The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អ្នក​វិភាគ​ថា ការ​រឹប​អូស​ទ្រព្យ​​ពិត​ជា​អាច​ធ្វើ​បាន ប្រសិន​​លោក ហ៊ុន សែន​ចង់




អ្នក​វិភាគ​ថា ការ​រឹប​អូស​ទ្រព្យ​​ពិត​ជា​អាច​ធ្វើ​បាន ប្រសិន​​លោក ហ៊ុន សែន​ចង់

Content image - Phnom Penh Post
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជជែកជាមួយលោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ក្នុងកិច្ច​ប្រជុំសភា កាល​ពី​ថ្ងៃ​អង្គារ។ ផា លីណា

អ្នក​វិភាគ​ថា ការ​រឹប​អូស​ទ្រព្យ​​ពិត​ជា​អាច​ធ្វើ​បាន ប្រសិន​​លោក ហ៊ុន សែន​ចង់

ភ្នំពេញៈ បន្ទាប់ពី​​លោក​នាយក​រដ្ឋមន្រ្តី​បាន​គំរាម​ថា​នឹង​រឹបអូស​ទ្រព្យ​សម្បត្តិ​ លោក សម រង្ស៊ី ​រួម​ទាំង​ស្នាក់​ការ​បក្ស​សង្គ្រោះ​ជាតិ​នៅ​ភ្នំពេញ​ ប្រសិន​បើ​លោក​ឈ្នះ​ក្ដី​ជា​ស្ថាពរ​នោះ ​អ្នក​វិភាគ​បាន​យល់​ឃើញ​ថា ដំណើរ​ការ​តុលាការ​អាច​បន្ត​ទៅ​មុខ នៅ​ពេល​មេដឹកនាំ​រដ្ឋាភិបាល​មើល​ពុំ​ឃើញ​មាន​ផ្លូវ​បន្ដ​អំណាច​តាម​ការ​បោះ​ឆ្នោត​ ខណៈ​អ្នក​ច្បាប់​ថា សំណង​បរិហារ​កេរ្តិ៍​មិន​មាន​ចែង​ឬ​កំណត់​ក្នុងច្បាប់ តែ​ក៏​ត្រូវ​ឈរ​លើ​ភាព​សមរម្យ​ដែរ​នោះ។

ព្រះ​រាជ​អាជ្ញារង​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក សៀង សុខ បាន​កោះ​ហៅ​លោក សម រង្ស៊ី ឲ្យ​​ចូល​បំភ្លឺ​នៅ​តុលាការ​សម្រាប់​ការ​សាក​សួរ​នៅ​ថ្ងៃ​ទី​ ១៤ កុម្ភៈ ខាង​មុខ​នេះ ពាក់ព័ន្ធ​នឹង​​បណ្តឹង​បរិហារកេរ្តិ៍​​ដែល​ប្តឹង​ដោយ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដោយ​ទាមទារ​ជំងឺ​ចិត្ត ១ លាន​ដុល្លារ​តាម​រយៈ​មេធាវី​របស់​លោក​គឺ​លោក គី តិច។

នៅ​ពេល​លោក សម រង្ស៊ី កំពុង​ត្រូវ​បាន​កោះ​ហៅ​សម្រាប់​ការ​សាក​សួរ​​នេះ​ លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ​បាន​ប្រកាស​នៅ​ក្នុង​​សម័យ​​ប្រជុំ​រដ្ឋសភា កាល​ពី​ថ្ងៃ​​ទី ៣១ ខែ​មករា ថា ​ឲ្យ​តែ​តុលាការ​ចេញ​សាលក្រម​ជា​ស្ថាពរ​​សម្រេច​ឲ្យ​លោក​ឈ្នះ ​ទ្រព្យ​សម្បត្តិ​របស់​មេដឹកនាំ​គណបក្ស​ប្រឆាំង​និង​ទីស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ត្រូវ​រឹប​អូស។

ប៉ុន្តែសម្រាប់​អ្នក​វិភាគ​នយោបាយ លោក គឹម សុខ បាន​ហៅ​នីតិវិធី​តុលាការ​ថា​ គ្រាន់​តែ​ជា​បុគ្គលិក​​ទូទៅ​ផ្នែក​នយោបាយ​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន​ សែន ​នៅ​ពេល​ការ​បោះ​ឆ្នោត​ខិត​ជិត​មក​ដល់​ ដើម្បី​បំបែក​​គណបក្ស​​សង្គ្រោះជាតិ​ ប៉ុណ្ណោះ ប៉ុន្តែ​នៅ​ពេល​មិន​អាច​បំបែក​​គូ​ប្រកួត​ប្រជែង​នយោបាយ​បាន លោក​ក៏​ចាប់​ប្រើ​យុទ្ធសាស្រ្ត​នយោបាយ​ថ្មី​ ដើម្បី​ដាក់​សម្ពាធ។

លោក​បន្ត​ថា៖ «នៅ​ពេល​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ​ឃើញ​ថា ​គាត់​​មិន​មាន​ផ្លូវ​ក្នុង​ការ​បន្ត​អំណាច​តាម​រយៈ​ការ​បោះ​ឆ្នោត សំណុំ​រឿង​នេះ​កាន់​តែ​ទៅ​មុខ​ខ្លាំង​ឡើង»។

លោក​បន្ត​ទៀត​ថា​៖ «​ទីមួយ ពួកគេ​សម្លាប់​ជីវិត​នយោបាយ​តាម​រយៈ​ការ​បិទ​សេដ្ឋកិច្ច ការ​ប្រើ​តុលាការ​ដើម្បី​​រឹប​អូស​​ទ្រព្យ​សម្បត្តិ។ ប្រសិន​បើ​គាត់​ [ហ៊ុន សែន] ចង់​ធ្វើ​ គាត់​ពិត​ជា​អាច​ធ្វើ​បាន»។

ពាក់ព័ន្ធ​នឹង​ការ​ទាម​ទារ​ជំងឺ​ចិត្ត​រហូត​ដល់ ១ លាន​ដុល្លារ របស់​លោក​នាយក​រដ្ឋមន្រ្តី ​លោក សុក សំអឿន ប្រធាន​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា និង​លោក សំ សុគង់ មេធាវី​របស់​លោក សម រង្ស៊ី បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា ចំពោះ​បណ្តឹង​បរិហារកេរ្តិ៍​ ​ច្បាប់​មិន​បាន​ចែង​ឬ​កំណត់​​ការ​ទាម​ទារ​ប្រាក់​ចំនួន​ប៉ុន្មាន​សម្រាប់​ជំងឺ​ចិត្ត​ទេ វា​អាស្រ័យ​ទៅ​លើ​ការ​ទាមទារ​របស់​ដើម​បណ្តឹង​ ប៉ុន្តែ​លោក​ថា វា​ត្រូវ​​ផ្អែក​ទៅ​លើ​​ហេតុ​ផល​សម​ស្រប​ផងដែរ។

លោក សុក សំ​អឿន បាន​បញ្ជាក់​ថា៖ «វា​អាស្រ័យ​ទៅ​លើ​ការ​ទាមទារ។ ប៉ុន្តែ​តុលាការ​ត្រូវ​តែ​ពិចារណា​ផងដែរ កុំ​​គ្មាន​ហេតុ​ផល​ពេក»។

លោក សំ សុគង់ មេធាវី​របស់​លោក សម រង្ស៊ី ​បាន​បញ្ជាក់​កាល​ពី​ម្សិល​មិញ​ថា ​លោក​នឹង​ចូល​បំភ្លឺ​នៅ​តុលាការ​​ដើម្បី​បង្ហាញ​ភ័ស្តុតាង​ជាច្រើន​តាម​ការ​កោះ​របស់​តុលាការ​ ប៉ុន្តែ​លោក​មាន​ការ​បារម្ភ​ខ្លាច​តុលាការ​មិន​ព្រម​ពិចារណា​ទៅ​លើ​ភ័ស្តុតាង​របស់​​លោក​​ ពី​ព្រោះ​វា​ជា​រឿង​នយោបាយ។

លោក សំ សុគង់ បាន​ថ្លែង​បន្ត​ថា៖ «ខាង​​ខ្ញុំ​មាន​ភ័ស្តុតាង​ជាច្រើន​ពាក់​ព័ន្ធ​នឹង​ឯកសារ យើង​យក​ចេញ​ពី​ហ្វេសប៊ុក​ដែល​ទាក់​ទង​នឹងសារ ហើយ​យើង​​យក​ទៅ​ឲ្យ​តុលាការ​ពិនិត្យ។ យើង​មាន​ភ័ស្តុតាង​រឹង​មាំ​ ប៉ុន្តែ​​យើង​គ្រាន់​​តែ​មិន​មាន​សង្ឃឹម​ពិត​ប្រាកដ​ [យើង] ព្រួយ​បារម្ភ​ខ្លាច​តុលាការ​មិន​យក​ភ័ស្តុតាង​​របស់​យើង​ទៅ​ពិចារណា»។

ពាក់​ព័ន្ធ​នឹង​បណ្តឹង​បរិហារកេរ្តិ៍​ ដែល​ប្តឹង​ដោយ​លោក ហេង សំរិន ​ប្រធាន​រដ្ឋសភា និង​លោក​ឧបនាយក​រដ្ឋមន្រ្តី ហោ ណាំហុង ដែល​ជា​អតីត​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ក៏​បាន​ប្រាប់​ដើម​​បណ្តឹង​ទាំង​ពីរ​​នេះ​ឲ្យ​ទាមទារ​សំណង​ពី​លោក សម រង្ស៊ី ផង​ដែរ​ នៅ​ពេល​លោក​និយាយ​អំពី​ការ​រឹបអូស​ទ្រព្យ​សម្បត្តិ​របស់​លោក សម រង្ស៊ី ​នៅ​ក្នុង​សម័យ​ប្រជុំ​រដ្ឋសភា​កាល​ពី​ថ្ងៃ​អង្គារ​។ ទន្ទឹម​នឹង​នេះ​ លោក​នាយក​រដ្ឋ​មន្រ្តី​​ក៏​បាន​ជំរុញ​ឲ្យ​រដ្ឋ​សភា​​ធ្វើ​ការ​ស៊ើប​អង្កេត​​រឿង​អាស្រូវ​ផ្លូវ​ភេទ​​របស់​លោក យ៉ែម បុញ្ញឫទ្ធិ​ ​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​ ជាមួយ​​ជំនួយ​ការ​​របស់​លោក​ ដោយ​យោង​ទៅ​តាម​គណនី​ហ្វេសប៊ុក​ឈ្មោះ សីហា ​ដែល​បាន​បង្ហោះ​អំពី​រឿង​អាស្រូវ​នេះ​ចោទ​លោក ​បុញ្ញឫទ្ធិ ថា​មាន​​រឿង​អាស្រូវ​ផ្លូវ​ភេទ​ជាមួយ​ជំនួយការ​នៅ​ក្នុង​បន្ទប់​ទឹក​​នៅ​រដ្ឋសភា។

លោក គី តិច ដែល​ជា​មេធាវី​លោក ហេង សំរិន ​ផងនោះ​​ បាន​ប្រាប់​ ភ្នំពេញប៉ុស្តិ៍ កាល​ពី​ម្សិល​មិញ​​ ​ករណី​បណ្តឹង​លោក ហេង សំរិន ​សាលា​ឧទ្ធរណ៍​​បាន​សម្រេច​រួច​ហើយ​ចាប់​តាំង​ពី​ខែ​ កក្កដា ​​ឆ្នាំ​មុន ដោយ​សម្រេច​ឲ្យ​លោក ហេង សំរិន ​ជា​អ្នក​ឈ្នះ​ក្ដី​លោក សម រង្ស៊ី ​និង​​ជំងឺ​ចិត្ត​ចំនួន​ ២៥០ ​លាន​រៀល​ ប៉ុន្តែ​ករណី​នេះ​កំពុង​ស្ថិត​ក្នុង​​​នីតិវិធី​តុលាការ​កំពូល​​នៅ​ឡើយ ដោយសារ​មេធាវី​របស់​លោក សម រង្ស៊ី បាន​ប្ដឹង​សារទុក្ខ។

លោក​បាន​បន្ត​ថា៖ «សេចក្តី​សម្រេច​របស់​តុលាការ​គឺជា​ច្បាប់​។ ​ប្រសិន​បើ​ [តុលាការ] សម្រេច​រួច​ហើយ [ហេតុ​អ្វី​យើង​មិន​បាន​សំណង​]។ អ្វី​ដែល​សំខាន់​​គឺ​នៅ​ពេល​សាល​ដីកា​ចូល​ជា​ស្ថាពរ​ ​នោះ​យើង​នឹង​​​ចាប់​ផ្តើម​អនុវត្ត​។ ​ជា​ទូទៅ​ ​ប្រសិន​បើ​​នរណា​ម្នាក់​ដាក់​ពាក្យ​ទាម​ទារ​ជំងឺ​ចិត្ត ​ប្រសិន​បើ​គាត់​មិន​មាន​អ្វី​សម្រាប់​សង ​[ជំងឺ​ចិត្ត] ​ហើយ​គាត់​មាន​អចលនទ្រព្យ​​ យើង​អាច​សុំ​​ដីកា​រក្សា​ការពារ​ដើម្បី​​ទុក​លក់​ឡាយ​ឡុង​។ ​វា​ជា​ការ​អនុវត្ត​ទូទៅ​ ​ដោយមិន​សំដៅ​ទៅ​លើ​តែ​ឯកឧត្តម សម រង្ស៊ី ​តែ​ម្នាក់​ទេ​»។

នៅ​ពេល​ទាក់​ទង​កាល​ពី​ម្សិល​មិញ​ ​អ្នក​នាំ​ពាក្យ​រដ្ឋ​សភា​ ​លោក ឡេង ប៉េងឡុង​ បាន​បដិសេធ​​​ធ្វើ​អត្ថាធិប្បាយ​​លម្អិត​ដោយ​ថ្លែង​ថា រដ្ឋសភា​កំពុង​ស៊ើប​អង្កេត​​លើ​ករណី​នេះ​។

លោក ឡេង ប៉េង​ឡុង បាន​ថ្លែង​ថា​៖ «​ខ្ញុំ​បាន​រៀបចំ [មន្រ្តី] ស្រាវជ្រាវ វា​មាន​តែ​​នៅ​ក្នុង​ហ្វេស​ប៊ុក ​យើង​មិន​​ដឹងថា ជឿ​នរណា​?»។

លោក យ៉ែម បុញ្ញឫទ្ធិ មិន​អាច​ទាក់​ទង​ដើម្បីសុំ​អត្ថា​ធិប្បាយ​បាន​ទេ កាល​ពី​ថ្ងៃ​ម្សិល​មិញ៕ PS

អត្ថបទគួរចាប់អារម្មណ៍