ភ្នំពេញៈ អ្នកវិភាគ​យល់ថា​ការប្រកាស​ផ្ដល់​ថវិកា​ដល់​កងទ័ព​ដែល​ផ្ដាច់ខ្លួន​ពី​រាជរដ្ឋាភិបាល គឺជា​អំពើ​រដ្ឋប្រហារ ខណៈ​ដែល​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ថា ការប្រកាស​បែប​នេះ​គឺជា​វិទ្ធង្សនា​។

គណៈកម្មាធិការ​អចិន្រៃ្តយ៍​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​អាទិត្យ​បន្ទាប់ពី​បាន​ប្រជុំ​រយៈពេល​ ២ ​ថ្ងៃ​នៅ​ទីក្រុង Lowell សហរដ្ឋអាមេរិក ដោយ​សម្រេច​នូវ​គោលការណ៍​ ៥ ​ចំណុច​។ ចំណុច​សំខាន់​ ២ ​នៃ​ការសម្រេច​របស់​ពួកគេ​នោះ​គឺ​ការត្រៀម​សម្រាប់​ការ​ត្រឡប់​ចូល​មក​តំបន់​អាស៊ី​នៅ​ថ្ងៃទី​ ៥ វិច្ឆិកា គឺ​ ៤ ​ថ្ងៃ​មុនពេល​ចូលមក​កម្ពុជា និង​ការត្រៀម​ថវិកា​សម្រាប់​កងទ័ព​ដែល​ផ្ដាច់ខ្លួន​ចេញ​ពី​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​។

ចំណុច​ទី​ ៣ ​នៃ​សេចក្ដីសម្រេច​បាន​សរសេរ​ថា​៖ «​ត្រៀម​ថវិកា​សម្រាប់​ផ្គត់ផ្គង់​កងកម្លាំង​ប្រដាប់​អាវុធ​ដែល​ផ្ដាច់ខ្លួន​ពី​របប​លោក​ ហ៊ុន សែន មក​ការពារ​ពលរដ្ឋ​នៅ​ថ្ងៃទី​ ៩ ខែ​វិច្ឆិកា ឆ្នាំ​ ២០១៩»​។

លោក​ អ៊ូ ច័ន្ទឫទ្ធិ អតីត​តំណាងរាស្ត្រ​នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ​បាន​ប្រាប់​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ​ថា ថវិកា​សម្រាប់​រៀបចំ​ការវិលត្រឡប់​របស់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​បាន​ពី​ការចូលរួម​របស់​ពលរដ្ឋ​ខ្មែរ ជាពិសេស​នៅ​ក្រៅ​ប្រទេស​ដែល​គាំទ្រ​ការវិលត្រឡប់​នេះ​។ ប៉ុន្តែ​លោក​មិន​ធ្វើ​អធិប្បាយ​ពាក់ព័ន្ធ​ទៅនឹង​ថវិកា​សម្រាប់​កងទ័ព​ផ្ដាច់ខ្លួន​នោះទេ​។

ឆ្លើយតប​នឹង​ការប្រកាស​ផ្ដល់​ថវិកា​ដល់​កងកម្លាំង​ផ្ដាច់ខ្លួន​នេះ លោក ​ផៃ ស៊ីផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចាត់ទុក​ទង្វើ​បែប​នេះ ថា​គ្រាន់តែ​ជា​ការ​ធ្វើ​វិទ្ធង្សនា​ប៉ុណ្ណោះ​។

លោក​ថ្លែងថា​៖ «​អាហ្នឹង​ជា​វិទ្ធង្សនា​ទេ វា​គ្មាន​ស្អី​ទៅ​ពិតប្រាកដ​នោះទេ​។ រាជរដ្ឋាភិបាល​ប្រឹងប្រែង​ធ្វើ​កិច្ចការ​របស់​ខ្លួន​ដូចជា​ការរក្សា​សណ្ដាប់ធ្នាប់​សាធារណៈ សន្តិសុខ​ជាតិ អ្វីៗ​ទាំងអស់​ដែល​រក្សា​បាន​នូវ​កំណើន​សេដ្ឋកិច្ច​បាន​ត្រឹមត្រូវ​។ ខ្ញុំ​មិន​ជឿ​ទេ​។ កងទ័ព​លោក​ធ្លាប់​ច្បាំង​ដើម្បី​រំដោះ​ប្រទេស​ជាតិ លោក​មិន​ឆ្កួត​មក​បង្កើត​បញ្ហា​សម្រាប់​ប្រទេស​ជាតិ​របស់​លោក​ទេ​។ លោក​មាន​ប្រពន្ធ​មានកូន​មាន​ក្រុម​គ្រួសារ​ដែល​ត្រូវការ​សន្តិភាព​មាន​តែ​ត្រូវ​ការពង្រឹង​ជីវភាព​ក្រុមគ្រួសារ​របស់លោក​»​។

ចំណែក​លោក​ សុខ ទូច ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​ថ្លែង​ថា ការប្រកាស​ផ្ដល់​ថវិកា​ដល់​កងកម្លាំង​ផ្ដាច់ខ្លួន​ពី​រាជរដ្ឋាភិបាល​គឺជា​ទង្វើ​រដ្ឋប្រហារ​។

លោក​ពន្យល់ថា​៖ «​ការ​ប្រកូកប្រកាស​បង្វែរ​កាណុង​អី​មាន​ថវិកា​ស្អីៗ​ហ្នឹង​គឺមាន​ន័យ​គ្រប់គ្រាន់​ស្មើ​នឹង​ធ្វើ​រដ្ឋប្រហារ ធ្វើ​បដិវត្តន៍​។ ធ្វើ​បែប​នេះ​វា​នឹង​ក្លាយ​ទៅ​ជា​ការ​ក្បត់ជាតិ​កាន់តែ​ធ្ងន់​បាន​ន័យ​ថា​ធ្វើ​ធ្ងន់​លើ​ធ្ងន់​។ អ៊ីចឹង​គណបក្ស​សង្គ្រោះ​ជាតិ ឬ​អ្នក​នៅក្នុង​អង្គប្រជុំ​ពាក់ព័ន្ធ​នោះ​ក្លាយ​ទៅ​ជា​ក្រុម​បង្កើត​ក្រុម​ក្បត់ជាតិ​ហើយ ពីព្រោះ​ក្បត់​រដ្ឋធម្មនុញ្ញ​ក្បត់​នឹង​អ្វី​ដែល​មាន​ចែង​ក្នុង​ច្បាប់​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​រាជរដ្ឋាភិបាល​កើត​ចេញ​ពី​ការបោះឆ្នោត​»​។

លោក​បន្ត​ថា​ការធ្វើ​នយោបាយ​របស់​ថ្នាក់ដឹកនាំ​អតីត​បក្សប្រឆាំង​ដូច​សព្វ​ថ្ងៃ​គឺ​កំពុងតែ​ធ្វើឲ្យ​រងគ្រោះ​ដល់​អ្នកគាំទ្រ​នៅក្នុង​ស្រុក​ដែល​វិភាគ​មិន​ដល់​។

លោក​ថា​៖ «​គាត់​ធ្វើបាប​អ្នកគាំទ្រ​ដែល​ខ្វះ​ការពិចារណា ដើរចូល​គុក គេ​ញាត់​គុក​។ គេ​ញាត់​គុក​ដោយ​ស្ថិត​នៅ​លើ​ទិដ្ឋភាព​ ៣ គឺ​ទី​ ១ សណ្ដាប់ធ្នាប់ ទី​ ២ គេ​ការពារ​ច្បាប់ ទី​ ៣ គេ​មិនអាច​ឲ្យ​មាន​បដិវត្តន៍​នៅក្នុង​ទឹកដី​មួយ​ទេ​។ រដ្ឋាភិបាល​ស្របច្បាប់​គេ​ត្រូវការពារ​បែបនេះ​»​។

កាលពី​សប្ដាហ៍​មុន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ក្នុង​សន្និសីទ​រួមគ្នា​ជាមួយ​នាយករដ្ឋមន្ត្រី​ឡាវ​ដោយ​លោក​ថ្លែង​ថា ដីកាចាប់ខ្លួន​លោក សម រង្ស៊ី ដែល​នឹង​គ្រោង​វិល​ចូល​ស្រុក​ថ្ងៃទី​ ៩ វិច្ឆិកា ត្រូវបាន​បញ្ជូន​ដល់​ឡាវ និង​ថៃ​រួចហើយ ខណៈ​ដែល​កម្ពុជា​នឹង​បញ្ជូន​ដីកា​នេះ​ទៅ​ប្រទេស​ជា​សមាជិក​អាស៊ាន​ផ្សេងទៀត​។

លោក​ ផៃ ស៊ីផាន បាន​ថ្លែង​ថា កិច្ចការ​បញ្ជូន​ដីកា​នេះ​ស្ថិត​នៅក្នុង​ភារកិច្ច​របស់​ក្រសួង​ការបរទេស ប៉ុន្តែ​វា​មិន​ចំណាយពេល​យូរ​ទេ គឺ​គ្រាន់តែ​យក​ទៅ​ស្ថានទូត​នានា​នៅ​កម្ពុជា​ជា​ការស្រេច​។

ប៉ុន្តែ​លោក​ អ៊ូ ច័ន្ទឫទ្ធិ ដែល​ក៏​ជា​អ្នកនាំពាក្យ​គណៈកម្មាធិការ​អចិន្រៃ្តយ៍​នៃ​អតីត​បក្សសង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​ដោយ​តុលាការ​កំពូល​កាលពី​ឆ្នាំ​ ២០១៧ ​ហើយ​នោះ​ថ្លែង​ថា គម្រោង​វិល​ចូល​មក​កម្ពុជា​នៅ​ថ្ងៃទី​ ៩ វិច្ឆិកា និង​ការមក​ដល់​តំបន់​អាស៊ី​នៅ​ថ្ងៃ​​ទី​ ៥ វិច្ឆិកា នឹង​ធ្វើ​ឡើង​ដូច​ការគ្រោងទុក​។ លោក​មិន​ចាប់អារម្មណ៍​ចំពោះ​ដីកា​ចាប់ខ្លួន​ដែល​កម្ពុជា​បញ្ជូន​ទៅ​ប្រទេស​ជា​សមាជិក​នៃ​សមាគម​អាស៊ាន​នោះ​ទេ​។

ទោះ​យ៉ាងណា​លោក​ សុខ ទូច ថ្លែង​ថា​លោក​ សម រង្ស៊ី មិនអាច​ចូលមក​អាស៊ាន​ដោយ​គ្មាន​ការចាប់ខ្លួន​ទេ បើសិន​ជា​ដីកាចាប់ខ្លួន​ពី​កម្ពុជា​ត្រូវ​បាន​បញ្ជូនទៅ​ប្រទេស​ទាំងនោះ​រួចហើយ ពីព្រោះ​អាស៊ាន​មួយ​មាន​ជោគវាសនា​តែមួយ​។

លោក​ ឡៅ ម៉ុងហៃ អ្នកវិភាគ​នយោបាយ​ថ្លែងថា គេ​មិន​ប្រាកដ​ថា តើ​ប្រទេស​នៅ​តំបន់​អាស៊ាន​នឹង​ចាប់​អារម្មណ៍​លើ​ការស្នើសុំ​របស់​កម្ពុជា​ក្នុងការ​ចាប់​លោក​ សម រង្ស៊ី ឬ​យ៉ាងណាទេ​។ ចំពោះ​ប្រទេស​ផ្សេងទៀត​នៅ​តំបន់​អាស៊ី ការចាប់ខ្លួន​នៅតែ​ចំហ (​អាច​ធ្វើ​បាន​)៕