដោយសារ​តែ​ប៉ះ​សម្តី​គ្នា​រវាង​ថ្នាក់ដឹកនាំ​ទាំង​ ២ ប៉ុន្តែ​លោក​ មាស នី មិន​បាន​បញ្ជាក់​លម្អិត​អំពី​ការទាក់ទង​គ្នា​នេះ​ទេ​គ្រាន់តែ​ថា ទាក់ទង​តាមរយៈ​បុគ្គល​ទី​ ៣ តែ​ប៉ុណ្ណោះ​។

ឯ​ប្រធាន​សមាគម ជយលាភី បញ្ញាជន​កម្ពុជា លោក​ រស់ សារ៉ុម ក៏​បញ្ជាក់​ដែរ​ថា​លោក​ ហ៊ុន ម៉ាណែត ដែល​ជា​កូនប្រុស​លោក​ ហ៊ុន សែន និង​លោក​ សម សារ៉ុម កូនប្រុស​លោក​ សម រង្ស៊ី ក៏​បាន​ស្កាត់​ទៅ​ជួប​គ្នា​នៅ​ប្រទេស​មួយ​ក្នុង​តំបន់​អាស៊ី​អំឡុង​ខែ​មិថុនា​មុន​ថ្ងៃ​បោះឆ្នោត​ខែ​កក្កដា​។

លោក​ មាស នី ថ្លែង​ថា​៖ «​បើ​យើង​មើល​ចរិត​អ្នកដឹកនាំ​ទាំង​សង​ខាង​ហ្នឹង​រាល់​ថ្ងៃ​គាត់​មាន​មនោសញ្ចេតនា​រៀង​ខ្លួន ហើយ​មនោសញ្ចេតនា​នេះ វា​មាន​ល្អ​មាន​អាក្រក់​ពេល​ណា​ល្អ​ទៅ​ក៏​ល្អូកល្អិន ពេល​ណា​ដែល​មាន​ប៉ះគ្នា​បន្តិចបន្តួច​ទៅ​ក៏​អ្វីៗ​ស​ក្លាយ​ទៅ​ជា​ខ្មៅ​ភ្លាម​មួយ​រំពេច​»​។

លោក​ថា​៖ «​ខ្ញុំ​នៅ​តែ​មាន​ជំនឿ​ថា​ក្នុង​នាម​ថ្នាក់ដឹកនាំ​ខ្មែរ​ទាំង​សម្តេចនាយក [​រដ្ឋមន្ត្រី​ ហ៊ុន សែន​] ទាំង​លោក​ សម រង្ស៊ី គាត់​នៅ​តែ​មាន​ចេតនា​ក្នុង​ការយក​ប្រយោជន៍​ជាតិ​យក​មក​ដាក់​ជា​ធំ ហើយ​រក​ឱកាស​ក្នុង​ការ​ធ្វើការ​ជាមួយ​គ្នា​»​។

លោក​រំពឹង​ថា​ ទោះបី​មិន​ទាន់​ដល់​ពេល​ដែល​លោក​ ហ៊ុន សែន និង​លោក​ សម រង្ស៊ី ធ្វើការ​ជាមួយ​គ្នា​ក្នុង​ពេល​ឥឡូវ​ក៏ដោយ ក៏​អាច​ពេល​អនាគត​មេដឹកនាំ​ទាំង​ ២ នឹង​បញ្ចប់​នូវ​ការវិវាទ​ផ្ទៃក្នុង ដើម្បី​ចៀសវាង​កុំ​ឲ្យ​គេ​យក​កម្ពុជា​ទៅ​ដាក់​លើ​តុ​អន្តរជាតិ​ធ្វើការ​រិះគន់​។

ជាង​នេះ​ទៀត​លោក​ថា​៖ «​បើសិន​ជា​គ្រាន់តែ​ឮ​ព័ត៌មាន​ថា អ្នក​ទាំង​ ២ ​បាន​ជួប​គ្នា​ពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ប្រទេស​ទះដៃ​អបអរសាទរ ហើយ​ប្រហែល​ជា​នឹង​ផ្ញើ​នូវ​ការ​ជូនពរ​សន្ធឹកសន្ធាប់​ទៀត​ទៅ​លើ​មេដឹកនាំ​ទាំង​ ២​។ នេះ​ជា​ទឹកចិត្ត​របស់​ពលរដ្ឋ​ខ្មែរ​ដែល​រួមទាំង​ខ្ញុំ​ផង​»​។

លោក​ រស់ សារ៉ុម ហាក់​ដូចជា​មិន​ចាត់​ទុក​ជម្លោះ​នយោបាយ​រវាង​លោក​ ហ៊ុន សែន និង​លោក​ សម រង្ស៊ី ថា​ជា​ជម្លោះ​មែនទែន​នោះ​ទេ ដោយ​លោក​ថា នយោបាយ​របស់​មេដឹកនាំ​ទាំង​ ២ គឺ​ងាយ​នឹង​ក្តៅ​ហើយ​ក៏​ងាយ​នឹង​ត្រជាក់ ហើយ​ថា​រយៈពេល​កន្លង​ទៅ​នេះ​កូនប្រុស​លោក​ ហ៊ុន សែន គឺ​លោក​ ហ៊ុន ម៉ាណែត និង​កូនប្រុស​លោក​ សម រង្ស៊ី គឺ​លោក សម សារ៉ុម ក៏​បាន​ជួប​គ្នា​ជា​មិត្តភាព​រួច​មក​ហើយ​ដែរ ដែល​ជំនួប​នេះ​មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ទេ​។ ប៉ុន្តែ​លោក​មិន​បញ្ជាក់​លម្អិត​ពី​ទីកន្លែង​ច្បាស់លាស់ និង​គោលបំណង​នៃ​ជំនួប​នោះ​ទេ លោក​គ្រាន់តែ​ថា​ប្រភព​ដែល​លោក​ទទួល​បាន​នោះ​គឺជា​ប្រភព​ដែល​អាច​ទុក​ចិត្ត​បាន​។

លោក​ សារ៉ុម ថា​៖ «​អ៊ីចឹង​ការទស្សនកិច្ច​របស់​សម្តេច​ ហ៊ុន សែន ទៅ​ប៉ែក​អឺរ៉ុប​នោះ ខ្ញុំ​យល់​ថា​បើ​ជួបគ្នា​វា​ជា​រឿង​ល្អ​ហើយ ព្រោះ​វា​អត់​មាន​អី​ខាត​ទេ​សម្រាប់​ប្រទេស​កម្ពុជា​យើង​។ ជួប​គ្នា​ហើយ​និយាយ​គ្នា​ទៅ​ធ្វើ​ម៉េច​ដើម្បី​ខ្មែរ​យើង​បាន​សុខ​ទាំងអស់​គ្នា ហើយ​កុំ​យក​រឿង​បុគ្គល​មក​លាយឡំ​ជាមួយ​កិច្ចការ​ប្រទេស​ជាតិ​»​។

លោក​បញ្ជាក់​ថា​៖ «​សម រង្ស៊ី គាត់​មាន​ទោស​តែ​ស្រុក​ខ្មែរ​ទេ អ៊ីចឹង​បើ​ សម រង្ស៊ី ជា​ឧក្រិដ្ឋជន ប៉ុណ្ណេះ​ប៉ូលិស​អាំងទែរប៉ូល​ចាប់​ សម រង្ស៊ី បាត់​ទៅ​ហើយ មិនមែន​ សម រង្ស៊ី ដើរ​ហើរ​ពេញ​ម៉ា​ពិភពលោក​អ៊ីចឹង​ទេ​»​។

តាម​គម្រោង​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន នឹង​ចាកចេញ​ទៅ​ចូលរួម​ប្រជុំ​ជាមួយ​អង្គការ​សហប្រជាជាតិ​នៅ​សហរដ្ឋ​អាមេរិក​ចុង​ខែ​កញ្ញា​នេះ​ក្រោយ​រដ្ឋាភិបាល​ថ្មី​របស់​លោក​ត្រូវ​បង្កើត​រួច ហើយ​នឹង​ចេញ​ទៅ​ប្រជុំ​នៅ​សហភាព​អឺរ៉ុប​នាទី​ក្រុង​ប្រ៊ុចសែល​ប្រទេស​បែលហ្ស៊ិក​នា​ខែ​តុលា​ដែល​ទីតាំង​ខាង​លើ​នេះ​ក៏​ជា​ទី​ដែល​លោក​ សម រង្ស៊ី នឹង​មាន​បេសកកម្ម​នៅ​ទី​នោះ​ដែរ​។

ប៉ុន្តែ​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​លោក​ សុខ ឥសាន បែរ​ជា​សម្តែង​នូវ​ការមិន​ពេញ​ចិត្ត​ចំពោះ​ការលើក​ឡើង​ខាងលើ​ដោយ​ចាត់​ទុក​លោក​ សម រង្ស៊ី ជា​ទណ្ឌិត​ដែល​លោក​ ហ៊ុន សែន មិន​មាន​រឿង​អ្វី​ត្រូវ​ជួប​នោះ​។

លោក​ថ្លែង​ថា​៖ «[​ការលើក​ឡើង​] ​គ្រាន់​តែ​មាន​ចរិត​នយោបាយ​។ ខ្ញុំ​យល់​ថា បេសកកម្ម​របស់​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​ទៅ​ក្នុង​នាម​ប្រជាជាតិ​កម្ពុជា​ទៅ​ដើម្បី​ចូលរួម​មហាសន្និបាត​ពេញអង្គ​របស់​អង្គការ​សហប្រជាជាតិ​មិនមែន​ទៅ​រក​ជួប​ពួក​ទណ្ឌិត​ក្រៅ​ច្បាប់​នោះ​ទេ​»​។

លោក​បញ្ជាក់​ថា​៖ «​តាម​ការប្រមើល​មើល គ្មាន​ផ្លូវ​ដើម្បី​ទៅ​ឲ្យ​ទណ្ឌិត​ហ្នឹង​មក​ជួប​ថ្នាក់ដឹកនាំ​ពេញ​លក្ខណៈ​ច្បាប់​របស់​ប្រជាជាតិ​កម្ពុជា​នោះ​ទេ ទោះបី​អន្តរជាតិ​មាន​និន្នាការ​ចង់​ឲ្យ​មាន​ការជួបគ្នា ខ្ញុំ​យល់​ថា​មិន​មាន​ឥទ្ធិពល​អី​មក​លើ​អធិបតេយ្យភាព និង​ឯករាជភាព​របស់​កម្ពុជា​ទេ​»​។

អតីត​តំណាងរាស្ត្រ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ ហូ វ៉ាន់ ដែល​កំពុង​និរទេស​ខ្លួន​នៅ​សហរដ្ឋអាមេរិក​ថ្លែង​ថា​៖ «​បើ​យើង​នៅ​តែ​មានះ​ដូច​អ្នក​នាំពាក្យ​ហ្នឹង​និយាយ​គឺ​នាំ​សេចក្តី​ទុក្ខ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ហើយ​។ នាំ​ភាព​ក្រីក្រ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ហើយ ហើយ​ក៏​នាំ​កុម្មុយនីស្ត​ផ្តាច់ការ​ទៅ​ដល់​ប្រទេស​កម្ពុជា​យើង​ហើយ​»៕