ភ្នំពេញៈ ក្រុមអ្នកវិភាគផ្នែកប្រព័ន្ធទន្លេមេគង្គថ្លែងថា ការប្រកួតប្រជែងជាយុទ្ធសាស្ត្ររវាងសហរដ្ឋអាមេរិក និងចិន បូករួមទាំងការប្រែប្រួលអាកាសធាតុបានធ្វើឱ្យប្រទេសនៅអាងទន្លេមេគង្គក្រោម ជួបប្រឈមនឹងក្ដីបារម្ភជាច្រើន ដែលរួមបញ្ចូលទាំងប្រពៃណី សង្គម សេដ្ឋកិច្ច និងបរិស្ថាន។
នៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធអនឡាញស្ដីពី «ការអភិវឌ្ឍប្រកបដោយចីរភាព និងអនាគតនៃអនុតំបន់មេគង្គ» កាលពីថ្ងៃទី ២៦ ខែតុលា លោក ពូ សុធីរៈ នាយកប្រតិបត្តិវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាពថ្លែងថា ទន្លេមេគង្គត្រូវបានគេស្គាល់ជាទន្លេនៃជីវិត។ ប្រជាពលរដ្ឋប្រមាណជាង ៧០ លាននាក់រស់នៅពឹងផ្អែកលើធនធាន ដែលមាននៅក្នុងប្រព័ន្ធទន្លេនេះដែលក្នុងនោះរាប់បញ្ចូលទាំងប្រជាជនកម្ពុជាជាង ១ លាននាក់ដែលរស់នៅពឹងផ្អែកទៅលើធនធានត្រី ដែលមិនចេះរីងស្ងួតនៅក្នុងបឹងទន្លេសាបផងដែរ។ ទោះយ៉ាងណា មិនមែនគ្រប់គ្នាសុទ្ធតែមានសិទ្ធិស្មើគ្នាក្នុងការទទួលបានអត្ថប្រយោជន៍នោះទេ។
លោកបញ្ជាក់ថា៖ «ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការផ្លាស់ប្តូរសក្ដានុពលភូមិសាស្ត្រនយោបាយ ដែលកើតចេញពីការប្រកួតប្រជែងជាយុទ្ធសាស្ត្ររវាងសហរដ្ឋអាមេរិក និងចិនបានបង្កឱ្យបណ្ដាប្រទេសក្នុងអនុតំបន់អាងទន្លេមេគង្គដែលរួមមានកម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម និងថៃ រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ»។
បើតាមលោក សុធីរៈ ភាពរាំងស្ងួតបានធ្វើឱ្យកម្ពស់ទឹកទន្លេមេគង្គមានកម្រិតទាបជាមួយនឹងនិន្នាការកើនឡើងដែលអាចបង្កហានិភ័យជាច្រើនដល់ឯករាជភាពសេដ្ឋកិច្ច ទឹក ថាមពល សន្តិសុខស្បៀង និងជីវចម្រុះនៅទូទាំងអនុតំបន់មេគង្គ។ តាមទស្សនវិស័យនានាក្នុងអនុតំបន់ ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម និងថៃនៅតែបន្តប្រឈមមុខនឹងបញ្ហាដែលមានជាយូរមកហើយដូចជាការគ្រប់គ្រងទន្លេមេគង្គសមាហរណកម្មសេដ្ឋកិច្ច និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់ព្រំដែន។
ជាមួយនេះលោក Kavi Chongkittavorn អ្នកជំនាញការជាន់ខ្ពស់នៃវិទ្យាស្ថានសន្តិសុខ និងការសិក្សាស្រាវជ្រាវជាអន្តរជាតិក្នុងប្រទេសថៃ លើកឡើងថា ការសាងសង់ទំនប់វារីអគ្គិសនីនៅលើតួទន្លេមេគង្គគឺជាបញ្ហាប្រឈមដ៏ធំបំផុត សម្រាប់បណ្ដាប្រទេសដែលស្ថិតនៅខ្សែទឹកខាងក្រោមនៃតំបន់អាងទន្លេមេគង្គ។ សំណង់ទំនប់វារីអគ្គិសនីនៅលើតួទន្លេមេគង្គបានធ្វើឱ្យមានការប្រែប្រួលជាអវិជ្ជមាននៃរបបទឹកទន្លេមេគង្គនៅខ្សែទឹកខាងក្រោម ដែលបង្កឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់គុណភាពទឹក បរិស្ថាន និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរាប់លាននាក់ដែលស្ថិតនៅផ្នែកខាងក្រោមនៃដងទន្លេនេះ។ ក្រៅពីនេះក៏មានផលប៉ះពាល់ដល់ធនធានត្រី និងជីវចម្រុះជាច្រើនទៀតនៅក្នុងប្រព័ន្ធទន្លេនេះផងដែរ។
លោកថ្លែងថា៖ «ដើម្បីធានាដល់ការអភិវឌ្ឍប្រកបដោយចីរភាព ចាំបាច់ត្រូវមានការសិក្សាឱ្យបានគ្រប់ជ្រុងជ្រោយអំពីផលប៉ះពាល់សង្គម និងបរិស្ថាន និងត្រូវស្ដាប់រាល់មតិយោបល់របស់អ្នកពាក់ព័ន្ធពិសេសប្រជាពលរដ្ឋក្នុងសហគមន៍មូលដ្ឋានដែលស្ថិតនៅក្នុង និងជាប់តំបន់អភិវឌ្ឍន៍គម្រោង»។
លោក ឡេង ធារិទ្ធិ នាយកមជ្ឈមណ្ឌលមេគង្គសម្រាប់ការសិក្សាយុទ្ធសាស្ត្រ នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ីថ្លែងថា ដើម្បីធានាដល់ការអភិវឌ្ឍប្រកបដោយចីរភាពចាំបាច់ត្រូវមានការគ្រប់គ្រងធនធានទាំងអស់ទាំងផ្នែកបច្ចេកទេសសម្ភារ និង ហិរញ្ញវត្ថុ។ ដោយឡែកសម្រាប់ប្រទេសកម្ពុជាដែលធនធាននៅមានកម្រិតនៅឡើយ ចាំបាច់ត្រូវស្វែងរកជំនួយគាំទ្រពីបណ្ដាប្រទេសជាដៃគូអភិវឌ្ឍន៍នានា ទាំងផ្នែកបច្ចេកទេស សម្ភារ និងហិរញ្ញវត្ថុសម្រាប់អភិវឌ្ឍន៍ប្រទេសឆ្ពោះទៅរកការកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋ។
លោកថា៖ «យើងត្រូវការការគាំទ្រពីគ្រប់ដៃគូអភិវឌ្ឍន៍ទាំងអស់នៅក្នុងការអភិវឌ្ឍប្រទេសប្រកបដោយនិរន្តរភាព ប៉ុន្តែយើងមិនត្រូវការការគាំទ្រ ដែលបង្កប់នូវការគំរាមកំហែង ឬលក្ខខណ្ឌបែបបង្គាប់បញ្ជាឱ្យយើងធ្វើតាមបែបនេះ ឬបែបនោះពីប្រទេសដៃគូអភិវឌ្ឍន៍ណាមួយឡើយ»។
លោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាដែលជាសហប្រធាននៃកិច្ចប្រជុំតាមប្រព័ន្ធ Online នេះបានជំរុញលើកទឹកចិត្តដល់អ្នកចូលរួម បើកកិច្ចពិភាក្សាឱ្យបានទូលំទូលាយទៅលើប្រធានបទចំនួន ២ រួមមាន «ភាពជាដៃគូ មេគង្គសហរដ្ឋអាមេរិកនៅក្នុងស្ថាប័នដែលមានការប្រកួតប្រជែង» និង «ភាពជាដៃគូ មេគង្គសហរដ្ឋអាមេរិកក្នុងបរិបទនៃការអភិវឌ្ឍប្រកបដោយចីរភាព» ដោយលោករំពឹងថា លទ្ធផលនៃកិច្ចប្រជុំនេះនឹងត្រូវបានដាក់បញ្ចូលទៅក្នុងក្របខ័ណ្ឌជាយុទ្ធសាស្ត្រមួយសម្រាប់ការប្រកួតប្រជែងក្នុងការអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់បណ្ដាប្រទេសក្នុងអនុតំបន់ទន្លេមេគង្គ។
កិច្ចប្រជុំតាមអនឡាញស្ដីពី «ការអភិវឌ្ឍប្រកបដោយចីរភាព និងអនាគតនៃអនុតំបន់មេគង្គ» នេះត្រូវបានរៀបចំឡើងដោយវិទ្យាស្ថានកម្ពុជាសម្រាប់សហប្រតិបត្តិការ និងសន្តិភាពក្រោមកិច្ចសហការគាំទ្រដោយក្រសួងការបរទេសអាមេរិកមានរយៈពេល ២ ថ្ងៃចាប់ផ្ដើមពីថ្ងៃទី ២៦ ដល់ ២៧ ខែតុលា ឆ្នាំ ២០២០។ របាយការណ៍បូកសរុបលទ្ធផលនៃកិច្ចពិភាក្សានេះនឹងត្រូវផ្សព្វផ្សាយនៅដំណាច់ខែវិច្ឆិកា៕