ភ្នំពេញៈ អ្នកវិភាគ​យល់ឃើញ​ផ្សេងគ្នា​អំពី​ស្ថានការណ៍​ និង​ដំណោះស្រាយ​បញ្ហា​នយោបាយ​កម្ពុជា​នាពេល​បច្ចុប្បន្ន ដើម្បី​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP និង EBA របស់​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប ខណៈ​ដែល​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ថ្លែងថា កម្ពុជា​មិន​កំពុង​ស្ថិត​ក្នុង​វិបត្តិ​នយោបាយ​នោះទេ​។

នៅ​ខណៈ​ដែល​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះជាតិ​កំពុង​ជាប់ចោទ​ពី​បទ​​ «​ក្បត់ជាតិ​» លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​នេះ​បាន​ប្រកាស​វិល​ត្រឡប់​មក​កម្ពុជា​វិញ​នៅ​ថ្ងៃទី​ ៩ ខែ​វិច្ឆិកា​ដោយ​អះអាង​ថា ដើម្បី​មក​ចាប់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយ​ប្រើ​អំណាច​ពលរដ្ឋ​។

អ្នកគាំទ្រ​លោក​ សម រង្ស៊ី ជាច្រើន​នាក់​ត្រូវ​បាន​ចោទប្រកាន់ និង​ចាប់ខ្លួន​ដោយសារ​តែ​ការប្រកាស​គាំទ្រ​ដំណើរ​វិលត្រឡប់​របស់​លោក​ សម រង្ស៊ី ដែល​រដ្ឋាភិបាល​ចាត់ទុក​ថា​ជា​ផែនការ​ធ្វើ​រដ្ឋប្រហារ​ផ្ដួលរំលំ​រដ្ឋាភិបាល និង​រាជបល្ល័ង្ក​។

លោក សម រង្ស៊ី ដែល​កំពុង​ប្រឈម​នឹង​សំណុំរឿង​ជាង​ ១០ ​នៅ​តុលាការ កំពុង​រស់នៅ​ក្រៅ​ប្រទេស​ហើយ​បានធ្វើ​សេចក្ដី​ថ្លែងការណ៍​ដែល​ប៉ះពាល់​ដល់​អង្គ​ព្រះមហាក្សត្រ​ដែល​ជា​ផ្លូវ​ចុងក្រោយ​សម្រាប់​លោក​ស្នើសុំ​ការលើកលែង​ទោស​។ ​លោក​ សម រង្ស៊ី ក៏បាន​លើកឡើង​នូវ​ប្រធានបទ​ជាច្រើន​ដោយ​លោក​ថា ធ្វើឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន «​ឆ្កួត​»​។

ការកើនឡើង​នូវ​កម្តៅ​នយោបាយ​គឺ​កើត​មាន​ឡើង​ស្រប​ជាមួយ​នឹង​ពេលវេលា​ដែល​ចេះតែ​ដើរទៅ​មុខ​ឆ្ពោះ​ទៅ​កាន់​ការសម្រេចចិត្ត​របស់​សហភាព​អឺរ៉ុប​ទៅលើ​បញ្ហា​ថា តើ​ត្រូវ​ព្យួរ​ ឬ​មិន​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA និង​ការអនុម័ត​ច្បាប់ «​ប្រជាធិបតេយ្យ​កម្ពុជា ២០១៩» ដោយ​សភា​ជាន់​ទាប​សហរដ្ឋអាមេរិក​។ វា​ក៏​ស្រប​នឹង​ការចោទប្រកាន់​ថា​កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង​សម្ងាត់​ជាមួយ​ចិន​ក្នុង​ការបង្កើត​មូលដ្ឋាន​កងទ័ពជើងទឹក​នៅ​កោះកុង​ដែល​រដ្ឋាភិបាល​ថា ជា​ការចោទប្រកាន់​គ្មាន​មូលដ្ឋាន​។

លោក​ ឡៅ ម៉ុងហៃ អ្នកវិភាគ​នយោបាយ​បាន​ថ្លែងថា​៖ «​គេ​អាច​និយាយ​បាន​ថា​កម្ពុជា​កំពុង​ស្ថិត​នៅក្នុង​គ្រាអាសន្ន​ចាប់តាំងពី​មាន​ការបង្ក្រាប​កាលពី​ឆ្នាំ​ ២០១៤ លើកលែង​តែ​ក្នុងពេល​មាន​វប្បធម៌​សន្ទនា​រយៈពេល​ខ្លី​»​។ លោក​ថ្លែង​ដូច្នេះ​ដោយ​សំដៅលើ​បាតុកម្ម​ក្រោយ​ការបោះឆ្នោត​ឆ្នាំ ២០១៤​។

លោក​បន្តថា​៖ «​ស្ថានការណ៍​បាន​ក្លាយ​ជា​វិបត្តិ​នយោបាយ​ចាប់តាំងពី​មាន​ការកាត់​ក្បាល​ និង​រំលាយ​បក្ស CNRP ហើយ​អ្នកដឹកនាំ​ប្រទេស​ត្រូវបាន​គេ​ចោទថា បាន​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​នីតិរដ្ឋ​នៃ​សង្គម​សេរី​»​។ លោក​បន្តថា របៀបរបប​នយោបាយ​ដែល​រដ្ឋធម្មនុញ្ញ​បាន​ធានា​មិន​បាន​កើតឡើង​ទៀត​ទេ​។

លោក ឡៅ ម៉ុងហៃ យល់ឃើញ​ថា ដំណោះស្រាយ​ឈ្នះ-ឈ្នះ​សម្រាប់​ពេល​នេះ​ដំបូង​គឺ​ត្រូវ​ដោះលែង​លោក​ កឹម សុខា ពីព្រោះ​ធ្វើ​ដូច្នេះ​នឹង​ស្រប​តាម​ការទាមទារ​របស់​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប​ឲ្យ​ពួកគេ​ពិចារណា​វិជ្ជមាន​ក្នុងការ​រក្សាទុក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP និង EBA សម្រាប់​កម្ពុជា​។

លោក​ថ្លែងថា​៖ «​ការដោះលែង​លោក កឹម សុខា និង​ធានា​ឲ្យ​មាន​ការជជែក​គ្នា​នឹង​សម្រាល​ដល់​សម្ពាធ​ក្នុង​ស្រុកលើ​រដ្ឋាភិបាល និង​ទប់​នឹង​ខ្យល់​នៃ​យុទ្ធនាការ​ឲ្យ​ពលរដ្ឋ​ងើប​បះបោរ​របស់​លោក សម រង្ស៊ី នៅពេល ឬ​បើ​សិន​លោក ​សម រង្ស៊ី វិលត្រឡប់​មកវិញ​មែន​»​។

ទោះ​យ៉ាងណា​លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​ថ្លែង​ថា រដ្ឋាភិបាល​ត្រូវតែ​ប្រកាន់​ជំហរ​របស់​ខ្លួន ចំពោះ​វិធានការ​ផ្លូវច្បាប់​នានា​ដែល​បានធ្វើ ហើយ​ត្រូវតែ​ត្រៀមខ្លួន និង​ហ៊ាន​ដើរ​នៅលើ​ផ្លូវ​លំបាក​ពាក់ព័ន្ធ​នឹង​បញ្ហា EBA និង GSP​។

លោក​ថ្លែងថា​​ ផ្លូវ​ដែល​កម្ពុជា​ត្រូវ​ដើរ​នៅ​ចំពោះមុខ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ គឺ​ត្រូវ​បង្កើន​បរិមាណ​ផលិតផល​ក្នុង​ស្រុក​ធ្វើឲ្យ​ពលរដ្ឋ​កម្ពុជា​ស្នេហា​ជាតិ​ពិតប្រាកដ​ឲ្យ​ស្រឡាញ់​ផលិត​ក្នុង​ស្រុក​ហើយ​កម្ពុជា​ត្រូវតែ​បើកចំហ និង​ចាប់ដៃ​ជាមួយ​គ្រប់​ប្រទេស​នៅលើ​ពិភពលោក​ដោយ​មិន​ប្រកាន់​និន្នាការ​ដរាបណា​ប្រទេស​ទាំងនោះ​មាន​គោលដៅ​គិត​ពី​ប្រយោជន៍​ដូចគ្នា​។

លោក​បន្តថា​៖ «​ទាំងអស់​នេះ​គឺ​ដើម្បី​បញ្ចៀស​ពី​ការយក​កម្ពុជា​ទៅប្រើ​ជា​កូនអុក សម្រាប់​បម្រើ​ប្រយោជន៍​មហាអំណាច​។ យើង​មាន​បទពិសោធ​រួចហើយ​ក្នុង​អំឡុង​សង្គ្រាម​ត្រជាក់​ហើយ​ឥឡូវ​យើង​ក៏​ត្រូវគេ​ប្រើ​ជា​កូនអុក​ម្ដងទៀត​»​។

លោក​បញ្ជាក់ថា រាជរដ្ឋាភិបាល​កើត​ចេញ​ពី​ការបោះឆ្នោត​រៀងរាល់ ៥ ​ឆ្នាំ​ម្ដង មិនមែន​កើតឡើង​ពី​រដ្ឋប្រហារ​ទេ​។ បើសិន​ជាមាន​សកម្មភាព​ខុសច្បាប់​កើតឡើង រដ្ឋាភិបាល​មិនចាំបាច់​និយាយ​ច្រើន​ទេ គឺ​ត្រូវតែ​អនុវត្ត​ច្បាប់​។ លោក​បន្តថា រដ្ឋាភិបាល​មាន​កាតព្វកិច្ច​អនុវត្ត​ច្បាប់ និង​ការពារ​អធិបតេយ្យភាព​របស់​ប្រទេស​។

លោក សុខ ទូច មិន​បាន​បង្ហាញ​ដំណោះស្រាយ​ពី​បញ្ហានយោបាយ​នាពេល​បច្ចុប្បន្ន​នេះ​ទេ ប៉ុន្តែ​លោក​ថ្លែង​ថា ប្រជាប្រិយភាព​របស់​អតីត​បក្សប្រឆាំង​គឺ​មិនមាន​ទៀត​ទេ​ចាប់តាំងពី​ត្រូវបាន​តុលាការ​រំលាយ​មក ហើយ​អ្វី​ដែល​កក្រើក​ឡើង​នាពេល​បច្ចុប្បន្ន​នេះ​គឺ​ដោយសារ​តែ​រដ្ឋាភិបាល​តែងតែ​ប្រតិកម្ម​ជា​ញឹកញាប់​ចំពោះ​អ្វីដែល​លោក​ សម រង្ស៊ី ​បាន​ថ្លែង​។

លោក​បញ្ជាក់ថា​៖ «​រដ្ឋាភិបាល​គួរតែ​ចេញ​សេចក្ដី​ថ្លែងការណ៍​បញ្ជាក់ថា ព្រះរាជាណាចក្រ​កម្ពុជា​អនុវត្ត​នីតិរដ្ឋ រាជរដ្ឋាភិបាល​មិន​ឆ្លើយតប​នឹង​ជន​ដែល​តុលាការ​កាត់ទោស​ទេ​»​។

លោក​ សម រង្ស៊ី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​តាម​អ៊ីមែល​កាលពី​ម្សិលមិញ​ថា ដំណោះស្រាយ​ដែល​មាន​ប្រសិទ្ធភាព​ណាមួយ​សម្រាប់​វិបត្តិ​នយោបាយ​បច្ចុប្បន្ន​ត្រូវ​តែ​រួមបញ្ចូល​ការរៀបចំ​ការបោះឆ្នោត​នាពេល​អនាគត​ឆាប់ៗ​ដែល​ត្រឹមត្រូវ និង​មាន​ការចូលរួម​ពី​អតីត​គណបក្ស​សង្គ្រោះជាតិ​ដែល​ជា​គណបក្សប្រឆាំង​ដែល​គួរ​ឲ្យ​ជឿជាក់ ពីព្រោះ​មិន​មាន​លទ្ធិប្រជាធិបតេយ្យ​ដោយ​គ្មាន​តុល្យភាព​អំណាច​ទេ​។

អ្នកវិភាគ​សេដ្ឋកិច្ច​លោក ចាន់ សុផល បាន​ថ្លែង​នៅលើ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​ពុធ​ថា ថ្នាល​ប្រជាធិបតេយ្យ​ត្រូវតែ​បណ្តុះ​តទៅ​ទៀត ក៏ប៉ុន្ដែ​ការកសាង​ស្ថាប័ន​រឹងមាំ និង​នីតិរដ្ឋ​មាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​ជា​ខឿន​គ្រឹះ​នៃ​ការអភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច និង​សិទ្ធិ​នយោបាយ​ប្រកបដោយ​ការទទួល​ខុសត្រូវ​។

លោក​ថ្លែងថា​៖ «​ប្រជាធិបតេយ្យ​ដែលមាន​យន្តការ​កែតម្រូវ​ទំនង​ជា​ប្រាកដនិយម​ជាងគេ​សម្រាប់​បរិបទ​ប្រទេស​កម្ពុជា​ក្នុង​ដំណាក់កាល​ដែល​មិនអាច​ខ្វះ​បាន​សន្តិសុខ និង​សន្តិភាព​នៅក្នុង​រយៈពេល​មធ្យម និង​ជាពិសេស​សម្រាប់​រយៈពេល​យូរអង្វែង​នៅក្នុង​ការទប់ទល់​នឹង​មហាអំណាច​ផ្សេងៗ ដើម្បី​រក្សា​បាន​ឯករាជភាព និង​បូរណភាព​ទឹកដី​ដោយ​មាន​ប្រទេស​ម៉ាឡេស៊ី ថៃ និង​សិង្ហបុរី​ជា​ឧទាហរណ៍​»​។

លោក​ថា គួរតែ​មាន​ពន្លក​ប្រជាធិបតេយ្យ​មួយ​ដែល​មិន​ស្វែងរក​ការផ្តួលរំលំ រំលើង​ឫសគល់​ភាគី​ម្ខាង​ទៀត​ដោយ​គ្រប់​វិធី​។ ជម្លោះ​រវាង​ភាគី​បច្ចុប្បន្ន​មាន​តាំងពី​ជម្លោះ​រវាង​ភាគី​ក្នុង​សង្គ្រាមស៊ីវិល ដែល​ម្ខាង​ចោទ​ថា​ម្ខាង​ទៀត​ក្បត់ជាតិ អាយ៉ង​វៀតណាម​។ សុទ្ធតែ​ត្រូវ​សង្គ្រោះ​ជាតិ​ប្រមូល​ថវិកា​បាន​ពី​ខ្មែរ​នៅ​បរទេស​ដែល​ស្គាល់​ស្រុក​ខ្មែរ​តិចតួច ក្រោយពី​សម័យ​ប៉ុលពត​។ បន្ទាប់មក​ទៀត​ក៏​មាន​ការចោទប្រកាន់​ថា បម្រើ​មហិច្ឆតា​បរទេស​ដើម្បី​ផ្តួល​ភាគី​ម្ខាង​ទៀត​។

លោក​ថ្លែងថា​៖ «​ជម្លោះ​របៀប​នេះ​មិនមែន​ជា​ពន្លក​ប្រជាធិបតេយ្យ​ពិតប្រាកដ​ទេ តាម​ការយល់ឃើញ​របស់​ខ្ញុំ​។ ប្រជាធិបតេយ្យ​ពិតប្រាកដ​គួរតែ​មាន​ប្រភព​នៅក្នុង​ស្រុក និង​ស្វែងរក​សំឡេងគាំទ្រ​គោលនយោបាយ​អភិវឌ្ឍន៍​បែបណា​មួយ​»​។

ប៉ុន្តែ​លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា កម្ពុជា​មិនមាន​វិបត្តិ​នយោបាយ​ទេ​នាពេល​បច្ចុប្បន្ននេះ​។

លោក​បាន​បញ្ជាក់ថា​៖ «​រាជរដ្ឋាភិបាល​កើតចេញ​ពី​ការបោះឆ្នោត​នៅតែ​ដំណើរការ​ជាធម្មតា ទាំង​ក្នុង​ប្រទេស​ក៏​ដូចជា​នៅលើ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​។ ទោះបី​ជា​មាន​វោហារស័ព្ទ​ពី​ខាងក្រៅ​ក៏ដោយ ដែល​ធ្វើ​ឡើង​ក្នុង​គោលដៅ​ផ្ដួលរំលំ​របបរាជានិយម​ក៏ដោយ រដ្ឋាភិបាល​នឹង​នៅ​តែ​ដំណើរការ​ជាធម្មតា​»៕