The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - អ្នក​វិភាគ​យល់​ស្រដៀង​​គ្នា​​ ចំពោះ​សារ​លោក​នាយក​រដ្ឋមន្ត្រី​

អ្នក​វិភាគ​យល់​ស្រដៀង​​គ្នា​​ ចំពោះ​សារ​លោក​នាយក​រដ្ឋមន្ត្រី​

Content image - Phnom Penh Post
សារ​​របស់​លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ដែល​ថា​ សង្គ្រាម​នៅ​កម្ពុជា​បណ្ដាល​មក​ពី​ការ​អុជ​អាល ញុះញង់​ លាប​ពណ៌​ និង​មាន​ការ​ជ្រៀត​ជ្រែក​ពី​បរទេស។ ហុង មិនា

អ្នក​វិភាគ​យល់​ស្រដៀង​​គ្នា​​ ចំពោះ​សារ​លោក​នាយក​រដ្ឋមន្ត្រី​

ភ្នំពេញៈ អ្នក​វិភាគ​ និង​អ្នក​ប្រវត្តិសាស្ត្រ​យល់​ឃើញ​ស្រដៀង​គ្នា​ ចំពោះ​សារ​​របស់​លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ដែល​ថា​ សង្គ្រាម​នៅ​កម្ពុជា​បណ្ដាល​មក​ពី​ការ​អុជ​អាល ញុះញង់​ លាប​ពណ៌​ និង​មាន​ការ​ជ្រៀត​ជ្រែក​ពី​បរទេស ខណៈ​ដែល​អ្នក​ប្រវត្តិសាស្រ្តលើក​ឡើង​ថា បណ្ដាប្រទេស​នៅ​លើ​ពិភព​លោក​គេ​ព្យា​យា​ម​ធ្វើ​ឲ្យ​មាន​ការ​ឯក​ភាព​ជាតិ​ដើ​ម្បី​កុំ​ឲ្យ​មានការ​ជ្រៀតជ្រែក​ពី​បរទេស។

អម​ជាមួយ​នឹង​រូប​ភាព​យុវវ័​យ​​របស់​លោក រូប​ទាហាន​ខ្មែរ​ក្រហ​មក្មេងៗ​ រូប​កុមារ​សម័យ​ខ្មែរ​ក្រហម​ ​រូប​ក្មេង​កាន់​ផ្ដិលរង់​​ចាំ​អាហារ​ និង​រូប​សោកនាដកម្ម​ ដោយ​សារ​សង្គ្រាមលោក ហ៊ុន សែន កាល​ពី​ថ្ងៃ​អាទិត្យ​បាន​បង្ហោះ​សារ​នៅ​លើហ្វេសប៊ុក​របស់​លោក​បញ្ជាក់​ពី​មូលហេតុ​​ដែល​នាំ​ឲ្យ​កើត​មាន​​សង្គ្រាម​នៅ​កម្ពុជា។

លោក​​សរសេរ​ថា៖ «សង្រ្គាម​ដែល​បាន​កើត​ឡើង​កន្លង​មក​ គឺ​បណ្តាល​មក​ពី​ការអុជ​អាល ញុះ​ញង់​ អូសទាញ​ លាប​ពណ៌ និង​ជ្រៀត​ជ្រែក​ពី​បរទេស​ និង​ពី​ក្រុម​អគតិ​មួយ​ចំនួ​ន​ដែល​បាន​រុញ​ប្រទេស​ជា​តិ ​ឲ្យ​ធ្លាក់​ក្នុង​វិបត្តិ​សង្រ្គាម​ និង​របប​ប្រល័យ​ពូជ​សាសន៍»។

លោក​​បន្ត​ថា៖ «ជីវិត​យុវ​វ័យ​ខ្ញុំ​ផ្ទាល់​គឺ​គ្មាន​ស្គាល់​អ្វី​ដែល​ហៅ​ថា ​សេច​ក្តី​សុខ​ និង​សប្បា​យ​។​ សូម្បី​តែ​ការ​សិក្សា​ ក៏​មិន​បាន​ពេញ​លេញ​ដែរ។ ខ្ញុំ​បាន​ចូល​ធ្វើ​ទាហាន​តាំង​ពី​អាយុ​ ១៨ ​ឆ្នាំ​ដើម្បី​វាយ​ពួក​ប៉ុល ពតត្រូវ​របួ​ស​​ពេញ​ខ្លួន​ និង​ពិការ​ភ្នែក​ម្ខាង​មក​ទល់​សព្វ​ថ្ងៃ​ទៀត​ផង។ យើ​ង​​ឆ្អែត​ហើយ​សង្រ្គាម​ និង​ការ​និរាស​ព្រាត់​ប្រាស។ ពេល​នេះ ​យើង​ជ្រើស​រើស​ “សន្តិភាព” ជា​ធំ​លើស​អ្វីៗ​ទាំង​អស់​ ព្រោះ​គឺ​ជា​ដង្ហើម​នៃ​ជីវិត»។

លោក​នាយក​រដ្ឋ​មន្ត្រី ក៏​មិន​ភ្លេច​​ពី​ការ​រំឭក​ឲ្យ​​ពលរដ្ឋ​កម្ពុជា​ចូលរួម​ថែ​រក្សា​ និង​ការ​ពារ​សន្តិភាព​​ឲ្យ​បា​ន​រឹង​មាំ ដើម្បី​ឲ្យ​កម្ពុជា​រីកចម្រើ​ន​​ និង​ធ្វើ​ឲ្យ​យុវជន​ជំនាន់​ក្រោយ​នេះ ​​មាន​ឱកាស​ល្អឆ្ពោះ​ទៅ​រក​ជីវិត​រុង​រឿង។

លោក មាស នី អ្នក​វិភាគ​នយោ​បាយ​​ថ្លែង​ថា សារ​របស់​លោក​ ​ហ៊ុន សែន មិន​មែន​ជា​រឿង​ថ្មី​ទេ ហើយ​សារ​នេះ​ទំនង​ជា​សំដៅ​ដល់​ការលើក​ឡើង​របស់​អន្តរជាតិ​ អំពី​ការ​​​រំលោភ​សិទ្ធិ​មនុស្ស​ និង​ការ​ធ្លាក់​ចុះ​ល​ទ្ធិ​​​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ លោក​និយាយ​ថា សារ​នេះ​ គ្រា​ន់​តែ​ជា​ការ​ថ្លែង​​ការពារ​ការរិះ​គន់​របស់​ពិភពលោក​ខាង​ក្រៅ​ប៉ុណ្ណោះ។

ទោះ​យ៉ាង​ណា​ក្តី​លោក​យល់​ថា ការ​លើក​ឡើង​របស់​អន្តរជាតិ​អំ​ពី​ការ​រំលោ​ភ​សិទ្ធិ​មនុស្ស​មិន​មែន​ជា​ការ​ញុះ​ញង់​​ឬ​ជ្រៀត​ជ្រែក​ទេ ដោយ​និយាយ​ថា៖ «សូម្បី​តែ​ ប៉ុល ពត ដែល​បាន​សម្លាប់​មនុស្ស​រង្គាលក៏ពិភព​លោក​ធ្វើ​ការថ្កោល​ទោស​ដែរ។ ដូច្នេះ​នេះ​ មិន​មែន​ជា​រឿងជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​ឬ​ញុះ​ញង់​ទេ វា​ជា​កិច្ច​ការ​មួយ​ដែល​សហគមន៍​អន្តរជាតិ​គេ​ធ្វើ​ការ​រួម​គ្នា​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​ និង​កុំ​ឲ្យ​មាន​ការ​ប្រព្រឹត្ត​អំពើ​អយុត្តិធម៌​ផ្សេងៗ»។

ប៉ុន្តែ​លោក​ថា បើ​និយាយ​ដល់​ការ​លូក​ដៃ​ពី​បរទេស​នោះ វា​ប៉ះពាល់​ដល់​ចិន​​ និង​អាមេរិក​ ដោយ​មិន​ត្រូវ​និយាយ​ថា​​ ការ​ញុះ​ញង់​មាន​តែ​ពី​បស្ចិម​ប្រទេស​ ហើយ​ចិន​ជា​អ្នក​ល្អ​​នោះ​ទេ។ «យើង​ត្រូវ​ឲ្យ​តម្លៃ​ស្មើ​គ្នា ប៉ុន្តែ​យើង​ត្រូវ​ចាំ​ថា ប្រទេស​ក្នុង​ពិភពលោក​​ មិន​អាច​រស់​នៅ​តែ​ម្នាក់​ឯង ហើយមិន​អាច​ធ្វើ​អ្វី​លើ​​ពលរដ្ឋ​តាម​អំពើ​ចិត្ត»។

លោក​យល់​ថា ខណៈ​ពេល​ដែល​កម្ពុជា​ រង​ការ​រិះ​គន់​ពី​អន្តរជាតិ​ក្នុង​រយៈ​ពេល​ ១ ​ឆ្នាំ​ចុង​ក្រោយ​នេះ ការចេញ​សារ​​របស់​លោក​នាយករដ្ឋ​មន្ត្រី​នេះ ​ក៏​ដើម្បី​ការពារ​ខ្លួន ​ពី​ការ​រិះ​គន់​ទាំង​នោះ​ផង​ដែរ។

លោក​ ដៀប សុផល សាស្ត្រា​ចារ្យ​ផ្នែក​ប្រវត្តិសាស្ត្រនៃ​សាក​ល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ​យល់​ថា ​សារ​ដែល​លោក​នាយក​រដ្ឋ​មន្ត្រី​​សរសេរគឺ​ឆ្លុះ​បញ្ចាំង​ពី​ភាព​ជា​ក់​​ស្ដែង ​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជាក៏​ដូច​ជា​នា​ពេល​បច្ចុប្បន្ន។

លោក​​រំឭក​ថា មាន​កត្តា​ ២ ​យ៉ាង​ដែល​​បាន​​រុញ​ច្រាន​កម្ពុ​ជា​ ឲ្យ​ធ្លាក់​ចូល​ក្នុង​សង្គ្រាម​សម័យ លន់ នល់ និង​ធ្លាក់​បន្ត​​ចូល​ក្នុង​​របបខ្មែរ​ក្រហម​ នោះ​គឺ​កត្តា​ខាង​ក្រៅ​ឬ​កត្តា​សង្គ្រាម​ត្រជា​ក់​ ដែល​ជា​ការ​ប្រកួត​ប្រជែង​ផ្នែក​មនោគមន៍​វិជ្ជា ​រវាង​លោក​សេរី និង​លទ្ធិ​កុម្មុយនិស្ត។ លោក​លើក​ឡើង​ថា ក្រុម​សេរី​មាន​អាមេរិក ចំណែក​ក្រុម​កុម្មុយ​និស្ត​មាន​ចិន ​និង​រុស្ស៊ី។

លោក​ ដៀប សុផល ថ្លែង​ថា៖ «ពួក​ហ្នឹង ​វា​ទាញ​ប្រទេស​នៅ​លើ​សកល​​លោក ​ដើម្បី​ឲ្យ​ចូល​ប្លុក​របស់​វា។ អ៊ីចឹង​ ដើម្បី​ទាញ ​គេ​ប្រើ​វិធី​មួយ ​គឺ​វិធី​អុច​អាល វិធី​យក​លុ​យ​ទៅ​ញុះ​ញង់ អាវុធ​យុទ្ធភណ្ឌ​ ឬ​ការ​ធានា​អី​ផ្សេងៗ​គ្រប់​បែប យ៉ាង។ វា​ពិត​ជា​មាន ដូច​ខាង​អាមេរិក​ទាញ​លន់ នល់ ទាញ​សិរិមតៈ អី​ជា​ដើម។ ដល់​ពេល​ខាង​កុម្មុយនីស្តចិន​​ និង​សូវៀត​ ទាញ​ចលនា​កុម្មុយនិស្ត​ខ្មែរ​អ៊ីចឹង​ទៅ»។ «ការ​លាប​ពណ៌​ហ្នឹង ​វា​កើត​មាន​អ៊ីចឹង​មែន​ គឺ​ដើម្បី​ជា​អាទិភាព​នយោបាយ​ដើម្បីឃោសនា​ឲ្យ​ប្រជា​ជន​ជឿ​តាម ​ដោយ​បង្អាប់​ម្ខាងៗ​ ហើ​យ​​លើក​ខ្លួន​ឯង​ តែ​ទីបំផុត​ទៅ​លទ្ធផល​គឺ​សង្គ្រាម​ផ្ទុះ​ឡើង។ ដូច​ម៉ៅ​ សេទុង ​និយាយ​ថា នយោបាយ ​គឺ​ជា​សង្គ្រាម​អត់​ឈាម​ តែ​វា​ជា​ឧបករណ៍​ ដែល​ឈាន​ទៅ​ដល់​សង្គ្រាម​បង្ហូរឈាម។ ដំបូង​វា​ជា​ការ​លាបពណ៌ តែ​ដល់​ពេល​លាប​ពណ៌​ហើយ ​មេដឹកនាំ​បញ្ជា​ឲ្យ​ទាញ​កាំភ្លើង​បាញ់ពេល​ហ្នឹង​និយា​យ​គ្នា​លែង​ដឹង​ខុស​ត្រូវ​ហើយ វា​ក្លាយ​ជា​សង្គ្រាម​អូស​បន្លាយ​​នៅក្នុង​ប្រទេស​កម្ពុជា​អស់ ៣ ទសវត្សរ៍»។

លោក សុផល ​លើក​ឡើង​ពី​ការ​ឆ្លើយ​ឆ្លង​សារ​នយោបាយ ​រវាង​ស្ថានទូត​សហរដ្ឋ​អាមេរិក និង​ស្ថាន​ទូត​ចិន ​កាល​ពី​ពេល​ថ្មីៗ​នេះ​ ពាក់​ព័ន្ធ​នឹង​ការ​ពាក់​​ព័ន្ធ​របស់​ពួក​គេ​ក្នុង​របប​ខ្មែរក្រហម។ លោក​ថា អាមេរិក​និង​ចិន ​កំពុង​​បន្ត​លាប​ពណ៌​គ្នា​ទៅវិញ​ទៅ​មក​អំពី​រឿង​នេះ។​ «សម្រាប់​ខ្ញុំ​ ក្នុង​នាម​ជា​អ្នកស្រាវជ្រាវ ពួក​មហាអំណាច​បរទេស ​អ្វី​ដែល​គេ​ធ្វើ​ គឺ​ដើម្បី​ផល​ប្រយោជន៍​របស់​ពួក​គេ។ នៅ​ពេល​បាន​​ឬ​មិន​បាន​ផលប្រយោជន៍​នោះ​ គេ​ទុក​ឲ្យ​យើង​ទទួល​ខុស​ត្រូវ​ តែ​គេ​មិន​ទទួល​ខុស​ត្រូវ​ ចំពោះ​ជោគ​វាសនា​ប្រទេស​តូចៗ​ដូច​យើង​ទេ ទាំង​សីលធម៌ ទាំង​ច្បាប់»។

បើ​ទោះ​បី​ជា​លោក​បាន​ស្តី​បន្ទោស ​​​លើ​ប្រទេស​មហា​អំណាច​ក៏​ដោយ លោកសាស្ត្រាចារ្យ​រូប​នេះ​ប​ញ្ជា​​ក់​ថា​ ការ​បែក​បាក់​រហូត​ដល់​មាន​សង្គ្រាម​នៅ​កម្ពុជា ក៏​​ដោយ​សារ​តែ​ភាគី​ខាង​ក្នុង​ឲ្យ​ដៃ​ ឬ​ដោយ​សារ​មាន​ការ​បែក​បាក់​ផ្ទៃ​ក្នុង​ផង​ដែរ​។ ដូច្នេះ​ហើយ​បាន​ជា​ប្រទេស​​នៅ​លើ​ពិភពលោក​ គេ​​ព្យាយាម​ធ្វើ​យ៉ាង​ណា ​ឲ្យ​មាន​ឯកភាព​ជាតិ ចៀស​វាង​ការ​ជ្រៀត​ជ្រែក​ពី​បរទេស។

នៅ​ពេល​សួរ​ថា​ តើ​​កម្ពុជា​បច្ចុប្បន្ន​ នៅ​មាន​ការ​លាបពណ៌​គ្នា​ដូច​កាល​ពីអតីតកាល​ដែរ​ទេ?​ លោក​សុផល​ថ្លែង​ថា៖ «នៅ​មានពាក្យ​ថា​ លាប​ពណ៌​ និង​ញុះ​ញង់​បាន​ន័យ​ថា​ យក​រឿង​មួយ​ដែល​អត់​ពិត​ទៅ​បង្កើត​រឿង​ថ្មី ឬ​កាឡៃ​ការពិត។ អ៊ីចឹង​ការ​បំភ្លៃ​ប្រវត្តិសាស្ត្រ​ដើម្បី​ទា​ញ​យក​ចំណេញ​នយោ​បាយ​ពិបា​ក​។ តែ​បើ​រឿង​ប្រវត្តិសាស្ត្រ​ជា​លក្ខណៈ​​​​វិទ្យាសាស្ត្រ​ មិន​មែន​ជា​ការ​ញុះញង់​ទេ»។

លោក​ថា អ្វី​ដែ​ល​លោក​នាយក​រដ្ឋ​មន្ត្រី​លើក​ឡើ​ង​ ក៏​ចង់​សំដៅ​ដល់​ការ​មិន​ទទួល​ខុស​ត្រូវ​របស់​អាមេរិក និង​ចិន​ ក្នុង​សង្គ្រាម​នៅ​កម្ពុជា ដោយ​លោក​ថ្លែង​ថា៖ ​«អាមេរិក​ ចោ​ទ​ចិន ហើយ​ចិន​ចោទអា​មេរិក ប៉ុន្តែ​អ្នក​ណា​ជា​​អ្នក​រង​ទុក្ខ​វេទ​នា មិន​ប្រជា​ជន​ខ្មែរ។ អ៊ីចឹង​យើង​ត្រូវ​ពិចារណា​ទាំង​អស់​គ្នា»។

អ្នក​វិភាគ​នយោបាយ​លោ​ក​ ឡៅ ម៉ុងហៃ ​បាន​បង្ហាញ​ការ​យល់​ឃើញ​របស់​លោក​​លើ​សារ​លោក​នាយក​រដ្ឋ​មន្ត្រី ដោយ​លោក​បាន​រំឭក​ពី​ការចាប់​កកើត​​មាន​របប​ខ្មែរ​ក្រហម​​​ ផ្ដើម​ចេញ​ពី​​ចលនា​ប្រដាប់​អាវុ​ធ​កាល​ពី​ឆ្នាំ​ ១៩៦៨។

លោក​ថ្លែង​ថា៖ «វា​ពិត​ណាស់​ ដែល​និយាយ​ថា ​បរទេស​ដែល​រួម-​មាន​ទាំង​​ប្រទេស​ជិត​ខាង​យើង​បាន​ឆ្លៀត​ឱកាស​លើ​ការ​ប្រយុ​ទ្ធ​​គ្នា​ឯង​នេះ ដោយ​បាន​គាំទ្រ​ភាគី​ដែល​ចំណុះ​ឲ្យ​ខ្លួន​ ដើម្បី​មហិច្ឆតា​គ្រប់​គ្រង​របស់​ពួក​គេ និង​បាន​ធ្វើ​ឲ្យ​ប្រទេស​របស់​យើង​ធ្លាក់​ខ្លួន​ជា​រដ្ឋ​អាយ៉ង​របស់​គេ»៕

អត្ថបទគួរចាប់អារម្មណ៍