ភ្នំពេញៈ អ្នក​វិភាគ​នយោបាយ​ និង​សង្គម​លោក ​​ឡៅ ម៉ុងហៃ ​បាន​ទូល​ថ្វាយ​ព្រះមហាក្សត្រ ​ព្រះករុណា ​ព្រះបាទ​​សម្តេច​ ព្រះ​បរម​នាថ​ នរោត្តម​ សីហមុនី ​ស្នើសុំ​ប្រោស​ព្រះរាជ​ទាន​ ការលើកលែង​ទោស​ទាំងអស់​ដល់​លោក​ សម រង្ស៊ី​ ប្រធាន​ស្តីទី​នៃ​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ ​ព្រមទាំង​ទូល​ថ្វាយ​​ស្នើសុំ​ព្រះអង្គ​ព្រះរាជទាន​នូវ​បរមងារ​ ជា​ «សម្តេច» ​ដល់​លោក​ សម រង្ស៊ី ​ដែលលោក​ចាត់​ទុក​មេដឹកនាំ​នៃ​អតីត​បក្ស​ប្រឆាំង​រូបនេះជារដ្ឋ​បុរស​ខ្មែរ ​ជា​បណ្ឌិត​ព្រឹទ្ធាចារ្យ។

ការលើកឡើង​ និង​ស្នើសុំ​ព្រះ​មហាក្សត្រ ​ព្រះ​រាជទាន​បែប​នេះ​សម្រាប់​លោក​ សម រង្ស៊ី ​ពីសំណាក់​លោក​ ឡៅ ម៉ុងហៃ ​គឺ​ធ្វើ​ឡើង​ កាលពី​ថ្ងៃទី ១៩ ​មីនា ​មួយថ្ងៃ ​ក្រោយពី​លោក​ សម រង្ស៊ី ​បានលើក ឡើង​ក្នុងប​ណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​លោក​ថា​ អ្នក​នយោបាយ​គ្រប់​ជាន់ថ្នាក់ត្រូវ​ចូលនិវត្តន៍​យ៉ាងយូរ​ ចាប់ពី​អាយុ​ ៧០ ឆ្នាំ​ឡើងទៅ​ ដើម្បី​ទុកឱកាស​ឲ្យ​យុវជន​ជំនាន់​ក្រោយ​មក​ដឹកនាំ​ប្រទេស​ម្តង​ ជំនួស​អ្នក​ដែល​មាន​វ័យ​ច្រើន​ណាស់​ទៅ​ហើយ។

លោក ​សម រង្ស៊ី​ សរសេរ​ទៀត​ថា ​ការតម្រូវ​ឲ្យ​ថ្នាក់​ដឹក​នាំ​ចាស់ៗសព្វថ្ងៃ​​ ចូល​និវត្តន៍ ​គឺជា​ឱកាស​ផ្តល់ឲ្យយុវជន​ជំនាន់​ក្រោយ​មក​ដឹកនាំ​ប្រទេស​តាម​វេន​​របស់​ខ្លួន ដើម្បីឲ្យ​ពួក​គេ​អាច​បង្ហាញ​ ស្នាដៃ​របស់​ខ្លួន​ ហើយ​ទទួល​បាន​​បទពិសោធ​ក្នុង​ការ​បំពេញ​តួនាទី​របស់​ខ្លួនឲ្យ​កាន់តែ​ប្រសើរ​ថែម​ទៀត។

លោក ​រង្ស៊ី បញ្ជាក់ថា​៖ «ចំណេះ​ដឹងថ្មី​ ឈាម​ថ្មី ​គំនិត​ថ្មី ​ជាកត្តា​ចាំ​បាច់​ដើម្បី​ឲ្យ​មានអភិបាល​កិច្ច​ល្អដែលជំរុញ​ប្រទេស​យើង​ឆ្ពោះ​ទៅរក​ការអភិវឌ្ឍ​ពិតប្រាកដ ​ដែល​ផ្តល់​ផល​ចំណេញ​ដល់​ប្រជារាស្ត្រ​ទូទៅ»។

លោក ​ឡៅ ម៉ុងហៃ ​បានលើកឡើង​តាមរយៈ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ របស់​លោក​ ​ថា​៖ «ឯកឧត្តម ​សម រង្ស៊ី ​ជារដ្ឋ​បុរស​ខ្មែរ​ ជាបណ្ឌិត​ព្រឹទ្ធា​ចារ្យ​ a wise man, a sage ១​ រូប​។ សូម​ព្រះមហាក្សត្រ​ជាទី​គោរព​សក្ការៈ​ របស់​ប្រជាជាតិ​ខ្មែរ ​ព្រះ​មេត្តា​ព្រះ​រាជទាន​ការ​លើក​លែង​ទោស​ទាំងអស់​ដល់​គាត់ ​និងព្រះ​រាជទាន​បរម​ងារ ​ជា ​សម្តេច ​ដល់​គាត់។ ការលើកលែងទោស ​និង​បរមងារ ​ដែល​ឯកឧត្តម​ សម រង្ស៊ី ​សម​ទទួល​បាននេះ ​នឹង​ច្បាស់​ជា​ប្រកប​ដោយ​ធម៌ ​បាន​មក​ដោយ​ធម៌ ​និង​កើត​ឡើង​ដោយ​ធម៌​យ៉ាង​ពិត​ប្រាកដ។ សូម​អ្នក​នយោបាយ ​ដែលជា​គូបដិបក្ខ​ប្រឆាំង​គ្នា​ជាមួយ​ឯកឧត្តម​ សម រង្ស៊ី ​មេត្តា​បោះបង់​ចោល​ចេញ​ទាំង អស់​នូវ​អរិភាព​និង​ការ​ប្រទូស​រ៉ាយ​ដែល​អាច​មាន​ចំពោះ​គាត់»។

ប៉ុន្តែ​ លោក ​ផៃ ស៊ីផាន ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា ​បាន​ថ្លែង​ថា ​លោក​មិន​មាន​ការ​ចាប់​អារម្មណ៍​ចំពោះ​ការ​​លើក​ឡើង​របស់​លោក ​ឡៅ ម៉ុងហៃ នេះ​ទេ ​ដោយ​បញ្ជាក់ថា ​ទោះជាយ៉ាង​ណា ​លោក ​សម រង្ស៊ី ​នៅតែ​ជា​ទណ្ឌិត​ដដែល។

លោក​​ថា​៖ «ការ​សុំ​ទៅ​ណា អ្នក​ណា​ទៅ​ណា​ហ្នឹង​ មាន​តែ​នាយក​រដ្ឋ​មន្រ្ដីទេ ​លោ​ក​មាន​បុព្វសិទ្ធិ​សម្រាប់​រឿង​នេះ​។ គាត់ ​(សម រង្ស៊ី)​ នៅតែ​ជាប់​ឈ្មោះ​ជា​ទណ្ឌិត។ ខ្ញុំ​មិន​ចាប់​អារម្មណ៍​ចំពោះ​រឿង​នេះ​ទេ»។

រីឯ​លោក​ គិន ភា ​ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិនៃ​រាជបណិ្ឌត្យ​សភា​កម្ពុជា​ និង​ជា​អ្នក​វិភាគ​បញ្ហា​នយោ​បាយ ​បាន​ប្រតិកម្ម​តប​ថា ​ការ​លើក​ឡើង​នេះហួសហេតុ ​លើស​ពី​ការពិត ​ខណៈ លោក​ សម រង្ស៊ី ​គ្មាន​លក្ខណសម្បតិ្ដ​ អ្វី​ដែល​ត្រូវ​ទទួល​បាន​បរមងារ ​និង​ជា​វីរបុរស​នោះ។

លោកបន្ដថា​៖ «លោក​ សម រង្ស៊ី ​គាត់​មិន​ទាន់​ទទួល​បាន​សាល​ក្រម​ពី​តុលាការ​ផ្តន្ទាទោស​គាត់​ផង ​កុំ​និយាយ​ដល់​គោរម​ងារ ​ឬក៏ងារ​ជា​សម្ដេច​។ ជាបឋម ​លោក ​សម រង្ស៊ី ​គាត់​ត្រូវ​មក​ទទួល​ទោស ​​សិន​ដែល​នេះ​ជារឿង​មួយ​សំខាន់ ដែល​គាត់​ត្រូវ​ធ្វើ ​ហើយ​ការ​លើក​ឡើង​ចំពោះ​ការ​សុំ​ព្រះ​រាជ​ទាន​នៅ​ព្រះមហាក្សត្រ​នេះ​ខ្ញុំ​គិត​ថា ​វា​ជា​ការ​យល់​សប្ដិ​មួយ ព្រោះ ​បរមងារ​ជា​សម្ដេច​នេះ ​គេ​ផ្ដល់​ទៅដល់​ឥស្សរជន​នយោបាយ​ជាន់​​ខ្ពស់​បំផុត ​ដែល​មាន​គុណ​សម្បត្ដិ ​និង​គុណូបការៈ​ចំពោះ​ជាតិ​មាតុភូមិ»។

លោក​បន្ថែមថា​៖ «ការ​លើក​ឡើង​នេះ​ មានល​ក្ខណៈ​នយោបាយ​ជ្រុល​ហួស​ហេតុ ​ដែល​មិន​ស័ក្តិ​សម​ចេញ​ពី​បញ្ញវន្ដ​ដែល​ស័ក្តិ​សម​ជាអ្នក​វិភាគ ​ដែល​ចាត់​ទុក​ថា មាន​ការ​អប់រំ​ខ្ពស់​រហូត​ដល់​ទៅ​បណ្ឌិត​នយោបាយ​ ប៉ុន្ដែ​គាត់​លើក​ឡើង​បែប​នេះ​ គឺ​ក្នុង​រូបភាព​នយោបាយ​ច្រើន​ជាង»។

នៅពេល​ទាក់ទង​សុំការ​អធិប្បាយ​បន្ថែម ពីម្សិលមិញ លោក ឡៅ ម៉ុងហៃ ដាក់ជា​សំណួរ​ថា តើ​មាន​នរណា​ផ្សេង​ទៀត​បាន​ធ្វើ​​កិច្ចការ​លើស​លោក​ សម រង្ស៊ី​ ជាបុគ្គល​ម្នាក់​គ្មា​នអំណាច ​និង​គ្មាន​ពុំនឹង​ពុំនាក់​ជា​សាធារណៈ?

តើ​មាន​នរណា​ផ្សេង​ទៀត​បានរង​ការវាយ​ប្រហារ​លើ​រាងកាយ​ដោយ​គ្រាប់​បែក​ដៃ? តើ​មាន​នរណា​ផ្សេង​ធ្លាប់​មាន​ហ្វូង​មហាជន​ច្រើន​បាន​មក​អប​អរ​ស្វាគមន៍​គាត់​ដូច​កាល​ពី​ថ្ងៃ​ទី ​១៣​ ខែ​​ កក្កដា ​ឆ្នាំ ២០១៣ ​ក្នុង​គ្រា​ដែល​គាត់​បាន​វិល​ត្រឡប់​ពីការ​និរទេស​ខ្លួន។

លោកថា​ប្រទេស​ អង់​គ្លេស ​រដ្ឋាភិបាល​អភិរក្ស បាន​ទូល​ស្នើសុំ​ម្ចាស់​ក្សត្រី​ឲ្យ​ប្រទាន​ងារ​ជា​អង្គម្ចាស់​ដល់​ប្រធាន​សហ​ជីព​ដែលបាន​មានះប្រឆាំង​នឹង​រដ្ឋាភិបាល​អភិរក្ស​ជុំវិញ​ការចូល​និវត្តន៍​របស់​គាត់។ ប៉ុន្តែ​ប្រធាន​សហ​ជីព​រូប​នោះ​កំពុង​ធ្វើកិច្ចការ ​ហើយ​ប្រឆាំង​នឹង​​គោល​នយោបាយ​​អភិរក្ស ​អំឡុង​​ពេល​ដែល​ជីវិត​ដ៏​សកម្ម​របស់​គាត់​ដើម្បី​សុខុមាល​ភាព​របស់​កម្មករ​ប៉ុណ្ណោះ។

លោកបានប​ន្ថែមថា៖​​​ «តើ​នរណា​បានចុះ​តវ៉ា​តាម​ដង​ផ្លូវ​ ហើយ​នាំ​កម្មករ​ទាមទារ​ប្រាក់​បៀវត្ស​រ៍និង​លក្ខខណ្ឌ​ការងារ ​បាន​ប្រសើរ​? តើ​នរណា​មាន​កំហុស ​នៅ​ពេល​កម្មករ ​និង​ម្ចាស់​ហាង​នានា​មានបញ្ហា​ជាមួយ ​អាជ្ញាធរ​ពុក​រលួយ ​ដើម្បី​ការពារ​សិទ្ធិ ​និង​ផល​ប្រយោជន៍​របស់​ពួកគេ?

តើ​មាន​នរណា​ផ្សេង​ទៀត​ធ្លាប់​ផ្តួចផ្តើម​គំនិត​ឲ្យមាន​វប្ប​ធម៌​នយោបាយ ​ដូចជា​គាត់​បាន​ធ្វើ​ស្រប​ពេល​ស្នើសុំ​ឲ្យមាន​វប្បធម៌​សន្ទនា​ក្នុង​ឆ្នាំ​ ២០១៤ ​គឺជា​គំនិត​ផ្តួចផ្តើម​ដែល​សម្តេច​ ហ៊ុន សែន ​កំពុង​ដណ្តើមដើម្បី​យក​ជាកម្ម​សិទ្ធិ​? តើ​មាន​​នរណា​ផ្សេង​ទៀត​បាន​នាំ​លោក​ ហ៊ុន សែន ​ទៅជួប​កម្មករ​នៅក្រុង​គូឡាឡាំពួ​ ប្រទេស​ ម៉ាឡេស៊ី?»៕