ភ្នំពេញៈ អ្នកវិភាគ​យល់ថា ទោះបី​នយោបាយ​ការបរទេស​អាមេរិក​ក្រោម​ការដឹកនាំ​របស់​ប្រធានាធិបតី ចូ បៃដិន មាន​ជំហរ​យ៉ាងណា​ក៏ដោយ កម្ពុជា​ត្រូវ​គិតពី​ផលប្រយោជន៍​របស់ខ្លួន​ជាធំ​ក្នុង​ជម្លោះ​មហាអំណាច​ទាំង​ ២ គឺ​ចិន និង​អាមេរិក ហើយ​តួ​អង្គ​នយោបាយ​ខ្មែរ គួរតែ​មើលរំលង​បញ្ហា​ខ្លះ​របស់​មហាអំណាច​ទាំង​ ២ ​ដែល​ធ្វើឱ្យ​ខាត​ប្រយោជន៍​ប្រទេសជាតិ​។

ការលើកឡើង​បែបនេះ​ធ្វើឡើង​ក្នុង​កិច្ចពិភាក្សា​តុមូល​ស្ដីពី​អ្វីដែល​ពិភពលោក​នឹង​ទទួល​បាន​ពី​នយោបាយ​ការបរទេស​ថ្មី​របស់​សហរដ្ឋអាមេរិក ក្រោម​ការដឹកនាំ​របស់​លោក ចូ បៃដិន កាលពី​ថ្ងៃ​ទី​ ៨ ខែ​កុម្ភៈ​រៀបចំ​ឡើង​ដោយ​​រាជបណ្ឌិត្យ​សភា​កម្ពុជា​។

លោក មាស នី អ្នកវិភាគ និង​តាមដាន​ការអភិវឌ្ឍ​សង្គម​ដែល​ជា​វាគ្មិន​ម្នាក់​បាន​ថ្លែងថា សម្រាប់​កម្ពុជា ការរក្សា​ជំហរ​របស់ខ្លួន គឺ​អាស្រ័យ​លើ​សមត្ថភាព​របស់ខ្លួន​ក្នុង​ការប្រឈម និង​ធ្វើការ​ជាមួយ​មហាអំណាច ព្រមទាំង​ការរក្សា​នូវ​អត្តចរិត​មួយ​ដែល​មិន​ចាប់​យក​មហាអំណាច​មួយ ហើយ​វាយប្រហារ​លើ​មហាអំណាច​មួយ​ផ្សេងទៀត​។ លោក​ថា អត្តចរិត​បែបនេះ​គួរតែ​ត្រូវបាន​ផ្លាស់ប្ដូរ ហើយ​ខ្មែរ​ត្រូវ​សម្លឹងមើល​ខ្លួនឯង​ថា តើ​កម្ពុជា​មាន​បញ្ហា​អ្វីខ្លះ​ដែល​ត្រូវ​ដោះស្រាយ​រួមគ្នា ដើម្បី​រក្សា​ទឹកដី​ដែល​មាន​បច្ចុប្បន្ន​ឱ្យបាន​គង់វង្ស​។

លោក​ថ្លែង​ដូច្នេះ​ថា​៖ «​បើ​ពី​សម័យមុន​មក​យើង​បាត់បង់​ទឹកដី​មក​នៅសល់​ប៉ុណ្ណឹង ហើយ​បើ​យើង​នៅតែ​ដើរ​តាម​ប្រវត្តិសាស្ត្រ​នោះ​តទៅទៀត វា​នឹង​អាច​គ្រោះថ្នាក់​សម្រាប់​ទឹកដី​ដ៏​តូច​នេះ​នៅពេល​អនាគត​»​។

វាគ្មិន​ម្នាក់ទៀត លោក ពុយ គា អ្នកឆ្លើយឆ្លង​ព័ត៌មាន​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ជប៉ុន​បាន​ថ្លែងថា សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប​បច្ចុប្បន្ននេះ​មើលឃើញ​ថា កម្ពុជា​កំពុង​បែរ​ទៅរក​ចិន​។ តែ​កម្ពុជា​បាន​ព្យាយាម​បង្ហាញថា ខ្លួន​បាន​ព្យាយាម​លូកដៃ​ចាប់​អាមេរិក​ដែរ តែ​អាមេរិក​មិន​ព្រម​។ យ៉ាងណា​ក៏ដោយ លោក​យល់ថា នយោបាយ​ការបរទេស​កម្ពុជា​នៅតែ​បន្ត និង​ឱ្យ​តម្លៃ​សហរដ្ឋអាមេរិក​។

លោក ហ្សង់ ហ្វ្រង់ស័រ តាន់ អ្នកជំនាញ​ភូមិសាស្ត្រ​នយោបាយ​បាន​ថ្លែងថា ប្រវត្តិសាស្ត្រ​កម្ពុជា​បាន​វិលត្រឡប់​ទៅរក​គោលនយោបាយ​ការបរទេស​អព្យាក្រឹត​និយម​ឡើងវិញ​ដូច​នៅ​ចន្លោះ​ពី​ឆ្នាំ​ ១៩៥៣ ដល់ ១៩៧០ បន្ទាប់ពី​បាន​ឆ្លងកាត់ អាមេរិកាំង​និយម​ឆ្នាំ​ ១៩៧០ ដល់ ១៩៧៥, ចិន​និយម​ពី ១៩៧៥ ដល់ ១៩៧៩ និង​សូវៀត​និយម​នៅ​សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា (៧៩-៨៩)​។ យ៉ាងណា​ក៏ដោយ គោលនយោបាយ​អព្យាក្រឹត​និយម​នេះ​គ្រាន់តែ​ជា​ទ្រឹស្ដី​ប៉ុណ្ណោះ​។

លោក​ថ្លែង​ដូច្នេះ​ថា​៖ «​កម្ពុជា​ត្រូវ​​សម្លឹងមើល ទីណា​ទៅ​ដែល​មាន​ផលប្រយោជន៍​សម្រាប់​ជាតិ​។ រុញច្រាន​ចិន​ខ្ញុំ​អត់​យល់ស្រប សព្វថ្ងៃនេះ​បើ​អត់​មាន​ចិន ការអភិវឌ្ឍ​កម្ពុជា​នៅ​បររទេះគោ​នៅឡើយ​។ ចិន​ជា​អ្នក​ដាក់​វិនិយោគ​ទី​ ១ ​នៅ​កម្ពុជា ចិន​ជា​អ្នក​ជួយ​ជំនួយ​អភិវឌ្ឍន៍​ឥត​សំណង​លេខ​ ១​។ ចិន​ជា​ប្រទេស​ដែល​ឱ្យ​កម្ពុជា​ខ្ចី​ច្រើនជាងគេ ចិន​ជា​អ្នក​ជួយ​កម្ពុជា​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​។ យើង​ត្រូវ​រុញច្រាន​ចោល​ឬ​យ៉ាងម៉េច​?»​។ «​រឿង​អភិវឌ្ឍ​ប្រទេស​ជា​រឿង​មួយ រឿង​អនុវត្ត​នយោបាយ​អព្យាក្រឹត​និយម​ជា​រឿង​មួយ​ផ្សេង​។ បើកដៃ​រក​លោក​ខាងលិច បើកដៃ​រក​សហភាព​អឺរ៉ុប បើកដៃ​រក​សហរដ្ឋ​អាមេរិក តែបើ​គេ​មិន​មក​ធ្វើ​យ៉ាងម៉េច​? ​យើង​បញ្ជាក់ប្រាប់​គេ​ទៅ​ថា នយោបាយ​របស់​ខ្ញុំ អព្យាក្រឹត​និយម តែ​ខ្ញុំ​ត្រូវការ​ការអភិវឌ្ឍ​។ ខ្ញុំ​មិនអាច​ឈរ​មើល​ប្រទេស​គេ​នៅ​ជុំវិញ​ប្រទេស​កម្ពុជា គេ​អភិវឌ្ឍ​ទាំងអស់​នោះទេ​។ តែបើ​កម្ពុជា​ថា អូ អត់​យក​ចិន​ទេ [​អ៊ីចឹង​] បន្ត​បររទេះ​គោ [​ទៅ​]»​។

ដើម្បី​ពង្រឹង​អព្យាក្រឹតភាព​របស់​កម្ពុជា ទី​ ១ គឺ​ត្រូវ​ពង្រឹង​សេដ្ឋកិច្ច និង​ស្ថាប័ន​នយោបាយ​ឱ្យ​មាំទាំ​សិន​។ បើសិនជា​កម្ពុជា​មិនមាន​ឯករាជ្យ​ពេញលេញ​ទេ នយោបាយ​អព្យាក្រឹត​និយម​មិន​ដំណើរការ​ទេ​។ ខ្ញុំ​បន់​តែ​ម្យ៉ាង​ទេ បន់​ឱ្យតែ​អាមេរិក និង​លោកខាងលិច​មក​ដាក់​វិនិយោគទុន​នៅ​កម្ពុជា ពេលនោះ​បើ​មាន​បញ្ហា​អី គាត់​លែង​ហ៊ាន​និយាយ​ពី​ប្រជាធិបតេយ្យ​ហើយ​ព្រោះ​គាត់​មាន​ក្រុមហ៊ុន​គាត់​នៅទីនេះ​»​។

លោក ប៉ែន បូណា និពន្ធ​នាយក​ទូរទស្សន៍ PNN បាន​ថ្លែងថា បើសិនជា​ពលរដ្ឋ​ខ្មែរ​អាណិត​ប្រទេស​កម្ពុជា និង​ចង់​ឱ្យ​ប្រទេស​នេះ​មាន​ការអភិវឌ្ឍ ពលរដ្ឋ​គ្រប់​និន្នាការ​នយោបាយ គប្បី​កុំ​ឈ្លោះ​គ្នា​ដោយសារ​ម្នាក់​កាន់ជើង​អាមេរិក ហើយ​ម្នាក់ទៀត​កាន់ជើង​ចិន​។ កម្ពុជា​ត្រូវ​សម្លឹង​មើលថា តើ​អាមេរិក និង​ចិន​កំពុង​ដើរ​លើ​ទិសដៅ​ណា ហើយ​ត្រូវ​ទាញយក​ផលប្រយោជន៍​ពី​មហាអំណាច​ទាំង​ ២ ហើយ​ការចាប់យក​មហាអំណាច​ទាំង​ ២ គឺ​ដើម្បី​គេច​ពី​គ្រោះថ្នាក់​ដែល​អាច​កើតមានឡើង​ជាយថាហេតុ​។

លោក​ថា​៖ «​ចំពោះ​អ្នកនយោបាយ យើង​គួរតែ​រំលង​ខ្លះទៅ​អ្វីដែល​ប៉ះពាល់​ដល់​អធិបតេយ្យភាព ឬមួយ​ផលប្រយោជន៍​ជាតិ​។ ទោះបី​យើង​ធ្វើ​នយោបាយ​ប្រឆាំង​គ្នា​ក៏ដោយ អ្វីដែល​ប៉ះពាល់​ផលប្រយោជន៍​ជាតិ យើង​កុំ​លេង​។ ខ្ញុំ​សុំ​អំពាវនាវ​ជា​សាធារណៈ​ពី​ទីនេះ​ដល់​អ្នកនយោបាយ​គ្រប់​និន្នាការ​ទាំងអស់​។ ខ្ញុំ​គិតថា ប្រទេស​យើង​ត្រូវការ​អភិវឌ្ឍ​ទៅមុខ​ទាំងអស់​គ្នា ដូច្នេះ​យើង​ត្រូវ​ជួយ​រុញ​ប្រទេស​យើង​ឱ្យ​អភិវឌ្ឍ​ទៅមុខ​»៕