ភ្នំពេញៈ អ្នកវិភាគ​នយោបាយ​លើក​ឡើង​ស្រដៀង​គ្នា​ថា មន្ត្រី​ការទូត​ជាន់​ខ្ពស់​អាមេរិក​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​អ្នកការទូត​មាន​បទពិសោធ​នៅ​អាស៊ី ហើយ​ដែល​នឹង​ត្រូវ​បញ្ជូន​មក​កម្ពុជា​ក្នុង​អាណតិ្ត​រដ្ឋាភិបាល​ថ្មី​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ត្រូវ​គេ​រំពឹង​ថា​បញ្ហា​នយោបាយ​ដ៏ចម្រូងចម្រាស​ក្រោយ​ការបោះឆ្នោត​នឹង​អាច​មាន​ដំណោះស្រាយ​ឈាន​ទៅ​រក​ភាព​ប្រក្រតី​វិញ​។

លោក សុខ ទូច អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​ដែល​ថ្លែង​ថា សហរដ្ឋអាមេរិក​មិន​សូវ​មាន​វិនិយោគ​ច្រើន​នៅ​កម្ពុជា ឬ​មិនមាន​ប្រយោជន៍​ច្រើន​ពី​កម្ពុជា​នោះ​នឹង​មិន​មាន​អ្វី​ដែល​អាមេរិក​ត្រូវ​ប៉ះ​ដៃ​យក​ដៃ​ប៉ះ​ជើង​យក​ជើង​ជាមួយ​កម្ពុជា​នោះ​ទេ ហើយ​ថា​ការបញ្ជូន​ឯកអគ្គរដ្ឋទូត​ថ្មី​លោក Patrick Murphy ដែល​យល់​ដឹង​ច្រើន​ពី​កិច្ចការ និង​នយោបាយ​នៅ​អាស៊ី សម្រាប់​អាណត្តិ​ថ្មី​នៃ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា គឺជា​ក្តី​រំពឹង​ទៅ​ដល់​នយោបាយ​នៅ​កម្ពុជា​ដែល​នឹង​អាច​ដោះស្រាយ​បាន​។

លោក​ សុខ ទូច ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា​៖ «​ខ្ញុំ​គិត​ថា​អគ្គរដ្ឋទូត​ថ្មី​មក​នេះ គេ​នឹង​សម្របសម្រួល​ដើម្បី​បន្ធូរបន្ថយ​នយោបាយ​។ ខ្ញុំ​ជឿ​ថា មិន​មាន​អី​បន្ថែម​ [​លើ​ទណ្ឌកម្ម​ចំពោះ​កម្ពុជា​នោះ​ទេ​] ពីព្រោះ​រដ្ឋាភិបាល​កម្ពុជា​កើត​ចេញ​ពី​ការបោះឆ្នោត​។ បើ​បន្ថែម​មាន​ន័យ​ថា​អាមេរិក​អត់​យល់​ពី​ប្រជាធិបតេយ្យ​»​។

ដោយ​សំដៅ​ទៅ​លើ​បំណង​សហរដ្ឋអាមេរិក​ដែល​ប្រកាស​ដាក់​ទណ្ឌកម្ម​មក​លើ​កម្ពុជា​នោះ​លោក​ សុខ ទូច បញ្ជាក់​ថា​៖​ «​ខ្ញុំ​យល់​ថា​អ្វី​ដែល​អាមេរិក ចង់​បាន ​[​ឲ្យ​មាន​ដំណោះស្រាយ​] គឺ​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។ អានេះ​ជា​ច្បាប់​របស់​ព្រះរាជាណាចក្រ​កម្ពុជា​»​។

លោក Paul Chambers អ្នក​វិភាគ​នយោបាយ និង​ជា​ទីប្រឹក្សា​ពិសេស​កិច្ចការ​អន្តរជាតិ​នៃ​សាកលវិទ្យាល័យ Naresuan នៅឯ​ប្រទេស​ថៃ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​តាម​សារ​អេឡិចត្រូនិក​កាលពី​ថ្ងៃ​ចន្ទ​ថា អាមេរិក​បាន​ព្យាយាម​បង្ហាញ​ការមិន​ពេញ​ចិត្ត​ចំពោះ​ការធ្លាក់​ចុះ​នៃ​លទ្ធិប្រជាធិបតេយ្យ​ និង​ការកើនឡើង​នៃ​ការរំលោភបំពាន​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា​។

អាមេរិក​បាន​សម្រេច​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​កម្ពុជា​ច្រើន​ជាង​គេ​បើ​ប្រៀបធៀប​នឹង​បណ្ដា​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​ដោយសារ​តែ​ហេតុផល​នៃ​ការប្រកួតប្រជែង​ខាង​ភូមិសាស្ត្រ​នយោបាយ ខណៈ​ដែល​លោក​ ហ៊ុន សែន ​នាំ​កម្ពុជា​ឲ្យ​ខិតចូល​ទៅ​ក្នុង​គន្លង​របស់​ចិន ដូច្នេះ​សហរដ្ឋអាមេរិក​នឹង​កាន់តែ​ព្យាយាម​កៀរគរ​ប្រមែប្រមូល​សម្ពាធ​ដើម្បី​ដាក់​មក​លើ​កម្ពុជា​ដែរ​។

លោក​បញ្ជាក់​ថា​៖ «​ការតែងតាំង​ឯកអគ្គរដ្ឋទូត​ថ្មី​របស់​សហរដ្ឋអាមេរិក បង្ហាញ​ថា​សហរដ្ឋអាមេរិក​ទទួល​ស្គាល់​រដ្ឋាភិបាល​កម្ពុជា​ថ្វីបើ​ក្រុង​វ៉ាស៊ីនតោន​សម្តែង​ការព្រួយបារម្ភ​អំពី​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ក៏ដោយ​»​។

លោក Paul សរសេរ​ថា​៖ «​ខ្ញុំ​ព្យាករ​ថា សំឡេង​គាត់​នឹង​កាន់តែ​ខ្លាំង​នៅ​កម្ពុជា ប៉ុន្តែ​គាត់​ក៏​នឹង​ស្វែងរក​ការធ្វើ​ពាណិជ្ជកម្ម​ដ៏ធំ​រវាង​ប្រទេស​ទាំង​ ២ ​ផង​ដែរ​»​។

លោក​ថា​ឯកអគ្គរដ្ឋទូត​ថ្មី​របស់​សហរដ្ឋអាមេរិក​លោក Patrick Murphy មាន​បទពិសោធ​ធ្វើការ​នៅក្នុង​ស្ថានទូត​អាមេរិក​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា និង​ប្រទេស​ថៃ ហើយ​ក្នុង​ឱកាស​ទាំង​ ២ ​នេះ​លោក​បាន​ធ្វើការ​ប្រឈមមុខ​នឹង​របប​ដែល​ប្រហាក់ប្រហែល​នឹង​របប​ផ្តាច់ការ ឬ​របប​ផ្តាច់ការ​ទាំង​ស្រុង​តែ​ម្តង​។

ដោយឡែក​លោក​ រស់ សារ៉ុម ប្រធាន​សមាគម​ជយលាភី​បញ្ញាជន​កម្ពុជា​ថ្លែង​ថា បើ​ទោះបី​ជា​ការបញ្ជូន​ឯកអគ្គរដ្ឋទូត​ថ្មី​សម្រាប់​ការងារ​អាណត្តិ​ថ្មី​របស់​អាមេរិក​ក៏ដោយ ប៉ុន្តែ​មិន​មាន​ន័យ​ថា​អាមេរិក​គាំទ្រ​រដ្ឋាភិបាល​ថ្មី​របស់​លោក ហ៊ុន សែន ទាំង​ស្រុង​នោះ​ដែរ ប៉ុន្តែ​សហរដ្ឋអាមេរិក​មាន​គោលនយោបាយ​ពាក់ព័ន្ធ​នឹង​កម្ពុជា​ដែល​លោក​រំពឹង​ថា​នឹង​មាន​ការផ្លាស់ប្តូរ​នយោបាយ​នៅ​កម្ពុជា​។

លោក​បញ្ជាក់​ថា​៖ «​ខ្ញុំ​ជឿថា [​ការសម្របសម្រួល ]​អាច​ទៅ​រួច ពីព្រោះ​ដំណោះស្រាយ​នយោបាយ​ចាំបាច់​ត្រូវ​តែ​មាន មិន​អាច​តទៅ​ដល់​ចប់​អាណតិ្ត​ទេ​។ [​ឯកអគ្គរដ្ឋទូត​ថ្មី​] ​ស្គាល់​ច្បាស់​ពី​អ្វី​ដែល​ខែ្មរ​កំពុង​ជួប​ប្រទះ​»​។

លោក​ថា​៖ «​កម្ពុជា​គឺជា​ចំណុច​ស្នូល​នៃ​យុទ្ធសាស្ត្រ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​របស់​សហរដ្ឋអាមេរិក​។ អ៊ីចឹង​កម្ពុជា អាមេរិក​មិន​អាច​បោះបង់​ចោល​បាន​ទេ បើ​ថា​ឲ្យ​ចិន​ស៊ីដាច់​ផ្តាច់​មុខ គឺ​មិន​អាច​ទេ​។ អ៊ីចឹង​ការ​មក​របស់​លោក​អគ្គរដ្ឋទូត​ថ្មី ដែល​នឹង​មក​កាន់​តំណែង​នេះ​គឺ​នយោបាយ​អាមេរិក​ចំពោះ​កម្ពុជា​សង្កត់ធ្ងន់​កាន់តែ​ខ្លាំង ព្រោះ​កម្ពុជា​មិន​អាច​ដើរ​ទៅ​រក​របប​ផ្តាច់ការ​បាន​ទេ​»​។

ប៉ុន្តែ​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​បក្ស​កាន់​អំណាច​លោក សុខ ឥសាន នៅ​តែ​មាន​ជំនឿ​ថា​សហរដ្ឋអាមេរិក​នៅ​តែ​គាំទ្រ និង​មិន​ដាក់​ទណ្ឌកម្ម​លើ​កម្ពុជា​នោះ​ទេ​ដោយ​លោក​បញ្ជាក់​ថា បើ​ទំនាក់ទំនង​រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក​មិន​ល្អ អាមេរិក​ដក​ទូត​ចេញ​ហើយ​។

លោក ឥសាន ថ្លែង​ថា​៖ «​ខ្ញុំ​យល់​ថា​ការទូត​ជា​ការទូត​ហើយ​វា​អត់​មាន​គ្របដណ្តប់​មកលើ​ឯករាជ្យ និង​អធិបតេយ្យភាព​កម្ពុជា​ទេ​។ អ៊ីចឹង​ទេ ខ្ញុំ​យល់​ថា​អ្នកការទូត​គេ​យល់​អំពី​អ្វី​ទៅ​ដែល​ជា​នយោបាយ​ការទូត មិនមែន​មក​ត្រួតត្រា​កម្ពុជា​ទេ​»​។

កាលពី​សប្តាហ៍​មុន ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ដោយ​បញ្ជាក់​ថា នៅ​ថ្ងៃទី​ ១០ ខែ​សីហា​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​ប្រកាស​ពី​បំណង​របស់​លោក​ក្នុង​ការតែងតាំង​លោក Patrick Murphy ជា​ឯកអគ្គរដ្ឋទូត​ថ្មី​ប្រចាំ​ប្រទេស​កម្ពុជា​។

នៅពេល​នេះ​លោក Murphy ជា​ឧបការីរង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ទទួល​បន្ទុក​តំបន់​អាស៊ីអាគ្នេយ៍​។ កន្លងមក​លោក​គឺជា​អនុប្រធាន​ទូត និង​ជា​ភារធារី​ប្រចាំ​ប្រទេស​ថៃ​ពី​ ២០១៣-២០១៦​។ នៅ​ប្រទេស Lesotho ពី​​ ២០០៦-២០០៨ ហើយ​បាន​ធ្វើ​ជា​តំណាង​ស្តីទី​ពិសេស និង​ជា​អ្នកសម្រប​សម្រួល​គោលនយោបាយ​សម្រាប់​ប្រទេស​ភូមា ឬ​មីយ៉ាន់ម៉ា​ពី​ឆ្នាំ​ ២០១២-២០១៣​។

ជាមួយ​គ្នា​នេះ​លោក​ឯកអគ្គរដ្ឋទូត William Heidt មាន​ប្រសាសន៍​ថា​លោក Patrick គឺជា​បេក្ខជន​តែងតាំង​ដ៏ល្អ​បំផុត​។ លោក​មាន​ប្រវត្តិ​លេចធ្លោ​ក្នុង​ការងារ ស្គាល់​តំបន់​អាស៊ីអាគ្នេយ៍​ច្បាស់ ហើយ​ដឹង​ពី​គោលនយោបាយ ការបរទេស​របស់​សហរដ្ឋ​អាមេរិក​នៅក្នុង​តំបន់​នេះ​យ៉ាង​ច្បាស់​៕