The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អ្នកវិភាគ​យល់ថា ការ​ខកខាន​របស់​លោក សម រង្ស៊ី តាម​ជើង​យន្តហោះ Thai Airways គ្រាន់​តែ​ជា​ការ​លាង​ខ្លួន​ប៉ុណ្ណោះ

អ្នកវិភាគ​យល់ថា ការ​ខកខាន​របស់​លោក សម រង្ស៊ី តាម​ជើង​យន្តហោះ Thai Airways គ្រាន់​តែ​ជា​ការ​លាង​ខ្លួន​ប៉ុណ្ណោះ

Content image - Phnom Penh Post
AFP

អ្នកវិភាគ​យល់ថា ការ​ខកខាន​របស់​លោក សម រង្ស៊ី តាម​ជើង​យន្តហោះ Thai Airways គ្រាន់​តែ​ជា​ការ​លាង​ខ្លួន​ប៉ុណ្ណោះ

លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្ក្រោះ​ជាតិ​បាន​បរាជ័យ​ក្នុង​ការ​ជិះយន្តហោះ​មក​ប្រទេស ថៃ កាល​ពី​ថ្ងៃ​ម្សិលមិញ មុន​បន្តដំណើរ​របស់​លោក​មក​កម្ពុជា​នៅ​ថ្ងៃទី ៩ វិច្ឆិកា។

លោក​លើកឡើង​ថា ក្រុមហ៊ុន​អាកាសចរណ៍ Thai Airways បដិសេធ​មិន​ឲ្យ​លោក​ជិះយន្តហោះ​នោះ​ទេ ដោយសារ​មាន​បញ្ជា​ពី​ថ្នាក់​ «ខ្ពស់​មែន​ទែន»។

ក៏​ប៉ុន្តែភ្នាក់ងារ​លក់​សំបុត្រ​ក្រុមហ៊ុន Thai Airways បាន​ប្រាប់​សារព័ត៌មាន ញូវយ៉កថាម៍ ថា លោក សម រង្ស៊ី មិន​បាន​កក់​សំបុត្រ​ដែល​ធ្វើ​ឲ្យ​មាន​សុពលភាព​ពេញលេញ​ទេ ដោយសារ​កៅអី​សម្រាប់​ថ្ងៃទី ៧ វិច្ឆិកា នោះ​ត្រូវ​បាន​គេ​កក់មុន​ពេញ​អស់​ហើយ ហើយ​ក្រុមហ៊ុន​បាន​បង្វិល​ពេល​ធ្វើ​ដំណើរ​ទៅ​ថ្ងៃសៅរ៍ទី ៩ វិញ។

ប៉ុន្តែ​លោក សុខ ទូច ប្រធាន​រាជ​បណ្ឌិត្យសភា​កម្ពុជា បាន​ថ្លែង​នៅ​ថ្ងៃ​នេះ​ថា ការ​ដែល​លោក សម រង្ស៊ី អះអាងថា មាន​ការ​រារាំង​ដំណើរ​របស់​លោក​មិន​ឲ្យ​មក​កម្ពុជា​ដោយ​ក្រុមហ៊ុន Thai Airways នោះ​គ្រាន់​តែ​ជា​ការ​លាង​ខ្លួន ប៉ុណ្ណោះ។

លោក​ថា បើ​លោក សម រង្ស៊ី ពិតជា​ចង់​ចូល​មក​មែន លោក​អាច​ហោះ​ចេញ​ពី​កូរ៉េ​ខាងត្បូង ឬ ពី​ជប៉ុន ដោយ​ហោះត្រង់​មក​តែ​ម្ដង។

លោកថ្លែង​យ៉ាងដូច្នេះ​ថា៖ «នេះ​គាត់​គ្រាន់​តែ​ចង់​បង្ហាញ​ថា គាត់​ចង់​មក​ដែរ តែ​មក​មិន​កើត​ដោយសារ​តែ​មាន​ការ​ហាមឃាត់​ពី​សំណាក់​ប្រទេស​សមាជិក​អាស៊ាន ហើយ​ម្យ៉ាង​ទៀត​ដោយ​សារ​តែ​រដ្ឋាភិបាល​បាន​បិទ​ក្រុមហ៊ុន​អាកាសចរណ៍​នានា​មិន​ឲ្យ​ដឹក​គាត់។ អ៊ីចឹង​ហើយ​បាន​គាត់​បាន​យក​លេស​នោះ​ធំ​មែន​ទែន តាម​ពិត​គាត់​មិន​មក​ទេ»។

លោក សុខ ទូច បាន​លើក​ជា​ឧទាហរណ៍ ករណី​លោកស្រី មូរ សុខហួរ ដែល​ម៉ាឡេស៊ី​បាន​ចាប់ ដោយ​ថ្លែង​ថា៖ «បើ​សិន​គាត់​ចិត្ត​សឿង ដូច មូរ សុខហួរ អី បើ​ម៉ាឡេស៊ី​ចាប់​ហើយ សុំ​ឲ្យ​រដ្ឋាភិបាល​ម៉ាឡេស៊ី​ប​ញ្ជូន​មក​ស្រុក​ខ្មែរ​វិញ កុំ​បញ្ជូន​ទៅ​អាមេរិក ដើម្បី​បង្ហាញ​ថា​ខ្លួន​សុខចិត្ត​បាត់បង់​សិទ្ធិ​សេរីភាព បាត់បង់​អាយុ​ជីវិត តប​ទៅ​តាម​អ្វី​ដែល​បាន​និយាយ»។

លោក​ថ្លែង​ថា ម៉ាឡេស៊ី អាច​បញ្ជូន​លោកស្រី មូរ សុខហួរ មក​ស្រុក​ខ្មែរ​បាន សិន​លោក​ស្រី​ស្នើសុំ ទោះ​បី​ជា​គ្មាន អនុសារណ:​យោគយល់​គ្នា​រឿង​បញ្ជូន​អ្ន​ក​ទោស​នយោបាយ​ក៏​ដោយ។

អ្នកវិភាគ​បញ្ហា​សង្គម លោក មាស នី យល់ថា លទ្ធភាព​លោក សម រង្ស៊ី ចូល​មក​ស្រុក​ខ្មែរ​មាន​តិច​ណាស់។

លោកថា បើ​មក​បាន គឺ​មក​ត្រឹម​ប្រទេស​ជិតខាង តែ​ទី​បំផុត​ គេ​នឹង​មិន​អនុញ្ញាត​ឲ្យ​គាត់​ចូល​កម្ពុជា​ដដែល ព្រោះ​សមាជិក​អាស៊ានរក្សាចង់បង្ហាញជំហរមិន​ជ្រៀត​ជ្រែកផ្ទៃក្នុង​កម្ពុជា ដែល​ស្ដែង​ឡើង​តាម​រយៈការ​មិន​ឲ្យ​លោក សម រង្ស៊ី ចូល​នេះ​តែ​ម្ដង។

លោក​ថ្លែង​ថា៖ «លោក សម រង្ស៊ី គិតថា​នេះ​មិន​មែន​ជា​ជម្រើស​ទេ តែ​គាត់​ត្រូវ​តែ​បង្ហាញការប្ដេជ្ញាចិត្តចូល រឿងចូលបានមិនបានគឺជាមូលហេតុសម្រាប់ប្រាប់អ្នកគាំទ្ររបស់គាត់»។

លោក មាស នី យល់ថា ការវិវត្តចុងក្រោយនេះ រដ្ឋាភិបាលបានយកប្រៀបគ្រប់គ្រាន់ខាងកម្លាំងសម្រាប់ត្រៀមក្នុងការវិលត្រឡប់វិញ តែបើប្រៀបក្នុងឆាកនយោបាយវិញ អតីតគណបក្សប្រឆាំងហាក់មានប្រៀបជាង ព្រោះអ្វីដែលលោក សម រង្ស៊ី ធ្វើនៅពេលនេះចំពេលដែលសហគមន៍អន្តរជាតិកំពុងតាមមើលលើវិបត្តិប្រជាធិបតេយ្យ សិទ្ធិមនុស្ស នយោបាយស្រុកខ្មែរ ជាពិសេសដំណើរការ EBA។

អ្នកវិភាគនយោបាយលោក ឡៅ ម៉ុងហៃ យល់ថារឿងលោកសម រង្ស៊ី បានកក់សំបុត្រយន្តហោះឬមិនបានកក់នោះ វាមិនសំខាន់ទេ អ្វីដែលជាបញ្ហាគឺការវិលត្រឡប់របស់លោកត្រូវបានរារាំងដោយ«ជញ្ជាំង»ផលប្រយោជន៍របស់ថៃ។

លោកថា៖ «ទោះយ៉ាងណា ជម្លោះរវាងលោក(សម រង្ស៊ី) និងលោកនាយករដ្ឋមន្ត្រី នៅតែមានតទៅទៀត ឥតឈប់»៕

អត្ថបទគួរចាប់អារម្មណ៍